អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទូរទស្សន៍រុស្ស៊ី​អំពី​​ការ​ចាប់ផ្តើម​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា. មុនពេល​កំណត់​​

សំឡេង ០៦:៣៥
ជិតដល់​ពេល​អាមេរិក​​បោះឆ្នោត​ ​ទូរទស្សន៍​រុស្ស៊ី​រិះគន់​ភាព​មិនច្បាស់លាស់​មួយចំនួន ក្នុង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក
ជិតដល់​ពេល​អាមេរិក​​បោះឆ្នោត​ ​ទូរទស្សន៍​រុស្ស៊ី​រិះគន់​ភាព​មិនច្បាស់លាស់​មួយចំនួន ក្នុង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក

ថ្ងៃអង្គារ ២៥តុលា កន្លងទៅ កាល​ដែល​នៅសល់​២សប្តាហ៏​គត់ ដល់ថ្ងៃ​អង្គារ ៨វិច្ឆិកា ជា​កាល​បរិច្ឆេទ​ផ្លូវការ នៃការ​បោះឆ្នោត​រើស​ប្រធានាធិបតី​អាមេរិកាំង នៅស.រ.អា.ផ្ទាល់ មាន​ចាប់ផ្តើម​ប្រព្រឹត្ត​ទៅហើយ ការបោះឆ្នោតនេះ ដែលស្រប​នឹង​គម្រោង ក្នុង​​រយៈពេល​​​២​សប្តាហ៏​​​នេះ ត្រូវបញ្ចេញ​សម្លេងខ្លួន គឺ​រហូត​ដល់ ៤០%​នៃអ្នក​ដែល​មានសិទ្ធិ​បោះឆ្នោត។ ទូរទស្សន៍​រដ្ឋរុស្ស៊ី ដោយផ្សាយ​អំពី​ការ​ចាប់ផ្តើម​បោះឆ្នោត​នេះ ឆ្លៀត​កកាយ​រកចំណុច​ណា ដែលតាម​យោបល់​ម៉ូស្គូ ជា​ចំណុច​ខ្វះខាត​នៃ​ការ​បោះឆ្នោត​​នៅស.រ.អា.។

ផ្សាយពាណិជ្ជកម្ម

ជាការ​កត់សម្គាល់ ក្នុង​យុទ្ធនាកា​រឃោសនា​បោះឆ្នោតនេះ ជាពិសេស​ក្នុង​ការតស៊ូមតិ ទាំងបី​លើក​បេក្ខនារី​ខាង​បក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋបាល​ក្រុងវ៉ាស៊ីនតោន​បច្ចុប្បន្ន លោកស្រីហ៊ីឡារី គ្លិនតុន តែងលើក​ទីងមោងរុស្ស៊ី គ្រវី​បំភ័យ​ពលរដ្ឋ​អាមេរិក ទាំងវាយប្រហារ​គ្មានឈប់ មក​លើ​​​ក្រុង​ម៉ូស្គូ រហូត​ដល់ចោទ​បេក្ខជន​ខាង​បក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែល គ្រាន់តែចង់​សហការ​ជាមួយ​រុស្ស៊ី ដើម្បីវាយ​កម្ទេច​ពួក​ភេរវជន​នៃ​អង្គការរដ្ឋអ៊ីស្លាម ថាជា​អាយ៉ង​របស់ពូទីន

ម៉្លោះហើយ បានជា​ទូរទស្សន៍​រដ្ឋរុស្ស៊ី​ប៉ុស្ត​លេខ១ ដោយ​ផ្សាយ​បទយកការណ៍ ពីការ​ចាប់ផ្តើម​​បោះឆ្នោត​នោះ ដៀមដាម​ឲ្យស.រ.អា.ដែលប៉ិនទិតៀន​ការបោះឆ្នោត​នៅ​រុស្ស៊ី​ថា មិនប្រកប​ដោយ​ប្រក្រតីភាព​ ចុះខ្លួនឯង​ផ្ទាល់ ធ្វើ​ការបោះឆ្នោត ប្រកបដោយ​ភាព​សុចរិត និង​តម្លាភាព​យ៉ាងណា​ដែរ ទាំង​សំអាងលើ​មតិ​ពួកអ្នកជំនាញ​អាមេរិកាំង​តែម្តង។ 

ទូរទស្សន៍​រុស្ស៊ី​ចាប់ផ្តើម​បទយកការណ៍​នោះ ដោយចោទ​ជាសំនួរ ហេតុ​ដូចម្តេច​បានជា​ក្នុង ការ​បោះឆ្នោត​មុនពេល​កំណត់ មាន​អ្នកបោះឆ្នោត​ច្រើនម៉្លឹងៗ រហូតដល់​៤០%ឯណោះ​បញ្ចេញ​​​សម្លេងខ្លួន? រីឯ​ចម្លើយ​ផ្តល់ដោយ​ពួកអ្នកជំនាញ​អាមេរិកាំង​ផ្ទាល់ គឺថា​ពិតជា​អាស្រ័យ​​​យ៉ាង​ច្រើន នឹង​អ្នកបោះឆ្នោត​ក្នុង​ដំណាក់​នេះឯង ដែលគេ​នឹងឃើញ​តើនរណា​នឹង​ឡើងជា​​ចៅហ្វាយថ្មី​នៃ​សេតវិមាន។ 

ក្នុងរដ្ឋ Floride ជាទី​ដែល​បេក្ខជន​ទាំងពីរ​មាន​ភ័ព្វសំណាង​ស្រដៀងគ្នា ហើយ​សម្បូណ៏ដោយ​អ្នកបោះឆ្នោត​ដែល​មិនទាន់​សម្រេចថា​គាំទ្រ​បេក្ខជនណា​នៅឡើយ ពីក្នុង​ចំណោមអ្នក​មាន​សិទ្ធិ​បោះឆ្នោត ១៣លាននាក់ គ្រាន់តែ​ក្នុង​ថ្ងៃទី១​នៃ​ការបោះឆ្នោត​មុនពេល​កំណត់នេះ មាន​ដល់ទៅ​ជាង១លាននាក់ បានទៅ​បោះឆ្នោត នៅតាម​មណ្ឌល​ចំនួន៥០ ពីក្នុង​៦៧មណ្ឌល។ នៅមាន​សន្លឹកឆ្នោត ចំន​ន ៦៧.០០០ ត្រូវបាន​អ្នកបោះឆ្នោត​បំពេញ ហើយផ្ញើតាម​ប៉ុស្ត​ប្រៃសណីយ។ សរុបទៅ ត្រូវផ្ញើ​តាម​ប៉ុស្ត​បែបនេះ​ គឺ​ដល់ទៅ ២០៧.០០០​សន្លឹកឆ្នោត-តួលេខ​នេះ​​ប្រកាស​ដោយ​ប្រធាន​គ.ជ.ប. មណ្ឌល Orange រដ្ឋ Floride លោក Bill Caul។

ការ​បោះឆ្នោត​មុនពេល​កំណត់ ក៏​ដូចជា​ការផ្ញើ​សន្លឹកឆ្នោត​តាមប៉ុស្ត ដែល​សុទ្ធតែ​ជា​ចរិត​សម្គាល់​​ប្រព័ន្ធបោះឆ្នោត​អាមេរិកាំង តែង​ត្រូវ​គេ​ទិតៀន​ជា​ញឹកញយ។ ដ្បិត​អត្តសញ្ញាណ​​អ្នក​បោះឆ្នោត​នោះ និង​តើ​បេក្ខជនណា​ដែលគេ​គាំទ្រ​ពិត គឺញ៉ាំងឲ្យ​កើតឡើង​ជាក្តី​មន្ទិល។ ចំណុច​នេះ​ជាលំហ​សម្រាប់​ក្លែងបន្លំ។ ការនេះ​កត់សម្គាល់​ជាអាទ៏ ដោយ​ការិយាល័យ​ខាង​ស្ថាប័ន​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស របស់​អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ នៅ​អឺរ៉ុប OSCE ដែលមាន​ឯកទេសកម្ម​ខាង​តាមដាន​ការបោះឆ្នោត នៅតាម​ប្រទេស​ជា​សមាជិក។ មុនដល់​ការបោះឆ្នោត​លើកនេះ ការិយាល័យ OSCE បាន​ចេញផ្សាយ​របាយការណ៍ ដែល​កត់​សម្គាល់ថា ប្រព័ន្ធបោះឆ្នោត​អាមេរិកាំង​ស្មុគស្មាញ ហើយ​វិមជ្ឈការ​មកពី​​មានច្បាប់​ខុសគ្នា នៅ​តាម​រដ្ឋប្លែកៗ លុះរហូត​ដល់​ពលរដ្ឋ​ប្រភេទខ្លះ គ្មាន​ទាំង​សិទ្ធិ​បោះឆ្នោត​ទៅផង។

វីធី​មួយ ជា​ឧបាយ​បញ្ឆោត​ស្របច្បាប់​តែម្តង ក្នុងការ​បោះឆ្នោត​មានអត្ថិភាព​នៅ​ស.រ.អា. តាំងពី​ឆ្នាំ១៨១២ មក ហៅថា Gerrymandering យោងតាម​ឈ្មោះ​អភិបាលរដ្ឋ Massachusetts​ ដែលបាន​ប្រឌិត​ឡើងជា​រូបមន្ត​ពិសេស​សម្រាប់​បោះឆ្នោត។ ដោយមាន​អ្នកប្រឆាំង​ច្រើនជាង​អ្នកគាំទ្រ គាត់អាច​ឈ្នះឆ្នោត​តាមវិធី​បង្កើត​ជា​មណ្ឌល​បោះឆ្នោត​ក្នុង​សណ្ឋាន​សាំញ៉ាំក្រៃ​ ដើម្បី​កុំឲ្យ​ពួកអ្នក​ទិតៀន​គាត់​មាន​សម្លេង​ភាគច្រើន​ទៅកើត។ តាំងពី​ពេលនោះ​មក នៅ​ស.រ.អា. មិនមែន​អ្នកបោះឆ្នោត​ទេ​ដែល​ជ្រើសរើស​អ្នកនយោបាយ តែ​ផ្ទុយទៅវិញ គឺ​អ្នកនយោបាយ​ដែល​ជ្រើសរើស​អ្នក​បោះឆ្នោត។

ចំណែក​រដ្ឋ Floride គឺពិតជា​នៅទីនេះ​ឯង ដែល​កាលពី​ឆ្នាំ២០០០ មាន​អារកាត់​វាសនា​ការ​បោះឆ្នោតរើស​ប្រធានាធិបតី​អាមេរិកាំង។ កាលណោះ​ក្រោយពី​រាប់​សន្លឹកឆ្នោត សាឡើង​វិញ ជាច្រើនដង ស្រាប់​តែឈ្នះឆ្នោត ហើយឡើងជា​ចៅហ្វាយ​ថ្មី​នៃ​សេតវមាន​គឺ​បេក្ខជន​ខាង​បក្ស​សាធារណរដ្ឋ លោក George Bush ថ្វីត្បិត​តែ​គូប្រជែង​គាត់ ខាង​បក្ស​ប្រជាធិបតេយ្យ លោក Albert Gore បាន​ទទួល​សម្លេង​អ្នកបោះឆ្នោត​ដល់ទៅ​កន្លះលាន​នាក់​ច្រើនជាងក្តី។ ដូច្នេះ គឺ​ តែនៅស.រ.អា.មួយគត់ ដែល​ពលរដ្ឋ​បោះឆ្នោត មិនមែន​ដើម្បី​បេក្ខជនខ្លួន​ទេ តែ​គឺ​ដើម្បីអ្នក​ដែល​តំណាងឲ្យ​សម្លេងខ្លួន ដែល​បន្ទាប់មក ជ្រើសរើស​ប្រធានាធិបតី​ផ្ទាល់។ ជា​តុល្យាការ ក្នុង​ប្រវត្តិស.រ.អា.មាន​ដល់ទៅ​៤លើក ដែល​ក្លាយជា​ប្រធានាធិបតី គឺ​អ្នក​នយោបាយ​ណា ដែល​ទទួល​សម្លេង​គាំទ្រ​ពី​បណ្តាជន​អាមេរិកាំង ក្នុង​ចំនួន​តិចជាង​ទេតើ។ 

ប្រព័ន្ធ​បោះឆ្នោត​បែបនេះ ជាលទ្ធផល​នៃ​ការ​សម្របសម្រួល​គ្នា កាលពី​ជាង​២០០ឆ្នាំ​មុន ពេល​ដែលមាន​តាក់តែង​ឡើង​រដ្ឋធម្មនុញ្ញ​អាមេរិកាំង។ កាលណោះ មាន​ជំរំ​ពីរ ៖ មួយ​ដើម្បី​ការ​ជ្រើសរើស​ប្រធានាធិបតី​ដោយ​បណ្តាជន​ត្រង់ផ្ទាល់  មួយទៀត ដើម្បី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយសមាជសភា។ ជា​លទ្ធផល ក៏មាន​សម្រេច​ច្របាច់​បំណង​ទាំងពីរ​ឲ្យ​ចូលគ្នា ដើម្បី​ផ្គាប់ចិត្ត​ទាំង​សងខាង។ ហើយ​ប្រព័ន្ធ​នេះ ក៏​មាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ​តែម្តង-ការនេះ​ពន្យល់​បំភ្លឺ​ដោយ​នាយក​ប្រតិបត្តិនៃ​មជ្ឈមណ្ឌល Nixon លោក Paul Sonders។

ទូរទស្សន៍​រុស្ស៊ី​លើកឡើង​តមកទៀត​ថា មុខជា​អាច​ធានា​នូវភាព​សុចរិត​ក្នុង​កម្រិត​ជាក់លាក់
បើមាន​ការ​វត្តមាន​នៃ​ពួក​អ្នក​សង្កេតការណ៍ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​ស.រ.អា.បានចេញ​សេចក្តី​ថ្លែងការណ៍​ពិសេស​ថា ការ​ប៉ុនប៉ងណា​ក៏ដោយ កត់ត្រា​ភាព​មិនប្រក្រតី នៅតាម​ការិយាល័យ​បោះឆ្នោត​អាមេរិកាំង ក៏​ជា​ការ​រំលោភ​បំពាន​ដែរ។

ស្តីពី​បំណង​អ្នកការទូត​រុស្ស៊ី ចង់​វត្តមាន​នៅតាម​ការិល័យ​បោះឆ្នោត​អាមេរិកាំង ក្រសួង​យុត្តិធម៌​នេះ ថែមទាំង​កំញើញ​ចងក្រង​ទល់នឹង​គេ ជា​សំណុំរឿង​ព្រហ្មទណ្ឌ​ទៅផង។ ត្រង់​ចំណុច​​នេះ តំណាងរាស្ត្រ​រុស្ស៊ីខ្លះ​នៅ​ចងចាំ​ពីការវត្តមាន​នៃពួក​អ្នក​សង្កេតការណ៍​អាមេរិកាំង នៅតាម​ការិយាល័យ​បោះឆ្នោត​រុស្ស៊ី ក្នុងឆ្នាំ​១៩៩៦ លុះ​ទាល់តែ​ជួយ​លោក Boris Yeltsin កាលណោះ មាន​ប្រជាប្រិយភាព​តែ​២% ប៉ុណ្ណោះ​ ឲ្យបាន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​សាឡើងវិញ តាមវិធី​លួចទម្លាក់​សន្លឹកឆ្នោត​គាំទ្រគាត់ ទៅក្នុង​ហិបឆ្នោត។

ការលួច​ទម្លាក់​សន្លឹកឆ្នោត​បែបនេះ នៅអាមេរិក​ផ្ទាល់ ត្រូវបាន​រំលឹក​ដោយ​អតីត​ចៅហ្វាយ​ក្រុង​New York លោក Rudolph Giuliani  ដែលថា ពេលគាត់​ឈរឈ្មោះ​ជា​លើក​ទី១ ចូលប្រឡូក​ក្នុង​ការបោះឆ្នោត​រើស​អភិបាលក្រុង​នេះ មាន​ឡាន Bus បាន​ដឹក​មនុស្ស​​មកពី​រដ្ឋជិតខាង ដោយខ្លះ​បាន​បោះឆ្នោត​ដល់ទៅ ៨ឬ ១០លើក។ លុះទ្រាំ​មិនបាន គាត់ក៏​បាន​បញ្ជា អោយ​ពួក​អ្នកលត់ភ្លើង និង​ប៉ូលីស​ឈរ​កត់ត្រា​លេខឡាន Bus ទាំងនោះ។

គួរ​និយាយ​ថា អំពី​ការ​បោះឆ្នោត​នៅ​ស.រ.អា. ម៉ូស្គូ​តែង​ថ្លែងថា ខ្លួន​ត្រៀម​សហការ​ជាមួយ ប្រធានាធិបតី​ណា​ក៏ដោយ ដែលជា​ជម្រើស​នៃ​ប្រជាពលរដ្ឋ​អាមេរិកាំង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ