អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​អ៊ុយក្រែន កំពុង​រុញ​ច្រាន​អូតង់​ឱ្យ​ប្តូរ​ផ្លាស់​​

សំឡេង ០៤:២១
អគ្គលេខាធិការ​អង្គការអូតង់ លោក  Anders Fogh Rasmussen នៅព្រុចសែល
អគ្គលេខាធិការ​អង្គការអូតង់ លោក Anders Fogh Rasmussen នៅព្រុចសែល REUTERS/Francois Lenoir

វិបត្តិ​អ៊ុយក្រែន ការ​រង្គោះ​រង្គើ​នៅ​ភាគ​ខាង​កើត​​ប្រទេស និង​ការ​ដំឡើង​សាច់​ដុំ​ដាក់គ្នា​ជាមួយ​រុស្ស៊ី បាន​និង​កំពុង​ជំរុញ​អង្គការ​អូតង់ឱ្យ​​​បង្កើន​ល្បឿន​បំផ្លែង​ខ្លួន។ ប៉ុន្តែ​ ការ​ប្តូរ​ផ្លាស់​នេះ ត្រូវ​ប្រឈម​នឹង​​គំនាប​ពីរ គឺ​សម្ពាធ​អន្តរជាតិ និង​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជា​សមាជិក។ ដូច្នេះ​សួរ​ថា​តើ​អង្គការ​អូតង់​អាច​សម្រេច​បំផ្លែង​ខ្លួនបានយ៉ាងណា និង​យ៉ាង​ ​ដូចម្តេច​ ?!

ផ្សាយពាណិជ្ជកម្ម

ជំងឺ​ចង់​ផ្តាច់​ខ្លួន​ ឬ​ជំងឺ​រណប​ទឹក​ដី​ កំពុង​ចង់​​លាប់រើ​ឡើង​វិញ នៅ​អ៊ុយក្រែន ! ខ្យល់​បដិវត្តចង់​ក្លាយ​ជា​រុស្ស៊ី កំពុង​បោក​បក់​លើ​ក្រុង​ភាគខាង​កើតអ៊ុយក្រែន​ជា​បន្ត​បន្ទាប់ ! តាំង​ពីថ្ងៃ​អាទិត្យ​ទី ៦​ មេសា​មក​ ក្រុម​អ្នក​គាំទ្រ​រុស្ស៊ី និយាយ​ភាសា​រុស្ស៊ី បាន​នាំ​គ្នា​បះបោរ​ ចូលកាន់​កាប់​ស្ថាប័ន​រដ្ឋបាល​របស់​រដ្ឋាភិបាល​តំបន់​ភាគ​ខាង​កើត និង​ជាប់​ព្រំដែន​ជាមួយ​រុស្ស៊ី ព្រម​ទាំង​ប្រកូក​ប្រកាស​សុំ​ជំនួយ​យោធា​ពី​រុស្ស៊ី​ឱ្យ​មក​ការពារ​ពួក​គេ​ប្រឆាំង​នឹង​ការ​បង្ក្រាប​របស់​កម្លាំង​មាន​សមត្ថកិច្ច ​ដែល​ជា​តំណាង​អំណាច​កណ្តាល​ក្រុង​គៀវ។​ថ្វី​ដ្បិត​តែ​​ពេល​នេះ​បាតុករ​នៅ​មាន​ទ្រង់ទ្រាយ​តូច កម្លាំង​មាន​តិច​ជាង​នៅ​គ្រីមេ ក៏​ពិត​មែន ប៉ុន្តែ​សេណារីយោ​ចង់​ក្រសោប​ទឹក​ដី​ពី​សំណាក់​រុស្ស៊ី​​ត្រូវ​បាន​ ហាក់​ដូច​ជា​នៅ​មិន​ឆ្ងាយ​សោះ មិន​អាច​ច្រាន​ចោទ​ទាំង​ស្រុង ឬឱ្យ​អត់​ព្រួយ​មិន​បាន​ទេ។

“ប្រសិន​បើ​រុស្ស៊ី​ហ៊ាន​ចូល​ធ្វើ​អន្តរាគមន៍​ច្រើន​ទៀ​ត​នៅ​អ៊ុយក្រែន​មែន នោះ​​ពិត​ជា​កំហុស​ជា​ប្រវត្តិ​សាស្ត្រ​ហើយ!” នេះ​ជា​ការ​ព្រមាន​របស់​លោក​ អាន់ដឺរ ហ្វូច រ៉ាម៉ូសិន ក្នុង​ពេល​ប្រជុំ​ពិភាក្សា​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃអង្គារ​ទី ៨​មេសា។ ជំនួប​ប្រជុំ​ក្រុង​ប៉ារីស​សប្តាហ៍​នេះ គឺ​​ ដើម្បី​ត្រៀម​រៀប​ចំ​ជំនួប​កំពូល​អូតង់ នៅ​ខែ​តុលា​ខាង​មុខ។​ ប៉ុន្តែដោយ​ហេតុតែ បរិបទ​ដ៏​តាន​តឹង​​​ ​​ស្ថានភាពកាន់​តែ​​ដុន​ដាប​នៅ​អ៊ុយក្រែន សន្តិសុខ​តំបន់​រង​ការ​គំរាម​កំហែង​ខ្លាំង អូតង់​មិន​អាច​នៅ​ឈរ​​ស្ងៀម​អោប​ដៃ​បាន​ទៀត​ទេ។

ប្រឈម​មុខ​នឹង​កាតព្វកិច្ច​រក្សា​សន្តិសុខអឺរ៉ុប អូតង់​បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី​ កុំ​ប្រើ​កម្លាំង​សម្រុក​ចូល​ក្នុង​ទឹក​ដី​អ៊ុយក្រែន និង​បាន​សុំទៅ​សម្ព័ន្ធ​មិត្ត​នៅ​បែក​បស្ចឹម​ ​ជាពិសេស​សហភាព​អឺរ៉ុប ឱ្យ​ប្រឹង​ប្រែង​ផ្នែក​ការពារ​ជាតិ។ សម្រាប់​អូតង់​ គឺ​ច្បាស់​ណាស់​ដែល​ថា សកម្មភាព​រុស្ស៊ី នៅ​អ៊ុយក្រែន ខុស​ច្បាប់ និង​មិន​ត្រឹម​ត្រូវ​ តំបន់​គ្រីមេ ត្រូវ​បាន​រុស្ស៊ី​ហែកដណ្តើម​​យក​ តាម​រយៈ​កម្លាំង និង​តាម​រយៈ​ប្រជាមតិ​គ្មាន​អ្នក​ទទួល​ស្គាល់ តំបន់ជាប់​ព្រំដែន​និយាយ​ភាសា​រុស្ស៊ី​របស់​​អ៊ុយក្រែន កំពុង​ត្រូវក្រុង​​ម៉ូស្គូ​​ច្រិប​​យក​បន្តិចម្តង។ ស្ថានភាព​វិវឌ្ឍន៍​នេះ​ហើយ​ដែល​រុញ​ច្រាន​អូតង់​ឱ្យ​ ពិនិត្យ ពិចារណា ​មើល​ឡើង​វិញ​ផែនការ​​របស់​ខ្លួន និង​ត្រៀម​រៀប​ចំ​យ៉ាង​សកម្ម​ការ​ការពារ​ប្រយោជន៍​សមូហភាព។ ផែនការ​សកម្ម​​មួយ​នឹង​ត្រូវ​ដាក់​ដំណើរ​ការ​ ដើម្បី​សម្រួល​កាន់​តែ​ខ្លាំង​ការ​រៀបចំ​ផែនការនេះ។ ចំណុច​ចាប់​ផ្តើម​ដំបូង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួត​ពិនិត្យ​ហើយ។

តើ​អូតង់​​ប្តូរ​ផ្លាស់​យ៉ាង​ដូច​ម្តេច ?

ការ​ប្តូរ​ផ្លាស់​ត្រូវ​ចាប់​ផ្តើម​ដោយ​ធ្វើឱ្យ​ប្រសើរ​ឡើង​លទ្ធភាព​នៃ​​អន្តរប្រតិបត្តិការកង​កម្លាំង​យោធា របស់​ប្រទេស​ជា​សមាជិក​​អូតង់ ទាំ​ង២៨ និង​ពង្រឹង​សមត្ថភាព​ពួក​គេ​ ក្នុង​វិស័យ​​ជា​ច្រើន ដូច​ជា ខាង​ផ្នែក​ស៊ើបអង្កេត ផ្នែក​ការ​ពារ​​ប្រឆាំង​នឹង​មីស៊ីល ផ្នែក​ត្រួត​ពិនិត្យ និង​ផ្នែក​គមនាគមន៍​ផ្លូវ​អាកាស។ ប្រទេស​ជា​សមាជិក​ទាំង​អស់​ត្រូវ​មាន​ទស្សនវិស័យ​ច្បាស់​លាស់​ចំពោះ​សមត្ថភាព​យោធា​របស់​ខ្លួន សម្រាប់​ការពារ​ជាតិ​ផ្ទាល់ និង​សម្រាប់​ចេញ​ធ្វើ​ប្រតិបត្តិការ​រួម​ ក្នុង​នាម​អូតង់ ឬ​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប ក៏​ដូច​ជា​ក្នុង​ក្រប​ខ័ណ្ឌ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ផ្សេងៗ។

ដើម្បី​អាច​សម្រេច​ការ​បំផ្លែង​ខ្លួន​បាន លោក​ រ៉ាមូសិន បាន​គាប​ប្រទេស​ជា​សមាជិក​ ជាពិសេស​អឺរ៉ុប ឱ្យ​ពង្រឹង​ជំហរ គិត​គូរ​បង្កើន​ថវិកា​ ឬ​ធ្វើ​យ៉ាង​ណា​រក្សា​វិស័យ​ការពារ​ជាតិឱ្យ​នៅ​តែ​ខ្លាំង​ គួ​រ​ទុក​ចិត្ត​បាន ដើម្បី​អាច​ជាប់​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងទៀត និយាយ​ឱ្យ​ចំ​គឺរុស្ស៊ី ដែល​ពេល​នេះ​បាន​ដំឡើង​កញ្ចប់​ថវិកា​​យោធាដល់​៣០%។ វា​ជា​ការ​គួរ​ឱ្យ​សោក​ស្តាយ​ណាស់ ដែល​ប្រទេស​ជា​សមាជិក​មួយ​ភាគ​តូច​របស់​អូតង់​ ចំណាយ​តែប្រមាណ​ជាង​២%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ប៉ុណ្ណោះ​ដល់​វិស័យ​ការ​ពារជាតិ។

តើ​នេះ​មាន​ន័យ​ថា ដល់​ពេល​ដែល​យើង​ត្រូវ​ហ៊ាន​ចំណាយ​ ហ៊ាន​ដាក់​លុយ​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិសុខឬ ? ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ហេតុ​តែ​វិបត្តិ​ហិរញ្ញវត្ថុ វិបត្តិ​បំណុល​សាធារណៈ ប្រទេស​នៅ​អឺរ៉ុប ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក បាន​នាំ​គ្នា​រិត​ត្បិត​ថវិកា ដើម្បី​កាត់​បន្ថយ​ឱនភាព​ជាតិ។ ការ​រិត​ត្បិត​​ថវិកា​ដែល​ប៉ះពាល់​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ការពារ​ជាតិ។ ប៉ុន្តែ​នៅ​ពេល​នេះ ពិភពលោក​កំពុង​ដើរ​មក​ដល់​របត់​ថ្មី វិបត្តិ​នៅ​អ៊ុយក្រែន និង​​​ស្ថានភាព​ជាក់​ស្តែង ក្នុង​ប្រទេស​នេះ​ អាច​ជា​លេស​គ្រប់គ្រាន់​ សម្រាប់​ប្តូរ​ទិសដៅ​និង​យុទ្ធសាស្ត្រ​នយោបាយ និង​បិទ​បញ្ចប់​ការ​កាត់​បន្ថយ​ថវិកា​យោធា​របស់​​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​អាត្លង់​ទិក​​។ ម្យ៉ាង​ទៀត ភាព​តាន​តឹង​ខ្លាំង​ជាមួយ​រុស្ស៊ី នាពេល​នេះ បញ្ជាក់​កាន់​តែ​ច្បាស់​ថា​អឺរ៉ុប​ត្រូវការ​វត្តមាន​អាមេរិក។

ជា​សរុប​ថ្វី​បើ​ ច្រក​នយោបាយ និង​សេដ្ឋកិច្ច ជា​ទណ្ឌកម្ម​ដំបូង​បង្អស់​ដែល​អូតង់ នឹង​យក​មក​ធ្វើ​ជា​អាវុធ​គំរាម​រុស្ស៊ី ការ​ពង្រីក​ពង្រឹង​​កម្លាំង​យោធា​​ ក៏​មិន​ត្រូវ​បាន​បណ្តែត​បណ្តោយ​ដូច​ពេល​មុន​ទៀត​ដែរ។ ​រូប​ភាពអូតង់​ថ្មី​ ​ទំនង​ជា​នឹង​អាច​លេច​ចេញ​ជា​រូបរាង​​នៅ​ខែ​កញ្ញា​ខាង​មុខ នា​ឱកាស​ជំនួប​កំពូ​ល​ប្រចាំ​ឆ្នាំ​​របស់​អង្គការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ