អានតួអត្ថបទ
អាមេរិក

Edward Snowden បាន​ប្រាប់​ឲ្យ​ដឹង​ពី​បំណង​ចង់​ត្រឡប់​ទៅ​អាមេរិក​វិញ

លោក Edward Snowden
លោក Edward Snowden REUTERS/NBC News/Handout via Reuters

លោក Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ដែល​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​អំពី​សកម្មភាព​របស់ NSA និង​ដែល​សព្វថ្ងៃ​កំពុង​ភៀសខ្លួន​រស់​ក្នុង​ប្រទេស​រុស្ស៊ី​នោះ បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​ឲ្យ​ទូរទស្សន៍​អាមេរិក NBC កាល​ពី​ថ្ងៃ​ពុធ ទី២៨ ឧសភា។ នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក Snowden បាន​បញ្ជាក់​ជា​ថ្មី​ថា លោក​មិន​មាន​ការ​សោកស្តាយ​ចំពោះ​រឿងរ៉ាវ​ដែល​លោក​បាន​ធ្វើ​នា​ពេល​កន្លង​មក​ទេ និង​ថា លោក​មាន​បំណង​ចង់​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ។

ផ្សាយពាណិជ្ជកម្ម

នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​លោក Edward Snowden បាន​ចេញ​មុខ​ការពារ​នូវ​ទង្វើ​ដែល​លោក​បាន​ធ្វើ និង​ដែល​លោក​នៅ​តែ​ចាត់​ទុក​ថា ត្រឹមត្រូវ យុត្តិធម៌។ បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​រស់​ក្នុង​ប្រទេស​រុស្ស៊ី លោក Snowden បាន​ទទួល​សិទ្ធិ​ជ្រកកោន​ក្នុង​នាម​ជា​ជនភៀសខ្លួន​រយៈពេល ១ឆ្នំា និង​ដែល​លោក​ត្រូវ​សុំ​បន្ត​បន្ថែម​នៅ​ខែ​សីហា​ខាង​មុខ។ តែ​លោក​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​ជា​មួយ​ទូរទស្សន៍​អាមេរិក NBC ថា ប្រសិន​បើ​លោក​មាន​កន្លែង​ណា​ផ្សេង​ដែល​ត្រូវ​ទៅ​នោះ គឺ​គ្មាន​កន្លែង​ណា​ក្រៅ​ពី​ផ្ទះ​របស់​លោក​នៅ​សហរដ្ឋអាមេរិក​ទេ និង​ថា លោក​គ្មាន​បំណង​ណា​មួយ​ដើម្បី​បញ្ចប់​ជីវិត​ខ្លួន​នៅ​ក្នុង​ទឹកដី​រុស្ស៊ី​ឡើយ។

នៅ​ក្នុង​បទសម្ភាសន៍​នោះ​ដដែល លោក Snowden បាន​ការពារ​ខ្លួន​ជា​ចារបុរស​រុស្ស៊ី និង​ជា​បុរសម្នាក់​ដែល​បាន​ធ្វើ​កិច្ចការ​ដើម្បី​ប្រយោជន៍​ល្អ​ទំាង​អស់​គ្នា។ ទន្ទឹម​គ្នា​នេះ លោក Snowden ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា លោក​គ្មាន​ការ​សោកស្តាយ​បន្តិច​ណា​សោះ​ចំពោះ​ទង្វើ​ដែល​លោក​បាន​ធ្វើ​កន្លង​មក ព្រោះ​វា​កាតព្វកិច្ច​មួយ​ដែល​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ តែ​នេះ​មិន​មែន​ជា​ការ​យល់ឃើញ​របស់​រដ្ឋបាល​អាមេរិកំាង​ឯណា។ អ៊ីចឹង​ហើយ​បាន​ជា​តុលាការ​អាមេរិក​បាន​កាត់ទោស​លោក​ពី​បទ​បាន​លួច​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​រដ្ឋ​ដែល​ត្រូវ​ជាប់​គុក​ជា​ច្រើន​ឆ្នំា។

ការ​ផ្តល់​បទសម្ភាសន៍​ជា​ថ្មី​របស់​លោក Snowden ពេល​នេះ​បាន​ធ្វើ​ឲ្យ​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃ៊ែរី​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដៅយ​អះអាង​ថា បើ​លោក Snowden ជា​ពលរដ្ឋអាមេរិកំាង​ម្នាក់​ក្លាហាន លោក Snowden ត្រូវ​តែ​ត្រឡប់​ចូល​អាមេរិក​វិញ​ដើម្បី​ប្រឈម​មុខ​នឹង​តុលាការ​ចំពោះ​ទង្វើ​របស់​ខ្លួន។ សូម​រម្លឹក​ជូន​ថា គឺ​ការ​បញ្ចេញ​ឯកសារ​សម្ងាត់​ស្តីពី​សកម្មភាព​របស់ NSA របស់​អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​រូប​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​អាមេរិកំាង​អាម៉ាស់​មុខ​យ៉ាង​ខ្លំាង​នៅ​ចំពោះ​មុខ​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក។ គឺ​ជា​ឯកសារ​ដែល​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក ហៅកាត់​ថា NSA បាន​លួច​ស្តាប់ និង​ថត​ទុក​នូវ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​របស់​ថ្នាក់ដឹកនំាកំពូលៗ​ក្នុង​លោក ដោយ​រាប់​បញ្ចូល​ទំាង​ប្រទេសជា​មិត្ត​របស់​អាមេរិក​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ