អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

​រុស្ស៊ី​និង​អ៊ុយក្រែន យល់​ព្រម​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​ដកទ័ព​រៀង​ខ្លួន​

ជំនួប​ថ្នាក់ដឹកនាំប្រទេស​ទាំង​បួន បារាំង អាល្លឹម៉ង់ រុស្ស៊ី និងអ៊ុយក្រែន នៅ​កណ្តាល​ក្រុងប៉ារីស ដើម្បី​រក​ច្រកផ្លូវ​សន្តិភាព​ នៅ​អ៊ុយក្រែន។
ជំនួប​ថ្នាក់ដឹកនាំប្រទេស​ទាំង​បួន បារាំង អាល្លឹម៉ង់ រុស្ស៊ី និងអ៊ុយក្រែន នៅ​កណ្តាល​ក្រុងប៉ារីស ដើម្បី​រក​ច្រកផ្លូវ​សន្តិភាព​ នៅ​អ៊ុយក្រែន។ HO / UKRAINIAN PRESIDENTIAL PRESS SERVICE / AFP

នៅ​រដ្ឋធានី​ប៉ារីស៍ ថ្ងៃច័ន្ទ​ ទី​៩ធ្នូ ប្រធានាធិបតី​រុស្ស៊ីនិងប្រមុខរដ្ឋថ្មី​អ៊ុយក្រែន បាន​ជួប​ចរចា​គ្នាចំពោះ​មុខ​ជាលើកទីមួយ បន្ទាប់ពី​ប្រទេស​ទាំងពីរ​ប្រឈម​មុខ​ដាក់​គ្នា​ជាខ្លាំង​ លើ​សំណុំ​រឿង​គ្រីមេនិង​សំណុំ​រឿង​ក្រុម​ជ្រុលនិយម​ចង់​ផ្តាច់​ទឹក​ដី​។ ការ​ជួប​ចរចាគ្នា​នេះ ក្រោម​ការ​ជួយ​សម្រុះ​សម្រួល​របស់​ថ្នាក់​ដឹកនាំ​បារាំង​និង​អាល្លឺម៉ង់។ តើ​លទ្ធផល​នៃ​ជំនួប​បងប្អូន​ជាគូសត្រូវ​រុស្សីនិងអ៊ុយក្រែន មាន​អ្វីខ្លះ?​

ផ្សាយពាណិជ្ជកម្ម

ចំពោះ​អ្ន​កសង្កេត​ការណ៍មួយ​ចំនួន ជំនួប​នេះ​ផ្តល់​លទ្ធផល​វិជ្ជមាន​ជា​ច្រើន​ចំណុច​។ គឺភាគី​ទាំងពីរ អ៊ុយក្រែន​-រុស្ស៊ី​ ​ព្រមព្រៀង​ឈប់​បាញ់​គ្នា ហើយ​សម្រេច​ដោះដូរ​​ចំណាប់​ខ្មាំងនិង​អ្នក​ទោស ចាប់ពីពេ​លនេះ ដល់​ខែដាច់​ខែធ្នូ​។​ លទ្ធផល​នៃការ​យល់ព្រមគ្នា​មួយ​ទៀត គឺ​ប្រទេស​ទាំងពីរ​ ប្តេជ្ញា​ដកទ័ព​នៅ​តំបន់​ប្រឈម​មុខ ទាំង​បី​កន្លែង​ ជា​សមរភូមិក្តៅខ្លាំង។ ការដកទ័ព​រៀងៗខ្លួន​នេះ ត្រូវ​ចាប់ផ្តើម​ធ្វើ​ពីពេ​លនេះ ដល់ខែមីនា​ឆ្នាំ​ខាងមុខ​។

ត្រង់ចំណុច​វិជ្ជមាន​ទាំង​​នេះ ប្រធានាធិបតី​រុស្ស៊ី​ វ្ល៉ាឌីមៀង ពូទីន បាន​ថ្លែង​សាទរ និង​ចាត់ទុក​ថា​នេះ​ជា​ជំហាន​មួយ​ដ៏​សំខាន់ ហើយនេះជាការ​ចរចា​ទម្លុះ​ទម្លាយ​ភាព​កក់ស្ទះទាំង​ឡាយ។ តាម​ប្រសាសន៍​របស់​បុរសខ្លាំង ពូ​ទីន, ​ប្រទេស​រុស្ស៊ី​ នឹង​ប្រឹង​ប្រែង​ធ្វើ​យ៉ាងណា ឱ្យ​ជម្លោះ​ទាស់ទែង​គ្នា ចប់​កាន់តែ​ឆាប់​។

ក៏ប៉ុន្តែ ចំពោះ​ប្រមុខ​រដ្ឋ​អ៊ុយក្រែន​វិញ លោក Volodymyr Zelensky ថ្លែង​ដោយស្មោះថាលទ្ធផល​នៃ​ជំនួប​នេះ មិន​សូវ​បានផល​ច្រើ​នទេ នៅលើ​ផ្នែក​ផ្លូ​វ​នយោបាយ ព្រោះ​លោក​ចង់​ដោះស្រាយ​បញ្ហាធំៗ​ជាស្នូល​នៃ​វិបត្តិ តែ​មិនទាន់​រក​ច្រកឃើញសោះ។ រក​ច្រ​ក​មិន​ឃើញ ដ្បិតថាលោក Zelensky ​ទាមទារ​ដាច់​​​ ចង់​គ្រប់គ្រង​ដែន​ដី​ភាគ​ខាងលិច ដែល​សព្វ​ថ្ងៃ​គ្រប់​គ្រង​ដោយ«​ខុសច្បាប់» ពី​សំណាក់​​ក្រុមនិយម​​ផ្តាច់​ទឹកដី។ ក្រុម​នេះ ត្រូវ​អ៊ុយក្រែន ចោទថា​បាន​ជំនួយ​ពីកង​​ទ័ព​រុស្ស៊ី​​។​

គួរ​ជ្រាបថា តាំងពី​ឆ្នាំ​២០១៤មក សង្គ្រាម​ស៊ីវិល​រវាងរដ្ឋបាល​ទីក្រុង​គៀវ​​និងក្រុម​អ្នក​ចង់​ផ្តាច់​ទឹក​ដីនិយម​​ គឺ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​ជាង​១ម៉ឺន​៣ពាន់​នាក់​ នៅ​ក្នុង​តំបន់​ Donbass ភាគ​ខាងលិច​ឈាងខាងត្បូង​អ៊ុយក្រែន​។ ចំពោះ​ជំហរ​បារាំង ជម្លោះ​នេះគឺ​ជា​ដំបៅ​ដ៏​ចំហរ​ចំកណ្តាល​ដើម​ទ្រូង និងដែល​ត្រូវ​រក​ថ្នាំ​ព្យាបាល​ជាបន្ទាន់​។ ​ចំពោះ​ភាគីអន្តរការី​ អធិការបតី​អាល្លឺម៉ង់ ស្តីថា «យើង​នៅ​មាន​កិច្ចការ​រឿង​ច្រើន​ទៀត​ត្រូវ​សម្រេច​ឱ្យ​បាន ប៉ុន្តែ​លោកស្រី Angela Merkel កត់​សម្គាល់​ភាព​សុឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​របស់​គ្រប់​ភាគី»។​ នៅ​ចំពោះមុខ​ប្រធានធិបតីវ័យក្មេង​​បារាំងនិង​អធិការបតី​ស្រី​អាល្លឺម៉ង់, ភាគី​ជម្លោះ​ទាំងពីររុស្ស៊ី​និងអ៊ុយក្រែន សន្យា​មក​ជួប​គ្នា​ជាថ្មី នៅ​បួន​ខែ​ទៀត៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ