អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

លេនីន៖ ​ស្ថាបនិក​នៃ​បក្ស​កុម្មុយនិស្ត​រុស្ស៊ី

សំឡេង ០៩:២១
វ៉្លាឌីមៀរ លេនីន
វ៉្លាឌីមៀរ លេនីន

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅស​ប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​ជូន​លោក​អ្នក​ស្តាប់​ អំពី​ប្រវត្តិ​ត្រួសៗ​របស់​លេនីន ដែល​ជា​មេដឹកនាំ​បដិវត្តន៍​រុស្ស៊ី និង​ជា​ស្ថាបនិក​នៃ​រដ្ឋ​កុម្មុយនិស្ត​សូវៀត។

ផ្សាយពាណិជ្ជកម្ម

វ៉្លាឌីមៀរ លេនីន ត្រូវ​បាន​គេ​ចាត់ទុក​ថាជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ហើយ​ក៏​ជា​អ្នក​នយោបាយ​ដ៏​ចម្រូងចម្រាស​មួយ​ផងដែរ នៅ​ក្នុង​សតវត្សរ៍​ទី២០។ លេនីន គឺ​ជា​ស្ថាបនិក​នៃ​បក្ស​កុម្មុយនិស្ត​រុស្ស៊ី ជា​មេដឹកនាំ​នៃ​បដិវត្តន៍​បុលឆេវិក ឆ្នាំ​១៩១៧ និង​ជា​ប្រមុខរដ្ឋ​ទីមួយ នៃ​សហភាព​​សូវៀត។

លេនីន មាន​ឈ្មោះ​កំណើត​ថា វ៉្លាឌីមៀរ អ៊ីលីច អ៊ូល្យ៉ាណូវ (Vladimir Ilich Ulyanov) កើត​នៅ​ឆ្នាំ​១៨៧០ នៅ​ក្នុង​ក្រុង​មួយ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា “ក្រុង​អ៊ូល្យ៉ាណូវ” ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៩០០គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ូស្គូ។ អ៊ូល្យ៉ាណូវ គឺ​ជា​កូនទី៣ ក្នុង​ចំណោម​បងប្អូន​ ៦នាក់ នៃ​គ្រួសារ​មួយ ដែល​ឪពុកម្តាយ​សុទ្ធតែ​ជា​អ្នក​រៀនសូត្រ​ខ្ពង់ខ្ពស់។ លេនីន​ផ្ទាល់​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មេង​ដែល​រៀន​ពូកែ​ ចូលចិត្ត​អាន ហើយ​បាន​ជាប់ឈ្មោះ​ជា​សិស្សឆ្នើម​នៅ​វិទ្យាល័យ។

ក៏ប៉ុន្តែ នៅ​ពីក្មេង អ៊ូល្យ៉ាណូវ​ក៏​បាន​ជួប​ប្រទះ​នឹង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សោកសៅ​ជាច្រើន​ផងដែរ ជាពិសេស គឺ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ ដែល​ជា​កត្តា​ដ៏​ចម្បងមួយ ជំរុញ​ឲ្យ​អ៊ូល្យ៉ាណូវ​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​បដិវត្តន៍​ប្រឆាំង​នឹង​របបរាជានិយម។ ហេតុការណ៍​ដែល​មាន​ផលប៉ះពាល់​ខ្លាំង​ជាងគេ ដល់​បុគ្គលិកលក្ខណៈ​របស់​អ៊ូល្យ៉ាណូវ គឺ​នៅ​ពេល​ដែល​បងប្រុស​របស់​គាត់​ត្រូវ​គេ​ចាប់ខ្លួន និង​កាត់ទោស​ប្រហារ​ជីវិត នៅ​ឆ្នាំ​១៨៨៧ ពីបទ​ថា​បាន​រួមគំនិត​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​ឃាត​អធិរាជ​រុស្ស៊ី។

នៅ​ឆ្នាំ​ដែល​បងប្រុស​ត្រូវ​គេ​ប្រហារជីវិត អ៊ូល្យ៉ាណូវ​​ទើប​នឹង​បាន​ចុះឈ្មោះ​​ចូល​រៀន​ផ្នែក​ច្បាប់ នៅ​សកលវិទ្យាល័យ​ ក៏ប៉ុន្តែ រៀន​បាន​មួយ​ឆមាស ក៏​ត្រូវ​បាន​លុបឈ្មោះ​ចេញ​ពី​សាលា ដោយសារ​តែ​គាត់​បាន​ចូល​រួម​ក្នុង​ចលនា​បាតុកម្ម​និស្សិត។ ចាប់ពីពេលនោះ​ហើយ ដែល​អ៊ូល្យ៉ាណូវ​ដុះ​គំនិត​ប្រឆាំង​នឹង​របបរាជានិយម​រុស្ស៊ី​កាន់តែ​ខ្លាំង ហើយ​ព្រមទាំង​បាន​ដក់ចិត្ត​នឹង​ទ្រឹស្តី​កុម្មុយនិស្ត​របស់​ទស្សនវិទូ​អាល្លឺម៉ង់ ឈ្មោះ ​Karl Marx ។

នៅ​ឆ្នាំ​១៨៩២ ក្រោយ​ពី​​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់ អ៊ូល្យ៉ាណូវ​ក៏​បាន​ប្រកប​របរ​ជា​មេធាវី ដែល​មាន​អតិថិជន​ភាគច្រើន​ជា​កសិករ​ក្រីក្រ។ អាជីព​ជា​មេធាវី​នេះ​បាន​ធ្វើ​ឲ្យ​អ៊ូល្យ៉ាណូវ​កាន់តែ​មាន​គំនិត​ទោរ​ទៅ​រក​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​ថែម​ទៀត ដោយសារ​តែ​គាត់​​​បាន​មើលឃើញ​កាន់តែ​ច្បាស់​នូវ​ភាព​អយុត្តិធម៌ នៃ​ប្រព័ន្ធ​តុលាការ​រុស្ស៊ី។ អ៊ូល្យ៉ាណូវ​ក៏​បាន​ប្រឡូក​ចូល​ទៅ​ក្នុង​សកម្មភាព​សម្ងាត់ ក្នុងការ​ធ្វើ​បដិវត្តន៍​ប្រឆាំង​នឹង​រាជានិយម​រុស្ស៊ី ហើយនៅ​ឆ្នាំ​១៩០១ បាន​ប្តូរ​ឈ្មោះ​ពី​អ៊ូល្យ៉ាណូវ មក​ លេនីន ដើម្បី​បិទបាំង​ពី​ការ​តាម​ប្រមាញ់​របស់​អាជ្ញាធរ។

នៅក្នុង​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ លេនីន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​និរទេស​ខ្លួន​ឲ្យ​ទៅ​រស់នៅ​ក្នុង​តំបន់​ស៊ីបេរី អស់រយៈពេល ៣ឆ្នាំ។ ក៏ប៉ុន្តែ ក្រោយ​ពី​បាន​រួចខ្លួន​មក​វិញ លេនីន​ ក៏​បាន​ប្រឡូក​ចូល​ក្នុង​សកម្មភាព​បដិវត្តន៍​កាន់តែ​ខ្លាំង​ជាងមុន រហូត​បាន​​ជាប់ឈ្មោះ​​​ក្នុង​ចំណោម​ជួរ​ថ្នាក់​ដឹកនាំនៃ​គណបក្ស​ពលករ​រុស្ស៊ី។

ប៉ុន្តែ ដោយ​មាន​ជម្លោះ​នៅ​ក្នុង​បក្ស នៅ​ឆ្នាំ​១៩១២ ក្រុម​របស់​លេនីន​ក៏​បាន​ផ្តាច់ខ្លួន​ទៅ​បង្កើត​ចលនា​បដិវត្តន៍​ថ្មី​មួយ ដែល​ប្រកាន់​នូវ​គំនិត​ដាច់ខាត​ថា ដើម្បី​បង្កើត​សង្គម​រុស្ស៊ី​មួយ​យុត្តិធម៌ គេ​ចាំបាច់​ត្រូវ​តែបំបាត់​ចោល​ឲ្យ​អស់​នូវ​វណ្ណៈ​សក្តិភូមិ ហើយ​ប្រគល់​អំណាច​ទៅ​ឲ្យ​កម្មករ និង​កសិករ​​ជា​អ្នក​គ្រប់គ្រងដោយ​ផ្ទាល់​វិញ។

ក្រោយ​មក​ទៀត នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទីមួយ លេនីន​ ក្រោយ​ពី​ត្រូវ​​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​មួយរយៈពេល​ខ្លី ក៏​បាន​រត់ចេញ​ពី​រុស្ស៊ី ហើយ​​និរទេស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ស្វ៊ីស ក៏ប៉ុន្តែ នៅតែ​បន្ត​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​​របប​ដឹកនាំ​បែប​​មូលធន​និយម និង​ចក្រពត្តិនិយម ដោយ​​បាន​សរសេរ​សៀវភៅ​មួយ នៅ​ឆ្នាំ​១៩១៦ ដោយ​បាន​លើកឡើ​ងថា សង្រ្គាម គឺ​ជា​លទ្ធផល​នៃ​មូលធននិយម​អន្តរជាតិ។

នៅ​ឆ្នាំ​១៩១៧ នៅពេល​ដែល​រុស្ស៊ី​ត្រូវ​ទទួល​រងការ​ខូចខាត​ខ្លាំង ដោយ​សង្រ្គាម​លោក​លើកទី១ ចលនា​ប្រឆាំង​នឹងរដ្ឋាភិបាល​រុស្ស៊ី​​ ក៏​បាន​រាលដាល​ទៅ​ជា​ចលនា​បដិវត្តន៍​​ (បដិវត្តន៍​ខែ​កុម្ភៈ) ហើយ​ឈាន​ទៅ​ធ្វើការ​ផ្តួលរំលំ​ស្តេចត្សារ៍ នីកូឡា​ទី២។

ប្រមាណ​ជា​១ខែ​ក្រោយ​បដិវត្ត៍ លេនីន ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​អាល្លឺម៉ង់ ក៏​បាន​បញ្ឈប់​ការ​និរទេស​ខ្លួន នៅ​ស្វ៊ីស ហើយ​ធ្វើ​ដំណើរ​វិលត្រឡប់​មក​រុស្ស៊ី​វិញ។ អាល្លឺម៉ង់​ជួយ​លេនីន ដោយ​មើល​ឃើញ​ថា លេនីន គឺ​ជា​អ្នក​ប្រឆាំង​នឹង​ការណ៍​ដែល​រុស្ស៊ី​ប្រឡូក​ខ្លួន​ចូល​ក្នុង​សង្រ្គាម​លោក។ ដូច្នេះ អាល្លឺម៉ង់​រំពឹង​ថា លេនីន​អាច​នឹង​ធ្វើ​ឲ្យ​អន្តរាគមន៍​របស់​កងទ័ព​រុស្ស៊ី ក្នុង​សង្រ្គាម​លោកលើកទី១​ត្រូវ​ធ្លាក់​ចុះ​ខ្សោយ។

នៅវិលត្រឡប់​មក​ដល់​រុស្ស៊ី​វិញ​ភ្លាម លេនីន​បាន​ចាប់ផ្តើម​ធ្វើការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បណ្តោះអាសន្ន​រុស្ស៊ី ដែល​កើតចេញ​ពី​បដិវត្តន៍​ខែ​កុម្ភៈ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត លេនីន​បាន​ដឹកនាំ​ចលនា​បដិវត្តន៍​​ថ្មី​មួយទៀត គឺ​បដិវត្តន៍​បុលឆេវិក ឬ​បដិវត្តន៍​ខែ​តុលា ដែល​តាមពិត​ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ចាត់ទុក​ថា​ជា​ “រដ្ឋប្រហារ​” ទម្លាក់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន ហើយ​បង្កើត​​របប​កុម្មុយនិស្ត​មួយជំនួស​វិញ ដោយ​មាន​លេនីន​ ជា​ប្រមុខ​ដឹកនាំ។

ក្រោយ​បដិវត្តន៍​ខែតុលា រុស្ស៊ី​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល អស់រយៈពេល ៣ឆ្នាំ ដែល​នៅ​ក្នុង​អំឡុង​ពេលនោះ លេនីន​បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​កម្ចាត់​​អ្នក​ប្រឆាំង​នឹង​បដិវត្តន៍ ដែល​ក្នុងនោះ មាន​ប្រជាជន​ស៊ីវិល​រាប់សិបម៉ឺននាក់​ត្រូវ​បាន​ប៉ូលិស​សម្ងាត់​របស់​លេនីន​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម​សួរចម្លើយ និង​សម្លាប់​ចោល ដោយ​គ្មាន​ការ​ជំនុំជម្រះ។

នៅទីបំផុត គឺ​លេនីន​ជា​អ្នក​ទទួល​ជោគជ័យ ក្នុង​សង្រ្គាម​ស៊ីវិល ហើយ​សហភាព​សូវៀត​ក៏​ត្រូវ​បាន​បង្កើត​ឡើង ដោយ​មាន​លេនីន​ជា​ប្រមុខរដ្ឋាភិបាល។ ក៏ប៉ុន្តែ សហភាព​សូវៀត​ថ្មី​នេះ ត្រូវ​ប្រឈមមុខ​នឹង​​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​​ការ​ខូចខាត​ពី​សង្រ្គាម​លោក​លើកទី១​ផង និង​ពី​​សង្រ្គាម​ស៊ីវិល​ក្នុង​ប្រទេស​ខ្លួន​ឯងផង។ ​ភាព​ក្រីក្រ និង​គ្រោះ​អត់ឃ្លាន​​បាន​កើតមាន​ឡើង​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង។ នៅទីបំផុត គឺ​ដល់​វេន​លេនីន​វិញ​ម្តង ដែល​ត្រូវ​​​ប្រឈមមុខ​នឹង​ចលនា​បះបោរ​របស់​ប្រជាជន​។

ប្រឈមមុខ​នឹង​បាតុកម្ម និង​កូដកម្ម​​ ដែល​​កើតមាន​ឡើង​នៅ​ស្ទើរតែ​គ្រប់​ទិសទី លេនីន​ក៏​បាន​ដាក់ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច​ថ្មី ដោយ​បន្ធូរបន្ថយ​កាតព្វកិច្ច​ លែង​ចាប់​បង្ខំ​​​ឲ្យ​ប្រជាជន​ត្រូវ​តែ​​លក់​ស្រូវ​ជូនរដ្ឋដូច​កាល​ពីមុន ហើយ​បើក​ចំហ​ឲ្យ​មាន​ការ​លក់​ស្រូវ​នៅលើ​ទីផ្សារ​សេរី​វិញ។

នៅ​ឆ្នាំ​១៩២២ លេនីន​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ជំងឺ​គាំងបេះដូង រហូត​ត្រូវ​ពិការ​មួយ​ចំហៀងខ្លួន ហើយ​​ត្រូវ​ដកខ្លួន​ចេញ​ពី​កិច្ចការ​ដឹកនាំ​ប្រទេស​ប្រចាំថ្ងៃ។ ​​ស្ថិត​ក្នុង​ស្ថានភាព​សុខភាព ដែល​ចេះ​តែ​ធ្លាក់​ដុនដាប​ពី​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ លេនីន ចាប់ផ្តើម​បារម្ភ អំពី​អនាគត​របស់​សហភាព​សូវៀត នៅ​ក្រោយ​ពេល​លោក​ស្លាប់បាត់​ទៅ។ កាន់តែ​គិត លេនីន​កាន់តែ​មើលឃើញ​ថា បក្ស​កុម្មុយនិស្ត និង​រដ្ឋាភិបាល​សូវៀត​នៅពេលនោះ ចាប់ផ្តើម​ដើរ​កាន់តែ​ឃ្លាត​ចាកឆ្ងាយ​ពី​គោលដៅ​បដិវត្តន៍។

នៅ​ដើម​ឆ្នាំ​១៩២៣ លេនីន​​​បាន​រៀបចំ​សរសេរ​សំបុត្រ​បណ្តាំ​មួយ ដោយ​បាន​បង្ហាញ​នូវ​វិប្បដិសារី ចំពោះ​របៀបដឹកនាំ​តាមបែប​ផ្តាច់ការ ព្រមទាំង​បាន​ស្នើ​ឲ្យ​បក្ស​កុម្មុយនិស្ត និង​រដ្ឋាភិបាល​សូវៀត រៀបចំ​ធ្វើ​កំណែទម្រង់​​លើ​របៀប​ដឹកនាំ​របស់​ខ្លួន។ នៅ​ក្នុង​សំបុត្រ​បណ្តាំ​នេះ​ លេនីន​ក៏​បាន​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​ផងដែរ​ថា ស្តាលីន​ ដែល​នៅពេល​នោះ ជា​លេខា​បក្ស​កុម្មុយនិស្ត បាន​ប្រមូល​ផ្តុំ​អំណាច​យក​មកក្តោបក្តាប់​ក្នុង​ដៃ​តែឯង​ច្រើន​ពេក ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ ទៅថ្ងៃ​អនាគត ហើយ​បាន​ស្នើ​ឲ្យ​បក្ស​កុម្មុយនិស្ត​ដក​ស្តាលីន ចេញ​ពី​តំណែង​ជា​លេខា​បក្ស។

លេនីន​គ្រោង​នឹង​ឲ្យ​គេ​យក​​សំបុត្រ​បណ្តាំ​នេះ​​ទៅ​អាន នៅ​ក្នុង​សមាជ​របស់​បក្ស ក៏ប៉ុន្តែ សមាជ​មិនទាន់​មក​ដល់​ផង លេនីន​ត្រូវ​គាំង​បេះដូង​សាជាថ្មី​ម្តងទៀត ដែល​ម្តងនោះ លេនីន​ត្រូវ​ពិការ​ទាំងស្រុង​រហូត​កម្រើក​ក៏​មិនបាន ហើយ​និយាយ​ស្តីអ្វី​ក៏​មិនកើត។ ប្រមាណ​ជិត ១០ខែ​ក្រោយ​មក លេនីន​ត្រូវ​គាំង​បេះដូង​ម្តងទៀត ដែល​ជា​លើក​ចុងក្រោយ ហើយ​លោក​ទទួល​មរណភាព នៅថ្ងៃ​ទី២១​ ខែ​មករា ឆ្នាំ​១៩២៤។ សាកសព​របស់​ស្ថាបនិក​នៃ​បក្ស​កុម្មុយនិស្ត​រុស្ស៊ី​ត្រូវ​បាន​គេ​រក្សា​ទុក​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន នៅ​ឯ​ទីលាន​ក្រហម ក្នុង​ក្រុង​ម៉ូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ