អានតួអត្ថបទ
កុមារ

UNICEF៖​គម្លាត​និង​ស្ថានភាព​កាន់តែ​លំបាក នៃ​កុមារ​ក្រីក្រ​ក្នុង​ប្រទេស​អ្នក​មាន

អង្គការ​ Unicef​ ទើប​បាន​ចេញ​របាយការណ៍​ថ្មីមួយ ​ស្តីពី​ស្ថានភាព​កុមារ​នៅ​តាម​បណ្តារ​ប្រទេស​អ្នក​មាន។ របាយការណ៍​នេះ ​បាន​បង្ហាញ​ពី​ការ​ដើរ​ថយក្រោយ ​នៃការ​យកចិត្ត​ទុកដាក់​ទៅ​លើ​កុមារ​ នៅ​តាម​ប្រទេស​អ្នក​មាន​មួយ​ចំនួន​ធំ​ ​ជា​ពិសេស​កុមារ​ក្រីក្រ ​ដែល​ស្ថិត​ក្នុង​ការ​លំបាក ​ទាំង​កត្តា​សុខភាព ​ការ​អប់រំ​ ព្រម​ទាំង​បញ្ញា​ស្មារតី​របស់​កុមារ។ គម្លាត​ជីវភាព​ រវាង​កុមារ​ ក៏​កាន់​តែ​រីក​ធំ​នៅ​តាម​បណ្តារ​ប្រទេស​ទាំង​នោះ។

ផ្សាយពាណិជ្ជកម្ម

អង្គការ Unicef​​ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Bilan Innocenti 13 ​ពោល​គឺ​ជា​របាយការណ៍​ទី​១៣​ ដែល​បាន​ចាប់​ផ្តើម​ចេញ​ផ្សាយ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។ របាយការណ៍​នេះ ​គឺ​​ធ្វើការ​សិក្សា​សន្និដ្ឋាន​ទៅ​លើ​ស្ថានភាព ​ជីវភាព ​សុខមាលភាព​របស់​កុមារ​ នៅ​តាម​ប្រទេស​អ្នក​មាន​ប្រមាណ​ជា​៤១​ប្រទេស​​ ទូទាំង​ពិភពលោក។ យោង​តាម​របាយការណ៍​ថ្មី​នេះ ​ស្ថានភាព​កុមារ​នៅ​តាម​ប្រទេស​អ្នក​មាន​ទាំង​នោះ ​កំពុងចុះ​ថយ​ជា​ខ្លាំង​ ទាំង​វិស័យ​សុខភាព​ និង​ការ​អប់រំ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ គម្លាត​រវាង​កុមារ​ក្រីក្រ ​និង​កុមារ​ដែល​ស្ថិត​ក្នុង​គ្រួសារ​ធូរធា ​មាន​កាន់​តែ​ខ្លាំង។

 
លក្ខណៈ​ពិសេស​នៃ​របាយការណ៍​នេះ ​ដែល​ខុស​ពី​របាយការណ៍​ធម្មតា ​ដែល​ធ្វើការ​សន្និដ្ឋាន​ទៅ​លើ​ស្ថានភាព​កុមារ​ក្នុង​ជីវភាព​មធ្យម​ តែ​របាយការណ៍​នេះ​ ធ្វើការ​វិភាគ​ទៅ​លើ​ស្ថានភាព​កុមារ​ ដែល​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​បំផុត ​នៅតាម​ប្រទេស​អ្នក​មាន។ បន្ថែម​ពីនេះ​ទៀត​ របាយការណ៍​បាន​ផ្តល់​ឱកាស​ឲ្យ​កុមារ​ បាន​បញ្ចេញ​ទស្សនៈ​យល់ឃើញ ​ ពី​ការ​លំបាក​ទាំង​ផ្នែក​សុខភាព ​ទាំង​កត្តា​ជីវភាព​ប្រចាំថ្ងៃ​ រឺ​ការ​លំបាក​ក្នុង​ការ​រៀនសូត្រ ​ដោយ​ខ្លួន​គេ​ផ្ទាល់។ ជា​ចុងក្រោយ ​របាយការណ៍​នេះ ​មិន​ធ្វើ​ការ​ប្រៀបធៀប​រវាង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទេ ​តែ​ធ្វើ​ការ​ប្រៀបធៀប​ស្ថានភាព​កុមារ ​ក្នុង​ប្រទេស​នីមួយៗ ​ដើម្បី​ចង់ដឹង​ពី​ការ​វិវឌ្ឍន៍។

ជាក់ស្តែង​ប្រទេស​ចំនួន​២៥ ​ដែល​មាន​គម្លាត​កាន់តែ​ខ្លាំង​នៃ​ជីវភាព​កុមារ ​ដូចជា​នៅ​ប្រទេស​អៀរឡង់ ​ម៉ាល់ត៍ ​ប៉ូឡូញ ​និង​ស្លូវ៉េនី​ ជាដើម។ បារាំង ​ដែល​ជា​ប្រទេស​អ្នកមាន ​ និង​មាន​ប្រព័ន្ធ​ជំនួយ​សង្គម​ល្អ​ប្រសើរ ​តែ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​មក​នៅ​លំដាប់​លេខ​២៨។ មាន​កត្តា​ជាច្រើន ​ដែល​ជំរុញ​ឲ្យ​ស្ថានភាព​កុមារ​ដែល​មាន​ជីវភាព​ក្រីក្រ​នៅបារាំង ​ ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ​តួយ៉ាង​ដូចជា​ភាព​មិន​ស្មើភាព​គ្នា​ក្នុង​វិស័យ​អប់រំ​ និង​ការ​ថែរទាំ​សុខភាព។ កុមារ​ដែល​មក​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ​ រៀន​មិន​សូវ​ពូកែ ​រឺ​មាន​សមត្ថភាព​ទាប​ជាង​កុមារ​ដែល​មក​ពី​គ្រួសារ​ធូរធា។

នៅតាម​ប្រទេស​មួយ​ចំនួន​ទៀត ​ដូច​ជា​នៅ​ប៊ុលហ្គារី ​ឈីលី ​មិកស៊ីច ​និង​រូម៉ានី ​កុមារ​ដែល​មាន​អាយុ​១៥​ឆ្នាំ ​ជួប​ការ​លំបាក​ច្រើន ​និង​មាន​ការ​ធ្លាក់ចុះ​នូវ​សមត្ថភាព​ក្នុង​ការអាន​ លំហាត់​គណិតវិទ្យា ​និង​វិទ្យាសាស្ត្រ​ជាដើម។ ការ​ដើរថយ​ក្រោយ​នៃ​សមត្ថភាព​កុមារ​នេះ ​គឺ​ជា​ការ​ព្រួយ​បារម្ភ​ធំ​របស់​អង្គការ​Unicef។ ក្រៅពី​នេះ​ទៀត​ មាន​ប្រទេស​៣៤ ​ដែល​ចោទ​បញ្ហា​ទាក់ទិន​ទៅ​នឹង​ភាព​មិន​ស្មើភាព​គ្នា ​រវាង​កុមារ​ភេទ​ប្រុស​ និង​ភេទ​ស្រី។ យោង​តាម​របាយការណ៍ ​ចំនួន​កុមារ​ភេទស្រី ​ដែល​ត្រូវ​គេ​មិន​យកចិត្ត​ទុកដាក់​ក្នុង​វិស័យ​សុខភាព ​មាន​ចំនួន​កាន់តែ​កើន​ឡើង។

របាយការណ៍​នេះ ​បាន​សង្កត់​ធ្ងន់​ផង​ដែរ​លើ​កត្តា​លំបាក​ទាំង​អស់​នេះ ​ នៃ​កុមារ​ក្រីក្រ ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​អាកប្បកិរិយា​ បុគ្គលិក​លក្ខណៈ ​និង​ផ្នត់​គំនិត​ការ​យល់ឃើញ​របស់​ពួក​គេ។ លក្ខខណ្ឌ​សង្គម​ សេដ្ឋកិច្ច​និង​គ្រួសារ​ ដែល​កាន់​តែ​លំបាក ​អាច​ជំរុញ​ឲ្យ​កុមារ​ទាំង​នោះ ​ងាយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ