អានតួអត្ថបទ
ថៃ

សុខភាព​ស្តេចថៃ​​​​កាន់តែ​​ធ្លាក់​​ដុនដាប​​ ​មេដឹកនាំ​សឹក​ជួប​រាជទាយាទ​

ប្រជាជន​ថៃ​នាំគ្នាបន់ស្រន់ ​នៅ​​មន្ទីរពេទ្យ​ដែល​ស្តេច​ភូមិបុល​កំពុង​ស្ថិត​នៅព្យាបាល។
ប្រជាជន​ថៃ​នាំគ្នាបន់ស្រន់ ​នៅ​​មន្ទីរពេទ្យ​ដែល​ស្តេច​ភូមិបុល​កំពុង​ស្ថិត​នៅព្យាបាល។ Reuters

ល្ងាច​ថ្ងៃពុធ​នេះ ព្រះបរមរាជវាំង​ថៃ បាន​ប្រាប់​អោយដឹង​ពី​ស្ថានភាព​សុខភាព​ព្រះមហាក្សត្រ​អាប់ឌុលយ៉ាដេ ដែល​កាន់តែ​ធ្លាក់ចុះដុនដាប។ ព្រះអង្គ​កំពុង​ដកដង្ហើម​ដោយប្រើ​​អុកស៊ីសែន​ និង​ទទួល​ការព្យាបាល​តម្រងនោម។ ថ្ងៃពុធ​នេះដែរ មេដឹកនាំ​របប​សឹក​​​ ​​​ប្រាយុទ្ធ​ ចាន់ អូចា ​ដែល​កំពុង​ធ្វើដំណើរ​នៅ​ខែត្រ ​​បាន​​​ត្រលប់​ចូល​ក្រុងបាងកក​ជាបន្ទាន់ ដើម្បី​ចូលគាល់​រាជទាយាទ។ 

ផ្សាយពាណិជ្ជកម្ម

ថ្ងៃពុធ​នេះ​ ក្រុមអ្នកសារព័ត៌មាន​បាននាំគ្នា​​​ឆ្ងល់​នឹង​​លោក​ប្រាយុទ្ធ ​ចាន់ អូចា ដែល​បាន​លុបចោល​​​​ការធ្វើដំណើរ​នៅតាមខែត្រ។ លោក​ប្រាយុទ្ធ បាន​ធ្វើដំណើរ​ជា​បន្ទាន់​ត្រលប់​មក​ក្រុងបាងកក​វិញ ដោយ​មិនប្រាប់​ពីមូលហេតុ​អ្វីធុំដុំ​សោះ។

បន្តិច​ក្រោយមក មន្ត្រី​រដ្ឋាភិបាល​និង​លោក​ប្រាយុទ្ធ​ខ្លួនឯង​បាន​ពន្យល់ថា ​លោក​ត្រលប់​មក​បាងកក​​វិញ ​គឺដើម្បី​ចូលជួប​គាល់រាជទាយាទ​ វិជ្ជរាឡុងកន ដែល​ត្រលប់មកពី​បរទេស​វិញ។ លោក​ប្រាយុទ្ធ​ចង់​​ទូលប្រាប់ព្រះអង្គ​​​ពី​ការងារ​រដ្ឋាភិបាល។

ទន្ទឹមនេះដែរ​ ពេលនេះ ​​​ប្រជាជន​ថៃ​កំពុង​​ផ្តុំគ្នា​នៅ​មន្ទីរពេទ្យ ​​បន់ស្រន់ព្រះអោយ​ជួយ​អោយ​ស្ថានភាព​សុខភាព​ព្រះ​មហាក្សត្រ​ភូមិបុល អាប់ឌុលយ៉ាដេ ជន្មាយុ ​៨៨ឆ្នាំ ​បាន​ធូរស្រាល​ឡើងវិញ។ ល្ងាច​​ថ្ងៃពុធ​នេះ ព្រះ​បរមរាជវាំង​បាន​ប្រាប់ថា ស្ថានភាព​​សុខភាព​ព្រះអង្គ​កាន់តែ​ដុនដាប​ខ្លាំង។ ព្រះមហាក្សត្រថៃ​កំពុង​​​ដក​ដង្ហើម ​ដោយ​ប្រើ​​អុកស៊ីសែន និង​កំពុង​​ទទួល​ការ​ព្យាបាល​តម្រងនោម។ ​ថ្លើម​របស់​ព្រះអង្គ​​ក៏​មិនដំណើរការ​ត្រឹមត្រូវដែរ ហើយ​ថែមទាំង​មាន​ឡើង​​​​ជាតិអាស៊ីត​ក្នុង​ឈាមទៀតផង។

ព្រះមហាក្សត្រភូមិបុល​សម្រាកព្យាបាល​ជំងឺ ២ឆ្នាំមកហើយ។ ព្រះអង្គ​ភូមិបុល​មិនបាន​​​ចេញមុខ​ ជាសាធារណៈ​ជិត​១ឆ្នាំ​មកហើយ។ ​​ក្រៅពី​មាន​បញ្ហា​តម្រោងនោម ព្រះអង្គ​ក៏​មាន​ជំងឺ​សួត បេះដូង​ផងដែរ។ កាលពី​ថ្ងៃអាទិត្យ​ ព្រះបរមរាជវាំង​បាន​​ប្រកាស​ថា ក្រុម​គ្រូពេទ្យ​បាន​សូមអោយ​ព្រះអង្គសម្រាក ឈប់​ធ្វើកិច្ចការ​​ប្រទេសជាតិ​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ