អានតួអត្ថបទ
ហ្វីលីពីន-ហុងកុង-តៃវ៉ាន់

មហា​ព្យុះ​កំបុត​ត្បូង Usagi ដ៏​កំណាច​កំពុង​សំដៅ​ទៅ​ហុងកុង

រូបភាព​ផ្កាយ​រណប​ព្យុះ​អ៊ុយសាជី
រូបភាព​ផ្កាយ​រណប​ព្យុះ​អ៊ុយសាជី © Reuters

អ៊ុយសាជី (Usagi) ព្យុះ​កំបុង​ត្បូង​​ដ៏​កំណាច​បំផុត​ ប្រចាំ​រដូវ​​​វស្សា​ឆ្នាំ​នេះ កំពុង​វាយប្រហារ​បោក​បក់​លើ​ ​ហ្វីលីពីន​និង​តែ​វ៉ាន់ ក្នុង​កម្លាំង​ល្បឿន​ខ្យល់​យ៉ាង​ហោច​ណាស់ ២៥០​គ.ម.​ក្នុង​មួយ​ម៉ោង ព្រម​ទាំង​ពាំ​នាំ​មក​ជា​មួយ​នូវ​ព្យុះ​ទឹកភ្លៀង​ ដូច​គេ​ចាក់​ទឹក។

ផ្សាយពាណិជ្ជកម្ម

ដើម​ឈើ​​រំលើងទាំង​​ឬស​ ចរន្ត​អគ្គសនី​ត្រូវ​កាត់​ផ្តាច់​ ហុងកុង​កំពុង​ត្រៀម​ប្រឈម​នឹង​គ្រោះ​ខ្យល់​ព្យុះ​កំបុង​ ដោយ​ទាញ​សញ្ញា​អាសន្ន​ ប្រកាស​អំពី​កំរិត​​​គំរាមកំហែង​ធម្មជាតិ​ធ្ងន់ធ្ងរ​ នៅ​ថ្ងៃ​អាទិត្យ​ស្អែក និង​ថ្ងៃ​ចន្ទ ទី ២៣​កញ្ញា។ ក្រុមហ៊ុន​អាកាសចរណ៍​ កាតេប៉ាស៊ីហ្វិក និង​ឌ្រាហ្កូណែ បាន​ប្រកាស​លុប​ចោល​ជើង​ហោះ​ហើរ​ សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ មុន​នឹង​ចាប់​ដំណើរ​ឡើង​វិញ នៅ​ថ្ងៃ​ចន្ទខាន​ស្អែក ប៉ុន្តែ​អាកាសយានដ្ឋាន​នៅ​តែ​បើក​ដំណើរការជា​ធម្មតាទេ។

នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍​នេះ ខ្យល់​ព្យុះ​ អ៊ុយសាជី ​ដែល​បាន​​បំផ្លិច​បំផ្លាញ​ភាគ​ខាង​ជើង​ហ្វីលីពីន ទាំង​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ បណ្តាញ​អគ្គិសនី ទូរស័ព្ទ​ និង​ទឹក​ជំនន់​ ការ​ហូរ​បាក់​ដី មាន​កម្លាំង​និង​ឥទ្ធិពល​ខ្លាំង​ក្នុង​ល្បឿន​ជាង​២៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ថ្វី​បើ​គ្មាន​តុល្យការ​នេះ​ជន​រងគ្រោះ​ដល់​ជីវិត​ ប៉ុន្តែ​គ្រួសារ​រាប់​សិប​ត្រូវ​ជម្លៀស​​ចេញ។ ​នៅ​តែវ៉ាន់ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​ទាហាន​ជាង​១៦០០​នាក់​ នៅ​តាម​តំបន់​មុខ​ខ្យល់​ និង​ ​ដាក់​ទ័ព​បំរុង​២៤០០០​នាក់​ ត្រៀមចេញ​អាសន្ន។ សាលា​រៀន ការិយាល័យ​ នៅភាគ​ខាង​ត្បូង​និង​ខាង​កើត​តៃវ៉ាន់​ត្រូវ​បិទ​ទ្វារ​ ជើង​ហោះហើរ និង​សេវា​ទូក​ចម្លង​ត្រូវ​ផ្អាក​ ព្រោះ​បើ​តាម​អាជ្ញាធរ​ អ៊ុយសាជី​ ជា​ព្យុះ​ដ៏ធំ​និង​កំណាច​ជាងគេ​នៅ​ឆ្នាំ​នេះ។

ចំណែក​នៅ​ប្រទេស​ចិន​ ភាគ​ខាង​ត្បូង​វិញ ក៏​កំពុង​ត្រៀម​ទទួល​​ព្យុះ​អ៊ុយសាជី​នេះ​ដែរ។ ភ្នាក់ងារ​ឧតុនិយម​ជាតិ​បាន​ដាក់​សញ្ញា​អាសន្ន​ព៌ណក្រហម (កំរិត​ខ្ពស់​បំផុត) សម្រាប់​​ខេត្ត​នៅ​តាម​បណ្តោយ​ឆ្នេរ មាន​ជាអាទិ៍​ ខេត្ត​ខ្វាងទុង ហ្វូជាន ឬ ស្ហេជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ