អានតួអត្ថបទ
ថៃ-សហភាព​អឺរ៉ុប

សហភាព​អឺរ៉ុប​បារម្ភ​ពី​ការ​បង្ក្រាប​របស់​កងទ័ព​ក្នុង​ទឹកដីថៃ​ ក្រោយ​រដ្ឋប្រហារ​

កងទ័ព​ថៃ​ នៅ​ក្រុង​បាងកក ​ថ្ងៃ​២២ឧសភា​កន្លងទៅ
កងទ័ព​ថៃ​ នៅ​ក្រុង​បាងកក ​ថ្ងៃ​២២ឧសភា​កន្លងទៅ REUTERS/Athit Perawongmetha

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ នៅថ្ងៃ​ព្រហស្បតិ៍​នេះ សហភាព​អឺរ៉ុប​កំពុង​បារម្ភ​ខ្លាំង​ពីស្ថានភាព​​ប្រទេស​ថៃ​ ពិសេស​​​ការ​ឃុំខ្លួន​​ផ្នែក​នយោបាយ និង​ការ​ត្រួត​ពិនិត្យ​ការចុះផ្សាយ​ព័ត៌មាន​ផ្សេងៗ​ ដែល​កងទ័ព​ថៃ​កំពុង​ធ្វើ​​នៅពេលនេះ។ សហភាព​អឺរ៉ុប​​បាន​អំពាវនាវ​​​កងទ័ព​អោយ​​ដោះលែង​គ្រប់​បណ្តាជន​ដែល​ជាប់ឃុំ​​​ក្នុង​រឿង​នយោបាយ​​ ប៉ុន្មានថ្ងៃ​ចុងក្រោយ​​នេះ ហើយ​សុំអោយ​កងទ័ព​បញ្ឈប់​​ការ​គ្រប់គ្រង​​ការចុះផ្សាយ​ព័ត៌មាន​បន្តទៀត។ នៅថ្ងៃ​ព្រហស្បតិ៍​នេះ មេទ័ព​ថៃ​ប្រាយុទ្ធ ចាន់ អូចា ដែល​បាន​ប្រកាស​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​រដ្ឋប្រហារ​​ថ្ងៃ ២២ឧសភា​នោះ ​បាន​ជួប​​ថ្នាក់ដឹកនាំ​ជាតិ និង​តំបន់​ជាច្រើន​រូប និង​បាន​លើកឡើង​ពី​ផែនការ​៣ដំណាក់ ជួយ​នាំថៃ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប​​ប្រកាស​ថា ​តាមដាន​​ជាប្រចាំ នូវ​ការវិវត្តន៍​ស្ថានការណ៍​នៅ​ថៃបច្ចុប្បន្ន។ សហភាពអឺរ៉ុប​​ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​បង្ក្រាប​ដែល​កងទ័ព​​កំពុង​តែ​ធ្វើ ពិសេស​​ការឃុំខ្លួន​ដោយសារ​​​មូលហេតុ​នយោបាយ រឺក៏​ការ​ត្រួតពិនិត្យ​ខ្លឹមសារ​​​ព័ត៌មាន​ផ្សេងៗ​ដែល​​ត្រូវចុះផ្សាយ​​ក្នុង​ស្រុក​​ជាដើម។ សហភាព​អឺរ៉ុប​ ​ជា​ដៃគូ​ពាណិជ្ជកម្ម​ចំបង​របស់​ថៃ បាន​ដាក់លក្ខខណ្ឌ​ថា ដើម្បី​អោយ​សហភាពអឺរ៉ុប​នៅ​តែ​អាច​បន្ត​ការគាំទ្រ​ដល់​ថៃ ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​២២ឧសភា​កន្លង​មកនោះ​ ​ថៃ​ត្រូវ​ធ្វើយ៉ាងណា​សម្រេច​អោយ​បាន​នូវ​ផែនការ​ច្បាស់លាស់​មួយ ធានា​បាន​នូវ​​ការវិលត្រលប់​មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​។

សហភាព​អឺរ៉ុប​បានអំពាវនាវ​អោយ​កងទ័ព​ដោះលែង​សកម្មជន​ដែល​​ជាប់ឃុំ​ ដោយសារ​មូលហេតុ​នយោបាយ​ ក្នុង​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ​ និងសុំអោយ​កងទ័ព​ឈប់​ត្រួតពិនិត្យ​​ខ្លឹមសារ​ព័ត៌មាន​​​​​​ចុះ​ផ្សាយ​​ក្នុង​ស្រុកទៀត​។ នៅថ្ងៃ​ព្រហស្បតិ៍​នេះ កងទ័ព​ថៃ​​​បានបន្ថែម​ឈ្មោះ​មនុស្ស​ជាង​២០នាក់​ទៀត ក្នុង​ចំណោម​មនុស្ស​២៥០នាក់​ដែល​ត្រូវកោះហៅ។ ​គួររំលឹក​ថា ​ក្រោយ​រដ្ឋប្រហារ​យោធា​ថ្ងៃ​២២​ឧសភា កងទ័ព​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ​មួយ​ចំណែកធំ ហើយ​​បាន​ដាក់​បម្រាម​គោចរ និង​​ហាមឃាត់​ការជួបជុំគ្នា។

កាលពី​ថ្ងៃ​ពុធ​ ​លោកស្រី​យីងឡាក់​និង​មេដឹកនាំ​ក្រុម​អាវក្រហម​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​ត្រូវបាន​ដោះលែង ប៉ុន្តែ ពួកគេ​​ត្រូវ​សន្យា​​បញ្ឈប់​សកម្មភាព​នយោបាយ​ ​មិនដូច្នោះ​ទេ នឹង​ត្រូវ​​​តុលាការ​យោធា​​តាមដាន​ទោស។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ជំនួប​ជាមួយ​​​​ថ្នាក់ដឹកនាំ​ជាតិ និង​តំបន់ ​ជាច្រើន​រូប មេទ័ព​ថៃ​ប្រាយុទ្ធ ចាន់ អូចា ដែល​បាន​ប្រកាស​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​នោះ ​បាន​​លើកឡើង​ពី​ផែនការ​៣ដំណាក់ ដើម្បី​​ជួយ​នាំថៃ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ដំណាក់កាល​​ទី១ គឺ​ថៃ​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​ពិសេស ហើយ​បន្ទាប់​មក គឺ​ការ​បង្កើត​​សភា​ជាតិ និង​ក្រុមប្រឹក្សា​កំណែទម្រង់ ហើយ​​​​ដំណាក់​កាល​ចុងក្រោយ គឺ​ការ​បោះឆ្នោត​នោះឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ