អានតួអត្ថបទ
​ស៊ូដង់

អតីត​ប្រធានាធិបតី​ស៊ូដង់ ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ​ ២ឆ្នាំ ពីបទ​ពុករលួយ​

លោក Omar el-Béchir អតីតប្រមុខរដ្ឋស៊ូដង់ បានត្រូវតុលាការសម្រេចកាត់ទោសឱ្យជាប់មន្ទីរឃុំឃាំង ចំនួន២ឆ្នាំ ពីបទល្មើសពុករលួយ។
លោក Omar el-Béchir អតីតប្រមុខរដ្ឋស៊ូដង់ បានត្រូវតុលាការសម្រេចកាត់ទោសឱ្យជាប់មន្ទីរឃុំឃាំង ចំនួន២ឆ្នាំ ពីបទល្មើសពុករលួយ។ REUTERS/Mohamed Nureldin Abdallah

ថ្ងៃ​សៅរ៍​ ទី១៤ធ្នូ លោក​ Omar el-Béchir អតីត​ប្រមុខរដ្ឋ​ស៊ូដង់​ បាន​ត្រូវ​តុលាការ​សម្រេច​កាត់ទោស​ឱ្យ​​ជាប់មន្ទីរ​​ឃុំឃាំង​ ចំនួន​២ឆ្នាំ ពីបទល្មើស​ពុក​រលួយ​។ លោកធ្លាក់ចុះ​ពីតំ​ណែង ដោយ​សារ​តែ​កម្លាំងយោធា​ តាម​សម្រែកទាមទារ​​របស់​​បាតុកម្ម​មហាជន កាលពី​ខែ​មេសា​ កន្លងទៅ​។ ការ​សម្រេច​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ស្រុក គឺនៅ​មិន​ទាន់​ចប់នោះ​ទេ ក្រុម​អ្នក​មួយ​ចំនួន​ ចង់​ជំរុញ​បញ្ជូន​ខ្លួនលោកអ​តីត​ប្រធានាធិបតី​ស៊ូដង់ ទៅទទួល​ទោស​បន្ថែមទៀតនៅ​ក្នុង​រង្វង់​ក្រចកសេះ​ របស់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ក្រុង​ឡាអេ។ 

ផ្សាយពាណិជ្ជកម្ម

ពាក់​វ៉ែ​ន​តាមីញ៉ូម​ ក្នុង​​សម្លៀកបំពាក់​ប្រពៃណី​ស៊ូដង់ ​រ៉ូបពណ៌​ស លោក Omar el-Béchirឋិត​នៅ​ពីក្រោយ​ចម្រឹង​ដែក​ពណ៌​ខ្មៅ​។ មាន​វ័យ៧៥ឆ្នាំ អតី​ត​បុរសខ្លាំង​ស៊ូដង់ មាន​សម្បូរ​ខ្មៅ និង​ជូត​​ក្បាល​ដោយ​កន្សែង​ស​។​ លោក​អតីតប្រធានាធិបតីស៊ូដង់ ត្រូវ​តុលាការ​រដ្ឋធានី​ខារទុំ ដាក់ទោស​ពី​បទឧក្រិដ្ឋ​ពុករលួយ និងបទ​​កាន់កាប់រូបិយបណ្ណបរទេស គឺ​ជា​លុយ​ដែល​លោក​ទទួល​បាន​ពី​សំណូក​របស់​មន្ត្រី​ថ្នាក់​ដឹកនាំ​ផ្សេងៗ រួម​ទាំង​លុយ​ដែល​បាន​ពី​ស្តេច​អារ៉ាប៊ីសាអូឌីតផង។ ទ្រព្យ​ទាំងនេះ ត្រូវ​តុលាការ​សម្រេច​រឹបអូស​។ នៅពីខាង​ក្រៅ​របង​តុលាការ​ពិសេស, មនុស្សម្នា​ដែល​នៅ​មាន​សមានចិត្ត​ស្តាយ​ស្រណោះអតីត​​ថ្នាក់​ដឹកនាំរបស់​ខ្លួន បា​នស្រែក​ថា «គ្មាន​នរណា​ល្អជាង​ព្រះ​ទៀត​ទេ!» អ្ន​កមួយ​ចំនួន​ថា«ត្រូវ​តែ​ប្តឹង​តទៅ​ឧទ្ធរណ៍ ប្តឹងទៅ​តុលាការ​កំពូលថែមទៀត»។ អ្នក​ខ្លះទៀត​​ក៏​សម្តែង​មតិ​ថា«​គ្មាន​ជំនឿ​លើ​ការ​កាត់​ក្តី​របស់​ប្រព័ន្ធ​តុលាការ​ស៊ូដង់ឡើយ»។

អតីត​ប្រមុខ​រដ្ឋ​រូបនេះ ឡើង​កាន់​អំណាច​ដោយ​សារ​តែ​ការ​ធ្វើ​រដ្ឋប្រហារ ឆ្នាំ​១៩៨៩ ប៉ុន្តែ​ លោក​កាន់​អំណាច​បាន​៣០ឆ្នាំ ត្រឹមឆ្នាំ​២០១៩ ក៏ត្រូវ​កម្លាំង​មហាជន​និងយោធា ដេញឱ្យ​ធ្លាក់​ពី​តំណែង​ទៅវិញ​។ គួរ​ជ្រាប​ថា កាលពីឆ្នាំ​២០០៩និង២០១០ បុរសខ្លាំង​ Omar el-Béchir បានត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​ចេញ​ដីកា​ចាប់​ខ្លួន ចំនួន​ពីរ ទាក់ទង​នឹងបទឧក្រិដ្ឋ​​សម្លាប់​មនុស្ស​ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ​រវាង​ក្រុម​ឧទ្ទាម​និង​អ្នក​គាំទ្រ​រដ្ឋ​អំណាច ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ ជាង​៣០ម៉ឺ​ននាក់ និង​ជាង​២លាន​៥សែន​នាក់ ត្រូវ​រត់​​ភៀសខ្លួនចោលផ្ទះ​សម្បែង​។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ពេលនោះ​ បាន​ចោទប្រកាន់រូប​លោក ពីបទឧក្រិដ្ឋកម្ម​សង្គ្រាម, បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ប្រល័យ​ពូជសាសន៍ នៅ​តំបន់​ Darfour ខែត្រ​ភាគ​ខាងលិច​ស៊ូដង់​។ រហូតមកទល់​​នឹងពេល​នេះ ​ រដ្ឋាភិបាលអន្តរកាល​របស់​​ស៊ូដង់ នៅ​មិនទាន់​ហារស្តីថាយ៉ាងទេ ​ពី​ការ​​បញ្ចូន​ខ្លួន​​ អតីតប្រធានាធិបតី​លោក Omar el-Béchir ទៅ​ជម្រះ​ក្តី នៅក្រុង​ឡាអេ​។ ក៏ប៉ុន្តែ បើ​សួរ​«កង​កម្លាំង​ចលនា​ដើម្បី​សេរីភាព​និង​ការ​ផ្លាស់ប្តូរ» ដែល​ជា​កម្លាំង​បាតុករ​ទាមទារទម្លាក់​ប្រធានធិបតី គឺ​ក្រុមពួក​គេ​អះអាង​​ថា «គ្មាន​អ្វីត្រូវ​បដិសេធ​ក្នុង​ការ​បញ្ចូន​ខ្លួន​នោះឡើយ»។

គួរ​បញ្ជាក់ថា ក្រោយពី​​ចៅក្រម​តុលាការ​ពិសេស បាន​សម្រេច​ប្រកាស​សាល​ក្រមដាក់ទោស​ពន្ធនាគារ​២ឆ្នាំ​​រួចមក​​ អតីតប្រមុខរដ្ឋ​លោក Omar el-Béchir ក៏​ត្រូវ​ប៉ូលីស​នាំខ្លួន​ទៅកាន់​«មជ្ឈមណ្ឌល​កែប្រែសម្រាប់​មនុស្ស​ចាស់​» តែព័ត៌មាន​ខ្លះ ថា​«ដាក់​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ» ពីព្រោះថា តាម​ច្បាប់​របស់​ស៊ូដង់ ជនល្មើស​ដែល​មាន​អាយុ​លើស​ពី​៧០ឆ្នាំឡើងទៅ គឺមិន​ត្រូវ​ដាក់​នៅ​ក្នុង​គុក​ធម្មតា​នោះទេ។​ ចំពោះ​អ្នក​ខ្លះ គេយល់ថា ទោស​២ឆ្នាំ នៅស្រាល​ណាស់ បើ​ពិនិត្យ​មើល​កំហុស​​របស់​លោក ចំនួន​៣ទសវត្សរ៍​មកនេះ។ ទោះយ៉ាងណាក្តី លោក Omar el-Béchir ក៏​នឹងត្រូវ​ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​ផ្សេងៗបន្ថែមទៀត ជាអាទិ៍ សំណុំ​រឿង​ហិង្សា​បង្ក្រាបទៅលើ​ហ្វូង​​បាតុករ​ជាដើម ដែល​តុលាការ​កំពុងតែ​ស៊ើប​អង្កេត ជា​​បន្ត​ទៀត​នៅឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ