អានតួអត្ថបទ
អ៊ុយក្រែន

អ.ស.ប.​ថា​ការ​បាញ់ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​នៅ​អ៊ុយក្រែន​អាច​ចាត់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម

លោកស្រី​ណាវី ភីឡៃ (Navi Pillay) អគ្គស្នងការ​សិទ្ធិមនុស្ស​អ.ស.ប (រូបថតឯកសារ)
លោកស្រី​ណាវី ភីឡៃ (Navi Pillay) អគ្គស្នងការ​សិទ្ធិមនុស្ស​អ.ស.ប (រូបថតឯកសារ) Reuters

លោកស្រី​ណាវី ភីឡៃ (Navi Pillay) អគ្គស្នងការ​សិទ្ធិមនុស្ស​អ.ស.ប បាន​លើកឡើង នៅថ្ងៃ​ចន្ទ​នេះ​ថា ការ​បាញ់​ទម្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ Malaysia Airlines នៅ​តំបន់​ប៉ែក​ខាង​កើត​អ៊ុយក្រែន កាលពីថ្ងៃ​ទី១៧​កក្កដា អាច​ត្រូវ​ចាត់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។ នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ ប៉ូលិស​ហូឡង់ និង​អូស្រ្តាលី បាន​ព្យាយាម​​ជាលើកទី២​ ដើម្បី​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ទីតាំង​ធ្លាក់​យន្តហោះ ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ លោកស្រី​ណាវី ភីឡៃ បាន​ធ្វើការ​ថ្កោលទោស​ “ការបាញ់​ទម្លាក់” យន្តហោះ​ដឹកអ្នក​ដំណើរ​របស់​ក្រុមហ៊ុន Malaysia Airlines នៅ​ខាង​កើត​អ៊ុយក្រែន ដែល​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ចំនួន ២៩៨​ត្រូវ​បាត់បង់​ជីវិត ដោយ​ចាត់ទុកថា​ជា​ “ការ​រំលោភច្បាប់​អន្តរជាតិ ដែល​អាច​ចាត់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម”។ លោកស្រី​អគ្គស្នងការ​សិទ្ធិមនុស្ស​អ.ស.ប ក៏​បាន​ទាមទារ​ផងដែរ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ម៉ត់ចត់​បំផុត​ទៅលើ​ករណី​នេះ។

ការទាមទារ​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ដំណើរការ​ស៊ើបអង្កេត​លើ​ករណី​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​​​នេះ កំពុងតែ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ខ្លាំង ដោយសារ​តែ​ទីតាំង​ដែល​យន្តហោះ​ធ្លាក់ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី ហើយ​ការ​វាយប្រយុទ្ធគ្នា រវាង​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុម​ឧទ្ទាម​នៅតែ​កើតមាន នៅ​ជុំវិញ​តំបន់​នោះ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ស៊ើបអង្កេត​មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន។ សូម្បី​តែ​បំណែក​សាកសព​អ្នក​ដំណើរ​លើ​យន្តហោះ​ក៏​នៅមិនទាន់​ត្រូវ​បានយក​ចេញ​អស់​នៅឡើយដែរ រហូត​មក​ទល់​នឹង​ពេលនេះ។

កាលពីប៉ុន្មានថ្ងៃ​កន្លងទៅនេះ ហូឡង់ និង​អូស្រ្តាលី​បាន​ជជែក​គ្នា អំពី​គម្រោងការណ៍​បញ្ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចូល​ទៅ​គ្រប់គ្រង​កន្លែង​ធ្លាក់​យន្តហោះ ក៏ប៉ុន្តែ ក្រោយ​មក​បាន​លុបចោល​គម្រោង​នេះ​ទៅវិញ ដោយ​បារម្ភ​ខ្លាច​ផុងខ្លួន​នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​អ៊ុយក្រែន ជាពិសេស ដោយ​មើល​ឃើញ​ថា ទីតាំង​ធ្លាក់​យន្តហោះ​នេះ​ស្ថិត​នៅ​ក្បែរ​នឹង​ព្រំដែន​ជាមួយ​រុស្ស៊ី។

ចុងក្រោយ កាល​ពីថ្ងៃ​អាទិត្យ ​ហូឡង់ និង​អូស្រ្តាលី ​បាន​សម្រេច​បញ្ជូន​ក្រុម​ប៉ូលិស​ដោយ​មិនបំពាក់​អាវុធ​ឲ្យ​ចូល​ទៅ​កាន់​ទីតាំង​ធ្លាក់​យន្តហោះ​ មាន​​ក្រុម​អ្នក​សង្កេតការណ៍​របស់អង្គការ OSCE អម​ដំណើរ​ទៅជាមួយ។ ក៏ប៉ុន្តែ ធ្វើ​ដំណើរ​បាន​ពាក់​កណ្តាល​ផ្លូវ ទាំង​ប៉ូលិសហូឡង់​និង​អូស្រ្តាលី និង​ទាំង​ក្រុម​អ្នក​សង្កេតការណ៍​របស់ OSCE បាន​បកក្រោយ​មក​វិញ ក្រោយ​ពី​ឃើញ​មាន​ការ​បាញ់​ផ្លោង​កាំភ្លើងធំ នៅ​ក្បែរ​ទីតាំង​ធ្លាក់​យន្តហោះ​នេះ។ ពួកគេព្យាយាម​ម្តងទៀត​ នៅថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​យោងតាម​ការអះអាង​របស់​អគ្គនាយករង​នៃ​ប៉ូលិស​អូស្រ្តាលី។

គួរបញ្ជាក់ផងដែរ​ថា បើ​យោងតាម​របាយការណ៍​របស់​អ.ស.ប គិត​មក​ត្រឹម​ថ្ងៃ​ទី២៦​កក្កដា​នេះ ជម្លោះ​ប្រដាប់អាវុធ​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១១២៩នាក់ ត្រូវ​បាត់បង់​ជីវិត និង​ ៣៤៤២នាក់​ផ្សេង​ទៀត​ត្រូវ​រងរបួស។ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​វិញ​បាន​កំណត់ជាផ្លូវការ កាល​ពីសប្តាហ៍​មុនថា វិបត្តិ​នៅ​ខាងកើត​អ៊ុយក្រែន​នេះ​ត្រូវ​ចាត់បញ្ចូល​ជា​សង្រ្គាម​ស៊ីវិល ដែល​មានន័យថា ភាគី​ជម្លោះ​ត្រូវ​តែ​គោរព​ ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ស្តីពី​ច្បាប់​សង្រ្គាម ហើយ​ការ​រំលោភ​លើ​អនុសញ្ញា​នេះ​នឹង​ត្រូវ​ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​អាច​ត្រូវ​ជំនុំជម្រះ​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ