អានតួអត្ថបទ
សិង្ហបុរី

សិង្ហបុរី​តក់ស្លុត​នឹង​អំពើ​ហិង្សាក៏​កម្រ​​​​ប្រឈម​នឹង​ប៉ូលិស​

ប៉ូលិស​​និង​កម្មករ​បរទេស​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​នៅ​ក្រុង​សិង្ហបុរី យប់​ថ្ងៃទី ៨ ធ្នូ ២០១៣
ប៉ូលិស​​និង​កម្មករ​បរទេស​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​នៅ​ក្រុង​សិង្ហបុរី យប់​ថ្ងៃទី ៨ ធ្នូ ២០១៣ © Reuters

អំពើហិង្សា​​ដ៏​កម្រ​​មួយ​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​មក​ថ្ងៃចន្ទ​នេះ រវាង​ក្រុម​កម្មករ​បរទេស​​រាប់​រយ​នាក់​ ជា​មួយ​ប៉ូលិស បាន​និង​កំពុង​ធ្វើ​ឱ្យ​​​សិង្ហបុរី រដ្ឋ​ដ៏​តូច​មួយ ដែល​មាន​ប្រជាជន​រស់​នៅ​ចម្រុះ​ជាតិ​សាសន៍ និង​​ដែល​ល្បី​ខាង​គោរព​និង​ខ្លប​ខ្លាច​ប៉ូលិស​ ស្លុត​ចិត្ត​យ៉ាង​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ហើយដែល​សិង្ហបុរី បាន​ស្គាល់​​អំពើ​ហិង្សាយ៉ាង​ដូច្នេះ​។ មាន​របួស​១៨​នាក់ ក្នុង​នោះ​១០​នាក់​ជា​ប៉ូលិស និង​ខូច​ខាត​សម្ភារៈ​ ដូច​ជា​ឡាន​ប៉ូលិស ឡាន​ពេទ្យ​ជា​ច្រើន​គ្រឿង ​ត្រូវ​ដុត​បំផ្លាញ ... ​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​យប់​មិញ​នេះ ហាក់​​បាន​ដាស់​គ្រប់​គ្នា​​​នឹង​ឃើញអំពី​ប៉ះទង្គិច​យ៉ាង​ហិង្សា​កាលពី​ឆ្នាំ​១៩៦៩​ ដែលកាលណោះ​អាជ្ញាធរ​បាន​បង្ក្រាប​រាប​ដល់​ដី។

 
ដើម​ហេតុ​នៃ​ការ​ប៉ះទង្គិច​ហិង្សា​ជាមួយ​ប៉ូលិស​នេះ បណ្តាល​មក​ពី​កម្មករ​បរទេស​ជាតិ​ឥណ្ឌា​ម្នាក់​ត្រូវ​បាន​​រថយន្ត​ក្រុង​កិន​ស្លាប់ ក្នុង​សង្កាត់ ​Little India – (សង្កាត់​ឥណ្ឌា​តូច) ដែល​ប្រមូល​ផ្តុំ​ដោយកម្មករ​សំណង់​​ជនជាតិ​ឥណ្ឌា​រាប់​សិប​ពាន់​នាក់ ​កំពុង​ជួប​ជុំ​គ្នា​រីករាយ​​ថ្ងៃ​អាទិត្យ​ ថ្ងៃ​ឈប់​សម្រាក​ ជួន​ដោយ​ស៊ីផឹក​សុរាច្រើន​ជ្រុល​ផង។ មាន​គ្នា​ប្រមាណ​៤០០​នាក់ កម្មករ​ឥណ្ឌា​ទាំង​នោះ​បាន​ស្ទុះ​ទាំង​កំហឹង​ទៅ​ក្រសោប​ឡាន​ក្រុង​ ដុត​បំផ្លាញ​ឡាន​ប៉ូលិស​ និង​ឡាន​ពេទ្យ​ផង​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​អាជ្ញាធរ ដែល​បាន​ឃាត់​ខ្លួន​កម្មករ​ឥណ្ឌា​២៧​នាក់ផង។

សិង្ហបុរី​ ក្រោយ​​បដិវត្ត​ឆ្នាំ​១៩៦៩ ជា​ប្រទេស​ដ៏​សុខ​សាន្ត​មាន​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ ប្រជាពល​រដ្ឋ​​ពហុជាតិសាសសន៍​ មាន​សណ្តាប់​ធ្នាប់​ល្អ គោរព​ច្បាប់ គោរព​ប៉ូលិសនិង​អាជ្ញាធរ​។ ប៉ុន្តែអំពើ​ហិង្សា​យប់​មិញ នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​អំពី​អ្វី​ដែល​នៅ​ពី​ក្រោយ​ភាព​មាន​បាន​ និង​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច ដែល​រំពឹង​​លើ​កម្លាំង​ពលករ​បរទេស នូវ​​ការ​រើស​អើង​ ម៉ាក់ងាយ​កម្មករ​​ក្រីក្រ​ទាំង​នោះ។

វត្តមាន​កម្មករ​បរទេស​ដែល​ជាកម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ឱ្យ​ថ្កុំ​ថ្កើន​ឡើង ត្រូវ​បាន​​បណ្តា​ជន​មាន​ឬសគល់​ជា​អ្នក​សិង្ហបុរីពិតៗ​ (ពូជ​ចិន) រិះគន់​​ជា​ញឹកញយ​ គឺ​ផ្ទុយ​ស្រឡះ ពី​រូប​ភាព​ផ្លូវការ​ដែល​ល្បី​ថា​សិង្ហបុរី​ជា​ក្រុង​ចម្រុះ​ជាតិសាសន៍យ៉ាង​សុខដុម​នោះ​ទេ។ ថ្វី​ដ្បិត​តែ​ជា​ករណី​ទោល​មែន ប៉ុន្តែ​អ្នក​វិភាគ​បាន​ព្រមាន​ពី​​​ហានិភ័យ​នៃ​អំពើ​ហិង្សា ដែល​អាច​នាំ​សិង្ហបុរី​ឱ្យ​ត្រឡប់​ទៅ​ជួយ​ភាព​ខ្មៅ​ងងឹត​ ដូច​ក្នុង​ទសវត្ស​ឆ្នាំ​៦០​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ