អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅ​ពេល​អ៊ីស្រាអែល​កំពុង​បង្កើន​ការ​វាយប្រហារ​លើ​ពួក​​ហាម៉ាស់ ​​សហគមន៍​អន្តរជាតិ​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់

សំឡេង ០៨:៣៨
បុរស​ប៉ាឡេស្ទីន​ម្នាក់ នៅ​ចំពោះ​មុខ​ភ្លើងឆាបឆះ​ក្រោម​គ្រាប់បែក​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កាហ្សា
បុរស​ប៉ាឡេស្ទីន​ម្នាក់ នៅ​ចំពោះ​មុខ​ភ្លើងឆាបឆះ​ក្រោម​គ្រាប់បែក​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កាហ្សា REUTERS/Ashraf Amrah

ថ្ងៃ​អាទិត្យ ទី១៣ កក្កដា​នេះ ឈាន​ចូល​ដល់​​ថ្ងៃទី៦​ហើយ​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្កាហ្សា។ តំបន់​ហ្កាហ្សា​ជា​ដែនដី​ប៉ាឡេស្តីន​ដែល​កំពុង​កាន់កាប់​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់។ គឺ​ចលនា​នេះ​ហើយ​ដែល​កំពុង​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ូកែត​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល និង​ដែល​បាន​ជម្រុញ​ឲ្យ​ទាហាន​អ៊ីស្រាអែល​ធ្វើ​ការ​វាយបក​វិញ​យ៉ាង​ចាស់​ដៃ​នា​ពេល​នេះ។ ភាគី​ដែល​កំពុង​ទទួល​រង​ការ​ខាត​បង់​ច្រើន​ជាង​គេ​គឺ​ប៉ាឡេស្ទីន ដោយ​មាន​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង ១៦០នាក់ និង​រងរបួស​ជាង ៥០០នាក់​ផ្សេង​ទៀត​តំាង​ពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​មក។ អ៊ីស្រាអែល និង​ចលនា​​ប៉ាឡេស្ទីន​ហាម៉ាស់​បន្ត​រក្សា​ជំហរ​រៀងៗ​ខ្លួន។ ចំណែក​សហគមន៍​អន្តរជាតិ​ក៏​ហាក់​ដូច​ជា​អសមត្ថភាព​នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍​ច្រំដែល​មួយ​នេះ។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ថ្ងៃ​នេះ គឺ​ការ​ដែល​មាន​កង​កម្មង់ដូ​អ៊ីស្រាអែល​ម្នាក់​បាន​ឆ្លង​ចូល​ក្នុង​តំបន់​ហ្កាហ្សា ទឹកដី​ប៉ាឡេស្ទីន​ជា​លើកទី១ នៅ​ព្រលឹម​ស្រាងៗ​ព្រឹកមិញ។ ប្រភព​ព័ត៌មាន​ពី​កងទ័ព​អ៊ីស្រាអែល​ឲ្យ​ដឹង​ថា កងកម្មង់ដូ​របស់​ខ្លួន​បាន​ចូល​ក្នុង​តំបន់​ហ្កាហ្សា​ដើម្បី​បំផ្លាញ​ទីតំាង​បាញ់​គ្រាប់​រ៉ូកែត​របស់​ពួក​ហាម៉ាស់​ដែល​កំពុង​ប្រើ​ដើម្បី​បាញ់​ផ្លោង​គ្រាប់​រ៉ូកែត​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល។ វត្តមាន​របស់​កងកម្មង់ដូ​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កាហ្សា​បាន​បង្ក​ឲ្យ​មាន​ការ​បាញ់​ត​គ្នា​មួយ​ប្រាវ​រវាង​ទាហាន​អ៊ីស្រាអែល និង​ក្រុមប្រដាប់​អាវុធ​ហាម៉ាស់។ បើ​យោង​តាម​អ្នកនំាពាក្យ​របស់​កងទ័ព​អ៊ីស្រាអែល ការ​ប៉ះទង្គិច​គ្នា​នោះ​បាន​បណ្តាល​ឲ្យ​ទាហាន​អ៊ីស្រាអែល​រងរបួស​ស្រាល​ចំនួន ៤នាក់។ នៅ​ពេល​នេះ ភាគី​នីមួយៗ​សុទ្ធ​តែ​បាន​ផ្តល់​ចម្លើយ​រៀងៗ​ខ្លួន។ កងទ័ព​អ៊ីស្រាអែល​បាន​ចាត់​ទុក​ជា​ជោគជ័យ​មួយ ដោយ​ពួក​គេ​បំផ្លាញ​បាន​ទីតំាង​បាញ់​គ្រាប់រ៉ូកែត​របស់​ពួក​ហាម៉ាស់។ រីឯ​ពួក​ហាម៉ាស់​បាន​ឆ្លើយ​តប​វិញ​ថា ពួក​គេ​បាន​រារំាង​មិន​ឲ្យ​កងកម្មង់ដូ​អ៊ីស្រាអែល​ចូល​ក្នុង​ដែនដី​ខ្លួន​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ នេះ​ជា​លើក​ទី១​បង្អស់​តំាង​ពី​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​លើ​ពួក​ហាម៉ាស់​មក ដែល​មាន​ការ​បាញ់​ត ទល់​គ្នា​ដោយ​ផ្ទាល់​រវាង​ទាហាន​អ៊ីស្រាអែល និង​ពួក​ប៉ាឡេស្ទីន​ហាម៉ាស់។

កងទ័ព​អ៊ីស្រាអែល​កំពុង​ត្រៀម​បើក​ការ​វាយប្រហារ​ផ្លូវគោក !

គេ​សង្កេត​ឃើញ​ថា កងទ័ព​អ៊ីស្រាអែល​បាន និង​កំពុង​រៀបចំ​ជើង​ព្រួល​យ៉ាង​សម្បើម​អស្ចារ្យ​ក្នុង​ការ​ត្រៀម​បើក​ការ​វាយប្រហារ​ផ្លូវគោក​ចូល​ក្នុង​តំបន់​ហ្កាហ្សា ទឹកដី​ប៉ាឡេស្ទីន​ក្រោម​ទ្រង់ទ្រាយ​ធំ។ នៅ​តាម​ខ្សែ​បន្ទាត់​ដែល​ខណ្ឌ​ចែក​ដែនដី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កងទ័ព​អ៊ីស្រាអែល​បាន​ដាក់​ពង្រាយ​រថក្រោះ​ជា​ច្រើន​គ្រឿង រួម​ជាមួយ​នឹង​កំាភ្លើងធំ​ជា​ច្រើន​ដើម។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏​បាន​កោះហៅ​ទាហានបម្រុង​ប្រមាណ​ជា ៣០ ០០០នាក់​មក​ប្រើ​ដែរ។ ដោយឡែក តំាង​ពី​យប់​ថ្ងៃ​សៅរ៍ មក​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ កងទ័ព​អ៊ីស្រាអែល​បាន​អំនាវនាវ​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ដែល​រស់នៅ​ក្នុង​តំបន់​ហ្ហាហ្សា​ប៉ែកខាងជើង​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​ទៅ​កាន់​តំបន់​ប៉ែក​ខាង​ត្បូង​ដែល​មាន​សុវត្ថិភាព។

បើ​តាម​ការ​អះអាង​របស់​ថ្នាក់ដឹកនំា​អ៊ីស្រាអែល ប្រតិបត្តិ​ផ្លូវគោក​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​ពួក​ហាម៉ាស់​នៅ​តែ​បន្ត​បាញ់​ផ្លោង​គ្រាប់រ៉ូកែត​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ទៀត។ យ៉ាង​ណា​ក៏​ដោយ ប្រតិបត្តិការ​​ផ្លូវអាកាស​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹកគគ្រេង ដោយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ គ្រាប់បែក​អ៊ីស្រាអែល​បាន​សម្លាប់​ក្មេង​ប៉ាឡេស្ទីន​អាយុ ១៤ឆ្នំា​ម្នាក់ និង​ស្រ្តី​អាយុ ៤៤ឆ្នំា​ម្នាក់។ គ្រាន់​តែ​មួយ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ មាន​ស្លាប់​ប្រជាជន​ប៉ាឡេស្ទីន​រហូត​ដល់​ទៅ ៥៦នាក់​នៅ​ក្រោម​គ្រាប់បែក​អ៊ីស្រាអែល។ ជា​សរុប​ក្នុង​រយៈពេល ៦ថ្ងៃ​នេះ ប្រតិបត្តិ​ផ្លូវអាកាស​របស់​កងទ័ព​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា ទឹកដី​ប៉ាឡេស្ទីន​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន ១៦២នាក់។

គួរ​រម្លឹក​ជូន​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១២ កងទ័ព​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​បើក​ការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ម្តង​ហើយ ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជន​ប៉ាឡេស្ទីន ១៧៧នាក់ និង​ជនជាតិ​អ៊ីស្រាអែល​ចំនួន ៦នាក់​តែ​ក្នុង​រយៈពេល ១សប្តាហ៍។

អសមត្ថភាព​របស់​សហគមន៍អន្តរជាតិ​នៅ​ចំពោះ​មុខ​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន

ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពេល​នេះ ក៏​គ្មាន​អ្វី​ខុស​ប្លែក​អ្វី​ពី​ជម្លោះ​លើក​មុនៗ​ទេ ហើយ​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ទៀត​សោត ក៏​គ្មាន​អ្វី​ថ្មី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ក៏​ដូច​សព្វ​មួយ​ដង ជំហរ​ផ្ទុយ​គ្នា​នៅ​ផ្ទៃក្នុង​សហគមន៍​អន្តរជាតិ​កំពុង​បន្ត​មាន​រវាង​ក្រុម​ប្រទេស​ដែល​គំាទ្រ​អ៊ីស្រាអែល និង​ក្រុម​ប្រទេស​ដែល​គំាទ្រ​ប៉ាឡេស្ទីន។ ក៏​ដូច​សព្វ​មួយ​ដង សហគមន៍​អន្តរជាតិ​មិន​ដែល​មាន​ជំហរ​ច្បាស់លាស់​អ្វី​ទេ​ចំពោះ​សំណុំរឿង​អ៊ីស្រាអែល ប៉ាឡេស្ទីន។ នៅ​លើក​នេះ​ទៀត ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បាន​កោះប្រជុំ​បន្ទាន់​នៅ​យប់​ថ្ងៃ​សៅរ៍ ក៏​បាន​ត្រឹមតែ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ថ្កោលទោស​ការ​សម្លាប់​ជនស៊ីវិល និង​អំពាវនាវ​ភាគី​ជម្លោះ​ឲ្យ​មាន​ការ​អត់ធ្មត់​ប៉ុណ្ណោះ ពោល​មិន​បាន​ចេញ​សេចក្តីសម្រេច​ណា​មួយ​យក​ជា​សាច់ការ​បាន​ទេ។ មួយ​វិញ​ទៀត គ្រាន់​តែ​ពាក្យពេចន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​សាមញ្ញ​នោះ ក៏​ត្រូវ​បាន​គេ​ថ្លឹងថ្លែង​ត្រឹមត្រូវ ដោយ​មិន​ចង់​ឲ្យ​មាន​ភាគី​ណា​ទើសទាល់ចិត្ត​ទេ។

ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​គ្របដណ្តប់​លើ​កិច្ចប្រជុំ ៥​បូក​១​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

នៅ​ថ្ងៃ​អាទិត្យ ទី១៣ កក្កដា​នេះ ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស បណ្តា​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​លោកខាងលិច​បាន​រួមប្រជុំ​គ្នា​ដើម្បី​ជជែក​ពី​សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។ ជា​កិច្ចប្រជុំ​ដែល​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​វិបត្តិ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ជា​ថ្មី​នៅ​ពេល​នេះ។ ដូច្នេះ នេះ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​មួយ​ដែល​កិច្ចប្រជុំ​ត្រូវ​លើក​យក​ទៅ​ជជែក​ដោយ​ចៀស​មិន​រួច។ បើ​យោង​តាម​លោក​ប្រមុខ​ការទូត​អង់គ្លេស​វីល្លីយ៉ាំ ហែក កិច្ចប្រជុំ​នឹង​ព្យាយាម​ស្វែក​រក​ដំណោះស្រាយ​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា​ក្នុង​ការ​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​មួយ។ តែ​ក្រុម​អ្នក​វិភាគ​បាន​ប្រមើលមើល​ជា​មុន​ថា នឹង​គ្មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន ក្រៅ​តែ​ពី​ការ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​បញ្ឈប់​អធិករ​រវាង​គ្នា និង​មាន​ការ​អត់ធ្មត់​តែ​ប៉ុណ្ណោះ។

និយាយ​ពី​កម្មវត្ថុ​ចម្បង​នៃ​កិច្ចប្រជុំ ៥ បូក ១ មាន​អាមេរិក អង់គ្លេស បារំាង រុស្ស៊ី ចិន បូក​នឹង​អាល្លឺម៉ង់​វិញ គឺ​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ស្តីពី​នុយក្លែអ៊ែរ​អ៊ីរ៉ង់។ សូម​រម្លឹក​ជូន​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៣ កិច្ចព្រមព្រៀង​បឋម​មួយ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ កិច្ចព្រមព្រៀង​កាលណោះ​បាន​តម្រូវ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ កិច្ចប្រជុំ​ថ្ងៃ​នេះ​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក​ជា​ទឹក​ផ្តាច់ព័ត្រ ព្រោះ​គេ​ត្រូវ​ស្វែង​រក​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ ឲ្យ​បាន​មុន​ថ្ងៃទី២០ កក្កដា​ខាង​មុខ។

តែ​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ថា នេះ​ជា​ដំណាក់កាល​មួយ​ដ៏​លំបាក ព្រោះ​នៅ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ​ចំនួន​ដែល​គេ​ពិបាក​និយាយ​ជម្នះ​អ៊ីរ៉ង់ ពិសេស​ទាក់ទង​នឹង​ការ​កម្រិត​ឲ្យ​អ៊ីរ៉ង់​ធ្វើ​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួន​ឯង។ ត្រង់​ចំណុច​នេះ ប្រមុខ​សាសនា​អ៊ីរ៉ង់​អាលី ខាមេណី​ដែល​ជា​អ្នក​មាន​ឥទ្ធិពល​ខ្លំាង​ជាង​គេ​បាន​រម្លឹក​ជា​ថ្មី​ថា អ៊ីរ៉ង់​ត្រូវ​ការ​បង្កើន​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួន​ឯង​ឲ្យ​ដល់​កម្រិត​មួយ​ដែល​អាច​ផលិត​គ្រឿងបញ្ឆះ​សម្រាប់​អនាគត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន។ ឃើញ​ថា ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ ដើម្បី​អាច​សម្រេច​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ