អានតួអត្ថបទ
វៀតណាម

តុលាការ​វៀតណាម​ដាក់ទោស​ប្រហារជីវិត​លើ​ស្ត្រីថៃ​ម្នាក់​និង​បុរស​នីហ្សេរីយ៉ា​ម្នាក់​ ពីបទ​ជួញដូរ​គ្រឿងញៀន​

នៅ​វៀតណាម ជន​ណា​ដែល​មាន​គ្រឿងញៀន​អេរ៉ូអ៊ីន​លើសពី​​៦០០ក្រាម​ នៅជាប់​នឹង​ខ្លួន​ នឹង​​ឈាន​ដល់​​ទោស​ប្រហារ​ជីវិត។
នៅ​វៀតណាម ជន​ណា​ដែល​មាន​គ្រឿងញៀន​អេរ៉ូអ៊ីន​លើសពី​​៦០០ក្រាម​ នៅជាប់​នឹង​ខ្លួន​ នឹង​​ឈាន​ដល់​​ទោស​ប្រហារ​ជីវិត។ UNODC/Flemming Quist

នៅដើម​សប្តាហ៍​នេះ តុលាការ​វៀតណាម​បាន​​​ដាក់​ទោស​ប្រហារជីវិត​លើ​ស្ត្រីជនជាតិ​ថៃ​ម្នាក់ ​និង​បុរសជនជាតិ​​នីហ្សេរីយ៉ា​ម្នាក់​ ពី​បទ​ជួញដូរ​គ្រឿងញៀន។​ គ្មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សវនការ​កាត់ទោស​ជន​បរទេស​ទាំងពីរ​រូប​នេះទេ។ ​សារព័ត៌មាន​ផ្លូវការ​​វៀតណាម​​បាន​ផ្សព្វផ្សាយ​អោយ​ដឹង​ពី​ការ​កាត់ទោសនេះ​​ តែ​ម្តង​​គត់ គឺ​នៅ​ពេល​ដែល​តុលាការ​ប្រកាស​ការ​​វិនិច្ឆ័យទោស​តែម្តង។​ ​ច្បាប់​ប្រឆាំងគ្រឿងញៀនរបស់​វៀតណាម ជា​ច្បាប់​មួយ​​តឹងតែ​ង​ជាង​គេ​បំផុត​ លើ​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​ហូជីមិញ តុលាការ​វៀតណាម​បាន​បើកសវនការ​កាត់ទោស​ចំនួន​ពីរ​ដាច់​ដោយឡែក​ពីគ្នា លើ​រូប​​​ជនជាប់ចោទ​ជនជាតិ​ថៃ និង​ជនជាតិ​នីហ្សេរីយ៉ា។ ស្ត្រីជនជាតិ​ថៃ​​ឈ្មោះ​ ឆៃមង្គល ស៊ួរ៉ាឆា អាយុ​៣១ឆ្នាំ បាន​ទទួល​ទោស​ប្រហារ​ជីវិត​ កាលពី​ថ្ងៃ​អង្គារ​ ពី​បទ​នាំ​​កូកាអ៊ីន​ពីរ​គីឡូក្រាម​ ពី​ប្រទេស​ប្រេស៊ីល​ចូល​ក្នុងដែន​ដី​វៀតណាម។ អាជ្ញាធរ​វៀតណាម​បាន​រកឃើញ​គ្រឿងញៀន​ទាំងនេះ បង្កប់​ទុក​នៅ​ក្នុង​សៀវភៅ​រូបថតពីរក្បាល។ ស្រ្តី​ថៃ​រូប​នេះ​បាន​ទទួលស្គាល់​ថា បាន​ទទួល​លុយកាក់​ដើម្បី​ដឹក​សៀវភៅ​រូបថត​ទាំងនេះ​មក​វៀតណាម ប៉ុន្តែ​បដិសេធ​ថា​ មិន​បាន​ដឹង​ថាសៀវភៅ​ទាំង​នេះ​​មាន​លាក់ទុក​គ្រឿងញៀន​យ៉ាងដូច្នោះ​ឡើយ។

​បុរស​ជនជាតិ​នីហ្សេរីយ៉ាវិញ ​មាន​អាយុ​៣១ឆ្នាំ​ដែរ បាន​​ទទួលទោសប្រហារជីវិត​​​កាលពី​ថ្ងៃ​អង្គារ​ ​ពី​បទ​ជួញដូរ​​ថ្នាំ​ញៀន​មេតំហ្វេតាមីន​​ជិត​​៣គីឡូ​កន្លះ​ យក​​ពី​ប្រទេស​កាតារ ចូល​មក​វៀតណាម។  

ច្បាប់​ប្រឆាំង​គ្រឿងញៀន​នៅវៀតណាម​ ជាច្បាប់​មួយ​ដ៏តឹង​តែង​បំផុត នៅ​ក្នុង​ពិភពលោក។ ជន​ណា​ដែល​មាន​គ្រឿងញៀន​អេរ៉ូអ៊ីន​លើសពី​​៦០០ក្រាម​ នៅជាប់​នឹង​ខ្លួន​ នឹង​​ឈាន​ដល់​​ទោស​ប្រហារ​ជីវិត។ យោងតាម​អាជ្ញាធរ​​ សព្វថ្ងៃ​នេះ អ្នកទោស​ដែល​ត្រូវ​ប្រហារជីវិត​នៅ​វៀតណាម​ មាន​ជាង​៥៨៦នាក់ ហើយ​ក្នុង​នោះ​ យ៉ាងហោច​១១៧​នាក់ អាច​នឹង​ត្រូវ​នាំទៅ​ប្រហារជីវិត​ភ្លាមៗ​តែម្តង។​

កាលពី​ឆ្នាំ​២០១២ តុលាការ​វៀតណាម​ធ្លាប់បាន​​ដាក់​ទោសប្រហារជីវិត​លើ​​​និស្សិត​ស្រី​ជនជាតិ​ថៃ​ម្នាក់​ដែរ ដោយសារ​តែ​​នាង​បាន​នាំ​គ្រឿងញៀន​សំយោគ​ពី​ប្រទេស​បេណាំង ​ចូលមក​​វៀតណាម។ ហើយ​ក៏​មាន​ស្ត្រី​ជនជាតិ​ហ្វីលីពីន​អាយុ​៦១ឆ្នាំ​ម្នាក់​ដែរ ជាប់ទោស​ប្រហារជីវិត​ កាលពី​ខែ​តុលា កន្លងទៅ​ ដោយសារ​តែ​នាំ​គ្រឿង​ញៀន​មេតំហ្វេតាមីន​ចូល​វៀតណាម។

យោងតាម​​អង្គការ​សិទ្ធិ​មនុស្ស Amnesty International តាំង​ពី​ដើមឆ្នាំ​២០១៣​មកតុលាការ​វៀតណាម​បាន​ដាក់ទោស​ប្រហារជីវិត​មនុស្ស​២៣​នាក់​រួច​មកហើយ។ភាគច្រើន​ជា​​ឧក្រិដ្ឋជន​​សំលាប់​មនុស្ស​​ និង​​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ