អានតួអត្ថបទ
អាមេរិក-តាលីបង់

អាមេរិក​និងតាលីបង់ ត្រៀម​ខ្លួន​ចុះ​កិច្ចព្រមព្រៀងសន្តិភាព​​ នៅ​ចុង​ខែកុម្ភៈ​នេះ​

ដំណឹង​នៃការ​យល់ព្រម​ចុះកិច្ចព្រមព្រៀង​នេះ កើតនៅពេលដែល​លោក Mike Pompeo ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត។
ដំណឹង​នៃការ​យល់ព្រម​ចុះកិច្ចព្រមព្រៀង​នេះ កើតនៅពេលដែល​លោក Mike Pompeo ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត។ Andrew Caballero-Reynolds/Pool via REUTERS

ប្រមុខ​ការ​បរទេស​អាមេរិក លោក Mike Pompeo បញ្ជាក់ថា សហរដ្ឋអាមេរិក​ និង ​តាលីបង់ ​នឹង​​ចុះ​កិច្ចព្រមព្រៀម​សន្តិភាព​ជាមួយ​គ្នា ជុំវិញជម្លោះ​នៅអាហ្វហ្កានីស្ថាន។ ការ​ចុះ​ហត្ថលេខា​ នឹង​ប្រព្រឹត្ត​ទៅ​ ​នៅថ្ងៃ​ទី​២៩កុម្ភៈ ចុង​ខែនេះ​​។ នេះ​ជា​សេចក្តីប្រកាស​របស់​ប្រមុខ​ដឹកនាំការទូត​អាមេរិក ដែល​បាន​ធ្លាក់​មក​​ថ្ងៃសុក្រ ទី​២១កុម្ភៈ នៅពេល​ដែល ​លោក Mike Pompeo ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត។  អារ៉ាប៊ីសាអូឌីត​ ជាទីដែល​លោក​បាន​ជួប​សន្យា​ជាមួយ​សមភាគីតំណាង​​ក្រុម​​តាលីបង់​។​ ប្រភព​ជាច្រើន​ពី​ខាង​តាលីបង់វិញ ក៏​បាន​បញ្ជាក់​ដែរ កិច្ចព្រមព្រៀង​សន្តិភាព ដែល​នឹង​ត្រូវចុះ​ហត្ថលេខា​នាពេល​ខាងមុខ​​នេះ គឺ​នឹង​ធានា​ឱ្យ​កងទ័ព​អាមេរិក​ ដក​ចេញ​បន្តិច​ម្តងៗ​រហូត​ចេញអស់​ ពីមូលដ្ឋាន​អាហ្វហ្កានីស្ថាន​។​ 

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក និង​ តំណាង​ក្រុម​តាលីបង់ សុទ្ធតែ​បញ្ជាក់​ដូចៗ​គ្នា ថា«​បន្ទាប់​ពី​ជជែក​ពិភាក្សា​យ៉ាង​យូរ​និង​វែង​ឆ្ងាយ​រួច​មក ភាគីទាំងពីរ​សម្រេច​ស្រុះ​ស្រួល​គ្នា ថា​នឹង​​ចុះ​កិច្ចព្រមព្រៀម​សន្តិភាព​ នៅថ្ងៃទី២៩កុម្ភៈ ដោយ​ស្ថិត​នៅក្រោម​ភ្នែក​ច្រមុះ ឃ្លាំមើល​តាម​ដាន​ពី​អ្នក​សង្កេតការណ៍​អន្តរជាតិ​ទៀត​ផង»។ កងកម្លាំង​យោធា​ថ្នាក់​ក្រោមៗ​​របស់​តាលីបង់ ក៏​បាន​អះអា​ង​ប្រាប់​អ្ន​កកាសែតAFP នៅ​មូលដ្ឋាន​ជម្លោះដែរ ថាពួក​គេ​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​តាលីបង់​ឱ្យ​ផ្អាក​អំពើ​ហិង្សា​បាញ់បោះ​នៅ​សមរភូមិ​។​

ក្រោយ​ទទួល​ដំណឹង​នេះ អង្គការ​សម្ព័ន្ធអាត្លង់ទិក​អូតង់ ​ត្រេកអរ​និងបាន​​ថ្លែង​អបអរ​សាទរ​។ អូតង់​ដែល​មាន​​ទាហានបេសកម្ម ​ជាង​១ម៉ឺន​៦ពាន់​នាក់ ឈរជើង​នៅអាហ្វហ្គានីស្ថាន​ បាន​​ចាត់ទុកថា «ការ​ចរចារវាង​សហរដ្ឋអាមេរិក​និង​តាលីបង់​នៅ​​លើកនេះ នឹង​នាំ​ឱ្យ​កាត់​បន្ថយ​អំពើ​ហិង្សា ឈាន​ដល់​បទ​ឈប់​បាញ់​គ្នា​ ព្រមទាំងអាច​​ឈាន​ដល់​កសាង​សន្តិភាព​តែម្តង សន្តិភាពដែល​អាច​មាន​ចីរភាព​តរៀងទៅ»។

ទន្ទឹមគ្នានេះ​ ប្រទេសរុស្ស៊ីវិញដែល​ធ្លាប់​បាន​ជួយ​ជ្រោម​ជ្រែង​ឱ្យ​ភាគី​ជម្លោះ​ចូលតុចរចា​នាពេល​កន្លងទៅ​ រដ្ឋបាល​ក្រុង​ម៉ូស្កូ​ នៅ​ថ្ងៃ​សុក្រ​ ក៏​បាន​ចាត់ទុកថា «ការ​យល់​ព្រម​ចុះ​កិច្ចព្រៀង​រួម​គ្នា​​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ជាប្រវត្តិ​សាស្ត្រ​សម្រាប់​សន្តិភាព​​នៅអាហ្វហ្គានីស្ថាន​​»​។

តាម​ខ្លឹមសារ​ខ្លះ​ដែល​អ្ន​កកាសែត​ទទួល​បាន​ កិច្ចព្រមព្រៀង​ដែល​​គ្រោង​ចុះ​ហត្ថលេខា នៅ​ថ្ងៃ​សៅរ៍ ទី​២៩កុម្ភៈ គឺ​មាន​ចែង​ពីការ​ដក​កងទ័ព​អាមេរិក​ ពីអាហ្វហ្កានីស្ថាន។ អាមេរិក​មាន​ទ័ព​ឈរជើង​នៅទីនោះ ពី​ជាង​១ម៉ឺន២ពាន់ ទៅ​១ម៉ឺន​៣ពាន់​នាក់​។​ ហើយ​ពេល​ដែល​ចុះ​ហត្ថលេខា​​រួច​ហើយ ពួក​តាលីបង់​និង​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន នឹង​ចរចា​គ្នា​ដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​ជាមួយ​គ្នាដោយ​ផ្ទាល់​។ ជាការ​កត់​សម្គាល់ នា​ពេល​កន្លងមក ក្រុម​តាលីបង់​ មិន​ដែល​ព្រម​ចង់​និយាយ​ជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានដោយ​ផ្ទាល់​​នោះ​ទេ ព្រោះតាលីបង់​​ចាត់ទុកថា ​«ជា​អាយ៉ង​របស់​អាមេរិក»។

ជាការ​រម្លឹក​ សហរដ្ឋ​អាមេរិក​ បា​នប្រកាស​សង្គ្រាម​ភេរវកម្ម និងបាន​​បញ្ជូនកង​​ទ័ព​ចូល​ទៅ​ទឹកដីអាហ្វហ្កានីស្ថាន​ នៅ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី​១១កញ្ញា​២០០១។ ក្នុង​មួយឆ្នាំៗ​ សហរដ្ឋ​អាមេរិក បាន​​ចំណាយ​​ប្រាក់​ប្រមាណ ១ពាន់​ ពាន់​លាន​ដុល្លារ ​ក្នុង​សង្គ្រាម​នេះ​។ បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ  គិត​ចាប់ពី​ត្រឹមឆ្នាំ​២០០៩មក គឺ​មាន​មនុស្ស​ជាង​១ម៉ឺន​នាក់ បាន​​ស្លាប់​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ