អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី​បញ្ជូន​យន្តហោះ​ចំបាំង​ជួយ​កងទ័ព​អ៊ីរ៉ាក់​​​ បង្អួត​អាមេរិក​​

សំឡេង ០៥:០៦
យន្តហោះ​ចំបាំង​រុស្ស៊ី ប្រភេទ​​Sukhoi S-២៧
យន្តហោះ​ចំបាំង​រុស្ស៊ី ប្រភេទ​​Sukhoi S-២៧ REUTERS/RAF/MoD/Crown

នៅចុង​សប្តាហ៍​កន្លងទៅ​ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចំបាំង​៥គ្រឿង ​ទៅអ៊ីរ៉ាក់ ដើម្បី​​ជួយ​កងទ័ព​អ៊ីរ៉ាក់ ប្រយុទ្ធ​វាយបក​ក្រុម​ឧទ្ទាម​ជីហាត​ជ្រុលនិយម។ រដ្ឋាភិបាល​លោក​ម៉ាលិគី ​​​​ក៏បាន​ប្រកាស​ថា អ៊ីរ៉ាក់​នឹង​ទិញ​យន្តហោះ​ជាង​១២គ្រឿង​ទៀត ក្នុង​តម្លៃ​៣៦៨លាន​អឺរ៉ូ​ ​ពី​រុស្ស៊ី​ផងដែរ។ តាម​រយៈ​​ការ​​លេចមុខ​​ ​​ក្នុងសំណុំរឿង​​​​អ៊ីរ៉ាក់ ​ក្រុងម៉ូស្គូ​​កំពុង​​បង្ហាញ​ និង​បន្តុះបង្អាប់​អាមេរិក​ថា ​នយោបាយ​​​​ការបរទេស​អាមេរិក​ជួយ​អ៊ីរ៉ាក់​កន្លងមក ​មិនអាច​សម្រេច​​ការធំដុំ​អ្វីបាន ក្រៅតែ​​ពី​បំផ្លាញ​អ៊ីរ៉ាក់ទេ។ ​ក្រុមជីហាត​ជ្រុល​និយម ​​បាន​ឡើង​ឥទ្ធិពល​​​ ​ រហូត​​ប្រកាស​បង្កើត​របបដឹកនាំ​​អ៊ីស្លាម​ ​នៅ​ថ្ងៃ​​ចន្ទ​ម្សិលមិញ​ទៀតផង។ ​

ផ្សាយពាណិជ្ជកម្ម

ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ទើបបាន​ប្រកាស​ថា រុស្ស៊ីមិន​អោបដៃ​មើល​អ៊ីរ៉ាក់ដែល​កំពុង​រងគ្រោះ​​​​ដោយការ​គំរាម​កំហែង​របស់​ក្រុមជីហាត​ជ្រុលនិយមនោះទេ។ ក្រោយ​ប្រកាស​ភ្លាមៗ​ រុស្ស៊ី​ក៏បញ្ជូន​យន្តហោះ​ចំបាំង​ប្រភេទ​ស៊ូខយ-២៥ ​ចំនួន​៥គ្រឿង ទៅជួយ​កងទ័ព​អ៊ីរ៉ាក់​ភ្លាម​តែម្តង។​ នយោបាយ​ការបរទេស​​សន្យា​ភ្លាម​ ជួយ​ភ្លាម​របស់​រុស្ស៊ី នៅ​អ៊ីរ៉ាក់ ​កំពុងវាយបំបាក់​មុខ​អាមេរិក​ ជាថ្មីទៀត ក្នុង​សំណុំរឿង​អន្តរជាតិ​ យ៉ាង​ជាក់ស្តែង។

ប្រាកដណាស់ ​ពិភពលោក​តែង​កត់សម្គាល់​វត្តមាន​​អាមេរិក​ ក្នុង​ការ​​ចេញមុខ​​ដោះស្រាយ​វិបត្តិ​អន្តរជាតិធ្ងន់ធ្ងរ​ ដូច​ជា​នៅ​អ៊ុយក្រែន រឺ​នៅ​ស៊ីរីជាដើម។ តែ​​​វិបត្តិ​អ៊ុយក្រែន និង​ស៊ីរី នៅ​តែ​មិនទាន់​រកច្រកចេញ​នៅឡើយទេ។ គេ​ឃើញ​​​មានតែ​​មនុស្ស​ស្លាប់ របួស រឺ​ក៏ជន​ភៀសខ្លួន​ ​ដែល​មាន​ការកើនឡើង​រាល់ថ្ងៃ​ប៉ុណ្ណោះ។ ​ពិសេស​នៅ​អ៊ីរ៉ាក់​ពេល​នេះតែម្តង។ ក្នុង​ថ្ងៃចាប់ផ្តើម​បុណ្យ​សាសនា​អ៊ីស្លាម​​រ៉ាម៉ាដង់​ភ្លាម ក្រុម​ជីហាត​ជ្រុល​និយម​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់ បានប្រកាស​បង្កើត​របប​ដឹកនាំ​អ៊ីស្លាម ​នៅតាម​​តំបន់​ដែល​ខ្លួន​​ដណ្តើម​បាន​​នៅ​ស៊ីរី និងអ៊ីរ៉ាក់ ធ្វើ​អោយ​​គ្រប់​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​ កំពុង​ភ័យ​បះរោម។ ប្រាកដ​​ណាស់​ របប​ដឹកនាំ​អ៊ីស្លាម​នេះ​ អាច​ទាក់ទាញ​យុទ្ធជន​អ៊ីស្លាម​ពី​គ្រប់ទិសទី​ ក្នុង​ពិភពលោក​​អោយ​ចូល​មក​ជួយ​ក្រុមជីហាត​មួយនេះ ការពារ​​រដ្ឋ ការពារ​របប​ដឹកនាំ​អ៊ីស្លាម​ថ្មី​នេះ។

តែ​បើ​យើង​ត្រលប់​ទៅ​​មើល​ប៉ុន្មាន​ខែ​មុននេះ ​​មុន​ពេល​ក្រុមជីហាត​​សម្រេច​ជោគជ័យ​វាយលុក​នៅ​អ៊ីរ៉ាក់ ប្រទេស​លោក​ខាងលិច និង​អាមេរិក​ហាក់​​រំភើយ​កន្តើយ។ គ្រប់គ្នា​គិតតែ​នាំគ្នា​​វាយ​ប្រហារ​​ពាក្យសំដី​លើ​រុស្ស៊ី ក្នុង​សំណុំ​រឿងអន្តរជាតិ​ផ្សេងៗ បែបយ៉ាង​​ស៊ីរី ​រឺ​ក៏​អ៊ុយក្រែន។ តែ​​តាំង​ពី​ថ្ងៃ​៩មិថុនាមក ពេល​ឃើញ​ក្រុម​ជីហាត​ជ្រុលនិយម​ស៊ុននីត ​សម្រេចជោគជ័យ​​លឿនដូច​ផ្លេកបន្ទោរ​ ​អាមេរិក​​និង​អឺរ៉ុប​បែរជា​បន្ទោស​រដ្ឋាភិបាល​និកាយ​ស្ហ៊ីអ៊ីត​របស់​​លោក​ម៉ាលិគី​ ថា​មិន​ចេះរួបរួម​និកាយ​ក្នុង​ស្រុក ទើប​បាន​ជា​​អតីត​ទាហាន​និកាយ​ស៊ុននីត​របស់​លោក​សាដាំ ហ៊ូសេន បាន​នាំ​គ្នា​រត់ទៅ​ចុះចូល​ជាមួយ​ក្រុមជីហាត​ជ្រុល​និយម​យ៉ាង​ដូច្នោះ។

រុស្ស៊ី​មិនដូច​អាមេរិក​ទេ រុស្ស៊ី​បាន​បង្ហាញ​ជំហរ​ច្បាស់​ តាំង​ពី​ដើម​រៀងមក រុស្ស៊ី​មិនបាន​គាំទ្រ​អន្តរាគមន៍​យោធា​កំទេច​របប​ផ្តាច់ការ​លោក​សាដាំ​ ហ៊ូសេន កាលពី​ឆ្នាំ​២០០៣ទេ ហើយ​ពេល​អ៊ីរ៉ាក់​កំពុងរងគ្រោះបែបនេះ រុស្ស៊ី​ក៏​ចេញមុខ​ភ្លាមៗ​បញ្ជូន​យន្តហោះចំបាំង​​ជួយកងទ័ព​​អ៊ីរ៉ាក់​​ដែរ ជាជាង​​​​​​ធ្វើតាម​​អាមេរិក និង​ប្រទេស​ផ្សេងៗ ​ដែល​​នៅបង្អែបង្អង់​​បន្ទោស​រដ្ឋាភិបាល​អ៊ីរ៉ាក់​ ថា​មិនចេះ​រួបរួម​ជាតិ។ តាមរយៈ​ការបញ្ជូន​យន្តហោះ​ចំបាំង​៥គ្រឿង​ជួយ​អ៊ីរ៉ាក់ និងកិច្ចសន្យា​លក់​យន្តហោះ​​ច្រើនគ្រឿង​ផ្សេងទៀត ក្រុងម៉ូស្គូ​​​​កំពុង​បន្ទោស​អាមេរិក​ថា នយោបាយ​សង្គ្រាម​​របស់​អាមេរិក​​​នៅអ៊ីរ៉ាក់​កន្លងមក ​​បាន​បន្សល់​ផលវិបាកធ្ងន់ធ្ងរ​ មិនត្រឹម​តែ​​បំផ្លាញ​អ៊ីរ៉ាក់​តែ​មួយ​ប្រទេស​ប៉ុណ្ណោះទេ តែ​កំពុង​​ធ្វើ​អោយ​ក្រុមជីហាត​ជ្រុល​និយម ឡើង​អំណាច​និង​ឥទ្ធិពល​ពេញទី ក្នុង​តំបន់ គំរាម​​​​ស្ថិរភាពតំបន់​អារ៉ាប់​ និង​គំរាម​​​សន្តិសុខ​ពិភពលោក​ទាំងមូលតែម្តង។

ប្រាកដ​ណាស់ អ៊ីរ៉ាក់ធ្លាក់​ដុនដាប ​គឺ​ដោយសារ​រដ្ឋាភិបាល​និកាយស្ហ៊ីអ៊ីត ដែល​អាមេរិក​ជ្រោមជ្រែង​នោះ បែកបាក់គ្នា ​រើសអើង​អ្នកកាន់​និកាយ​ស៊ុននីត។ អាមេរិក​អាច​បន្ទោស​អ៊ីរ៉ាក់​លើ​ចំណុច​នេះបាន​មែន តែ​​អាមេរិក​​មិនត្រូវ​ភ្លេច​​ថា​ ​ពេល​អាមេរិក​​កាន់កាប់​បូរណភាព​​នៅ​អ៊ីរ៉ាក់​រាប់ឆ្នាំ​ ​ការ​ដែល​​អាមេរិក​​​គាស់​រំលើង​កងទ័ព​និកាយ​ស៊ុននីត ​របស់​​លោក​សាដាំ ហ៊ូសេន​​ និង​ដាក់​ចេញ​រដ្ឋាភិបាល​និកាយ​ស្ហ៊ីអ៊ីត នេះ​ហើយ ជា​បញ្ហា​​​ធ្វើអោយ​កងទ័ព​លោក​សាដាំ​ ហ៊ូសេន​ បាក់ទឹកចិត្ត​ចុះចូល​ជាមួយ​ក្រុមជីហាត​ជ្រុល​យម។ ​​

ក្រុង​ម៉ូស្គូ ​ធ្លាប់​ចំអក​​​​​​អន្តរគមន៍​យោធា​អាមេរិក​នៅ​អ៊ីរ៉ាក់​​​​ ​​​​​​​ថាអាមេរិក​​​គ្មាន​ភស្តុតាង​ជាក់ស្តែងថា​ អ៊ីរ៉ាក់​មាន​អាវុធប្រល័យ​លោក នយោបាយអាមេរិក​ជួយ​អ៊ីរ៉ាក់​នោះ​មិនបាន​ធ្វើ​អោយចប់​ចុងចប់​ដើមទេ​។ ​​ពេលនេះ ​ក្រុងម៉ូស្គូចេញមុខ​ជួយ​កងទ័ព​អ៊ីរ៉ាក់ ស​​បង្ហាញ​​ថា នយោបាយ​ការបរទេស​​​រុស្ស៊ី គឺ​ជា​នយោបាយ​ក្លាហាន ​​​​ជួយ​ប្រជាជន​អ៊ីរ៉ាក់​​​ ដែល​កំពុងរងគ្រោះ​ដោយសារ​នយោបាយ​សង្គ្រាម​របស់​អាមេរិក​ កាលពី​ឆ្នាំ​២០០៣​មិន​មែន​នយោបាយ​ញញើតញញើម​ដូច​លោកអូបាម៉ា​ពេលនេះ​ទេ។ គេលឺ​តែ​​អាមេរិក​អួត​ថា ជួយ​អ៊ីរ៉ាក់ចេញផុត​ពី​របប​ផ្តាច់ការលោក​សាដាំ​ ហ៊ូសេន។​​ តែ​ពេល​អ៊ីរ៉ាក់​កំពុងធ្លាក់​ក្នុង​​ភាពដុនដាបប្រឈម​​ការគំរាមរបស់​ក្រុម​ជីហាតពេលនេះ​​ អាមេរិក​​បែរ​ជា​ញញើត​​​​​បញ្ជូន​ទ័ពទៅអ៊ីរ៉ាក់​ ញញើត​​​​​ប្រើ​យន្តហោះដ្រូន​​បាញ់​កំចាត់​ក្រុម​ជ្រុលនិយម​ជីហាត​ ​ពោលគឺ​ញញើត​ជួយ​អ៊ីរ៉ាក់​អោយពេញ​ដៃពេញ​ជើងណាស់។ ​

កន្លងមក ​អាមេរិក​និង​ប្រទេស​ដៃគូអឺរ៉ុប ​បានត្រឹមតែបន្ទោស​រុស្ស៊ី​ក្នុង​សំណុំរឿង​អន្តរជាតិ​បែបយ៉ាង ​អ៊ុយក្រែន រឺ​ក៏​ស៊ីរីប៉ុណ្ណោះ។ ​ពេល​រុស្ស៊ី​គាំទ្រ​​ប្រធានាធិបតី​អាសាដ​​ កំចាត់​ក្រុម​ឧទ្ទាម​ផ្សេងៗ​នៅស៊ីរី​នោះ អាមេរិក​និងអឺរ៉ុប​ ​បែរ​​​ជានាំគ្នា​គាំទ្រ​​ក្រុមឧទ្ទាម​​​​​​នៅស៊ីរី ដើរ​បញ្ច្រាស​ពី​រុស្ស៊ី​ទៅវិញ។​ ​​ផ្ទុយទៅវិញ ​ក្រុម​ឧទ្ទាម​​ជ្រុលនិយម​ស៊ុននីត​ ដែល​វាយលុក​អ៊ីរ៉ាក់​ពេលនេះ គឺ​ជាក្រុម​ដែល​ធ្លាប់​​ជួយ​ក្រុមប្រឆាំង​និង​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី​​ កំចាត់​កងទ័ព​លោក​អាសាដ​​នោះឯង។ ដូច្នេះ គេ​​អាច​និយាយ​បានថា នយោបាយ​អន្តរជាតិ​​អាមេរិក​​​​តាំង​ពីជំនាន់​​ប្រធានាធិបតី​និយម​សង្គ្រាម​បែប​លោក​ប៊ូស រហូត​ដល់ជំនាន់​​ប្រធានាធិបតី និយម​សន្តិភាព​បែប​លោកអូបាម៉ា ​​សព្វថ្ងៃ​ គឺ​ជា​នយោបាយ​ធ្លាក់ទឹកពេញទី ​ប្រៀប​នឹង​នយោបាយ​រុស្ស៊ី ដែល​​​រឹងមាំ ប្រឆាំង​ដាច់ខាត​នឹង​ចលនា​បះបោរ​​​ក្រុមឧទ្ទាម និង​ក្រុម​ប្រឆាំង​ ទាំង​នៅ​ស៊ីរី ទាំង​នៅ​អ៊ុយក្រែន​នោះ។

ឥឡូវនេះ មើលឃើញ​ក្រុមជីហាត​​បង្កើត​រដ្ឋដឹកនាំ​អ៊ីស្លាម​​នៅ​តាមព្រំដែន​អ៊ីរ៉ាក់ និង​ស៊ីរី ពេលនេះ ​ចង់មិនចង់ ​គ្រប់គ្នាពិសេស​អាមេរិក​ ​​ប្រហែល​នឹកស្តាយ​ក្រោយហើយ​​ ដែល​មិនបាន​​សហការគ្នា​ជួយអ៊ីរ៉ាក់ ក្រោយអាមេរិកដកទ័ព​អស់​ពី​អ៊ីរ៉ាក់​នៅចុងឆ្នាំ​២០១១ ស្តាយដោយ​មិនបាន​​គាំទ្រ​រុស្ស៊ី និង​ប្រធានាធិបតីស៊ីរី កំចាត់​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី​តាំង​ពី​ដំបូងទី។ ហេតុនេះ​ហើយ ​​បាន​ជា​​ក្រុម​​ជីហាត​​បាន​​​ងាក​ក្បាល​ពីស៊ីរី ​មកវាយ​យក​ដែនដី​​​អ៊ីរ៉ាក់​ បាន​ស្រួល​ រហូត​​​សម្រេច​ផែនការ​បង្កើត​របប​អ៊ីស្លាម​​​បាននៅពេលនេះ។ គេ​អាចថា ​ក្រុង​ម៉ូស្គូ​ចេញមុខ​ជួយកងទ័ពអ៊ីរ៉ាក់​ពេលនេះ ​ក៏​ដើម្បី​​បង្ហាញ​អាមេរិកនិង​​សហគមន៍ អន្តរជាតិ​​​ថា នយោបាយ​ការបរទេស​​​រុស្ស៊ី នៅ​គ្រប់ទិសទី មិនថា នៅស៊ីរី អ៊ុយក្រែន ​រឺ​អ៊ីរ៉ាក់ទេ គឺ​ជា​នយោបាយ​​​​ដើរតាម​គន្លងធម៌​ត្រឹមត្រូវ នយោបាយ​យកការ​​បាន​​ ​ដើម្បី​​​​សង្គ្រោះប្រជាជន​ស្លូតត្រង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ