អានតួអត្ថបទ
អាមេរិក

អាមេរិក៖ទាហាន​៦៤នាក់ «រងរបួស» ដោយសារ​ការ​វាយ​ប្រហារ​ពីអ៊ីរ៉ង់​ ​ដើម​ខែ​មករា

កាលពី​ថ្ងៃ​ទី​៧-៨មករា  អ៊ីរ៉ង់បានវាយប្រហារមីស៊ីល ទៅលើទីតាំងមូលដ្ឋានអាមេរិក ចំនួន​ពីរកន្លែង នៅទឹកដីអ៊ីរ៉ាក់។
កាលពី​ថ្ងៃ​ទី​៧-៨មករា  អ៊ីរ៉ង់បានវាយប្រហារមីស៊ីល ទៅលើទីតាំងមូលដ្ឋានអាមេរិក ចំនួន​ពីរកន្លែង នៅទឹកដីអ៊ីរ៉ាក់។ Ayman HENNA / AFP

ទីបំផុត​ទៅ មន្ទីរបញ្ចកោណ​អាមេរិក បាន​បញ្ជាក់នៅថ្ងៃ​សុក្រ​ទី​៣១មករាថា ទាហាន​អាមេរិក ចំនួន​​៦៤នាក់ បាន​រងរបួស ដោយសារតែ​ការ​វាយ​ប្រហារ​ពីសំណាក់មីស៊ីល​​អ៊ីរ៉ង់​ ទៅលើ​ទីតាំង​មូលដ្ឋាន​អាមេរិក ចំនួន​ពីរកន្លែង​​ នៅ​ទឹក​ដី​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​៧-​៨មករា​ កន្លងទៅ​​។ ការ​វាយប្រហាររបស់​អ៊ីរ៉ង់នេះ ធ្វើឡើង​កាលពី​ដើម​ខែ​មករានេះ ក្រោយ​ពេលដែល​​អាមេរិក​សម្លាប់​ឧត្តម​សេនីយយោធា​ម្នាក់ របស់អ៊ីរ៉ង់​។

ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យក្រសួង​ការ​ពារជាតិ​អាមេរិក បា​នបញ្ជាក់ជាថ្មី​នៅថ្ងៃសុក្រ ទី​៣១មករា ថា ទាហាន​អាមេរិក​ចំនួន៦៤នាក់ បានរងរបួស ដោយសារតែការវាយប្រហារពីសំណាក់មីស៊ីលអ៊ីរ៉ង់។ ក្នុង​នោះ ជាង​៣០នាក់ គ្រាន់តែរង​របួស​តិច​តួច និង​បាន​ព្យាបាល​រួច ព្រ​មទាំង​ត្រឡប់​ចូល​ជំរុំយោធា​​វិញហើយ។ តែ​ទាហាន​អាមេរិក​ជិត២០នាក់ បា​នបញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​យោធាអាមេរិក ​នៅក្នុង​ប្រទេស​​​អាល្លឺម៉ង់ និង​គុយវ៉េត ជាដើម​។

បើ​តាម​អ្នក​នាំពាក្យក្រសួង​ការ​ពារជាតិ​អាមេរិកដដែល​ រោគ​សញ្ញា​​នៃ​ទាហាន​រងគ្រោះមួយ​ចំនួន​ អាច​មាន​ដូចជា ការ​ប៉ះទង្គិច​ខួរ​ក្បាល វិល​មុខ រវើរវាយ ក្អួត​ចង្អោរ និង ​ចាំងភ្នែក​លំបាក​ទ្រាំ​នឹង​ពន្លឺ​ ជាដើម។ ករណី​ចំពោះ​អ្នក​ខ្លះ បា​នធូរស្រាល​មកវិញ ហើយ​​បាន​បាត់​រោគសញ្ញា តែ​ទាហាន​​ខ្លះ​ទៀត ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​។​

ក៏ប៉ុន្តែ ទោះ​ជាយ៉ាង​នេះក្តី​ ​ ​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ដែល​បាន​អះអាង​តាំងពី​ពេល​កើត​ហេតុ​ភ្លាម​ៗ​ ថា«លោក​បាន​ដឹងឮលឺ​ថាមាន​ទាហាន​អាមេរិក បាន​ការ​ឈឺក្បាល​ខ្លះដែរៗ តែ​ចំពោះលោកត្រាំ លោកមិនយល់ថា នេះជា​ជំងឺ ​ឬរបួស​អ្វី​ធំដុំ​នោះទេ។ ទើប​លោក​អះអាង​ថា​គ្មាន​ទាហាន​អាមេរិក​ណាម្នាក់​រងបួស​ដោយសារតែការ​វាយ​ប្រហាររបស់​អ៊ីរ៉ង់​​នោះឡើយ»​។​

យ៉ាងណាក៏ដោយ​ អ្នក​នយោបាយ​ប្រឆាំងមួយ​ចំនួន មកពីបក្ស​ប្រជាធិបតេយ្យ បា​នបន្ត​រិះគន់​លោក​ប្រធានាធិបតី​អាមេរិក​ ថា​បាន​«កុហក»ពីករណី​នេះ ដើម្បី​បំភាន់​ការពិត និង​បំភាន់​សាធារណមតិ​អាមេរិក។

សូម​ជ្រាបថា កាលពី​ថ្ងៃ​ទី​៧-៨មករា  អ៊ីរ៉ង់បានវាយប្រហារមីស៊ីល ទៅលើទីតាំងមូលដ្ឋានអាមេរិក ចំនួន​ពីរកន្លែង នៅទឹកដីអ៊ីរ៉ាក់ គឺនៅក្នុង​​តំបន់ Aïn al-Assad និង Erbil  ដែល​មាន​ទាហាន​អាមេរិក​ ឈរជើង​នៅ​អ៊ីរ៉ាក់​ ប្រមាណ​ជាង​៥ពាន់​២រយនាក់។ ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​ចំពោះ​អាមេរិក​នេះ គឺជាការ​សឹកសឹក ​ដែល​អាមេរិក​បាន​បាញ់​យន្តហោះ​ដ្រូន​សម្លាប់​ឧត្តម​សេនីយ​របស់​ខ្លួន គឺលោក Qassem Soleimani៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ