អានតួអត្ថបទ
កម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជា៖ ការចុះ​តម្លៃ​ស្រូវ​មិន​អាក្រក់​ដូច​ការ​ផ្សាយ​តាម​​បណ្តាញ​សង្គម​

កសិករខ្មែរកំពុងធ្វើស្រូវ
កសិករខ្មែរកំពុងធ្វើស្រូវ @សហការី

សហព័ន្ធស្រូវអង្ករកម្ពុជា កាល​ពីថ្ងៃទី​៦ ខែ​ធ្នូ កត់​សម្គាល់​ថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​តែ​បន្តិច​បន្តួច​ ​ តែ​មិន​អាក្រក់​ដូច​ការ​ផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ហ្វេស​ប៊ុក​នោះ​ទេ​។ ជា​ការ​លើក​ឡើង​តប​ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម ដែល​ថា​តម្លៃ​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ថ្លៃ​ក្នុង​រដូវ​ច្រូត​កាត់​នេះ​។​

ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន​កាល​ពីថ្ងៃទី៦​ ខែ​ធ្នូ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា ​តម្លៃ​ស្រូវ​គុណ​ភាព​ល្អ ផ្កា​ម្លិះ ផ្កា​រំដួល និង សែន​ក្រអូប មាន​តម្លៃ​ធ្លាក់​ចុះ​បន្តិច​បន្តួច​ប្រហែល​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម តែ​មិន​អាក្រក់​ដូច​ការ​ផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម ហ្វេស​ប៊ុក​នោះ​ទេ ដែល​ថា​ចុះ​ថោក​រហូត​ដល់​គ្មាន​ទីផ្សារ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់​ថា​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក៏​នៅ​មាន​តម្រូវ​ការ​ទិញ​ស្រូវ​គុណភាព​ល្អ​ច្រើន​ទៀត​ដែរ​។

តម្លៃ​ស្រូវ​ដែល​ធ្លាក់​ចុះ​នោះ​គឺ​ជា​ស្រូវ​ដែល​មាន​គុណភាព​អន់ (បាក់​ច្រើន) អង្ករ​ដើម​ភាគ​រយ​តិច ជាក់​ស្តែង​ដូច​ជា ស្រូវ​ម្លិះ និង សូម៉ាលីកន្លះ​ ក្នុង​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ពោធិ៍សាត់​គឺ មិន​មាន​ក្លិន​ក្រអូប អង្ករ​រឹង ដែល​អតិថិជន​មិន​ទួល​យក​បាន​នៅ​ទីផ្សារ​។ គុណភាព​ស្រូវ​មក​ពី​តំបន់​ខ្លះ​នៃ​ខេត្ត​បន្ទាយ​មានជ័យ និង​សៀមរាប មាន​បញ្ហា​ផង​ដែរ ដោយ​សារ​គុណភាព​បាក់​ច្រើន និង​ជំងឺ​អុចលើ​គ្រាប់​ស្រូវ​។ នេះ​បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

ក៏​ប៉ុន្តែ​សហព័ន្ធ​ស្រូវ​អង្ករ លើក​ឡើង​ថា ​ស្រូវ​នៅ​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​កំពង់ស្ពឺ តាកែវ កំពត និង​ខេត្ត​កណ្តាល គឺ​មាន​គុណភាព​ខ្ពស់ តម្លៃ​ពេញ ហើយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ប្រមូល​ទិញ​មិន​គ្រប់​តម្រូវ​ការ​នៅ​ឡើយ​។ ចំណែក​តម្លៃ ស្រូវ​ក្រអូប​របស់​កម្ពុជា គឺ​មាន​តំលៃ ប្រហាក់​ប្រហែល​ប្រទេស​ថៃ គឺ​៧បាត ឬ​ប្រហែល​៩០០​រៀល សំរាប់​ប្រភេទ​ពូជ​ប្រហាក់​ប្រហែល​គ្នា​។

លោក ភូ ពុយ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​បាន​អះអាង​ថា​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​គឺ​មិន​មែន​ដោយ​សារ​តែ​កង្វះ​ថវិកា​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​នោះ​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ គឺ​បណ្តាល​មក​ពី​គុណភាព​ស្រូវ និង​កត្តា​រួម​ផ្សំ គឺ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ ចំណែក​ឯ​តម្លៃ​ស្រូវ ដែល​មាន​គុណភាព​ល្អ ឬ​ជា​ប្រភេទ​ស្រូវ​គុណភាព​លេខ១​វិញ គឺ​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន ពោល​គឺ​មាន​តម្លៃ​១ ១៥០ ០០០រៀន ក្នុង​មួយ​តោន ប៉ុន្តែ​ឆ្នាំ​នេះ​មិន​មាន​ប្រភេទ​ស្រូវ​គុណ​ភាព​លេខ១​ច្រើន​ទេ​។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​អះអាង​ថា តម្លៃ​ស្រូវ​ក្រអូប​នៅ​ឆ្នាំ​នេះ​គឺ​មាន​ការ​ធ្លាក់​ថ្លៃ ដោយ​លោក​បាន​កត់​សម្គាល់​ថា​រឿង​នេះ កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​យក​ពន្ធ​លើ​អង្ករ​របស់​កម្ពុជា ​ដែល​ដាក់​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។ ការ​ធ្លាក់​ថ្លៃ​ស្រូវ​នេះ បាន​ធ្វើ​ឲ្យ​កសិករ​បង្ហាញ​នូវ​កង្វល់​របស់​ខ្លួន​តាម​រយៈ​បណ្តាញ​សង្គម​នា​រយៈពេល​ចុង​ក្រោយ​នេះ​។ នេះ​បើ​តាម​លោក ថេង សាវឿន។

សូម​ជម្រាប​ជូន​ថា តម្លៃ​ស្រូវ​ផ្ការំដួល​នៅ​ឆ្នាំ​នេះ​គឺ​មាន​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​តែ ​១ ០៤០រៀល​មួយ​គីឡូ​ក្រាម ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​តម្លៃ​ប្រមាណពី​ ១ ២០០រៀល ទៅ​១ ៣០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើ​តាម​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ