អានតួអត្ថបទ
អាមេរិក

​ព្រឹទ្ធសភាអាមេរិក​ ស្នើឱ្យ​ស៊ើប​អង្កេតបណ្តាញ​សង្គម TikTok ​សង្ស័យ​ថាគ្រោះថ្នាក់ដល់​សន្តិសុខជាតិ

TikTok ដែល​កំពុង​ពេញនិយមសម្រាប់​យុវជន​វ័យ​ក្មេង
TikTok ដែល​កំពុង​ពេញនិយមសម្រាប់​យុវជន​វ័យ​ក្មេង 路透社

ថ្ងៃទី២៥តុលា ​សមាជិក​ព្រឹទ្ធសភាអាមេរិក ស្នើឱ្យរដ្ឋបាល​អាមេរិក​ ​បើកការ​ស៊ើប​អង្កេត​ទៅលើ​បណ្តាញ​ទាក់ទង​សង្គម TikTok (​តីកតុក) ព្រោះ​​តំណាង​រាស្ត្រ​អាមេរិក​ យល់​ឃើញថា ក្រុម​ហ៊ុន​របស់​ចិននេះ អាច​មាន​បង្កប់​ប្រព័ន្ធ​​ស៊ើបការ​សម្ងាត់ បម្រើ​ផល​ប្រយោជន៍​បក្សកុម្មនីស្ត​ចិន និងដែល​បណ្តាលឱ្យ​​ប៉ះពាល់​សន្តិសុខ​ជាតិ​។ ​តីកតុក ជាបណ្តាញ​សង្គមប្រភេទ​ថ្មី សម្បូរ​ដោយ​វីដេអូខ្លីៗ​និង​ចម្រៀង​ខារ៉ា​អូខេ​ ផលិត​​ដោយ​ក្រុមហ៊ុន​ចិន។ ​តីកតុក ជាប្រព័ន្ធ​​ទាក់ទង​សង្គម​ ទើបតែ​បង្កើតឡើង​បានតែ​​៣ឆ្នាំតែប៉ុណ្ណោះ តែ​វា​​កំពុង​មាន​ប្រជាប្រិយភាពខ្លាំង ដោយ​មាន​អ្ន​ក​ប្រើ​ប្រាស់​​ ប្រមាណ​ជាង​ ៥០០លាន​នាក់ នៅ​លើពិភពលោក ពិសេស​គឺ​​ចំពោះ​យុវជន​​​វ័យ​ក្មេង ហើយ​ក្មេងៗ​អាមេរិក ​ក៏​និយម​ប្រើ​បណ្តាញ ​​តីកតុក នេះដែរ​។

ផ្សាយពាណិជ្ជកម្ម

សមាជិកព្រឹទ្ធសភា​ទាំងពីរ​​ក្រុម គឺ​មក​ពីបក្ស​សាធារណរដ្ឋ​និង​​បក្ស​ប្រជាធិបតេយ្យ​ បាន​យល់​ឃើញ​ដូចៗគ្នា ថា​ ក្រុម​ហ៊ុន​​តីកតុកនេះ អាច​ត្រូវ​រងសម្ពាធ និង​បង្ខំ​ឱ្យ​ស្ថិត​ក្រោម​ច្បាប់​របស់​ចិន ដើម្បី​សហការ​ជាមួយ​រដ្ឋ​អំណាច​កុម្មុនីស្ត​ក្រុង​ប៉េកាំង​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់​ផ្សេង​ៗ​ពី​អាមេរិក​ទៅស្រុក​ចិន។  បើ​ទោះបី​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ទាំង​ឡាយ របស់​ក្រុមហ៊ុន​នេះ​ មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​ក៏ដោយ​ចុះ ក៏​គេ​មិន​ត្រូវ​ប្រមាទ​ធ្វេស​ប្រហែស​សោះ​ឡើយ ដ្បិត​ក្រុម​ហ៊ុន​តីកតុកនេះអាច​នឹង​បង្ក​ហានិភ័យ​ តាមរយៈ​ការ​លួច​ស៊ើប​ការ​សម្ងាត់​ នាំឱ្យ​អន្តរាយដល់​សន្តិសុខ​ជាតិ​អាមេរិក​។ នេះជា​ក្តីព្រួយ​បារម្ភ​របស់​ព្រឹទ្ធ​សមាជិក​អាមេរិក ដែល​​មាន​សរសេរ​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ ​ដាក់​ស្នើទៅ​ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​របស់​អាមេរិក។

បើ​តាម​ទស្សនៈ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក, ​ក្រុម​ហ៊ុនបណ្តាញ​សង្គម​តីកតុក មាន​ការ​រឹតត្បឹត​ខ្លាំង ចំពោះ​រាល់​ការ​ផ្សាយ​វីដេអូ​ណា​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ ជាអាទិ៍ រឿង​បាតុកម្ម​នៅ​ហុងកុង​, សំណុំ​រឿង​ក្តៅ​ដ៏​រសើប​នៃ​ជនជាតិភាគតិច​អ៊ុយហ្គួរកាន់​សាសនា​អ៊ីស្លាម​ នៅ​ស្រុក​ចិន​, ការ​វាយ​បង្ក្រាប​បង្ហូរ​ឈាម​យ៉ាងហិង្សា​នៅ​ទី​លាន​ធានអានមែន​កណ្តាល​ក្រុង​ប៉េកាំង ជាដើម, តាមរយៈ​ការ​រឹតត្បិត​ទាំងនេះ សមាជិក​​ព្រឹទ្ធ​សភា​ ដាក់​ក្តី​សង្ស័យទៀត​​ថា ​ប្រព័ន្ធ​តីកតុក អាច​ជាគ្រោះថ្នាក់​ថ្មីទៀត ចំពោះ​ដំណើរ​ការ​ឃោសនា​បោះឆ្នោតប្រធានាធិបតី​​អាមេរិក​ ឆ្នាំ​២០២០។​

ក្តី​បារម្ភ​និងក្តី​សង្ស័យ​ទាំងនេះ គឺ​លេច​ផុត​ឡើង បន្ទាប់ពី​កាសែត​អង់គ្លេស The Guardian កាលពី​ខែ​កញ្ញា​​នេះ បាន​កត់​សម្គាល់ឃើញ​​ថា វីដេអូ​ស្តីពី​បាតុកម្ម​នៅ​ហុងកុង​ មាន​ផ្សាយតិចតួ​ចប៉ុណ្ណោះ​នៅក្នុង​ប្រព័ន្ធ​ តីកតុក។

ជា​ការ​ឆ្លើយ​តប ក្រុម​ហ៊ុន​តីកតុក បា​នច្រាន​ចោល​រាល់​ការចោទប្រកាន់​និង​ក្តី​សង្ស័យ​ទាំងឡាយ ហើយ​អះអាងថា «ក្រុម​ហ៊ុន​របស់ខ្លួន មិន​ចំណុះ​ឱ្យ​រដ្ឋ​បរទេស ​ឬរដ្ឋអំណាច​ណាមួយ​ឡើយ សូម្បី​មហាយក្ស​ចិន​ ក៏ទេ​ដែរ»​។ បន្ថែមពី​​នេះ តីកតុក បញ្ជាក់ថា «បើទោះ​បី​ជាមានរដ្ឋ​អំណាច​ណាមួយ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​តាម​ការ​ចោទប្រកាន់​ខាងលើ​មែននោះ​ ក៏​តីក​តុក​មិនព្រ​មធ្វើតាម​ដែរ»។

នៅ​ដំណាច់​ខែ​កុម្ភៈ​កន្លងទៅនេះ អាជ្ញាធរ​ទទួល​បន្ទុ​កខាងទូរគមនាគមន៍​និងអន្តរបណ្តាញរបស់​អាមេរិក​ បា​នផាកពិន័យ​ជាទឹកប្រាក់ ៥លាន​៧សែនដុល្លារ ចំពោះ​ក្រុម​ហ៊ុន ​TikTok ពីបទ​ល្មើស​ដែលក្រុមហ៊ុន​នេះ​ប្រមូល​យក​ទិន្នន័យ​ផ្ទាល់ខ្លួន របស់​អនីតិជន​ ក្រោម​អាយុ​១៣ឆ្នាំ ដោយ​គ្មាន​ការ​អនុញ្ញាតពីអាណាព្យាបាល។ តីកតុក ​​បដិសេធ​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ​ តែ​ក៏ទទួល​ស្គាល់​ដែរ ថានឹងគោរព​ច្បាប់​អាមេរិក ​៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ