អានតួអត្ថបទ
បារាំង

សារ​ឆ្នាំថ្មី ​ប្រធានាធិបតី​បារាំង ប្រាប់​រដ្ឋាភិបាល​ឱ្យ​រក​មធ្យោបាយ​សម្រុះសម្រួល​ជាមួយ​បាតុករ

ប្រមុខរដ្ឋវ័យក្មេងបារាំង លោក អេម៉ាណុយអែល ម៉ាក្រុង
ប្រមុខរដ្ឋវ័យក្មេងបារាំង លោក អេម៉ាណុយអែល ម៉ាក្រុង Christophe ARCHAMBAULT / AFP

តាម​ទម្លាប់ ប្រធានាធិបតីបារាំង ត្រូវ​ថ្លែងសារ​ជូន​ពរ​ឆ្នាំថ្មី​ សម្រាប់​ប្រជាជាតិ​។ យប់​ឆ្លងឆ្នាំ២០២០​​ លោកប្រមុខរដ្ឋវ័យក្មេង​​ អេម៉ាណុយអែល ម៉ាក្រុង បាន​រម្លឹក​ពីកិច្ចការជា​​សមិទ្ធផល​មួយ​ចំនួន​របស់​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំប្រទេស​​របស់​លោក​ នាបីឆ្នាំចុងក្រោយ​នេះ ហើយ​ក៏​បាន​លើកឡើង​ពីការ​លំបាក​នានា​ដែល​បារាំង​បាន​ជួប​ប្រទះនៅ​​ក្នុង​ស្រុក​ ដូច​ជា​មរណភាព​របស់​អតីត​ប្រធានាធិបតី​ ហ្សាក់ ស្ស៊ី​រ៉ាក់, អគ្គីភ័យ​ដែលបាន​​លេបត្របាក់បេតិកភណ្ឌ​ដ៏កាត់​ថ្លៃ​ពុំ​បាន គឺ​​វិហារ​ណូត្រឺ ដាម ដឹ ប៉ារីស ( Notre Dame de Paris ) ព្រមទាំង​ការ​ប្រឈម​គ្រោះថ្នាក់​របស់ពលរដ្ឋនិង​​ទាហាន​បារាំង​ នៅ​អឺរ៉ុប នៅ​តំបន់​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា ជា​ដើម​។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីបារាំង បាន​ថ្លែងដោយ​ដឹងគុណ ថា«យើងរស់​នៅ​សុខសាន្ត នៅ​ពេល​នេះ ម៉ោង​នេះ​ គឺ​អាស្រ័យ​ដោយ​មានមនុស្ស​ដែល​បាន​បូជា​ និង​​​លះបង់​ សម្រាប់​ពួក​យើង!» ដូច​ជា ប៉ូលីស ទាហាន គ្រូពេទ្យ ក្រុម​សង្គ្រោះ​បន្ទាន់​... និងមន្ត្រី​រដ្ឋការ​គ្រប់​ផ្នែក​។​ ការ​រម្លឹក​ដឹងគុណ​ចំពោះ​ប្រជា​ជាតិ ក៏មាន​ដែរ ចំពោះ​ឈ្មួញ សិប្បករ និងកសិករ​ដែល​ប្រឹង​ប្រឹង​ធ្វើ​ការ​ ដាំដុះ តែពួក​គេ​​បែរ​ជា​ទទួល​បាន​ប្រាក់​សោតធននិវត្តន៍​តិចតួច​ទៅវិញ។ មិន​សក្តិ​សម​នឹង​ការ​ប្រឹង​ប្រែង​របស់​ខ្លួន​។ ដូច្នេះ​ហើយ ទើបលោក​​ប្រធានាធិបតីបារាំង បាន​កត់​សម្គាល់​ជាថ្មី ថា​ត្រូ​វតែ​សម្រេច​ឱ្យ​បាន​នូវ​កំណែទម្រង់​ការ​ចូល​និវត្តន៍ ដែល​លោក​ធ្លាប់​បា​នសន្យា។

គួរគូស​​បញ្ជាក់ត្រង់​នេះថា ចលនា​បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​​កំណែទម្រង់​ការ​ចូល​និវត្តន៍  គឺ​បាន​អូស​បន្លាយ​ គម្រប់​ថ្ងៃ​២៨ហើយ​។ កូដកម្ម​ឈប់​ធ្វើការ​​របស់​សហជីព​វិស័យ​ដឹកជញ្ជូន  ចំនួន​២៨ថ្ងៃ​មក​នេះ​ គឺ​យូរ​ជាង​គេ​ មិនធ្លាប់​មាន​ទេ ក្នុង​ប្រវត្តិសាស្ត្រ​បារាំង។

ហេតុនេះ នៅក្នុង​សារ​ជូន​ពរ​ឆ្នាំថ្មី​ទៅកាន់​ប្រជាជាតិ​បារាំង, លោក​ប្រធានាធិបតី បាន​ស្នើ​​រដ្ឋាភិបាលឱ្យរកមធ្យោបាយសម្រុះសម្រួលជាមួយបាតុករ។

​ប្រសាសន៍​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង ៖

«កំណែទម្រង់​ការ​ចូល​និវត្តន៍​ ដែល​ខ្ញុំ​បាន​សន្យាជាមួយ​ប្រជាជាតិ​ ហើយ​ដែល​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើ​ គឺ​នឹង​ឈាន​ទៅសម្រេច​​គោល​ដៅ​។​

សូម​កុំ​យល់​ច្រឡំ!  ខ្ញុំ​បាន​យក​ចិត្ត​ទុក​ដាក់​គិតគូរ​រឿង​នេះខ្លាំងសម្បើម​ណាស់។​ ការ​ចូល​និវត្តន៍​ជា​ប្រធាន​បទ​ស្នូល​សម្រាប់​ប្រជា​ពលរដ្ឋ​បារាំង​យើង ហើយ​អ្នក​ខ្លះ​កំពុង​តែ​ព្រួយ​ភ័យ ​ព្រួយ​បារម្ភ​ ជារៀងរាល់ថ្ងៃ។​ ខ្ញុំ​ក៏​ដឹង​ដែរ ថា​​ក្នុង​រឿងនេះ ​មាន​ការ​កុហក​បោកប្រាស់ និងការ​បំភ្លៃលាបពណ៌​ ក៏​ច្រើន​ណាស់។

ចំពោះមុខ​ការ​ប្រឈម​យ៉ាង​ដូច្នេះ គឺមាន​តែ​ការ​សម្រុះ​សម្រួល​គ្នា​ទេ។ សម្រុះសម្រួល មិនមែន​បាន​ន័យ​ថា បដិសេធ​ច្រាន​ចោល​ មតិជំទាស់​នោះដែរ​ តែ​យើង​ត្រូវ​គោរព​ការ​យល់​ឃើញ​ខុសៗគ្នា​​។

ទស្សនវិស័យ​របស់​ខ្ញុំ​​ ​មានតែមួយ​គត់ គឺ​សម្រាប់​ផលប្រយោជន៍​ជាតិ​យើង ដើម្បី​ឱ្យ​យើង​មាន​លទ្ធភាព​ធានា​បាន​ ​ការ​ចូល​និវត្តន៍​មួយ​ដ៏​ល្អប្រសើរ​ សម្រាប់​មនុស្ស​វ័យ​ចំណាស់​។ ហើយ​នេះ ក៏​ដើម្បី​ការពារ​អនាគត​កូន​ចៅយើង ដែល​គ្នា​ពុំ​ទាន់​មាន​លទ្ធភាព​បញ្ចេញ​មតិ​យោបល់​នៅឡើយ​ នា​ពេល​​នេះ។

ដូច្នេះហើយ ខ្ញុំ​​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ដឹកនាំដោយ​លោក​នាយករដ្ឋមន្ត្រី Edouard Philippe សូម​រក​ច្រកផ្លូវ​ស្រុះស្រួល​គ្នា​មួយ​​ឱ្យ​បា​នឆាប់ សម្រាប់ឆ្លើយ​តប​​​ការ​ចង់​បាន​របស់​ពលរដ្ឋ​បារាំង​រាល់គ្នា ទាំង​​អង្គការខាងសហជីព​កម្មករ និង​សហជីព​ខាងនិយោជក។ ​ការ​សម្រុះសម្រួល​នេះ ត្រូវ​គោរព​ឈរ​លើគោលការណ៍​ ដែល​ខ្ញុំ​ទើបតែ​លើកឡើងអម្បាញ់មិ​ញ​​នេះ។»​

ជាមួយ​គ្នានេះ ការ​លើកឡើង​របស់​ប្រធានាធិបតី​បារាំង ដែល​មាន​រយៈ​ពេល​ជិត​២០នាទីកាលពីយប់​មិញនេះ គឺត្រូវ​បាន​ក្រុម​អ្នក​ប្រឆាំង​និងអ្ន​កវិភាគ​នយោបាយ រិះគន់​ជាខ្លាំង ថា​គ្មា​នបាន​ផល​ប្រយោជន៍​ជាអ្វី​ជាក់​ស្តែង។ អ្នក​វិភាគ​ខ្លះ​ថា លោកប្រមុខរដ្ឋ​បា​នត្រឹមតែ​អាន​ក្រដាស​ដែល​មាន​សរសេរ​ហើយ​ស្រាប់ តែ​គ្មាន​សាច់ការអ្វី​​ធំដុំ ឆ្លើយ​តប​តាម​ការ​រំពឹង​ចង់​បាន​របស់​ពលរដ្ឋសោះ​។

មេបក្ស​ប្រឆាំង​និងជាអ្នក​ជ្រុល​និយម លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បាន​កត់​សម្គាល់​យ៉ាងខ្លីថា «សារឆ្នាំ២០២០​របស់​លោក ម៉ាក្រុង គឺ​ជា​ថ្មី​ម្តង​ទៀត​ហើយ ដែល​គ្មា​នបា​នការ​អ្វីសោះ»។

ពាក្យ​រិះគន់ បន្ទរ​ដោយ​អ្នក​នយោបាយ​ប្រឆាំង​មួយរូបទៀត​ គឺលោក នីកូឡា ឌុប៉ុង អៃញង់។  អ្នក​តំណាងរាស្ត្រ​ប្រឆាំង​នេះ សរសេរ​ Twitter រិះគន់ថា «លោក​ ម៉ាក្រុង ថ្លែងសារ​ជូនពរ​​ដោយ​សប្បាយចិត្ត​តែម្នាក់​ឯង បង្កប់​​ប្រកបដោយ​ភាព​ពុតត្បត់​ ​មិន​ដែល​ជួប​ប្រទះ​សោះ។ គាត់​ហ៊ាន​និយាយ​ពីការ​ការពារ​ប្រព័ន្ធ​យុត្តិធម៌សង្គម ដោយ​កម្ទេច​ប្រព័ន្ធ​ចូល​និវត្តន៍​ទៅវិញ។ គាត់​ហ៊ាន​និយាយ​​ពី​ការ​រួប​រួប​ជាតិ ដោយ​មិន​ព្រម​ឈប់យក​ក្រុម​ពលរដ្ឋ​បារាំង​ម្ខាង ទៅ​ជល់​នឹង​ក្រុម​ម្ខាងទៀត។» នេះបើ​តាម​ការ​រិះគន់​របស់​សមាជិកសភា​ខាងប្រឆាំង  លោក នីកូឡា ឌុប៉ុង អៃញង់ (Nicolas Dupont-Aignan)។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ