អានតួអត្ថបទ
ម៉ាឡេស៊ី

រដ្ឋSelangor​ ភាគកណ្តាល​ម៉ាឡេស៊ី​រឹបអូស​គម្ពីរ​ដែល​ប្រើពាក្យ​ អាឡា​ សម្រាប់​សំដៅ​ព្រះ​សាសនាគ្រិស្ត​

អ្នកកាន់​សាសនា​អ៊ីស្លាម​ម៉ាឡេស៊ី​២០០នាក់ បាន​អបអរ​សេចក្តី​សំរេច​របស់​តុលាការ​ដែល​​បាន​ហាមឃាត់​សារព័ត៌មាន​សាសនា​កាតូលិក​​មួយ មិនអោយប្រើពាក្យ អាឡា សំដៅ​ហៅ​ព្រះ​​ក្នុង​គ្រិស្ត​សាសនា​ ថ្ងៃ១៤តុលា២០១៣។
អ្នកកាន់​សាសនា​អ៊ីស្លាម​ម៉ាឡេស៊ី​២០០នាក់ បាន​អបអរ​សេចក្តី​សំរេច​របស់​តុលាការ​ដែល​​បាន​ហាមឃាត់​សារព័ត៌មាន​សាសនា​កាតូលិក​​មួយ មិនអោយប្រើពាក្យ អាឡា សំដៅ​ហៅ​ព្រះ​​ក្នុង​គ្រិស្ត​សាសនា​ ថ្ងៃ១៤តុលា២០១៣។ REUTERS/Samsul Said

នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅម៉ាឡេស៊ី អាជ្ញាធរ​​រដ្ឋសេឡាន់ហ្ករ ភាគកណ្តាល​ប្រទេស បាន​រឹបអូស​យក​គម្ពីរ​សាសនា​​ជាច្រើន​រយក្បាល​ ដែល​​ចែង​ប្រើពាក្យ​ថា អាឡា សម្រាប់​ហៅ​ព្រះក្នុង​សាសនាគ្រិស្ត។ អាជ្ញាធរ​ម៉ាឡេស៊ី​ក៏បាន​ចាប់​ខ្លួន​សមាជិក​ពីររូប​មកពី​សមាគម​គ្រិស្តសាសនា​​មួយ​កន្លែង​ផងដែរ។ អាជ្ញាធរ​ម៉ាឡេស៊ី​គិតថា ការប្រើប្រាស់​ពាក្យ​ថា អាឡា ជា​ព្រះ​របស់​អ្នកកាន់សាសនា​អ៊ីស្លាម ដើម្បី​​និយាយពី​ព្រះ​អ្នកកាន់​គ្រិស្តសាសនា​នោះ អាច​នឹង​​​អាច​អោយ​អ្នកកាន់សាសនា​អ៊ីស្លាម​មួយចំនួន​​ភ័ន្តច្រលំ​ និងអាច​ប្តូរ​ជំនឿ​សាសនា​របស់​ខ្លួន​បាន៕

ផ្សាយពាណិជ្ជកម្ម

កាលពី​ខៃតុលា តុលាការ​ម៉ាឡេស៊ី​បាន​ហាមឃាត់​សារព័ត៌មាន​សាសនា​កាតូលិក​​មួយ មិនអោយប្រើពាក្យថា អាឡា ដែល​ជា​ព្រះ​សាសនា​អ៊ីស្លាម​​ ដើម្បី​ហៅ​ព្រះនៅ​ក្នុង​គ្រិស្ត​សាសនា​នោះទេ។ ប៉ុន្តែ ដើម្បី​កុំអោយ​មានការអាក់អន់​ស្រពន់ចិត្ត​​ពីសំណាក់​អ្នកកាន់​សាសនា​គ្រិស្ត​​ នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បាន​​ធានាអះអាង​អ្នកកាន់​គ្រិស្តសាសនា​ថា ​អាជ្ញាធរ​នឹង​គោរព​សិទ្ធិ​របស់ពួកគេ​ក្នុង​ការប្រើពាក្យ​ថា អាឡា ដើម្បី​សំដៅ​លើ​ព្រះសាសនា​គ្រិស្ត​នោះ។

ទោះយ៉ាងនេះ​​ក្តី នៅថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​​រដ្ឋសេឡាន់ហ្ករ ភាគកណ្តាល​ប្រទេស ស្ថិតនៅ​​ក្បែរ​ទីក្រុង​កូឡាឡាំពួរនោះ ​បាន​រឹបអូស​​យក​​គម្ពីរ​សាសនា​១៦កាតុង ជា​កម្មសិទ្ធិ​របស់​​អង្គការ​សាសនា​គ្រិស្ត ឈ្មោះថា Bible Society of Malaysia។ គម្ពីរ​ទាំង​នោះ​មានរាប់រយក្បាល ចែង​ប្រើពាក្យ​អាឡា សំដៅ​លើ​ព្រះ​ក្នុង​សាសនា​កាតូលិក។ អាជ្ញាធរ​រដ្ឋសេឡាន់ហ្ករ បាន​ចាប់ខ្លួន​សមាជិក​ពីរ​រូប​នៃសមាគម​នេះ ស្រប​​តាម​ច្បាប់​មួយ​របស់​រដ្ឋ​ ដែល​បាន​លុបចោល​ការប្រើពាក្យ​អាឡា ក្នុង​សាសនា​គ្រិស្ត​។

លោក លី មិនឈូន ​ជា​ប្រធាន​អង្គការ​សាសនា​កាតូលិក​ និង​ត្រូវ​បាន​អាជ្ញាធរ​​ចាប់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានប្រាប់​ថា អង្គការ​របស់​លោកបាន​​ប្រើ​ប្រាស់​​គម្ពីរ​សាសនា​ទាំងនេះ តាំងពី​ឆ្នាំ​១៩៨៥​ម្ល៉េះ។ នេះ​ជាលើកទី១​ហើយ​ដែល​អង្គការ​លោក​ទទួល​រងការ​រឹបអូស​បែបនេះ។

ក្នុង​ចំណោមប្រជាជន​២៨លាននាក់ នៅម៉ាឡេស៊ី​ ប្រជាជន​៦០ភាគរយ ជា​អ្នកកាន់​សាសនា​អ៊ីស្លាម។ ប្រជាជន​កាន់ពុទ្ធ​សាសនា​​មាន​ជិត២០ភាគរយ ហើយ​អ្នកកាន់​គ្រិស្តសាសនា​មាន​១០ភាគរយ។ ទំនាក់ទំនង​​រវាង​អ្នកកាន់សាសនា​អ៊ីស្លាម​ និង​អ្នកកាន់គ្រិស្ត​សាសនា​​ចាប់​តានតឹង​ខ្លាំង​​ តាំង​ពី​ចុង​ឆ្នាំ២០០៩​ម្ល៉េះ។

កាលណោះ ក្រសួង​មហាផ្ទៃ​បាន​គំរាម​ដកហូត​អាជ្ញាបណ្ណ​របស់​សារព័ត៌មាន​កាតូលិក​ ឈ្មោះថា The Herald ដែល​បាន​ប្រើពាក្យ​អាឡា ដើម្បី​សំដៅ​លើ​ព្រះ​ក្នុង​គ្រិស្តសាសនា។

អាជ្ញាធរ​ម៉ាឡេស៊ី​គិតថា ការប្រើប្រាស់​ពាក្យ​ថា អាឡា ដែល​ជា​ព្រះ​របស់​អ្នកកាន់សាសនា​អ៊ីស្លាម ដើម្បី​​និយាយពី​ព្រះ​អ្នកកាន់​គ្រិស្តសាសនា​នោះ អាច​នឹង​​អោយ​​មាន​ការភ័ន្តច្រលំ​ ហើយ​អាច​អោយ​អ្នកកាន់សាសនា​អ៊ីស្លាម​មួយចំនួន​ ប្តូរ​ជំនឿ​សាសនា​របស់​ខ្លួន​បាន៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ