អានតួអត្ថបទ
កម្ពុជា

ព្រះរាជ​ពិធី​សម្ពោធ​វិមាន​ព្រះបរមរូប ព្រះ​បរម​រតនកោដ្ឋ​នៅ​ព្រឹក​នេះ​

សម្តេច​ម៉ែ និង​ព្រះ​មហាក្សត្រ​  នរោត្តម សីហនុ គោរព​ព្រះ​បរម​សព​សម្តេច​ឪ
សម្តេច​ម៉ែ និង​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ គោរព​ព្រះ​បរម​សព​សម្តេច​ឪ © Reuters

ព្រះ​រាជពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ កំពុង​តែ​ប្រារព្ធ​ធ្វើឡើង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ មុនីនាថ សីហនុ ព្រម​ទាំង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា រួម​មាន ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ប្រធានរដ្ឋសភា លោក ហេង សំរិន និង​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ព្រះ​រាជពិធី​សម្ពោធ​នេះ ក៏​មាន​ការផ្សាយ​ផ្ទាល់ តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ ធ្វើ​អំពី​ស្ពាន់ មាន​កម្ពស់ ៤,៥ ម៉ែត្រ ទ្រង់​ឈរ​មួយ​ជំហរ ក្នុង​សម្លៀកបំពាក់​ខោអាវ​ធំ មិនមែន​ទ្រង់គ្រឿង​ជា​ព្រះរាជា តាម​ប្រពៃណី​ទេ។ ព្រះអង្គ​អោបដៃ​សំយុង​មក​មុខ តម្កល់​លើ​ព្រះ​ផ្នែ​ន មាន​កម្ពស់ ២,៧ ម៉ែត្រ សាងសង់ នៅលើ​ខឿន​រាង​ចតុកោណកែង មាន​បណ្តោយ ៥៤ ម៉ែត្រ និង​ទទឹង ២៧ ម៉ែត្រ។ ព្រះ​បរម​រូប​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​តម្កល់ ដោយ​បែរ​ព្រះភ័ក្ត្រ ទៅ​ទិសខាងកើត បែរខ្នង ទៅ​វិមានឯករាជ្យ។

 
ជាការ​កត់សម្គាល់ បន្ទាប់ពី​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប នៅថ្ងៃនេះ​រួចហើយ គឺ​នៅ​ថ្ងៃទី១៥តុលា រាជរដ្ឋាភិបាល នឹង​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ១ ឆ្នាំ នៅ​វិមាន​ព្រះ​បរម​រូប នា​ព្រឹក​ថ្ងៃទី១៥តុលា។

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញប្រកាស កាលពី​ថ្ងៃទី១០តុលា​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤តុលា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​បង្សុកូល គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ទីស្នាក់ការ​គណបក្ស នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​នៅវេលា​ម៉ោង ២ រសៀល ថ្ងៃទី១៤តុលា ថ្ងៃ​ដដែល លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ដឹកនាំ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី៥ និង​ថ្នាក់ដឹកនាំ​ដទៃទៀត ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​ទី​តម្កល់ ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ នៅ​សួនច្បារ​ខាងកើត វិមានឯករាជ្យ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ