អានតួអត្ថបទ
ជប៉ុន-អាមេរិក

លោក Robert Gates អញ្ជើញ​ទៅ​តូក្យូ​ដើម្បី​ពង្រឹង​​យុទ្ធសាស្ត្រ​​អាមេរិក

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក រ៉ូបឺត ហ្កេត និង​សមភាគី​ជប៉ុន (ឆ្វេង) ថ្ងៃ​ទី​១៣​មករា​២០១១
លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក រ៉ូបឺត ហ្កេត និង​សមភាគី​ជប៉ុន (ឆ្វេង) ថ្ងៃ​ទី​១៣​មករា​២០១១ © Reuters

បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិនអស់​រយៈ​ពេល​បួន​ថ្ងៃ ប្រកប​ដោយ​ជោគជ័យ​មក លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​អាមេរិក រ៉ូបឺត ហ្កេត ​(Robert Gates) បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​១២​មករា ម្សិលមិញ។ ដំណាក់កាលទី​ពីរ​នៃទស្សនកិច្ច​នេះ​ ផ្តោត​ជា​ពិសេស ទៅ​លើ​ការ​ស្វែង​រក​យុទ្ធសាស្ត្រយោធា​​រួម​ជាមួយ​ជប៉ុន សំណុំ​រឿង​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​កោះ​អូគីណាវ៉ា ដ៏​ចម្រូង​ចម្រាស់ និង​កូរ៉េ​ខាង​ជើង។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

លោក រ៉ូបឺត ហ្កេត បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ និង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ជប៉ុន​រួច​ហើយ បន្ទាប់​មក​លោក​នឹង​​ចូល​ជួប​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ណាអូតូ កាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដដែល។ ជំនួប​ពិភាក្សា​ដែល​បន្ត​លើក​ឡើង​​ ការ​វិវឌ្ឍន៍​​របស់​កូរ៉េ​ខាង​ជើង ក្នុង​ការផលិត​​កាំជ្រួច​មីស្ស៊ីល​។ កាំជ្រួច​មីស្ស៊ីល​រយៈ​ឆ្ងាយ​ដែល​អាច​គំរាម​កំហែង​ដោយ​ផ្ទាល់​រហូត​ដល់​សហរដ្ឋ​អាមេរិក។

បើ​តាមលោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក ដែល​នឹង​អញ្ជើញ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​ស្អែក កូរ៉េ​ខាង​ជើង​អាច​នឹង​ផលិត​កាំជ្រួចអន្តរទ្វីប​​​បាន​ក្នុង​ចំនួន​មាន​កំណត់។ ប៉ុន្តែ​សូម​រំលឹក​ថា ក្រុង​ព្យុងយ៉ាង​បាន​​​បាញ់​សាក​ល្បង​កាំជ្រួច​មីស្ស៊ីល​បី​ដង​រួច​មកហើយ ហើយ​នៅ​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០០៩ មីស្ស៊ីល​នោះ​បាន​ហោះ​រំលងជប៉ុន​​ទៅ​ធ្លាក់​នៅ​ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។

ដើម្បី​ប្រឈម​នឹង​ការ​គំរាម​កំហែងនេះ អាមេរិក និង​ជប៉ុន បាន​អភិវឌ្ឍ រួម​គ្នា​ ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល នៅ​លើនាវា។ ប្រព័ន្ធ​ខែ​ល​មីស្ស៊ីល ប្រឆាំង​មីស្ស៊ីល ដែល​ សមភាគី​ជប៉ុន​និង​អាមេរិក ទំនង​កំពុង​​សិក្សា​អំពី​លទ្ធភាព​លក់​បច្ចេកវិទ្យា​ទៅ​ឲ្យ​ប្រទេស​ទី​បី ពោល​គឺ​កោះ​តែវ៉ាន់​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន kyodo។

ទាក់ទង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើងវិញ លោក រ៉ូបឺត ហ្កេត ​បាន​អំពាវ​នាវ​ឲ្យ​ក្រុង​ព្យុង​យ៉ាង​បង្ហាញ​ពី​ចេតនា​​ពិត​ តាម​រយៈ​សកម្មភាព​ពិត និង​ជាក់​ស្តែង ក្នុង​ការ​វិល​មក​កាន់​តុ​ចរចាវិញ​!
សកម្មភាព​ជាក់​ស្តែង ដែល​ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ “បញ្ឈប់​ការ​សាក​ល្បង​នុយក្លេអ៊ែរ ការ​បាញ់​សាក​ល្បង​កាំជ្រួច​មីស្ស៊ីល មិន​បង្ក​រឿង​ជាមួយ​​កូរ៉េ​ខាង​ត្បូង” ប្រទេស​ជិត​ខាង ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ជន​ស៊ីវិល​និង​យោធា​នោះ​ឡើយ។ ​កាយ​វិការ​បង្ក​ហេតុ ​ជាបុព្វហេតុ​នាំ​ឲ្យ​មាន​អស្ថិរភាព និង​ភាព​តាន​តឹង​នៅ​ក្នុង​ឧបទ្វីប។

នៅ​ទី​បញ្ចប់​គឺ​សំណុំ​រឿង​​មូលដ្ឋាន​ទ័ព​អាមេរិក​​នៅ​កោះ​អូគីណាវ៉ា។ ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​​អាមេរិក​និង​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ បានសម្តែង​សុទិដ្ឋនិយម​​ចំពោះ​ប្រធាន​បទ​រុះ​រើ​មូល​ដ្ឋាន​ទ័ព​​ដ៏​រសើប​នេះ ដោយ​សង្ឃឹម​ថា​នឹង​អាច​មាន​ដំណើរ​ការ​ទៅ​មុខ​​បាន និងអាច​​កាត់​បន្ថយ​ផល​រំខាន​ដល់​ប្រជាជន​រស់​នៅ​ជិត​នោះ។
សូម​បញ្ជាក់​ថា​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​បាន​យល់​ព្រម​គ្នា​កាលពី​ខែ​ឧសភា​២០១០​ថា នឹង​រុះ​រើ​មូលដ្ឋាន​ទ័ព​អាមេរិក​ Futenmaចេញ​ពី​កណ្តាល​ក្រុង​​ទៅ​ចុង​កោះ​វិញ តែ​ប្រជាជន​ជប៉ុន​ប្រឆាំង​និង​ទាមទារ​ឲ្យ​ដក​ចេញ​ទាំង​ស្រុង​ពី​កោះ​អូគីណាវ៉ា​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ