អានតួអត្ថបទ
បារាំង-អាមេរិក

អាមេរិក​ព្យាយាម​រំងាប់កំហឹង​បារាំង​ជុំវិញ​រឿង​លួចស្តាប់​ទូរស័ព្ទ​ពលរដ្ឋ​បារាំង

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ចន ឃែរី (ឆ្វេង) និង​រដ្ឋមន្រ្តី​ការបរទេស​បារាំង ឡូរ៉ង់ ហ្វាប៊្យូស នៅ​ប៉ារីស ថ្ងៃអង្គារ ២២តុលា ២០១៣
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ចន ឃែរី (ឆ្វេង) និង​រដ្ឋមន្រ្តី​ការបរទេស​បារាំង ឡូរ៉ង់ ហ្វាប៊្យូស នៅ​ប៉ារីស ថ្ងៃអង្គារ ២២តុលា ២០១៣ REUTERS/Philippe Wojazer

ការលេចឮព័ត៌មាន​ស្តីពី​សកម្មភាព​ចារកិច្ច​អាមេរិក នៅ​ក្នុង​ទឹកដី​បារាំង តាមរយៈ​ការ​លួច​ស្តាប់ និង​ថត​ការសន្ទនា​តាមទូរស័ព្ទ​រាប់​សិបលាន កំពុងតែ​បង្ក​ឲ្យ​​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ​ស្ថិត​ក្នុង​ភាព​ល្អក់​កករ​យ៉ាងខ្លាំង។ ថ្នាក់ដឹកនាំ​បារាំង ចាប់តាំង​ពី​រដ្ឋមន្រ្តី​ រហូតដល់​ប្រធានាធិបតី បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង​ចំពោះ​រឿងនេះ។ ចំណែក​អាមេរិក​វិញ បាន​ព្យាយាម​រំងាប់​កំហឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដោយ​លោក​អូបាម៉ា​បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅលោក​ហូឡង់ កាលពី​យប់ម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់​កាសែត Le Monde បាន​ចុះផ្សាយ​ព័ត៌មាន​យក​បាន​ពី Edward Snowden បង្ហាញ​ពី​សកម្មភាព​របស់​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ដែល​លួចស្តាប់ និង​ថត​ការ​សន្ទនាតាម​ទូរស័ព្ទ​របស់​ពលរដ្ឋ​បារាំង រដ្ឋាភិបាល​បារាំង​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង​ភ្លាមៗ។ បន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស លោក​នាយករដ្ឋមន្រ្តី​បារាំង​ហ្សង់ម៉ាក អេរ៉ូល្ត៍ (Jean-Marc Ayrault) ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ផងដែរ ដោយ​បាន​ទាមទារ​ឲ្យ​អាមេរិក​ធ្វើការ​ពន្យល់​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​រឿងនេះ។

លោក​នាយករដ្ឋមន្រ្តី​បារាំង​បាន​លើកឡើង​ថា “រដ្ឋមន្រ្តី​ការបរទេស គឺ​លោក​ឡូរ៉ង់ ហ្វាប៊្យូស បាន​កោះហៅ​ឯកអគ្គរដ្ឋ​ទូត​អាមេរិ​ក​មក​សួរនាំ​រួចហើយ។ នេះ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ ដែល​ប្រទេស​ជា​សម្ព័ន្ធមិត្ត ដូចជា​អាមេរិក មក​ធ្វើការ​លួចស្តាប់​ការសន្ទនា​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​របស់​ពលរដ្ឋ​បារាំង ដោយ​គ្មាន​អ្វី​ដែល​ត្រូវ​ជាប់ពាក់ព័ន្ធ​នឹង​បញ្ហា​ការពារជាតិ​របស់​អាមេរិកទាល់តែ​សោះ។ ដូច្នេះ អាមេរិក​ចាំបាច់​ត្រូវ​តែ​ផ្តល់​នូវ​ការ​ពន្យល់បកស្រាយ​មួយ​ឲ្យ​បាន​សមស្រប និង​ច្បាស់លាស់។​

ប្រឈមមុខ​នឹង​បញ្ហា​ចម្រូងចម្រាស​នេះ ​លោក​អូបាម៉ា​ក៏​បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ ហូឡង់ កាល​ពីយប់​ម្សិលមិញ ដើម្បី​ព្យាយាម​រំងាប់​កំហឹង​សម្ព័ន្ធមិត្តចាស់ឆ្នាំ​មួយនេះ។

ចំណែក​ឯ​លោក​ចន ឃែរី វិញ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំងស្រាប់ ក៏​បាន​ព្យាយាម​ធ្វើការ​ពន្យល់​បកស្រាយ ចំពោះ​សកម្មភាព​ចារកិច្ច​អាមេរិក​នេះ​ដែរ ដោយ​បាន​មាន​ប្រសាសន៍ថា “ជាគោលការណ៍​ អាមេរិក​មិន​ធ្វើការ​អត្ថាធិប្បាយ​ជាសាធារណៈ ជុំវិញ​សកម្មភាព​ចារកិច្ច​ទេ ហើយ​មាន​ប្រទេស​ច្រើន​ណាស់ នៅលើ​ពិភពលោក​នេះ ដែល​ធ្វើ​សកម្មភាព​ចារកិច្ច ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​របស់​ខ្លួន។ សម្រាប់​អាមេរិក ដូចជា​លោក​អូបាម៉ា​ធ្លាប់​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់ៗ​រួចហើយ នៅ​ក្នុង​សុន្ទរកថា​របស់​លោក នៅ​ក្នុង​អង្គមហាសន្និបាត​អ.ស.ប កាល​ពីប៉ុន្មាន​សប្តាហ៍​មុននេះ​ថា បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​កំពុងតែ​ធ្វើការ​សើរើ​មើល​ឡើងវិញ អំពី​វិធី​ប្រមែរប្រមូល​ព័ត៌មាន​ចារកិច្ច​របស់​យើង។ ខ្ញុំគិត​ថា​ នេះ​គឺ​វិធានការ​សមស្របមួយ ពីព្រោះ គោលដៅ​ចម្បង​របស់​យើង គឺ​ធ្វើ​យ៉ាងណា​ថ្លឹងថ្លែង​ រវាង ​ម្ខាង ការ​ការពារ​សន្តិសុខ និង​ម្ខាងទៀត ការការពារ​ជីវិតឯកជន​ពលរដ្ឋ​របស់​យើង។ កិច្ចការ​នេះ​អាមេរិក​នឹង​នៅតែ​បន្តធ្វើ ដោយ​មាន​ការ​ពិគ្រោះយោបល់​យ៉ាង​ដិតដល់​ជាមួយ​នឹង​មន្រ្តី​បារាំង ដែល​ជា​សម្ព័ន្ធមិត្ត​របស់​យើង”។

គួររំឭកឡើងវិញ​ថា តាមការ​ចុះផ្សាយ​របស់​កាសែត​បារាំង Le Monde នៅ​ក្នុង​ចន្លោះ​ពីខែធ្នូ ២០១២ ដល់​ខែ​មករា ២០១៣ ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក (National Security Agency/NSA) បាន​ធ្វើការ​លួច​ស្តាប់ និង​ថត​ការ​សន្ទនា​តាមទូរស័ព្ទ​ប្រមាណ​ជា​ជាង ៧០លាន របស់​ពលរដ្ឋ​បារាំង ដែល​ការលួចស្តាប់​នោះ ត្រូវ​បាន​ធ្វើឡើង​ ​ទាំងទៅលើ​មនុស្ស​ដែល​មាន​ជាប់ការសង្ស័យ​នឹង​សកម្មភាព​ភេរវកម្ម និង​ទាំងទៅលើ​គោលដៅ ក្នុង​មជ្ឈដ្ឋាន​ក្រុមហ៊ុន​ សហគ្រាស នយោបាយ និង​រដ្ឋបាល​សាធារណៈ​បារាំង៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ