អានតួអត្ថបទ
រុស្ស៊ី-អឺរ៉ុប

សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំងភ្នាក់ងារ​ស៊ើប​អង្កេត​​​រុស្ស៊ី​

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Herman Von Rompuy (រូប​ប្លង់​មុខ) និង​ប្រធាន​សហភាព​អឺរ៉ុប​ផុត​អណាត្តិ José Manuel Barroso
ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Herman Von Rompuy (រូប​ប្លង់​មុខ) និង​ប្រធាន​សហភាព​អឺរ៉ុប​ផុត​អណាត្តិ José Manuel Barroso REUTERS/Francois Lenoir

ក្រោយ​ហេតុការណ៍​​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល​ម៉ាឡេស៊ី នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន នៅ​ថ្ងៃ​សៅរ៍​ទី ២៦ កក្កដា​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​ដំឡើង​សំឡេង ពង្រឹង​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី។ មេដឹកនាំ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ ព្រមទាំង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​ជាច្រើន​ ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ពី​អឺរ៉ុប ពី​បទ​មាន​លូក​លាន់​ពាក់​ព័ន្ធ​នឹងវិបត្តិ​នៅ​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

 

បុគ្គល​១៥​នាក់ ក្នុង​នោះ​ម្នាក់​ជា​ប្រធានភ្នាក់ងារ​សហព័ន្ធ​សន្តិសុខ​FSB ​ម្នាក់​ ជា​ប្រធានភ្នាក់ងារ​ស៊ើប​អង្កេត​រុស្ស៊ី និងម្នាក់​ទៀត​ជា​ប្រធាន​ដែនដី​​ឆេកឆែន ព្រមទាំង​​អង្គភាព​ចំនួន​១៨របស់​រុស្ស៊ី ត្រូវ​បាន​ចាត់​បញ្ជូល​ក្នុង​បញ្ជី​ខ្មៅ​ថ្មី​​​​​របស់​​សហភាព​អឺរ៉ុប ដោយ​ត្រូវ​​បង្ក​ទ្រព្យ​ធន​នៅ​បរទេស​ និង​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ មក​អឺរ៉ុប ព្រោះ​បុគ្គល​ទាំង​នោះ​បាន​រំលោភ​បូរណភាព​ដែន​ដី​អ៊ុយក្រែន។

អ្នក​ទទួល​ខុសត្រូវ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី ត្រូវ​បាន​អឺរ៉ុប​ចោទ​ថា​ជា​អ្នក​ដែល​បាន​ចូល​រួម​ចំណែក​ និង​ដើរ​តួនយោបាយ​ដែល​មាន​លក្ខណៈ​ជ្រៀតជ្រែក​ និង​គំរាម​បូរណភាព​ ព្រមទាំង​ឯករាជភាព​អ៊ុយក្រែន។

ជា​សរុប​ គិត​ចាប់​តាំង​ពី​មាន​វិបត្តិ​អ៊ុយក្រែន​មក បញ្ជី​ឈ្មោះ​ទណ្ឌកម្ម​​ប្រឆាំង​នឹង​រុស្ស៊ី បាន​អូស​បន្លាយ​ដល់​៨៧​នាក់ និង​២០​អង្គភាព និង​ក្រុមហ៊ុន។ ក្រុមហ៊ុន​​ដែល​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ ភាគ​ច្រើន​មាន​ទីស្នាក់​ការ​ និង​ការិយាល័យ​នៅ​តំបន់​គ្រីមេ ដែល​រុស្ស៊ី​ទើប​រឹប​អូស​ពី​អ៊ុយក្រែន​យក​ទៅ​ធ្វើ​ជា​រណប កាលពី​ខែ​មីនា ២០១៤។

ទន្ទឹម​គ្នា​នេះ​ដែរ នៅ​សប្តាហ៍​ក្រោយ​ សហភាព​អឺរ៉ុប​នឹង​អនុម័ត​ទណ្ឌកម្ម​ប្រភេទ​តែ​មួយ​នេះ ប្រឆាំង​នឹង​បុគ្គល​ដែល​បាន​គាំទ្រ​​យ៉ាង​សកម្ម​ការ​ច្បាម​យកតំបន់​គ្រីមេ ការ​បង្ក​អស្ថិរភាព​ ឬ​យក​ចំណេញ​ពី​វិបត្តិ​នៅ​​ភាគ​ខាងកើត​អ៊ុយក្រែន។ បញ្ជី​ឈ្មោះ​នោះ​ទំនង​ជា​​អាច​មាន​ជាប់​មនុស្ស​ជំនិត​ ឬ​គ្រួសារ​សាច់​ញាតិ​លោក​ពូទីន​ផង។ ជាពិសេស​ទៅ​ទៀត សមាជិក​ទាំង​២៨​របស់​អឺរ៉ុប​ ត្រៀម​ជា​ស្រេច​នឹង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី ក្នុង​វិស័យ​ទីផ្សារ​ហិរញ្ញវត្ថុ ទីផ្សារ​លក់​អាវុធ បច្ចេកវិទ្យា ក្នុង​ផ្នែក​ថាមពល​ និង​អចលនទ្រព្យ​ដែល​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​ទ្វេ ស៊ីវិល​និង​យោធា ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ