អានតួអត្ថបទ
ចិន-ទីបេ

អគ្គិភ័យ​ត្របាក់​ភូមិ​ទីបេ​មួយកន្លែង​ ដែលមាន​អាយុកាល​ជាង​១ពាន់ឆ្នាំ​

ភូមិ​ទីបេ Shangri-La កំពុង​រង​ការ​ឆាបឆេះ ព្រឹកថ្ងៃសៅរ៍ ១១មករា នេះ។
ភូមិ​ទីបេ Shangri-La កំពុង​រង​ការ​ឆាបឆេះ ព្រឹកថ្ងៃសៅរ៍ ១១មករា នេះ។ Reuters

នៅ​ថ្ងៃ​សៅរនេះ ភូមិ​ទីបេ​មួយកន្លែង​ ដែល​មាន​អាយុកាល​​ជាង​១ពាន់ឆ្នាំ ស្ថិត​ក្នុង​ខេត្ត​យូណាន ភាគខាង​លិច​ប្រទេស​ចិន បាន​រង​​ការត្របាក់​ដោយអគ្គិភ័យ​មួយ បំផ្លាញ​ផ្ទះសំបែង​​​អស់​ជាង​មួយរយខ្នង។ គ្មាន​ជនណាម្នាក់​រងគ្រោះ ក្នុង​ហេតុការណ៍​នេះទេ។ ក្រុមពន្លត់​អគ្គិភ័យ​ជាងមួយពាន់​នាក់ រួម​អ្នកស្ម័គ្រចិត្ត​ជាច្រើន​ទៀត បាន​នាំគ្នា​​ចុះ​យុទ្ធនាការ​ពន្លត់ភ្លើង។ ការខូចខាត​ដោយ​អគ្គិភ័យ​នេះ អាច​មានជាទឹកប្រាក់​រហូត​ដល់​ជាង​១០០លានយ័ន ត្រូវ​នឹង​១២លានអឺរ៉ូ។

ផ្សាយពាណិជ្ជកម្ម

នៅ​ខេត្ត​យូណាន​ភាគខាង​លិច​ប្រទេស​ចិន ​ភូមិ​ទីបេ​ អាយុកាល​ជាងមួយពាន់ឆ្នាំ ដែល​រងការ​ខូចខាត​ដោយ​អគ្គិភ័យ​ ឈ្មោះថា ​ Dukezong ឌូខឺស៊ុង។ ភ្លើង​បានចាប់​ឆេះឡើង​ បំផ្លាញ​ភូមិ​ដ៏ល្បី​នេះ តាំងតែ​ពី​ពាក់កណ្តាល​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​ម្ល៉េះ។ ​ភ្លើង​បាន​ឆាបឆេះ​អស់​៩ម៉ោង រាលដាល​​សន្ធោរសន្ធៅ​ឡើង ​នៅតាម​ដងផ្លូវ​ដែល​សំបូរ​​ដោយ​ផ្ទះសំបែង​ប្រពៃណី ជាច្រើន​ខ្នង។​​ គេហទំព័រ​រដ្ឋ​ចិន​បាន​បង្ហាញរូបថត​ អគ្គិភ័យ​ដែល​ឆេះ​រោល​ត្របាក់​​ផ្ទះសំបែង​ រហូត​បញ្ចេញ​ពន្លឺ​ក្រហម​ឆ្អិនឆ្អៅ។ ​ ​អគ្គិភ័យ​នេះ អាច​បង្ក​ការខូចខាត​ជាទឹកប្រាក់​រហូត​ដល់​១២លានអឺរ៉ូ។

គួរ​បញ្ជាក់ថា ក្នុង​ខេត្ត​យូណាន​ ភាគខាងលិច​ចិន ភូមិទីបេ Dukezong នេះ ​បាន​ចាប់​កំណើត​​ឡើង​​ ១៣០០ឆ្នាំ​មកហើយ ​​មានផ្ទៃ​ក្រឡា ១៦គីឡូម៉ែត្រ​​​ការ៉េ មាន​​ផ្ទះសំបែង​ប្រមាណ​៧០០ខ្នង។ ភូមិវប្បធម៌​នេះ​ល្បី​របស់​ទីបេ​នេះ ​​សំបូរ​ដោយ​ផ្ទះ​ប្រពៃណី​ធ្វើឡើង​ពី​ឈើ ហើយ​ត្រូវ​បាន​រក្សា​ទុក​យូរអង្វែង​​មកហើយ។ ភូមិ​នេះ ស្ថិត​ក្នុង​​​សង្កាត់​ដែល​ជនជាតិ​ទីបេ​អោយ​ឈ្មោះថា Gyalthang ហើយ​ជាទូទៅ​ចិន​ហៅថា Zhongdian ជុងទា។ ប៉ុន្តែ​ កាលពី​ឆ្នាំ២០០១ ​អាជ្ញាធរ​ចិន​ដាក់ឈ្មោះ​ភូមិនេះជាថ្មីទៀត​​ថា Shangri-La។ ជា​ឈ្មោះ​ដែល​​អ្នកនិពន្ធ​អង់គ្លេស ចេម ហ៊ីលតុន ធ្លាប់​បាន​ពិពណ៌នា​ ពី​ភូមិ​ទេវកថា ហ៊ីម៉ាឡៃយ៉ា​នេះ ក្នុង​សៀវភៅ​ប្រលោមលោក​របស់​គាត់ កាលពី​ឆ្នាំ១៩៣៣។ អាជ្ញាធរចិន​​សង្ឃឹមថា​ តាមរយៈ​ឈ្មោះ​ថ្មី Shangri-Laនេះ ​ភូមិវប្បធម៌​ទីបេ​មួយនេះ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​បាន​ច្រើនថែមទៀត។ ​​

ដោយឡែក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​មជ្ឈមណ្ឌល​ពុទ្ធសាសនា​ទីបេ​មួយកន្លែង​​ ក្នុង​ខេត្ត​ស៊ីជ័ន ក៏បាន​រងអគ្គិភ័យ​ផងដែរ។ អាជ្ញាធរ​បាន​បើកការ​ស៊ើបអង្កេត​ លើ​អគ្គិភ័យ​នេះ ប៉ុន្តែ គ្មាន​តម្រុយណាមួយ​នៅឡើយទេ។ អាជ្ញាធរ​​ចិន​បានដាក់​​មជ្ឈមណ្ឌល​​នេះ​​ ​ក្រោម​​ការ​​ត្រួតពិនិត្យ​របស់​ខ្លួន​​​ ព្រោះ​​អាជ្ញាធរ​​​​ចោទ​​​មជ្ឈមណ្ឌល​នេះ​​ ថា​​បាន​​​​ផ្តល់ជម្រក​​ដល់​​​​សកម្មជន​ដែល​​​គាំទ្រ​​សង្ឃ​ដាឡៃ ឡាម៉ា៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ