អានតួអត្ថបទ
វៀតណាម

វៀតណាម​ដាក់ទោស​ប្រហារជីវិត​​អ្នកជួញដូរ​គ្រឿងញៀន​៣០នាក់​

នៅថ្ងៃ​ចន្ទ​នេះ ជនជាតិ​វៀតណាម​៣០នាក់ ត្រូវ​បាន​តុលាការ​វៀតណាម​ដាក់ទោស​ប្រហារជីវិត ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់។ សវនាការ​កាត់ទោស​​​​ពីបទ​ជួញដូរ​គ្រឿងញៀន​នេះ​ ជា​សវនាការ​ធំបំផុតនៅវៀតណាម​ ព្រោះ​​មាន​ជនជាប់ចោទ​ច្រើន​សន្ធឹកសន្ធាប់​​រហូត​​ដល់ទៅ​៨៩នាក់ ហើយ​បរិមាណ​គ្រឿងញៀន​​អេរ៉ូអ៊ីន​​​មានដល់ទៅ​ជិត​២តោន​ឯណោះ។

ផ្សាយពាណិជ្ជកម្ម

នៅ​វៀតណាម​ ថ្ងៃ​ចន្ទ​នេះ សវនាការ​កាត់ទោស​ជនជាតិវៀតណាម​៨៩នាក់ ក្នុង​សំណុំរឿង​​ជួញដូរ​គ្រឿងញៀន​នេះ  ​បានធ្វើឡើង​នៅក្នុង​ពន្ធនាគារ ដោយសារ​តែ​ចំនួន​ជនជាប់ចោទ មានច្រើនរហូត​ដល់ទៅ​៨៩នាក់។ តុលាការ​បាន​សំរេច​​​អោយ​ជនជាតិ​វៀតណាម​៣០នាក់ ទទួលទោស​ប្រហារជីវិត។ ចំណែក​ជនជាប់ចោទ​​ ៥៩នាក់ទៀត ​ទទួលទោស​ ជាប់គុក ចន្លោះ​ពី​៦ខែ ទៅ​ដល់ទោស​ជាប់គុក​អស់មួយជីវិត។

នេះ​ជា​លើកទី១ហើយ​ សម្រាប់វៀតណាម ដែល​សវនាការ​​ កាត់ក្តីពីបទ​ជួញដូរ​គ្រឿងញៀន មាន​ទ្រង់ទ្រាយ​ធំ ដោយសារ​តែ​គ្រឿងញៀន​អេរ៉ូអ៊ីន​ក្នុងសំណុំរឿង​​នេះ ​មានបរិមាណ​ច្រើន​ដល់ជីត២តោន ហើយ​អ្នកទោស​មានច្រើន​ រីឯ​ទោសដែល​ជនជាប់ចោទ​ទទួលទៀតសោត​ក៏មាន​​​រហូត​ដល់​ប្រហារជីវិតច្រើននាក់។ សវនាការ​កាត់ទោស​នេះ បើកធ្វើ១៧ថ្ងៃ​មកហើយ។ ​

យោងតាម​អ្នកស៊ើបអង្កេតនានា ជនជាប់ចោទ​វៀតណាម​៨៩នាក់​នេះ ស្ថិត​ក្នុង​បណ្តាញ​ក្រុម​ជួញដូរ​គ្រឿងញៀន​អន្តរជាតិ​ចំនួន​៤ ដែល​ធ្វើការ​ដឹកជញ្ជូន​គ្រឿងញៀន​អេរ៉ូអ៊ីន​​និង​គ្រឿងញៀន​​ផ្សេងទៀត ពីប្រទេស​ឡាវ ទៅ​វៀតណាម និង​ចិន ចាប់តាំងពី​ឆ្នាំ២០០៦មក។
ប៉ូលិស​បាន​គាស់រំលើង​បណ្តាញ​ទាំងនេះ នៅ​ខែសីហា ឆ្នាំ២០១៣ ហើយ​បានចាប់ខ្លួន​មនុស្សច្រើននាក់ និង​រកឃើញ​គ្រឿងញៀន​ច្រើនសន្ធឹកសន្ធាប់ អាវុធ​ ​​ព្រមទាំង​រថយន្ត​​ទំនើប​​ៗ​ច្រើនគ្រឿង​ផងដែរ។

ជនជាប់ចោទ​ភាគច្រើន​ជាអ្នក​មកពី​បណ្តាខេត្ត​ភាគ​ខាងជើង​វៀតណាម ដាច់ស្រយាល ក្រីក្រ​ ដែល​ជាប់ព្រំប្រទល់​ជាមួយ​ឡាវ និង​ចិន។ ទីនោះ សំបូរ​​ដោយ​ជនជាតិភាគតិច​រស់នៅ។ ច្បាប់ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​វៀតណាម​ ជាច្បាប់​មួយ​តឹងតែង​បំផុត ក្នុង​ពិភពលោក។ រាល់​ជន​ដែល​មាន​គ្រឿងញៀនអេរ៉ូអ៊ីន ​ក្នុងដៃ ចាប់ពី​ជាង​៦០០ក្រាម​​ឡើងទៅ រឺក៏​មាន​អាភៀន​ជាង២០គីឡូ​ឡើងទៅ អាច​ទទួលទោស​ប្រហារ​ជីវិត​បាន។ មានមនុស្ស​ជាង​៧០០នាក់ កំពុង​រង់ចាំ​ការប្រហារជីវិត​នៅវៀតណាម​ ភាគច្រើន​ជា​អ្នកទោស​គ្រឿងញៀន និង​ឧក្រិដ្ឋជន​សម្លាប់​មនុស្ស។

នៅឆ្នាំ២០១០ សភាវៀតណាម​បាន​ប្តូរច្បាប់​ ដោយ​សម្រេច​ថា ការប្រហារជីវិតអ្នកទោស​​ត្រូវ​ធ្វើឡើង​តាម​ការចាក់ថ្នាំ​ ដោយលែង​អោយ​មានការប្រើគ្រាប់​កាំភ្លើង​​​ទៀតហើយ។ វៀតណាម​ចង់អោយ​ទង្វើប្រហារជីវិត​ចៀសផុត​ពី​រូបភាព​ព្រៃផ្សៃ៕ ​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ