អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​លោកខាងលិច​ដាក់​គំនាប​ទៅលើ​លោក​ពូទីន​ដើម្បី​ឲ្យ​អន្តរាគមន៍​នៅក្នុង​រឿង​ផ្ទុះ​ធ្លាក់​​យន្តហោះ​MH១៧​

សំឡេង ០៧:២៩
ជនប្រដាប់​អាវុធ​របស់​ក្រុម​ឧទ្ទាម​បំបែក​ទឹកដី​នៅ​អ៊ុយក្រែន​ឈរ​យាម មិន​ឲ្យ​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​ចូល​ដោយ​សេរី​ទៅ​ពិនិត្យ​មើល​កន្លែង​ផ្ទុះ​ធ្លាក់​យន្តហោះ
ជនប្រដាប់​អាវុធ​របស់​ក្រុម​ឧទ្ទាម​បំបែក​ទឹកដី​នៅ​អ៊ុយក្រែន​ឈរ​យាម មិន​ឲ្យ​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​ចូល​ដោយ​សេរី​ទៅ​ពិនិត្យ​មើល​កន្លែង​ផ្ទុះ​ធ្លាក់​យន្តហោះ ©REUTERS/Maxim Zmeyev

បួន​ថ្ងៃ​ក្រោយ​យន្តហោះ​ប៊ូអ៊ីងម៉ាឡេស៊ី​MH១៧ ធ្លាក់​ឆេះ​នៅភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ក្រុមស៊ើបអង្កេត​របស់​​អង្គការ​​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​របស់​អឺរ៉ុប OSCE ​នៅ​តែ​មិន​ទាន់​អាច​ចូល​ស៊ើបអង្កេត​ដោយ​ពេញ​លេញ​នៅក្នុង​តំបន់​ធ្លាក់​ឆេះ​យន្តហោះ។ នៅថ្ងៃ​អាទិត្យ​តី ២០​កក្កដា គេ​រកឃើញ​សាកសព​របស់ជនរងគ្រោះ​បាន​១៩៦​នាក់ ពីក្នុង​ចំណោម​អ្នកដំណើរ​២៩៨​នាក់ ដែល​ជិះនៅក្នុង​យន្តហោះ MH១៧ ដែលត្រូវ​រងគ្រាប់មីស៊ីល​ផ្ទុះ​ធ្លាក់​នៅ​ភាគ​ខាងកើត​​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ព្រហស្បតិ៍។  

ផ្សាយពាណិជ្ជកម្ម

នៅ​មួយ​ថ្ងៃ​ក្រោយ យន្តហោះម៉ាឡេស៊ី MH១៧​ធ្លាក់​ឆេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមស៊ើប​អង្កេត​របស់​អង្គការOSCE​​ ដែល​ជា​ស្ថាប័ន​អឺរ៉ុប​បាន​​ទៅ​ដល់​តំបន់​ភាគខាងកើត​មុនគេ។ ប៉ុន្តែ ការងារ​របស់ពួក​គេ​ត្រូវ ពន្យារ​ពេល​ដោយសារ​តែ​ការត្រួតពិនិត្យ​របស់​ក្រុម​ឧទ្ទាម​ដែល​ទាមទារ​ចង់​​ផ្តាច់ទឹកដីពី​​អ៊ុយក្រែន។ តាម​មន្រ្តី​របស់​OSCE ក្រុម​​ឧទ្ទាម​បាន​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ទៅ​មើល​តែ​មួយ​ផ្នែក​នៃ​កន្លែង​ដែល​ធ្លាក់​យន្តហោះ​តែប៉ុណ្ណោះ។

 
នៅកន្លែង​ធ្លាក់​យន្តហោះ​ផ្ទាល់ អ្នកជំនាញ​កំពុង​ស្វែង​រក​បំណែក​សំខាន់ៗ​បួន​របស់​យន្តហោះ ដែល​បាន​ឆេះ​ធ្លាក់​ នោះ គឺ​ក្បាល​យន្តហោះ ស្លាប​ទាំងពីរ និង​កន្ទុយយន្តហោះ។ នៅ​គេ​នឹង​ពិនិត្យ​ទៅលើ​ស្លាកស្នាម​ដែល​អាច​បន្សល់​នៅ​លើ​យន្តហោះ​នេះផង និង​គេ​កំពុង​រក​ប្រអប់ខ្មៅ​ផង ដើម្បី​អាច​ដឹង​ពី​ទិន្នន័យ និង​ព័ត៌មាន​ទាក់ទង​នឹង​យន្តហោះ ដែល​ផ្ទុះឆេះនេះ។

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​យន្តហោះ​MH១៧​ផ្ទុះធ្លាក់ សម្មតិកម្ម​សំខាន់​បាន​បង្ហាញ​ថា យន្តហោះ ម៉ាឡេស៊ី​​ដែល​បើក​ចេញ​ពី​ទីក្រុង​Amsterdam ឆ្ពោះ​ទៅ​ទីក្រុង​គួឡាឡាំពួរ​​បាន​ផ្ទុះឆេះ ដោយសារ​គ្រាប់​មីស៊ីល។ ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា បាន​និយាយ​ថា ​យន្តហោះ MH១៧របស់​ម៉ាឡេស៊ី ត្រូវ​រងគ្រាប់​​មីស៊ីលប្រភេទ​ប៊ូក ដែល​​​បាញ់​ចេញ​ពីដី​ក្នុង​​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​អ៊ុយក្រែន ហើយ​មីស៊ីល​ប៊ូក​​ជា​សព្វាវុធ​ដែល​រុស្ស៊ី​ផ្តល់​ទៅ​ឲ្យ​ក្រុម​ទាមទារ​បំបែកទឹកដី​អ៊ុយក្រែន។ ចំណែក​​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុម​ឧទ្ទាម​នៅ​តែ​បន្ត​​​ចោទគ្នា​ទៅវិញ ទៅមក ថា ជាអ្នកបាញ់​យន្តហោះ​ស៊ីវិល​របស់​ម៉ាឡេស៊ី។

ក្រុមអ្នកស៊ើបអង្កេត​របស់​ស្ថាប័ន​អឺរ៉ុប OSCEចង់​​ប្រកាន់​ជំហរ ដោយ​មិន​ទាន់​សន្និដ្ឋាន​យ៉ាងណា​ទេ បើ​គេ​មិន​ទាន់​អាច​ចូល​ទៅ​ពិនិត្យ​មើល​បំណែក​យន្តហោះ នៅកន្លែង​ផ្ទុះធ្លាក់​យន្តហោះនោះ។ ប៉ុន្តែ ​​ដោយ​ពិនិត្យ​មើល​ទៅ​លើ​បំណែក​យន្តហោះ គេ​នឹង​អាច​ដឹងថា តើ​យន្តហោះ MH១៧រង​ការវាយប្រហារ​ពី គ្រាប់​មីស៊ីល​លើ​ដី ឬ​ដោយ​មីស៊ីល​បាញ់​ចេញ​ពី យន្តហោះ​ក្នុង​ដែន​អាកាស។ បើ​ស្លាបយន្តហោះ​ត្រូវ​គ្រាប់ នោះ​មាន​ន័យថា មីស៊ីល​បាញ់​ចេញ​ពី​ដី ប៉ុន្តែ បើ​តួខ្លួន​យន្តហោះ​​រងគ្រាប់ នោះ​មានន័យថា មីស៊ីល​ត្រូ​វបាញ់​ចេញ​ពី​ក្នុង​ដែន​អាកាស​។

ម្យ៉ាង​ទៀត ដោយ​ពឹងផ្អែក​ទៅលើ​ព័ត៌មាន​បាន​ពីក្នុង​ប្រអប់ខ្មៅ ដែល​ថត​រាល់​កិច្ចសន្ទនា​នៅ​លើ​យន្តហោះ គេ​អាច​ដឹងថា តើ​យន្តហោះ​នោះ​ត្រូវ​គ្រាប់​មីស៊ីល​នៅ​ម៉ោង​ណា​ឲ្យ​ប្រាកដ ហើយ​តើ​អ្នកបើកបរ​យន្តហោះ​មាន​និយាយ​អ្វីខ្លះ (ប្រភពបាញ់​របស់​មីស៊ីល) នៅពេល​យន្តហោះ​ត្រូវ​រង​ការវាយ​ប្រហារនោះ។ តាមរយៈព័ត៌មាន​ប្រមូល​បាន​ទាំងនោះ គេ​នឹង​អាច​ដឹងថា តើ​អ្នកណា​ជា​ឧក្រិដ្ឋជន ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ និង​ដែល​សម្លាប់​​មនុស្ស​ជិត​៣០០នាក់នោះ។ ​​

លោកពូទីន​រងសម្ពាធ​ពីប្រទេស​លោកខាងលិច
ប្រទេស​លោកខាងលិច ​ដាក់​សម្ពាធ​ទៅលើ​លោកប្រធានាធិបតី​រុស្ស៊ី​ព្រោះតែគេ​ជឿថា លោក​ពូទីន​ជាអ្នក​មាន​ឥទ្ធិពល បញ្ជា​​ទៅលើ​ក្រុម​ឧទ្ទាម​អ៊ុយក្រែនដែល​ពេលនេះ​កំពុង​ គ្រប់គ្រង​ទីតាំង​ដែល​មាន​យន្តហោះធ្លាក់។ នៅថ្ងៃ​នេះ លោកនាយករដ្ឋមន្រ្តី អង់គ្លេស​បាន​ព្រមាន​ថា អង់គ្លេស​នឹង​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​​គិតគូរ​ពី​ទណ្ឌកម្ម​ថ្មី​ទៅលើ​រុស្ស៊ី បើសិន​ជា​រុស្ស៊ី​មិន​ប្តូរ​ឥរិយាបទ នៅក្នុង​រឿង​ផ្ទុះ​យន្តហោះ​ម៉ាឡេស៊ី។

ទាំង​លោក​នាយករដ្ឋមន្រ្តី​ហូឡង់ និង​អង់គ្លេស​បាន​អះអាង​ថា គេ​កំពុង​ផ្តល់​ឱកាស​ចុងក្រោយ​ដល់​លោក​ប្រធានាធិបតី​រុស្ស៊ី ដើម្បី​អាច​ឲ្យ​លោក​បង្ហាញ​ថា តើ​លោក​មាន​ចិត្ត​ស្មោះត្រង់​ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ដែរឬទេ? រុស្ស៊ី​បាន​បដិសេធ​ជា​បន្តបន្ទាប់ ថា ខ្លួន​មិន​ពាក់​ព័ន្ធ​នឹង​រឿង​ធ្វើ​ឲ្យ​យន្តហោះ​ផ្ទុះធ្លាក់ទេ។ លោក​ពូទីនផ្ទាល់​ក៏​​ធ្លាប់​បាន​ប្រាប់ទៅ​ក្រុម​ឧទ្ទាម​និយម​រុស្ស៊ី ឲ្យ​សហការ​ បើកផ្លូវ​ដល់​ក្រុមស៊ើបអង្កេត​អន្តរជាតិដែរ​។ ក្រុមឧទ្ទាម​ដំបូងឡើយ អះអាង​ស្វាគម​ឲ្យមាន​ការស៊ើបអង្កេត​របស់​អន្តរជាតិ​ដើម្បី​រកមុខ​អ្នកបាញ់​មីស៊ីល ប៉ុន្តែ នៅ​លើ​ទីតាំង​ជាក់ស្តែង ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​នៅតែ​រារាំង​មិន​ឲ្យ​អ្នកស៊ើប​អង្កេត​ចូ​លទៅជិត​សាកសព​ជនរងគ្រោះ ឬ​ពិនិត្យ​មើល​បំបែក​យន្តហោះ។

ថ្នាក់ដឹកនាំ​របស់​ប្រទេស​ដែល​មាន​ជនរងគ្រោះ​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​យន្តហោះ​បាន​សំដែង​ការមិនពេញចិត្ត​ពី​សកម្មភាព​ដែល​ក្រុម​ឧទ្ទាម​បាន​ធ្វើ​ទៅលើ​សាកសព​​របស់​អ្នកដំណើរ ដែល​ត្រូវ​គេ​ទុក​រណូករណែល ឬ​ដឹក​យក​ចេញ​ពី កន្លែង​គ្រោះថ្នាក់ ដោយ​គ្មាន​ការគោរពអ្វីសោះ។ ម្យ៉ាងទៀត គេ​បារម្ភថា បើ​ក្រុម​ឧទ្ទាម​ចេះ​តែ​ពន្យារ​ រារាំង​ក្រុមអ្នកស៊ើបអង្កេត​អន្តរជាតិ ជា​ពិសេស​អ្នកស៊ើបអង្កេត​របស់​ប្រទេស​ហូឡង់​ផ្ទាល់ នោះ​គេ​នឹង​​បាត់ដាន ភស្តុតាង​សំខាន់ៗដែល​ទាក់ទង​នឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ផ្ទុះឆេះ។

តាំងពី​ថ្ងៃម្សិលមិញ រដ្ឋមន្រ្តីដឹកជញ្ជូន ម៉ាឡេស៊ី បាន​និយាយ​ដោយ​សោកស្តាយថា បំណែក​យន្តហោះ ដែល​ជា​វត្ថុតាង​សំខាន់​របស់​យន្តហោះ​ត្រូវ​គេ​ដឹកជញ្ជូន​ចេញ​ពី​កន្លែង​កើតហេតុ។ លោក​បាន​ចាត់ទុក​សកម្មភាពនេះ​ជា​ការក្បត់​ដល់​ព្រលឹង​អ្នកស្លាប់។ ចំណែក​ អាជ្ញាធរ​អ៊ុយក្រែន​វិញ​បាន​ចោទ​ក្រុម​ឧទ្ទាម​​ថា កំពុង​លួច​ប្រមូល​បំណែក​យ​ន្តហោះទៅ​ក្នុង​ដែនដី​រុស្ស៊ី​ដែល​ស្ថិតនៅ​ក្បែរ​តំប​ន់ដូណេស​​ និង​លួច​បំផ្លាញ​ភស្តុតាង ដែល​អាច​បង្ហាញ​ថា គឺ​ក្រុមឧទ្ទាម​ដែល​​ជាអ្នកបាញ់​មីស៊ីល​ វាយប្រហារ​ទៅលើ​យន្តហោះ។

សេចក្តីសម្រេច​នៅ​ក្រុមប្រឹក្សា​សន្តិសុខ
កាលពីថ្ងៃ​សៅរ៍ អូស្ត្រាលី បាន​រៀបចំ​សេចក្តី​សម្រេច​ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ត្រូវ​បើក​អង្គ​ប្រជុំ​នៅថ្ងៃ​ចន្ទ ទី ២១​កក្កដា។ សេចក្តី​សម្រេច​ និយាយ​ពី​ការថ្កោលទោស​ទៅលើ​សកម្មភាព​វាយប្រហារ​ទៅលើយន្តហោះ​ម៉ាឡេស៊ី។ សេចក្តី​សម្រេច​នេះ​មាន​ចែង​ផងដែរ​ពី​ការទាមទារ​ឲ្យ​បើក​ផ្លូវ​ដល់​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ និង​សុំ​ឲ្យ​ប្រទេស​ ឬ​បុគ្គល​ដែល​ពាក់ព័ន្ធ​ចូលរួម​ស៊ើបអង្កេត​ជាមួយ​ក្រុមអន្តរជាតិ។ ដែល​អូស្ត្រាលី​រៀបចំ​សេចក្តី​សម្រេច​​ព្រោះតែ​ឃើញ រុស្ស៊ី ដែល​មាន​ឥទ្ធិពល​ទៅលើ​ក្រុម​ឧទ្ទាម និយម​រុស្ស៊ី ​នៅ​អល់អែក មិន​ចាត់វិធានការ​ ចាប់​​បង្ខំ​ឲ្យ​ក្រុម​ឧទ្ទាម​បើកផ្លូវ​ឲ្យ​​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ ចូល​ទៅ​ធ្វើការ​នៅ​​កន្លែង​ផ្ទុះ​យន្តហោះ។

​សេចក្តី​សម្រេច​នេះ​នឹង​អាច​ត្រូវ​ក្រុមប្រឹក្សា​សន្តិសុខ​ពិនិត្យ​មើល ឬ​បោះឆ្នោត​សម្រេច ​នៅថ្ងៃ​ចន្ទ។ បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​បោះឆ្នោតចេញសេចក្តី​​សម្រេចបានមែន នោះ គេ​រំពឹងថា គេ​នឹង​អាច​ចាប់​បង្ខំ​គ្រប់ភាគីពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន ដូចជា​​ពួក​ឧទ្ទាម រុស្ស៊ី និង​ទាហាន​អ៊ុយក្រែន ឲ្យ​ចូលរួម​សម្រួល​ដល់​ការស៊ើបអង្កេត និង​ចូល​យក​សាកសព​ពីកន្លែង​ផ្ទុះ​ធ្លាក់​យន្តហោះ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ដែល​កំពុង​មាន​សង្រ្គាម ​នៅ​ភាគ​ខាង​កើត​​អ៊ុយក្រែន។ ប៉ុន្តែ ចំណុច​មួយដែល​គេបារម្ភគឺ​ថា រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​របស់ក្រុមប្រឹក្សា​សន្តិសុខ​​អាចនឹង​​បោះឆ្នោត វេតូ បើសិន​ជា​រុស្ស៊ី​ពិចារណា​ឃើញ​​ថា សេចក្តី​សម្រេច​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ផល​ប្រយោជន៍​​ខ្លួន។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ