អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រាំ​ប្រទេស​​អឺរ៉ុប​​​ចង់​លុប​​​ទណ្ឌកម្ម​​ពីរុស្ស៊ី​​ ប៉ុន្តែ​​អាមេរិក​​ឃាត់​​មិនឲ្យ​លុប​​

អនុប្រធានាធិបតី​អាមេរិក ​Joe Biden បាន​សុំអោយ​​ប្រធានាធិបតីអ៊ុយក្រែន​ បំពេញ​តាម​កិច្ចព្រមព្រៀង​ក្រុងមីនស្ក៏។​
អនុប្រធានាធិបតី​អាមេរិក ​Joe Biden បាន​សុំអោយ​​ប្រធានាធិបតីអ៊ុយក្រែន​ បំពេញ​តាម​កិច្ចព្រមព្រៀង​ក្រុងមីនស្ក៏។​ REUTERS/Hazir Reka

សប្តាហ៍​មុន នា​ជំនួប​ទ្វេភាគី នៅ​ក្រៅបរិវេណ​​មហាសន្និបាត​អ.ស.ប. អនុប្រធានាធិបតី​ អាមេរិកាំង​​Joe Biden បាន​ដាស់សតិ​លោកប្រធានាធិបតី​អ៊ុយក្រែន​ ប៉ូរ៉ូឆេនកូ​ឲ្យ​បំពេញ​តាម​កិច្ចព្រមព្រៀង​ក្រុងមិនស្ក៏​ទៅ​ ពុំនោះ​សោតទេ​ បារាំង​និង​អាល្លឺម៉ង់​ជា​ហត្ថលេខី​ ធានា​ដល់​ការបំពេញ​ឯកសារ​នោះ​ អាច​ធុញទ្រាន់​ ​ហើយដកខ្លួន​ចេញពី​របប​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ ​លោក​​Biden ថែមទាំង​បានទម្លាយ​ឲ្យដឹង​ទៅផង​ថា​ មិនមែនតែ​បារាំង​និង​អាល្លឺម៉ង់​ ប៉ុណ្ណោះទេ​ តែ​ក៏ទាំង​ប្រទេស​៣ទៀត​ ពោលគឺ ​អ៊ីតាលី ហ្វាំងឡង់​ និង​ក្រិក​ ក៏​ប្រាថ្នាលុប​ ទណ្ឌកម្ម​នោះដែរ។​ ម៉្លោះហើយ​បានជា​មូយសប្តាហ៏ម្តង​ គាត់តែង ចំណាយ​ពេល​អស់​រាប់ម៉ោង​ ទូរសព្ទ​ទៅ​បញ្ចុះបញ្ចូល​ មេដឹកនាំ​រដ្ឋ​ទាំងនោះ​កុំឲ្យ​លុប​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​សោះឡើយ។​

ផ្សាយពាណិជ្ជកម្ម

មូលហេតុ​​ ​តាម​យោបល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅរុស្ស៊ី​ មកពី​ប្រទេស​បស្ចិមលោក​​កាន់តែ​ ពិបាក​រកលេស​ ដើម្បី​ពន្យារ​គ្មាន​ឈប់​ទណ្ឌកម្ម​ប្រឆាំង​ម៉ូស្គូ​ បើ​ក្រុងគៀវ​ផ្ទាល់​​ចេះតែ​កិកកុក​ ពុំព្រម​បំពេញ​តាម​កិច្ចព្រមព្រៀង​ក្រុងមិនស្ក៏ ហើយ​ទម្លាក់ទោស​តែមក​លើ​ រុស្ស៊ី​ ដែល​មិនមែន​ជា​ សាមី​ភាគី​ ជាប់ក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន។​ មិនតែ​ប៉ុណ្ណោះ មជ្ឈដ្ឋាន​Business​ និង​ពួកម្ចាស់​ កសិដ្ឋាន​ក្នុងស្រុក​គេផ្ទាល់​ ចេះតែ​បន្លឺ​ខ្លាំងឡើងៗ​នូវ​ សម្លេង​ត្អូញត្អែរ​អំពីការ​ខាតបង់ធ្ងន់ធ្ងរ​ដែលគេ​រងទទួល​ដោយមក​ពី​ទណ្ឌកម្ម ​នោះ។​

ពាក់ព័ន្ធនឹង​ការ​ខាតបង់នេះ​ ម៉ូស្គូ​យោង ទៅលើ​​ការបូកគុណ​ ធ្វើដោយ​ពួកអ្នកជំនាញ​នៃ​មជ្ឈមណ្ឌលបារាំង​ ខាងសិក្សា​សម្រាប់​អនាគតកាល​ និង​ខាងពត៌មាន​អន្តរជាតិ​ Centre​ d’Etudes​ Prospectives​ et​ d’Informations​ Internationales​ ហៅកាត់ថា​ CEPII​ ក្នុងរយៈ​ពេល​​មួយឆ្នាំកន្លះ​ ពីខែធ្នូ​ ឆ្នាំ២០១៣ ដល់ខែ​មិថុនា​ ឆ្នាំ២០១៥​ ហើយទាញ​យក​សេចក្តី​សន្និដ្ឋាន​ថា​គ្រាន់តែ​ខ្ទង់ចំណេញ​ដែលត្រូវ​ទទួលបាន​ តាមការ​នាំចេញ​ផលិតផល​ទៅរុស្ស៊ី ​ប៉ុន្តែ​ដែល​របូតបាត់ទៅ​មកពី​សហភាព​អឺរ៉ុប​ដើរខ្លប​ត្រចៀក​តាម​ខ្សែបង្ហៀរ​ ស.រ.អា.គឺក្នុង​ទឹកប្រាក់​ជាង៦០.០០០លាន​ដុល្លារ​ឯណោះ។​


ឥឡូវ នៅ​អឺរ៉ុប នាំគ្នា​យល់ដឹង​ក្នុងចិត្តថា​ ​ខ្លួនរង​សម្ពាធខ្លាំង​ជាងគេ​ ពីខាង​ក្រុងវ៉ាស៊ីនតោន​ គឺ ៥​ប្រទេស៖​ បារាំង​ អាល្លឺម៉ង់ អ៊ីតាលី​ ហ្វាំងឡង់​ និង​ក្រិក។ ​  
 
ករណីអាល្លឺម៉ង់
ក្នុងជំនួប​ដែលប្រព្រឹត្តទៅ​នៅ​ម៉ូស្គូ ខែកញ្ញានេះ រវាង​លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​ លោក​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Sigmar Gabriel​ មានបន្លឺឡើង​នូវ​តួលេខ​ដែលថា​ ដោយ​មកពី​ការបំពេញ​តាម​របបទណ្ឌកម្ម​ប្រឆាំងរុស្ស៊ី​ អាល្លឺម៉ង់​បង់ខាត​១ខែៗ ​ដល់ទៅ​ ៨៣០លាន​ដុល្លារ ឬ​ស្មើនឹង​ ២៧%​នៃរាល់ការ​ខាតបង់​នៅអឺរ៉ុប។​ លោកGabriel​ ដែល​ក៏ជា​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់​ ​ថ្លែងថា “ប្រាកដណាស់ ​នៅអឺរ៉ុប ​ជាអាទ៏​នៅ​អាល្លឺម៉ង់​ គ្មាននរណា​ចង់​ពន្យារ​ទណ្ឌកម្ម​ទល់នឹង​រុស្ស៊ីឡើយ។ ច្បាស់ណាស់​ដែល​ពិភពលោក​ត្រូវការមាន​រុស្ស៊ី​ជា​ដៃគូ​ សម្រាប់​ដោះស្រាយ​ជម្លោះ​ និង​វិបត្តិ​ក្នុងលោក។

ចំណែក​លោក​​ប្រមុខ​ការទូត​អាល្លឺម៉ង់ Frank-Walter Steinmeier កត់សម្គាល់​ថា​ ទណ្ឌកម្ម​ ប្រឆាំង​រុស្ស៊ី​ ឥតបាន​នាំមក​នូវ​លទ្ធផល​ឯណា​ ​ហើយសម្រាប់​ប្រទេស​ខាងលិច​ គឺ ចាំបាច់​ត្រូវតែ​សន្ទនា​ជាមួយ​រុស្ស៊ី។​

រីឯ​​បក្ស​ប្រឆាំង​​ដ៏ធំ​​ឈ្មោះ​“ជម្រើសផ្សេង​​សម្រាប់​អាល្លឺម៉ង់”​ ចង្អុល​ឲ្យឃើញថា​ ដោយ​មកពី​ ទណ្ឌកម្ម​នោះ​ មនុស្សរាប់ម៉ឺននាក់​ក្នុង​ប្រទេស​បាត់បង់​កន្លែងធ្វើការ​ របស់ខ្លួន​ទៅហើយ។​
 
ករណីបារាំង
ថ្លែង​ថ្ងៃ​២០កញ្ញា នៅ​ក្រុងប៉ារីស ​ក្នុងសន្និបាត​ប្រចាំឆ្នាំ​នៃ​ ឯកអគ្គរដ្ឋទូត​បារាំង​ មកពី​គ្រប់​ទិសទី ​​លោក​ប្រធានាធិបតីបារាំង​ François Hollande​ គូសបញ្ជាក់ថា​ បារាំង​ប្រាថ្នា​ដកខ្លួន​ ចេញ​ឲ្យបាន​យ៉ាងឆាប់​បំផុត ពី​របបទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។​ ដោយមកពី​ទណ្ឌកម្ម​បកវិញ​ពី ខាង​រុស្ស៊ី បារាំង​បាត់បង់​ក្នុង​១ខែៗ ​ប្រមាណ​២០០លានដុល្លារ។​​
 
លោក​អនុប្រធាន​ព្រឹទ្ធសភា​​បារាំងYves Pozzo di Borgo បានថ្លែងក្នុង​ខែសីហា​កន្លងទៅថា​ ​សហគ្រាស​បារាំង​ទាំងឡាយ​ ធ្លាក់ខ្លួន​រងគ្រោះ​ដោយ​មកពី​បាត់​ទីផ្សារ​រុស្ស៊ី។​ បារាំង​គប្បីតែ​ ដើរតួ​ចេញមុខ​ផ្តួចផ្តើម​គំនិត​ដើម្បី​ស្តារ​ឡើងវិញ​ទំនាក់ទំនង​ជាប្រក្រតី​ ធម្មតា​ជាមួយ​រុស្ស៊ី។​
 
រំលេច​​អោយឃើញ​​ពី​គំនាប​អាមេរិកាំង​មក​លើ​អឺរ៉ុប ក៏ទាំង​មតិលោកអតីត​ ប្រធានាធិបតី​បារាំង ​Nicolas Sarkozy ដែល​ថា៖ សូម្បីតែខ្ញុំ​ចិញ្ចឹម​នូវ​មនោសញ្ចេតនា​មិត្តភាព​ ចំពោះ​ប្រជាជន​ស.រ.អា.ក្តី​ ក៏មិនមែន​លោកObamaទេ ​ដែលជា​អ្នកអារកាត់​ តើ​នរណា​ជា​សត្រូវ​ របស់​បារាំង។  
 
ករណីអ៊ីតាលី
លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​Matteo Renzi តែង​បានថ្លែង​ជាច្រើនលើក​ច្រើនដង​ជំទាស់​នឹង​ ការ​​ដាក់ទណ្ឌកម្ម​​លើ​​ប្រទេសរុស្ស៊ី​​ ប៉ុន្តែ​ទាំងរូបគាត់​​នៅតែ​បង្ខំចិត្ត​​ ដំណើរការ​​ដោយ​ងាក​​មើលទៅ​​ក្រុង​​វ៉ាស៊ីនតោន​​ ហើយភ្ជាប់ខ្លួន​​ទៅនឹង​​របប​ទណ្ឌកម្ម​​ទល់នឹង​​រុស្ស៊ី។​​
 
ទោះយ៉ាងណា​ ​ក៏អ៊ីតាលី​​ជា​ប្រទេស​មួយ​​ ក្នុង​ចំណោម​​ប្រទេស​មានសេដ្ឋកិច្ច​នាំមុខគេ​នៅ​អឺរ៉ុប រមែង​អំពាវនាវ​ឲ្យលុប​ទណ្ឌកម្ម​ប្រឆាំង​​រុស្ស៊ី​ ឬ​​យ៉ាងហោចណាស់​កុំពន្យារ​វា​ដោយ​ស្វ័យប្រវត្ត។​
 
ក្នុងចំណោម​ខេត្រ​ទាំង២០​នៅ​អ៊ីតាលី មានខេត្ត ​៤ទៅហើយ​ដែល​សភាគេ​ក្នុងឆ្នាំនេះ​ បាន​ អនុម័ត​ជា​បន្តបន្ទាប់​សេចក្តីសម្រេច​ទទូចក្រុង​Rome​ ឲ្យលុបទៅ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។​​
 
ករណីហ្វាំងឡង់
ក្រោយពី​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​ម៉ូស្គូ ​ការ​នាំចេញ​របស់​ប្រទេសនេះ​​មកកាន់​រុស្ស៊ី បាន​ស្រុតចុះ​​អស់​៤០%។ ​បរិមាណ​កសិផល​ហ្វាំងឡង់​លើ​ទីផ្សាររុស្ស៊ី​ ​បានដាំដូង​អស់​៧២%​ ចំណែក​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​ បានធ្លាក់ចុះ​អស់​សឹង​២ដង។​
 
បើប្រៀប​ទៅនឹង​ឆ្នាំ២០១២ កាលដែល​រុស្ស៊ី​បានទិញដល់​ទៅ​១០% នៃទំហំនាំចេញ​របស់​ ហ្វាំងឡង់​​នោះ បច្ចុប្បន្ន​ រុស្ស៊ីទិញតែ​​៥% ប៉ុណ្ណោះ ​គឺ២ដង​តិចជាង។​
 
នៅ​ពីមុខ​ស្ថានការណ៍​គ្រាំគ្រាបែបនេះ​ ​ មជ្ឈដ្ឋាន​ជំនួញនៅ​ហ្វាំងឡង់​ដែលតែងបាន​រកស៊ី​ យ៉ាង​ជោគជ័យ​ជាមួយរុស្ស៊ី​នាំគ្នា​អំពាវនាវ​ក្រុងHelsinki​ ឲ្យលុប​ទណ្ឌកម្ម​ទល់នឹង​ម៉ូស្គូ​ទៅ។​  
 
ករណីក្រិក
ដោយមកពី​ដើរតាម​គន្លង​សហភាព​អឺរ៉ុប ​ក្រិក ​បង្ខំចិត្ត​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ ហើយ​ដោយ​មកពី​ទណ្ឌកម្មបកវិញ​ពីខាងរុស្ស៊ី​ទំហំពាណិជ្ជកម្ម​របស់ក្រិក​ជាមួយ​ រុស្ស៊ី​ ក្នុងឆ្នាំ​២០១៥ បាន​ធ្លាក់ចុះ​អស់​៣៤%​ ​មកនៅត្រឹម​ ២.៧០០លាន​ដុល្លារ​ ប្រហាក់ប្រហែល​នឹង​ទំហំ​ដើមទុន​ របស់​ក្រុមហ៊ុនក្រិក​ចំនួន១៣០​ ​ដែលដំណើរការ​នៅ​រុស្ស៊ី​ ដែលមាន​ទឹកប្រាក់​ ២.៥០០លាន​ដុល្លារ។  
 
លោក​នាយករដ្ឋមន្ត្រី​ក្រិក​Alexis Tsipras​ រមែងថ្លែង​ហើយ​ថ្លែងទៀត ​ដើម្បី​ការលុប​ទណ្ឌកម្ម​ ប្រឆាំង​រុស្ស៊ី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ