អានតួអត្ថបទ
ធនធាន​ធម្មជាតិ

អង្គការ​សហប្រជាជាតិ ​បើក​សន្និសីទ​សកល ​ដើម្បី​សង្រ្គោះ​សមុទ្រ

ឆ្នេរសមុទ្រមួយ នៅប្រទេសប៉ាគីស្ថាន
ឆ្នេរសមុទ្រមួយ នៅប្រទេសប៉ាគីស្ថាន Reuters

អង្គការ​សហប្រជាជាតិ ​ទើប​ចាប់​ផ្តើម​បើក​សន្និសីទ​ស្តីពី​សមុទ្រ ​ដែល​មាន​រយៈពេល​សប្តាហ៍​នៅ​ទីក្រុង​ញូយ៉ក។ សន្និសីទ​នេះ​ នឹង​បើក​ឱកាស ​ឲ្យមាន​ការ​ជជែក​ដេញដោល​​ ដោះដូរ​យោបល់ ​ពី​សំណាក់​អ្នក​ជំនាញ ​អ្នក​វិទ្យាសាស្ត្រ ​ដើម្បី​រិះរក​មធ្យោបាយ​ស្រោចស្រង់​សមុទ្រ ​និង​ធនធាន​ក្នុង​ទឹក​សមុទ្រ ​ដែល​កាន់តែ​រង​ការ​ខូចខាត ​និង​បាត់បង់។ សមុទ្រ​គឺ​ជា​ប្រភព​ ​នៃ​ជីវចំរុះ​ ដ៏​សំខាន់​សម្រាប់​ជីវិត​មនុស្ស​លោក​យើង។ ការ​បាត់បង់​ធនធាន​ក្នុង​សមុទ្រ ​ការ​កើនឡើង​នូវ​ចំនួន​កាក​សំណល់​ប្លាស្ទីក​ចោល​ទៅ​ក្នុង​សមុទ្រ ​ការ​កើនឡើង​កំពស់​ទឹក​សមុទ្រ ​ទាំង​អស់​នេះ​ កំពុង​តែ​យាយី​អាយុ​ជីវិត​មនុស្ស​ជាតិ។

ផ្សាយពាណិជ្ជកម្ម

នេះគឺ​ជា​សន្និសីទ​ដ៏​ពិសេស ​ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ ​ផ្តោត​សំខាន់​អំពី​កិច្ច​ព្រមព្រាង​រួមគ្នា ​ជា​សកល​ ដើម្បី​ការពារ​ធនធាន​សមុទ្រ ​ការពារ​បរិស្ថាន ​និង​កាត់​បន្ថយ​ការ​កើនឡើង​នូវ​កំដៅ​ផែនដី។ ពិសេស ​ត្រង់​ថា​ វា​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូយ៉ក ​ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពេល​ដែល​លោក​ដូណាល់ ត្រាំ​ បាន​ប្រកាស​ដក​ខ្លួន​សហរដ្ឋ​អាមេរិក​ ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ។

 
លោក​ Peter Thomson ​ប្រធាន​អង្គ​សន្និបាទ​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែង​ថា ​ពេល​ដែល​យើង​ឃើញ​ចំនួន​ធនធាន​ក្នុង​ទឹក​សមុទ្រ​ថយ​ចុះ​យ៉ាង​គំហុក​ ពេល​ដែល​យើង​ឃើញ​កំរិត​ជាតិ​អាស៊ីត​របស់​ទឹក​សមុទ្រ​កើនឡើង​កាន់​តែខ្លាំង ​ពេល​ដែល​យើង​ឃើញ​កាក​សំណល់​ប្លាស្ទិក ​អណ្តែត​ក្នុង​សមុទ្រ​កាន់​តែ​ច្រើន​ទៅៗ ​គឺ​យើង​ពិត​ជា​មិនអាច​ឱបដៃ​ឈរមើល​បាន​ទេ ​យើង​ត្រូវតែ​រួមគ្នា ​រក​ដំណោះស្រាយ ​ជា​បន្ទាន់។

យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ​ត្រី​សមុទ្រ ​គឺជា​ប្រភព​នៃ​ប្រូតេអ៊ីន​ចំនួន​១៧% ​សម្រាប់​មនុស្ស​ទូទាំង​សកល​លោក។ កម្រិត​ប្រូតេអ៊ីន​ បាន​មក​ពីត្រី​នេះ ​អាច​កើន​ឡើង​ដល់​ទៅ​៥០% ​សម្រាប់​ប្រទេស​ក្រីក្រ។ ការ​នេសាទ ​ការ​ធ្វើ​កសិកម្ម ​វិស័យ​ទេសចរណ៍​ វិស័យ​ពាណិជ្ជកម្ម ​ដែល​រំពឹង​នឹង​ទឹក​សមុទ្រ​ គឺជា​ប្រភព​នៃ​ប្រាក់​ចំណូល​របស់​មនុស្ស​រាប់ពាន់​លាន​នាក់។

ក្នុងមួយឆ្នាំៗ​ ប្រព័ន្ធ​ជីវ​ចំរុះ​សមុទ្រ ​បាន​ចូលរួម​បង្កើត​ប្រាក់​កំរៃ​ចំនួន​ពី​៣០០០ ​ទៅ​៦០០០​ពាន់​លាន​ដុល្លារ ​ដែល​ស្មើរនឹង​ប្រមាណ​ជា​២៦០​លាន​ការងារ ​ទូទាំង​សកល​លោក។ កំរិត​នេះ ​កាន់តែ​មាន​សារៈសំខាន់​ទៅ​ទៀត ​នៅ​តាម​ប្រទេស​ក្រីក្រ ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ដែល​មាន​ប្រជាជន​រស់នៅ​ រំពឹង​ទាំងស្រុង ​នឹង​របរ​នេសាទ ​ដើម្បី​បរិភោគ​ ឬ​លក់​យក​ប្រាក់​កំរៃ។

ភពផែនដី​យើង​ ដែល​គ្រប​ដណ្តប់​ដោយផ្ទៃ​ទឹក​សមុទ្រ​ប្រមាណ​៧២% ​ត្រូវការ​ជា​ចាំបាច់ ​នូវ​ចរន្ត​ទឹក​សមុទ្រ ​ដែល​មាន​តួនាទី​ផលិត​អុកស៊ីសែន ​នឹង​ស្រូប​យក​ឧស្ម័ន​កាបូនិក។ ការ​កើនឡើង​កំដៅផែន​ដី​ ក៏​បាន​ចូលរួម​ ធ្វើ​ឲ្យ​រលាយ​មហាសមុទ្រ​ទឹកកក ​ធ្វើឲ្យ​ទឹក​សមុទ្រ​ឡើង​កំដៅ ​ និង​ឡើង​កំពស់។ បញ្ហា​ទាំង​នេះ ​គឺ​ជា​ប្រភព​នៃ​បាតុភូត​ធម្មជាតិ ​កាន់​តែ​ញឹក​ញាប់ ​និង​កាន់តែ​ធ្ងន់ធ្ងរ។ ប្រទេស​កូនកោះ ​និង​ប្រជាជន​រស់នៅ​តាម​ឆ្នេរ​ គឺ​ជា​ជន​រងគ្រោះ​ដំបូង​បំផុត។

ជាមួយ​នឹង​ការ​នេសាទ​ហួសហេតុ ​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាព​នៃ​ជីវចំរុះ​បាត​សមុទ្រ ​សកម្មភាព​មនុស្ស​គឺ​ជា​ប្រភព​ចំបង​ ដែល​បំផ្លាញ​ធនធាន​សមុទ្រ។ ក្រៅពី​នេះ ​នៅមាន​ការ​ចោល​កាក​សំណត់​ប្លាស្ទីក ​ដែល​បាន​ចូលរួម​បំពុល​ទឹក​សមុទ្រ ​និង​សម្លាប់​សត្វ​សមុទ្រ​ប្រមាណ​ជា​ ៨លាន​តោន ​ក្នុង​មួយ​ឆ្នាំៗ។ អង្គការ​សហប្រជាជាតិ ​បាន​សន្និដ្ឋាន​ថា ​បើ​គ្មាន​វិធាន​ការ​ទេ​នោះ ​នៅ​រវាង​ឆ្នាំ​២០៥០ ​សំណល់​សំរាម​ប្លាស្ទីក​ក្នុង​សមុទ្រ ​នឹង​មាន​ចំនួន​ច្រើន​ លើស​ត្រី​សមុទ្រ​ទៅ​ទៀត៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ