អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចំណោទ​ជុំវិញ​នយោបាយ​អន្តោប្រវេសន៍​សិង្ហបុរី​ក្រោយពី​មាន​កុប្បកម្ម​ពលករ​បរទេស

សំឡេង ០៣:៥៦
ពលរដ្ឋ​សិង្ហបុរី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ (រូបថតឯកសារ)
ពលរដ្ឋ​សិង្ហបុរី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ (រូបថតឯកសារ) REUTERS/Edgar Su

កាលពីថ្ងៃទី៨​ធ្នូ​កន្លងទៅ កុប្បកម្ម​មួយ​បាន​ផ្ទុះឡើង នៅ​សិង្ហបុរី ដោយ​ជនអន្តោប្រវេសន៍​មក​ពី​អាស៊ី​ខាង​ត្បូង ជាពិសេស មក​ពី​ឥណ្ឌា បាន​នាំគ្នា​ដុតឡាន ព្រមទាំង​វាយប្រហារ​ទៅលើ​កម្លាំង​ប៉ូលិស។ កុប្បកម្ម​នេះ​បាន​ធ្វើ​ឲ្យ​សិង្ហបុរី​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ជុំវិញ​នយោបាយ​អន្តោប្រវេសន៍​របស់​ខ្លួន ជាពិសេស ជុំវិញ​ពលករ​បរទេស​ ដែល​​ជា​ផ្នែក​មួយ​នៃ​ដង្ហើម​សេដ្ឋកិច្ច​សិង្ហបុរី។

ផ្សាយពាណិជ្ជកម្ម

នៅយប់ថ្ងៃ​អាទិត្យ ទី៨​ធ្នូ ជនអន្តោប្រវេសន៍​ប្រមាណ​ជា ៤០០នាក់ មក​ពី​អាស៊ី​ខាង​ត្បូង ជាពិសេស មក​ពី​ឥណ្ឌា បាន​នាំគ្នា​ធ្វើ​កុប្បកម្ម ដោយ​កំហឹង ក្រោយ​ពី​គ្នាគេ​ម្នាក់​ត្រូវ​ស្លាប់ ដោយ​ត្រូវ​រថយន្តក្រុង​កិន។

រូបភាព​ចុះផ្សាយ​តាម​ទូរទស្សន៍ ដែល​បង្ហាញ​ពី​ការ​ដុតឡាន ការ​ប្រឈមមុខ​គ្នា រវាង​កុប្បករ និង​ប៉ូលិស រថយន្ត​សង្រ្គោះបន្ទាន់​ដឹក​អ្នក​របួស​ជា​​បន្តបន្ទាប់​ចេញ​ពី​កន្លែង​កើតហេតុ​ទៅកាន់​មន្ទីរពេទ្យ... សុទ្ធសឹង​ជា​រូបភាព​​គួរឲ្យ​រន្ធត់ សម្រាប់​ប្រជាជន​សិង្ហបុរី ដែលតែងតែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត នូវ​ភាព​ស្ងប់ស្ងាត់ និង​​សណ្តាប់ធ្នាប់​សាធារណៈ។

សូមអាន៖ បន្ទាប់​ពី​មានអំពើ​ហិង្សា​ពលករ​បរទេស​រងការ​បង្រ្កាប​នៅ​សិង្ហបុរី

គិតជាសរុប មនុស្ស ៣៩នាក់​ត្រូវ​រងរបួស ហើយ​រថយន្ត ២៥គ្រឿង​ត្រូវ​ឆេះ ឬ​ត្រូវ​គេ​វាយកម្ទេច នៅ​ក្នុង​កុប្បកម្ម​នេះ។ អំពើ​ហិង្សា ដែល​សិង្ហបុរី​មិន​ដែល​ជួប​ប្រទះ ក្នុង​រយៈពេលជាង ៤០ឆ្នាំ​កន្លងមកនេះ ហើយ​ដែល​កំពុងតែ​បង្ក​ឲ្យ​មាន​ការ​ចោទប្រកាន់ ឬ​ពេល​ខ្លះ រហូត​ដល់​មាន​ការ​រើសអើង​ទៅលើ​ជនបរទេស នៅ​សិង្ហបុរី។ ក្រោយ​កុប្បកម្ម​នេះ មាន​ជនអន្តោប្រវេសន៍​ប្រមាណ​ជា​ជិត ៤០០០នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​យក​មក​សួរចម្លើយ ហើយ ជនជាតិ​ឥណ្ឌា ៣៣នាក់ ត្រូវ​បានចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​​ ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា។

លោក​លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី​សិង្ហបុរី​បាន​ដាក់បទបញ្ជា​ឲ្យ​ចាត់វិធានការ​តឹងរ៉ឹង​បំផុត ចំពោះ​ជន​បង្ក​ហេតុ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា លោក​ក៏​បាន​រំឭក​ផងដែរ​ថា “សិង្ហបុរី​ត្រូវការ​ពលករ​បរទេស ពីព្រោះ​ថា ប្រសិនបើ​គ្មាន​ពួកគេ​ទេ គ្មានអ្នកណា​ធ្វើការ ក្នុង​ការ​សាងសង់​​ផ្ទះសម្បែង ឬ​ក្នុង​វិស័យ​ដឹកជញ្ជូន​សាធារណៈ​នោះទេ ហើយ​ប្រជាជន​សិង្ហបុរី​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ”។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ​ជា ៥,៤នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី មាន​ជនអន្តោប្រវេសន៍​រហូត​ដល់​ទៅ​ ​ប្រមាណ​ជា ១,៥៥នាក់ ពោលគឺ ជិត ៣០% នៃ​ចំនួន​ប្រជាជន​សរុប ដែល​ជា​អត្រា​មួយ​ខ្ពស់​បំផុត​​ធៀប​នឹង​ប្រទេស​ផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​​ទាំងនេះ មាន​មួយ​ផ្នែក ជា​អ្នក​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន សហគ្រាស ដោយ​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ក៏ប៉ុន្តែ មាន​ប្រមាណ​ជា​ពាក់​កណ្តាល គឺ​ជា​កម្មករ​គ្មាន​ជំនាញ ធ្វើការ​ដោយ​បាន​ប្រាក់​ឈ្នួល​ទាប​ នៅ​ក្នុង​ប្រទេស ដែល​ប្រាក់​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ប្រជាជនទូទៅ មាន​កម្រិត​ខ្ពស់​លំដាប់​ទី៣ នៅលើ​ពិភពលោក។

សូមអាន៖ លោកស្រី​អ៊ុងសានស៊ូជី​សំឡឹងឃើញ​សិង្ហបុរី​ជា​គំរូ​សម្រាប់​កំណែទម្រង់​នៅ​ភូមា

តួលេខ​ផ្លូវការ​ថ្មីៗនេះបង្ហាញ​ថា នៅ​សិង្ហបុរី អ្នក​ធ្វើ​ការ​​នៅ​ក្នុង​វិស័យ​សេវាកម្ម​ មាន​ ៥០% គឺ​ជា​ជន​បរទេស ចំណែក​​នៅ​ក្នុង​​​វិស័យ​សំណង់ និង​សាធារណការវិញ មាន​​រហូត​ដល់​ទៅ​ ៨០%។ កាលពី​ឆ្នាំ​២០១១ ផលិតផល​ក្នុងស្រុកសរុប​របស់​សិង្ហបុរី ប្រមាណ​ជា​ជិត​ពាក់កណ្តាល (៤៤%) បាន​មក​ពី​ជនអន្តោប្រវេសន៍ និង​ក្រុមហ៊ុន​បរទេស។

ក៏ប៉ុន្តែ វត្តមាន​ជនបរទេស​តែងតែ​បង្ក​ជា​បញ្ហា​ចម្រូងចម្រាស បង្ក​ឲ្យ​មាន​ការរិះគន់​​ពី​សំណាក់​ពលរដ្ឋ​សិង្ហបុរី ជាពិសេស ពី​សំណាក់​អ្នក​មាន​ដើមកំណើត​ចិន ដែល​ជា​ប្រជាជន​ភាគច្រើន ពោលគឺ​ប្រមាណ​ជា ៧៤% នៃ​ប្រជាជនសរុប (ជនជាតិ​ម៉ាឡេ​ មាន​ជាង ១៣% និង​ជនជាតិ​ឥណ្ឌា​​ជាង ៩%)។

នៅសិង្ហបុរី​កន្លងមក គេ​សង្កេតឃើញ​ថា គម្រោង​កាត់បន្ថយ​ចំនួន​ជន​អន្តោប្រវេសន៍​ តែងតែ​ជា​ប្រធានរឿង ដែល​គេតែងតែ​លើក​យក​មក​ជជែក​គ្នា​ជារឿយៗ ហើយ​កុប្បកម្ម​ជនអន្តោប្រវេសន៍ កាល​ពី​ដើម​ខែ​ធ្នូ ​​អាច​នឹង​ធ្វើ​ឲ្យប្រធាន​រឿងនេះ​​ក្លាយ​ទៅជា​បញ្ហា​កាន់តែចម្រូងចម្រាស​ខ្លាំងឡើង​ថែមទៀត។ សកម្មជន​ការពារសិទ្ធិជនអន្តោប្រវេសន៍​នៅសិង្ហបុរី​ក៏​អាច​នឹង​ឆ្លៀត​ឱកាស​នេះ ដើម្បី​ធ្វើការ​បរិហារ​អំពី​កម្រិត​ប្រាក់​ឈ្នួល ព្រមទាំង​លក្ខខណ្ឌ​រស់នៅ​របស់​ពលករបរទេស​ផងដែរ។

រដ្ឋាភិបាល​សិង្ហបុរី​​​ប្រាកដជានឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ ក្នុងការ​ដាក់ចេញ​នូវ​នយោបាយ​អន្តោប្រវេសន៍​សមស្របមួយ ដោយ​ម្ខាង ​ត្រូវ​គិត​ពី​តម្រូវការ​ជាក់ស្តែង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ម្ខាងទៀត ត្រូវ​គិត​ពី​ការ​ទាមទារ​របស់​ប្រជាជន ដែល​ចង់​ឲ្យ​កាត់បន្ថយ​ចំនួន​ជនអន្តោប្រវេសន៍។​

សូមអាន៖ នៅ​សិង្ហបុរី អ្នកបម្រើ​តាមផ្ទះ​មាន​ថ្ងៃ​ឈប់សម្រាក

ចំពោះ​ពលករបរទេស​វិញ ថ្វីដ្បិត​តែ​លក្ខខណ្ឌ​រស់នៅ​​ក្នុង​ប្រទេស​សិង្ហបុរី​មាន​ការ​លំបាក ហើយ​ប្រាក់​ឈ្នួល​មាន​កម្រិត​ទាប​ធៀប​នឹង​ប្រាក់ចំណូល​របស់​ប្រជាជន​សិង្ហបុរី​ទូទៅ ក៏ប៉ុន្តែ សិង្ហបុរី​នៅតែ​ជា​ប្រទេស​ដែល​ប្រៀបបាន​នឹង​​ស្ថានសួគ៌ បើ​ធៀប​នឹង​លក្ខខណ្ឌ​ការងារ​នៅ​ ​នៅ​ក្នុង​ប្រទេស​​ជិតខាង​សិង្ហបុរី ដូចជា ម៉ាឡេស៊ី ជាដើម ឬ​លក្ខខណ្ឌ​រស់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ