អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​កូរ៉េខាងជើង​អាច​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់ទោស​ក្នុង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែរ​ឬ​ទេ?

សំឡេង ០៧:១៩
មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ីល
មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ីល ©

កាលពីថ្ងៃ​អង្គារ ទី ១៨​វិច្ឆិកា នៅទីក្រុង​ញូវយ៉ក គណៈកម្មការ​ទី​បី​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស បាន​បោះឆ្នោត​ចេញ​សេចក្តីសម្រេច​មួយ ដើម្បី​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ដាក់ពាក្យ​បណ្តឹង ប្តឹង​កូរ៉េខាងជើង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ សេចក្តីសម្រេច​ដែល​ផ្តួចផ្តើម​គំនិត​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន​បានទទួល​ការគាំទ្រ​ពី​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន ១១១ នៅពេល​ប្រទេស​ចំនួន ១៩ ដូចជា​រុស្ស៊ី និង​ចិន បាន​បោះឆ្នោត​ប្រឆាំង។ ប្រទេស​ចំនួន ៥៥ ផ្សេងទៀត​បានបោះឆ្នោត​អនុប្បវាទ ដែល​នៅក្នុង​នោះ ក៏មាន​កម្ពុជា​ផងដែរ។ សូមបញ្ជាក់ថា សេចក្តី​សម្រេច​របស់​គណៈកម្មកាទីបី​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពី​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ទៅលើ​កូរ៉េខាងជើង ​បាន​បង្ហាញ​ពី​”ការរំលោភ​សិទ្ធិ​មនុស្ស ដែល​គ្មាន​អ្វី​ផ្ទឹម​លើ​លោក ក្នុង​សម័យកាល​បច្ចុប្បន្ន”។ 

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទីមួយ ដែល​គណៈកម្មការ​ទីបី​របស់​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​លើ​សេចក្តី​សម្រេច មិនធ្លាប់មាន ដើម្បី ថ្កោលទោស​កូរ៉េខាងជើង​ក្នុង​រឿង​រំលោភ​សិទ្ធិមនុស្ស។ ពីមុន​មក ឲ្យ​តែ​លើក​និយាយ​ពី​របាយការណ៍​ស្តី​ពី​ការរំលោភ​សិទ្ធិមនុស្ស គណៈកម្មការ​នេះ​បាន​ត្រឹម​តែ​គំរាម​ថា ចង់​ប្តឹង​កូរ៉េខាងជើង​តែប៉ុណ្ណោះ ប៉ុន្តែ មិន​ដែល​បាន​ធ្វើ​សកម្មភាព​ជាក់ស្តែង​មែន​ទែនទេ។

 
លើកនេះ មាន​ហេតុផល​មួយចំនួន​ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទីបី​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​តែ​វិធានការ​ជាក់ស្តែង ទៅលើ​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង។ ទីមួយ របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ដែល​ចេញ​ផ្សាយ​កាលពីខែ​កុម្ភៈ​ដើម​ឆ្នាំនេះ​បង្ហាញ​ពី​ការធ្វើ​ទុកបុកម្នេញ បង្អត់អាហារ ទៅលើ​ប្រជាជន ឬ​ការធ្វើ​ទារុណកម្ម ដ៏គួរ​ឲ្យ​ព្រឺក្បាល ទៅលើ​អ្នកទោស​នយោបាយ ឬ​ទៅលើ​អ្នកទោស​សាមញ្ញ នៅក្នុង​ពន្ធនាគារ​កូរ៉េខាងជើង។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ កម្រាស់ ៤០០​ទំព័រ បាន​ស្រង់​សំដី​របស់​ជនរងគ្រោះ​កូរ៉េខាងជើង​ដែល​បាន​បង្ហាញ​ពី​ស្លាកស្នាម​នៃ​ការធ្វើ​ទារុណកម្ម នៅលើ​ដងខ្លួន​របស់​ជនរងគ្រោះ។

ទី​ពីរ​ទៀត គឺ​អាច​មកពីការ​ចូលរួម​យ៉ាងសកម្ម​របស់​ជប៉ុន ក្នុង​ដំណើរការ​ថ្កោលទោស​មេដឹកនាំ​កូរ៉េខាងជើង ក្នុងរឿង​រំលោភសិទ្ធិមនុស្ស។ ជប៉ុន​ដែល​មិន​ត្រូវគ្នា​ជាមួយ​កូរ៉េខាងជើង ដោយសារ​តែ​ការគំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ បាន​រួម​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​សរសេរ​សេចក្តី​សម្រេច​នេះ​ឡើង។

រុស្ស៊ី និង​ចិន នឹង​ធ្វើវេតូ​ដោយ​ប្រាកដ មិន​ឲ្យ​គេ​យក​កូរ៉េខាងជើង​ទៅ​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
សេចក្តីសម្រេច​របស់​គណៈកម្មការ​ទីបី​របស់​អង្គការ​សហប្រជាជាតិ គ្មាន​សិទ្ធិ​អំណាច​អ្វី​ទៅ​អូស​ចាប់​មេដឹកនាំ​កូរ៉េខាងជើង យក​ទៅ​កាត់ទោស​ទេ។ សេចក្តីសម្រេច​របស់​គណៈកម្មការ កាលពី​ថ្ងៃ​អង្គារ មាន​ខ្លឹមសារ​ត្រឹម​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ជា​អ្នក​មាន​សិទ្ធិ​អំណាច​អ្នកប្តឹង​មេដឹកនាំ​កូរ៉េខាងជើង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

មុន​នឹង​ទៅ​ដល់​ដៃ​ក្រុមប្រឹក្សា​សន្តិសុខ សេចក្តីសម្រេច​របស់​គណៈកម្មការ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​គាំទ្រ នៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​នឹង​ត្រូវ​​រៀបចំ​នៅ​ ​ប៉ុន្មាន​សប្តាហ៍​ទៀត។

ដោយសារ​តែ​សេចក្តីសម្រេច​បាន​ទទួលការគាំទ្រ​លើសលប់​នៅ​គណៈកម្មការ ទីបី គេ​សង្ឃឹម​ថា សេចក្តី​សម្រេច​នេះ នឹង​ទទួល​ការគាំទ្រ​បន្តទៀត នៅ​មហាសន្និបាត។ ប៉ុន្តែ អ្វី​ដែល​ជា​ឧបសគ្គ គឺ​នៅ​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ គេ​រំពឹង​រួច​ហើយ​ថា ចិន សមាជិក​អចិន្រ្តៃយ៍ នឹង​ប្រើ​សិទ្ធិ​វេតូ​ដើម្បី​ការពារ កុំ​ឲ្យ​គេ​នាំ​យក​មេដឹកនាំ​កូរ៉េខាងជើង ទៅ​កាត់ទោស​នៅ​តុលាការ​អន្តរជាតិ។ បេសកជន​កូរ៉េខាងជើង​កំពុង​ស្ថិតនៅ​ប្រទេស​រុស្ស៊ី ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ទីក្រុង​ម៉ូស្គូ ជួយ​ការពារ​កូរ៉េខាងជើង​ដែរ។

តាម​ទីក្រុង​ព្យុងយ៉ាង សេចក្តី​សម្រេច​ប្រឆាំង​នឹង​កូរ៉េខាងជើង ក្នុង​រឿង​សិទ្ធិមនុស្ស ជារឿង​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​វ៉ាស៊ីនតោន និង​បក្សពួក។ នៅទីក្រុង​ញូវយ៉ក ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ថែមទាំង​បាន​គំរាម​សហភាព​អឺរ៉ុប និង​ជប៉ុន​ដែល​ជា​អ្នកស្នើ​សេចក្តីសម្រេច ពី​ផលវិបាក ដែល​ពួកគេ​នឹង​អាចជួប។ តាម​អ្នកតំណាង​របប​កុម្មុយនិស្ត​ព្យុងយ៉ាង សេចក្តី​សម្រេច​ចង់​ឲ្យ​មាន​ការថ្កោលទោស​មេដឹកនាំ​កូរ៉េខាងជើង​ជា​សកម្មភាព​ញុះញង់ ជំរុញ​ឲ្យ​កូរ៉េខាងជើង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​សា​ជា​ថ្មី​ទៀត។

កន្លងមក រុស្ស៊ី និង​ចិន ដែល​មាន​សិទ្ធិធ្វើ​វេតូ​នៅក្រុមប្រឹក្សា​សន្តិសុខ មិនមែន​ចេះ​តែ​គាំទ្រ​កូរ៉េខាងជើង​រហូតនោះទេ។ ក្នុងរឿង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ រុស្ស៊ី និង​ចិន បាន​ប្រឆាំង​នឹង​កូរ៉េខាងជើង រហូត​ចូលរួម​បោះឆ្នោត​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​ព្យុងយ៉ាង។

ប៉ុន្តែ បើ​និយាយ​ពី បញ្ហា​សិទ្ធិមនុស្ស​វិញ សម្រាប់​ចិន និង​រុស្ស៊ី វា​ជារឿង​ដ៏រសើប ព្រោះ​បើ​តាម​ប្រទេស​ទាំងពីរ វា​អាច​ចេញមកពី​គំនិត​របស់​អាមេរិក​ដែល​ចង់​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង។ ម្យ៉ាងទៀត វា​មិនមែន​ជា​រឿង​ចម្លែកទេ ដែល​ចិន​ចង់​ឲ្យ​គេ​ជៀសវាង​មិន​និយាយ​បញ្ហា​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង។ ចិន​ខ្លួន​ឯង​ក៏​ត្រូវ​រងការរិះគន់​ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អាមេរិក។

រហូត​មក​ដល់​ពេល​នេះ ចិន​មិន​ដែល​បើកផ្លូវ​ឲ្យ​មាន​ក្រុមស៊ើបអង្កេត​ផ្នែក​សិទ្ធិមនុស្ស​ក្នុង​ទឹកដី​ចិនទេ។ លើសពីនោះ ចិន​ឧស្សាហ៍​ចាប់បញ្ជូន​រាល់ជនជាតិ​កូរ៉េខាងជើង ទៅ​ឲ្យ​របប​កុម្មុយនិស្ត​ព្យុងយ៉ាងវិញ នោះទោះបី​ជា​មាន​សេចក្តី​រាយការណ៍​ថា ប្រជាជន​កូរ៉េខាងជើង​ទាំងនោះ​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស ប្រហារ​ជីវិត ឬ​ការធ្វើ​ទារុណកម្ម នៅពេល​ត្រូវ​បញ្ជូន​ទៅ​ទឹកដី​កូរ៉េខាងជើង​ក្តី។ តាមអ្នកជំនាញមួយចំនួន ចិន​ចាប់បញ្ជូន​ប្រជាជន​កូរ៉េខាងជើង ឲ្យ​ទៅ​ប្រទេស​កំណើត​វិញ ព្រោះចិន​ខ្លាច ប្រទេស​កុម្មុយនិស្ត​ជិតខាងមួយ​នេះ​ជួប​បញ្ហា​អស្ថិរភាព ដែល​នឹង​អាច​ផ្តល់​ផលវិបាក រីករាលដាល បន្ទាប់មកទៀត ចូល​ទៅក្នុង​ទឹកដីចិន ដែល​នៅ​ជាប់របង​ជាមួយ​កូរ៉េខាងជើង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ