អានតួអត្ថបទ
កម្ពុជា-ថៃ

ព្រះវិហារ៖ គួរ​ប្តឹង​ឲ្យ​បកស្រាយ ឬ​ទាមទារ​ឲ្យ​អនុវត្ត​សាលក្រម​តុលាការ​ក្រុង​ឡាអេ?

ថៃតែងតែ​អះអាង​ថា សាលក្រម​តុលាការ​អន្តរជាតិ ឆ្នាំ​១៩៦២ ប្រគល់​តែ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ​មក​ឲ្យ​កម្ពុជា
ថៃតែងតែ​អះអាង​ថា សាលក្រម​តុលាការ​អន្តរជាតិ ឆ្នាំ​១៩៦២ ប្រគល់​តែ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ​មក​ឲ្យ​កម្ពុជា ©សុវណ្ណារ៉ា/RFI

នៅពេលនេះ រដ្ឋាភិបាល​កម្ពុជា​​កំពុង​រៀបចំ​សំណុំរឿង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​ អន្តរជាតិ (តុលាការ​ក្រុងឡាអេ) ដើម្បី​សុំ​ឲ្យ​បកស្រាយ​ឡើងវិញ នូវ​សាលក្រម​​ឆ្នាំ​១៩៦២ ស្តីពី​បញ្ហា​ព្រះវិហារ។ ក៏ប៉ុន្តែ មាន​មតិខ្លះ​យល់ថា ​ការប្តឹង​សុំបកស្រាយ​សាលក្រម​នេះ មិនមែន​ជា​មធ្យោបាយ​ល្អទេ។ បញ្ហា​ត្រូវ​បាន​តុលាការ​ក្រុង​ឡាអេ​​ជំនុំជម្រះ​រួច​ទៅហើយ មិនចាំបាច់​ប្តឹង​ទៅ​​តុលាការ​​ម្តងទៀតទេ។ កម្ពុជា​គួរ​តែ​ទាមទារ​ឲ្យ​ថៃ​អនុវត្ត​សាលក្រម​ឆ្នាំ​១៩៦២​នេះ​តែម្តង។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

ប្រាកដណាស់ថា ប្រសិន​បើ​មានជម្រើស កម្ពុជា​គួរ​ទាមទារ​ឲ្យ​ថៃ​អនុវត្ត​សាលក្រម​តុលាការ​ក្រុងឡាអេ (១៥ មិថុនា ១៩៦២) ប្រសើរ​ជាង​ប្តឹង​ឲ្យ​បកស្រាយ​សាលក្រម​នេះ​ឡើងវិញ។ ក៏ប៉ុន្តែ សំណួរ​ដែល​ចោទឡើង គឺ​ត្រង់ថា តើ​ធ្វើ​ដូចម្តេច​ ដើម្បី​បង្ខំ​ឲ្យ​ថៃ​អនុវត្ត​សាលក្រម​នេះ​បាន?

ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​មើល​ការអនុវត្ត​សាលក្រម​តុលាការ​ យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ គឺ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ យោងតាម​ធម្មនុញ្ញ​អ.ស.ប. ត្រង់​ជំពូក​ទី១៤ មាត្រា ៩៤ ប្រសិនបើ​ភាគី​ណាមួយ​មិន​អនុវត្តសាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ទេ ភាគី​ម្ខាង​ទៀត​អាច​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ចាត់វិធានការ​​សមស្រប និង​ចាំបាច់​​ធានាការ​អនុវត្ត​សាលក្រម។

កាលពី​ឆ្នាំ​២០០៨ ក្រោយ​ពី​ថៃ​បាន​បញ្ជូន​ទាហាន​ចូល​មក​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ កម្ពុជា​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ ដោយលើក​ឡើង​ថា ថៃ​បាន​ឈ្លាន​ពាន​ចូល​ក្នុង​ទឹកដី​កម្ពុជា រំលោភ​ទៅលើ​សន្ធិសញ្ញា​អន្តរជាតិ និង​រំលោភ​ទៅលើ​សាលក្រម​របស់​តុលាការ​ក្រុងឡាអេ ឆ្នាំ​១៩៦២។ ឆ្លើយតប​នឹង​លិខិត​របស់​រដ្ឋាភិបាល​កម្ពុជា ថៃ​​​​ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ដែរ ដើម្បី​រារាំង​កុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​បើក​កិច្ចប្រជុំ​ អំពី​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ។

នៅ​ក្នុង​លិខិត​៤ទំព័រ​ជា​ភាសា​អង់គ្លេស ថៃ​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ថា ថៃ​ គោរព និង​បាន​​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ សាលក្រម​តុលាការ​ក្រុងឡាអេ ឆ្នាំ ១៩៦២។ ការ​ដែល​ថៃ​ទាមទារ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ មិនមែន​ជា​ការ​រំលោភ​លើ​សាលក្រម​ឆ្នាំ​១៩៦២​ទេ ព្រោះ​សាលក្រម​នេះ សម្រេច​តែ​អំពី​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ មិនមាន​កំណត់​​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​នោះទេ។ ការ​ដែល​កម្ពុជា​លើក​ឡើង​ថា តុលាការ​ក្រុងឡាអេ​បាន​កំណត់​ខ្សែបន្ទាត់​ព្រំដែន ដោយ​យោង​ទៅលើ​ “ផែនទី​ឧបសម្ព័ន្ធ ១" គឺ​ជា​ការ​យល់​ឃើញ​របស់​ភាគី​កម្ពុជា​តែ​ម្ខាង​ប៉ុណ្ណោះ​ (សូម​អាន​លិខិត​របស់​ថៃ ចុះថ្ងៃ​ទី​២១ កក្កដា ២០០៨ ដែល​ភ្ជាប់​មក​ខាងក្រោម)។

ស្ថិត​ក្នុង​ស្ថានភាព​នេះ ការប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ឲ្យ​អនុវត្ត​សាលក្រម​តុលាការ​ក្រុងឡាអេ ឆ្នាំ​១៩៦២ មិន​អាច​​ធ្វើ​ទៅបាន​ទេ។ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ប្រាកដ​ជា​បដិសេធ​មិន​ទទួលយក​បណ្តឹង​កម្ពុជា ​ ក្នុង​ហេតុផល​ថា វិវាទ​រវាង​កម្ពុជា និង​ថៃ មិនទាក់ទង​នឹង​ការ​អនុវត្ត​សាលក្រម​តុលាការ​ ឆ្នាំ​១៩៦២​ទេ ប៉ុន្តែ ជា​វិវាទ​ជុំវិញអត្ថន័យ​ និង​វិសាលភាព​នៃ​សាលក្រម ដែល​មិនមែន​ជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

ដូច្នេះ ដើម្បី​​ឲ្យ​បណ្តឹង​ទាមទារ​ឲ្យ​ថៃ​អនុវត្ត​សាលក្រម​​ ឆ្នាំ​១៩៦២​អាច​មាន​ប្រសិទ្ធិភាព​ នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ​ គឺ​មានតែ​ត្រូវ​​ជម្រះ​​បញ្ហា​ខ្វែងគំនិត​គ្នា​លើ​អត្ថន័យ និង​វិសាល​ភាព​សាលក្រម​នេះ​ឲ្យ​បាន​ជ្រះស្រឡះ​​ជាមុនសិន។ ស្ថាប័ន ដែល​មាន​សមត្ថកិច្ច ក្នុង​ការ​បកស្រាយ​សាលក្រម​នេះ គឺ​​​តុលាការ​ក្រុងឡាអេ (មាត្រា ៦០ នៃ​លក្ខន្តិកៈ​តុលាការ​ក្រុងឡាអេ)។

គួរ​បញ្ជាក់​ថា បណ្តឹង​សុំ​បកស្រាយ​សាលក្រម​ មិនមែន​ជា​បណ្តឹង​សុំ​ឲ្យ​​ជំនុំជម្រះ​លើ​អង្គសេចក្តី​ឡើងវិញ​នោះទេ។ យោងតាម​គោលការណ៍​ច្បាប់ (តាម​ភាសា​បារាំង​ហៅថា Autorité de la chose jugée) សំណុំរឿង​ដែល​តុលាការ​បាន​​ជំនុំជម្រះ និង​ចេញ​សេចក្តី​សម្រេច​ស្ថាពរ​រួចហើយ មិន​អាច​​ត្រូវ​លើក​យក​មកជំនុំជម្រះ​សាជាថ្មី​ទៀតទេ (លើក​លែង​តែ​ក្នុង​ករណី​បណ្តឹង​សើរើ)។ បណ្តឹង​សុំ​ឲ្យ​បកស្រាយ គឺ​គ្រាន់តែ​​ឲ្យ​តុលាការ​អន្តរជាតិ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​​ អំពី​អត្ថន័យ ឬ​វិសាលភាព នៃ​ចំណុចណាមួយ​ជាក់លាក់ (ឬ​កថាខ័ណ្ឌ​ណាមួយ​ជាក់លាក់) ក្នុង​សាលក្រមដែល​តុលាការ​បាន​សម្រេច​សេចក្តី​រួច​ទៅហើយ។

សរុបសេចក្តី​មកវិញ បណ្តឹង​សុំ​ឲ្យ​បកស្រាយ​សាលក្រម​ ឆ្នាំ​១៩៦២ គឺ​ជា​ជំហាន​មួយ ដើម្បី​ឈាន​ទៅ​បណ្តឹង​ទាមទារ​ឲ្យ​អនុវត្ត​សាលក្រម។ ក្នុង​ករណី​ដែល​តុលាការ​ក្រុងឡាអេ​ពន្យល់​ច្បាស់លាស់​ហើយ​ថា​ ទាំង​ប្រាសាទ​ព្រះវិហារ និង​ដី​​​ជុំវិញ​ប្រាសាទ គឺ​ជា​របស់​កម្ពុជា ស្រប​ទៅ​តាម​ “ផែនទី​ឧបសម្ព័ន្ធ​ទី១” ប៉ុន្តែ ថៃ​នៅតែ​មិន​អនុវត្ត​តាម កម្ពុជា​អាច​ប្តឹង​​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ឡើងវិញ ដើម្បី​​ចាត់វិធានការ​បង្ខំ​ឲ្យ​ថៃ​អនុវត្ត​តាម​សាលក្រម​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ