អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​ផ្តាច់ទឹកដី​និយម​អ៊ុយក្រែន​នៅតែ​កំណត់​​ការ​បោះឆ្នោត​ប្រជាមតិថ្ងៃ​​១១ឧសភា​ ទោះ​​​ជា​លោកពូទីន​សុំ​អោយ​លើកពេល

សំឡេង ០៤:៤៨
ប្រធាន​​សកម្មជន​ផ្តាច់ទឹកដី​និយម​​ក្រុងដូណេត លោក​ ​Denis Pushilin (រូបកណ្តាល) ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ព្រហស្បតិ៍​៨ឧសភា​នេះ។
ប្រធាន​​សកម្មជន​ផ្តាច់ទឹកដី​និយម​​ក្រុងដូណេត លោក​ ​Denis Pushilin (រូបកណ្តាល) ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ព្រហស្បតិ៍​៨ឧសភា​នេះ។ REUTERS/Marko Djurica

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​សកម្មជន​​ផ្តាច់ទឹកដី​និយម​​ក្រុងដូណេត​​ ភាគខាងកើត​អ៊ុយក្រែន បាន​ជុំគ្នា​​និង​​សម្រេច​​ថា មិន​លើកពេល​បោះឆ្នោត​​ប្រជាមតិ​​​​ ដែល​ត្រូវ​ធ្វើ​ថ្ងៃ​អាទិត្យ​១១ឧសភា​​ ចុង​សប្តាហ៍​នេះទេ ទោះ​ជា​ប្រធានាធិបតី​រុស្ស៊ី ​បាន​អំពាវនាវ​អោយ​ពួកគេ​​លើកពេល​ក៏ដោយ។ នៅថ្ងៃ​ពុធ​ម្សិលមិញ លោកពូទីន​បាន​អំពាវនាវ​អោយ​ក្រុម​ផ្តាច់​ទឹកដី​​និយម​​​​ លើក​ពេល​បោះឆ្នោត​ប្រជាមតិនេះ​ ​​​​ទៅពេលក្រោយ។ មុន​នេះ​បន្តិច អាជ្ញាធរ​ក្រុងគៀវ បាន​បដិសេធ​មិនព្រម​​ចរចា​​ជាមួយ​ក្រុមផ្តាច់ទឹកដី​និយម​ដាច់ខាត។

ផ្សាយពាណិជ្ជកម្ម

ក្រុមផ្តាច់ទឹកដី​និយមក្រុងដូណេត ​​មិនព្រម​លើកពេល​ធ្វើ​ប្រជាមតិ តាម​ការ​អំពាវនាវ​របស់​លោក​ពូទីន

ទោះ​ជា​ក្រុមផ្តាច់ទឹកដី​និយមគាំទ្រ​រុស្ស៊ីពេញ​ទី​ក៏ដោយ ​ក្រុម​នេះ​​មិនចង់​ពន្យារពេល​បោះឆ្នោត​ប្រជាមតិ​​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍​នេះ​ទេ ព្រោះថា មើល​អោយ​ដល់ទៅ​ ​អ៊ុយក្រែន​ក៏ត្រូវ​រៀបចំ​ការបោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី ​នៅថ្ងៃ​២៥ឧសភា​​ដែរ ពោល​គឺក្រោយ​ថ្ងៃ​ប្រជាមតិ​តែ​២សប្តាហ៍ ប៉ុណ្ណោះ។ ដូច្នេះ បើ​អ៊ុយក្រែនមានប្រធានាធិបតី​ថ្មី នោះ​​ប្រជាជន​ភាគខាងកើត​ដែល​គាំទ្រ​រុស្ស៊ី​អាចនឹង​បាត់បង់​សិទ្ធិ​របស់​ពួកគេ ប្រឈម​នឹង​រដ្ឋាភិបាល​ថ្មី​ដែល​លំអៀង​ទៅ​រក​អឺរ៉ុប​និង​អាមេរិក​នោះ។ ដូច្នេះ ថ្ងៃ​១១ឧសភា​នេះ ​​ជា​ឳកាស​ចុងក្រោយ​​​សម្រាប់​ក្រុងដូណេត​ ​ដើម្បី​ធ្វើប្រជាមតិ​ ប្រកាស​ឯករាជ្យភាព​ ភ្ជាប់​ខ្លួន​ចូល​ទឹកដី​រុស្ស៊ី។ ​អ្វីដែល​យើង​បារម្ភ​ពេលនេះ គឺថា បើ​ក្រុងគៀវ​នៅ​បន្ត​ប្រតិបត្តិការ​យោធា​ប្រឆាំង​​ក្រុមផ្តាច់ទឹកដី​និយម ការបោះឆ្នោត​ប្រជាមតិ​មិនដឹង​ថា តើ​អាច​ដំណើរការ​បាន​ស្រួល​រឺយ៉ាងណា​ទេ ព្រោះថា​ប្រជាជន​កំពុង​ភ័យខ្លាចខ្លាំង។

​អាជ្ញាធរ​ក្រុងគៀវ​​ចោទក្រុម​ផ្តាច់ទឹកដី​និយម​​ធ្ងន់ធ្ងរ​ ​រហូត​ដល់​ថ្នាក់​ថា ជា​ក្រុម​​​ក្រុម​ភេរវជន​ ដូច្នេះ​ អាជ្ញាធរ​​មិន​បន្ធូរដៃ​​​ក្នុង​ប្រតិបត្តិការ​យោធា​ទេ។ ​អាជ្ញាធរ​ក្រុងគៀវ​បាន​បដិសេធ​មិន​​ចរចា​ដាច់ខាត​​​ជាមួយ​ក្រុម​ផ្តាច់ទឹកដី​និយម​ទាំងនេះ។ លើសពីនេះ ​នាយក​រដ្ឋមន្ត្រី​អន្តរកាល​អ៊ុយក្រែន​ អ៊ីយ៉ាតសេនីយុក ​​​​ថែមទាំង​​ចោទ​លោក​ពូទីន​ថា ​​​​​​អំពាវនាវ​អោយ​លើកពេល​ប្រជាមតិ​​​ ​​​ដើម្បី​លក់​ខ្យល់ ព្រោះថា ការ​អំពាវនាវ​នេះ គ្មាន​ប្រយោជន៍​អ្វីទេ​​គ្មាន​ប្រយោជន៍​អ្វី​ទេ។

ដោយសារ​តែ​មូលហេតុ​ទាំងនេះ​ហើយ មើលទៅ ទើប​ក្រុមផ្តាច់​ទឹកដី​និយម​មិនព្រម​លើកពេល​​​បោះឆ្នោតប្រជាមតិ ព្រោះថា អាជ្ញាធរ​ក្រុងគៀវមិនព្រម​បន្ទន់​ជំហរ ​នៅតែ​ប្រឆាំង​ក្រុមខ្លួន និង​រុស្ស៊ី។

 
​ប្រធានាធិបតី​រុស្ស៊ី​​បាន​​សុំ​អោយ​​ក្រុមផ្តាច់ទឹកដី​​និយម​ភាគខាងកើត លើកថ្ងៃ​​បោះឆ្នោត​​​​​​ប្រជាមតិ​ ​​​១១ឧសភា ទៅ​ពេលក្រោយ ក្នុង​​ឱកាស​ទស្សនកិច្ច​របស់​ប្រធាន​អង្គការ​​សន្តិសុខ​​និង​ប្រតិបត្តិការ​អឺរ៉ុប​ ​នៅ​ក្រុង​ម៉ូស្គូ

ម្សិលមិញ​ ប្រធាន​​អង្គការ​​សន្តិសុខ​និង​សហ​ប្រតិបត្តិការ​អឺរ៉ុប​បាន​ជួបជាមួយ​លោក​ពូទីន ដើម្បី​បន្ថយ​ភាព​តានតឹង​​ក្នុង​វិបត្តិអ៊ុយក្រែន។ ​ដូច្នេះ ក្នុង​នាម​ជា​​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​​ចតុភាគី​​ក្រុងហ្សឺណែវ​ ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី​ក៏បង្ហាញ​ទៅ​អង្គការ​សន្តិសុខ​អឺរ៉ុប​វិញ​ដែរថា រុស្ស៊ី​​គ្មាន​បំណង​បង្កភាព​តានតឹង​​​​ក្នុង​រឿងរ៉ាវ​អ៊ុយក្រែន​​​​​​ទេ។ រុស្ស៊ី​មាន​​តែ​សកម្មនិង​មមា​ញឹក​​​ក្នុង​ការ​ចូលរួម​ដោះស្រាយ​ដើម្បី​អោយ​អ៊ុយក្រែនរក​បាន​ស្ថិរភាព សន្តិសុខ​ឡើងវិញ។ ​​ម្សិលមិញ វិមាន​ក្រិមឡាំង​ប្រាប់ថា ប្រសិន​បើ​ក្រុមផ្តាច់ទឹកដី​និយម​អ៊ុយក្រែន ​ស្តាប់​តាម​ការអំពាវនាវ​របស់​លោក​ពូទីន លើកថ្ងៃ​​បោះឆ្នោត​ប្រជាមតិ​ទៅពេលក្រោយ ហើយ​បើ​អាជ្ញាធរ​ក្រុងគៀវ​បញ្ឈប់​សកម្មភាព​យោធា​ប្រឆាំង​ក្រុម​ផ្តាច់ទឹកដី​និយម​ នោះ​វិបត្តិ​អ៊ុយក្រែន​​​អាច​នឹងបិទ​​បញ្ចប់​បាន។

កន្លងមក​​ ប្រតិបត្តិការ​យោធា​​អ៊ុយក្រែន​​បាន​សម្លាប់​មនុស្ស​ច្រើននាក់​ហើយ។ អំពើហិង្សា​ធ្ងន់ធ្ងរ​ចុងក្រោយគេ គឺ​អំពើហិង្សា​នៅ​ក្រុងអូដេសា​ភាគខាងត្បូង កាលពី​សប្តាហ៍​មុន។ អគ្គិភ័យ​និង​ការប្រឈម​រវាង​កងកម្លាំង​អ៊ុយក្រែន និង​សកម្មជន​គាំទ្រ​រុស្ស៊ី នៅ​ក្រុង​អូដេសា​​​ ​ បាន​សម្លាប់​មនុស្ស​ជាង​៤០នាក់។ ដូច្នេះ អ៊ុយក្រែន​រស់​រឺស្លាប់ ​​ទាល់តែ​ដោះស្រាយ​ហិង្សា​អោយ​បាន​ចប់សព្វគ្រប់​ជា​មុនសិន។ អំពើហិង្សា​ដែល​​នៅ​តែ​មាន​ជាប្រចាំ​នៅ​ភាគខាងកើត ដូច្នេះ​វា​អាច​ប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រជាមតិ​ថ្ងៃអាទិត្យ​នេះ។ ហើយ​ក៏អាច​បង្ក​ចលាចល​ដល់​​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន​ថ្ងៃ​២៥ឧសភា​ដូចគ្នា​ដែរ។

​​​ប៉ុន្តែ​ ការដែល​ក្រុងដូណេត​មិនព្រម​​លើកពេល​​ប្រជាមតិ ​ពេលនេះ​​​ ​​​ប្រឈម​នឹង​ការ​មិនព្រម​ចរចា​​​​​​ជាមួយ​​ក្រុមផ្តាច់ទឹកដីនិយម​ពីសំណាក់​អាជ្ញាធរ​ក្រុងគៀវ​ទៀត​ នោះ​រឹត​តែ​មិនអាច​បញ្ចប់​វិបត្តិ​​ក្នុងស្រុកទៅទៀត។ នាយករដ្ឋមន្ត្រី​​​អ៊ុយក្រែន យ៉ាតសេនីយុក ​​ប្រហែល​ជា​អាក់អន់​ចិត្ត​ចំពោះ​​​ប្រធាន​អង្គការ​​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​ ដែល​បាន​ចុះទៅ​ជួប​លោក​ពូទីន​នៅ​ក្រុង​ម៉ូស្គូ។ លោក​យ៉ាតសេនីយុក លើកឡើង​ថា ​គួរអោយ​ឆ្ងល់​ដែល​ការពិភាក្សា​បញ្ហា​​​អ៊ុយក្រែន​ បែរ​ជា​ធ្វើ​នៅ​ក្រុង​ម៉ូស្គូ គ្មាន​វត្តមាន​តួអង្គអ៊ុយក្រែន ហើយ​បែរ​ជា​ធ្វើ​តែ​រវាង​ភាគី​រុស្ស៊ី និងប្រធាន​អង្គការ​សន្តិសុខ​អឺរ៉ុប​ទៅវិញ។

​ភាពតានតឹង​នៅតែ​បន្ត ​​​អាមេរិក​​បាន​គំរាម​ដាក់​ទណ្ឌកម្ម​​ថ្មី​ៗទៀត ប្រសិន​បើ​ការ​បោះឆ្នោត​​​ប្រធានាធិបតី​​​ថ្ងៃ​២៥ឧសភា​ជួប​ភាព​ចលាចល។ ប៉ុន្តែ ​រុស្ស៊ី​​មិនដែល​និយាយផ្ទាល់​មាត់​​ថា រុស្ស៊ី​ប្រឆាំង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អ៊ុយក្រែន​​ទេ។ សម្រាប់​​រុស្ស៊ី​​​ ការដែលរុស្ស៊ី​ចោទ​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន​​ ថា​​​ជា​រឿង​មិន​ទំនង​ ក៏​ដោយសារ​តែ​អំពើហិង្សាដែល​នៅ​តែ​បន្តមាន​ ​​នៅ​ភាគខាងកើត​នោះដែរ។ ម្សិលមិញ ប្រធានាធិបតី​​រុស្ស៊ី​បាន​បង្ហាញ​​​ប្រធាន​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺតរ៉ុប​​ថា ខ្លួន​ខិតខំ​បន្ទន់​ជំហរ​ ​ចៀសវាង​ភាព​តានតឹង​​ជាមួយ​រដ្ឋាភិបាល​ក្រុងគៀវ ​អាមេរិក​ និង​អឺរ៉ុប។ ​​​លោក​ពូទីន​​​​ប្រាប់ដែរ​ថា រុស្ស៊ីបាន​ដកកងទ័ព​ចេញ​ពី​ព្រំដែន​​ជាប់​អ៊ុយក្រែនហើយ។ ប៉ុន្តែ អង្គការអូតង់​ថា មិន​ទាន់​មាន​ភស្តុតាង​​ ធ្វើអោយ​​រុស្ស៊ី​​ចោទ​​ទៅ​​​វិញ​ថា អង្គការ​អូតង់​ខ្វាក់​ភ្នែក​​ដែល​មិនបាន​ឃើញ​ថា កងទ័ព​រុស្ស៊ី​បាន​ដកថយ​ចេញ​ពី​ព្រំដែន​នោះ។

រូបភាពភាគខាងកើត​​អ៊ុយក្រែនពេលនេះ គឺ​ប្រៀបបាន​​​ទៅ​នឹង​សង្គ្រាម​ស៊ីវិល។ ​​ ទោះ​ជា​មានកិច្ចព្រមព្រៀង​ចតុភាគី រវាងអ៊ុយក្រែន ​អាមេរិក អឺរ៉ុប និង​រុស្ស៊ី​ក្តី ​ភាគី​និមួយៗ​​នៅតែ​បន្ត​ផ្គើន​​គំរាម​គ្នា​ទៅវិញ​ទៅមក មើលទៅ​វិបត្តិ​នេះ​មិនដឹង​ពេលណា​រកច្រកចេញ​បាន​ប្រាកដទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ