អានតួអត្ថបទ
កម្ពុជា-ថៃ

ខ្មែរ-ថៃ៖ ហេតុអ្វី​បានជា​បង្ហូរ​ឈាម​គ្នា​ដើម្បី​តែ​ដី​ព្រៃ​មួយដុំ​តូច?

អាវុធ​ធុនធ្ងន់ ដែល​កម្ពុជា​បាន​ប្រើ​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​កងទ័ព​ថៃ
អាវុធ​ធុនធ្ងន់ ដែល​កម្ពុជា​បាន​ប្រើ​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​កងទ័ព​ថៃ ©វណ្ណារ៉ា/RFI

បន្ទាប់​ពី​បាន​វាយប្រយុទ្ធគ្នា​អស់រយៈពេល ៧ថ្ងៃ​ជាប់ៗ​គ្នា នៅថ្ងៃ​ព្រហស្បតិ៍ ២៨ មេសា ២០១១​នេះ មេទ័ព​ខ្មែរ-ថៃ​បាន​ព្រមព្រៀង​ឈប់​បាញ់​គ្នា។ ក៏ប៉ុន្តែ ​យោងតាម​ការ​សង្កេត​ឃើញ​កន្លងមក បើទោះជា​មាន​ការ​ព្រមព្រៀង​ឈប់បាញ់​ក៏ដោយ ការ​វាយប្រយុទ្ធគ្នា​​រវាង​កងទ័ព​ខ្មែរ និង​ថៃ​អាច​នឹង​កើតមាន​ឡើងវិញ​គ្រប់ពេល។ ចាប់តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០០៨​មក ក្នង​ជម្លោះ​ដណ្តើម​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ កងទ័ព​ខ្មែរ និង​កងទ័ព​ថៃ​បាន​វាយប្រយុទ្ធគ្នា​ជាច្រើន​លើក​មក​ហើយ បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជាច្រើន​នាក់ ព្រមទាំង​ជនភៀសសឹក​រាប់​ម៉ឺននាក់។ បណ្តាញ​សារព័ត៌មាន​បរទេស​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា គ្រាន់តែ​ដី​មួយ​ដុំ​តូច​សោះ ហេតុអ្វី​កម្ពុជា និង​ថៃ​ ឈាន​ដល់​ថ្នាក់​ធ្វើ​សង្រ្គាម​បង្ហូរ​ឈាម​គ្នា​បែបនេះ?

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បើ​និយាយ​ពី​ខាង​ភាគី​​កម្ពុជា គេ​គួរ​ពិនិត្យ​មើល​​ហេតុផល​សំខាន់​ពីរ ដែល​ជំរុញ​ឲ្យ​កម្ពុជា​ក្រាញ​ននៀល​ការពារ​ចម្រៀក​ដី​​ទំហំ ៤,៦​គ.ម​ការ៉េ​ គឺ​មូលដ្ឋាន​ច្បាប់ និង​សម្រោល​ប្រវត្តិសាស្រ្ត។

កម្ពុជា​មិន​ទុកចិត្ត​ប្រទេស​ជិតខាង​រឿង​ព្រំដែន
 
នៅ​ក្នុង​រយៈពេល​រាប់រយ​ឆ្នាំ​មកហើយ ដែល​កម្ពុជា​ប្រឈមមុខ​នឹង​ប្រទេស​ជិតខាង ដែល​តែងតែ​ច្បិច​យក​ទឹកដី​កម្ពុជា​ម្តងបន្តិចៗ ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា​រួម​កាន់តែ​តូចទៅៗ។ កត្តា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​តែងតែ​ចិញ្ចឹម​គំនិត​សង្ស័យថា ប្រទេស​ជិតខាង​មាន​មហិច្ឆតា​ច្បិច​​យក​ទឹកដី​កម្ពុជា​​បន្តិចម្តងៗ​រហូត​ដល់​​លេប​ទឹកដី​កម្ពុជា​ទាំងមូល​ នៅថ្ងៃ​ណាមួយ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បញ្ហា​ព្រំដែន​​ គឺ​ជា​បញ្ហា​រសើប​បំផុត សម្រាប់​ប្រជាជន​កម្ពុជា។ នៅ​ពេល​ណា​ដែល​មាន​​ជម្លោះ​ទឹកដី​ជាមួយ​ប្រទេស​ជិត​ខាង ​ប្រជាជន​កម្ពុជា​តែងតែ​​​ប្រឆាំង​ដាច់ខាត​​មិន​ចង់​ឲ្យ​បាត់បង់​ទឹកដី សូម្បី​តែ​មួយ​ចំអាម។
 
កម្ពុជា​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ​
 
ហេតុ​ផល​ដ៏​សំខាន់​មួយទៀត ដែល​​កម្ពុជា​ស្វិតស្វាញ​ការពារ​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ​មិន​ឲ្យ​ទៅ​ថៃ ពីព្រោះ​​រាល់​ឯក​សារ​ច្បាប់​អន្តរជាតិ​ទាំងអស់​សុទ្ធ​តែ​​បញ្ជាក់​ថា ដីនោះ​ជា​ដី​របស់​កម្ពុជា។ ផ្ទុយ​ពី​កម្ពុជា ដែល​មាន​មូលដ្ឋាន​ច្បាប់​យ៉ាងរឹងមាំ ថៃ​មាន​ត្រឹម​តែ​ផែនទី ដែល​ថៃ​គូស​ជា​ឯកតោ​ភាគី​​ប៉ុណ្ណោះ ដើម្បី​ទាមទារ​យក​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ​នេះ។

បើ​គិត​តាម​លក្ខណៈ​សមហេតុផល តើ​មាន​ប្រទេស​ណាមួយ ដែល​មាន​ប្រៀប​ខាង​ផ្លូវច្បាប់​យ៉ាងច្បាស់​ បែរ​ជា​សុខចិត្ត​ចុះញ៉ម​ ប្រគល់​ទឹកដី​ឲ្យ​ទៅ​ប្រទេស​មួយ​ទៀត ដែល​មាន​តែ​ផែនទី​​ឯកតោ​ភាគី​មួយ​សន្លឹក​បែបនេះ?
 
ថៃ​បាក់​អំណួត ចិញ្ចឹមចិត្ត​ដណ្តើម​ព្រះវិហារ​ទៅវិញ
 
បញ្ហា​ព្រះវិហារ​បាន​តាម​លង​​ប្រជាជន​ និង​មេដឹកនាំ​ថៃ ​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ ព្រះវិហារ គឺ​ជា​និមិត្តរូប​នៃ​ភាព​អាម៉ាស់​របស់​ថៃ ដែល​​តែងតែ​ចាត់ទុក​ខ្លួន​ឯ​ង​ថា​ជា​ប្រទេស​ខ្លាំង ប៉ុន្តែ ​បែរ​ជា​ចាញ់​ក្តី​ជាមួយ​កម្ពុជា ដែល​ថៃ​តែងតែ​ចាត់​ទុក​ថា​ជា​ប្រទេស​តូចតាច​ទន់​ខ្សោយ។

តាមរយៈបណ្តឹង​របស់​កម្ពុជា តុលាការ​ក្រុងឡាអេ​បាន​សម្រេច កាល​ពី​ឆ្នាំ​១៩៦២​ ថា ប្រាសាទ​ព្រះវិហារ និង​តំបន់​ដែល​នៅ​ជុំវិញ​ប្រាសាទ គឺ​​ស្ថិត​ក្នុង​ទឹកដី​របស់​កម្ពុជា ហើយ​តម្រូវ​ឲ្យ​ថៃ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ចេញ​ពី​តំបន់​នោះ។ បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ថៃ​បាក់​អំណួត ទទួល​នូវ​ភាព​អាម៉ាស់ ចិញ្ចឹម​ចិត្ត​គុំគួន​ជាមួយ​កម្ពុជា ហើយ​​រង់ចាំ​តែ​មាន​ឱកាស​នឹង​​​ដណ្តើម​យក​ទឹកដី​ព្រះវិហារ​ទៅ​កាន់កាប់វិញ។
 
ថៃ​យក​ជម្លោះ​ព្រំដែន​ទៅ​បម្រើ​ផលប្រយោជន៍​នយោបាយ​ផ្ទៃ​ក្នុង
 
ការ​ផ្ទុះ​អាវុធ​លើក​ចុងក្រោយ ដែល​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​សុក្រ ២២ មេសា ២០១១​នេះ កើតមាន​ឡើង នៅ​ចំពេល​ដែល​ថៃ​កំពុង​​គ្រោង​រំលាយ​សភា និង​រៀបចំ​បោះឆ្នោត​សភា។ គេ​សង្កេត​ឃើញ​ថា ចាប់តាំង​ពី​មាន​គម្រោង​ការ​រំលាយ​សភា​មក កងទ័ព​ថៃ​បាន​ធ្វើ​យុទ្ធនាការ​យ៉ាងខ្លាំង តាមរយៈ​​ការ​បង្ហាញ​កម្លាំង​ទ័ព​ផង និង​បណ្តឹង​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ផង ​ក្នុង​គោលដៅ​បង្រ្កាប​ពួក​អាវក្រហម។

មេទ័ព​ថៃ​កំពុង​តែ​មាន​ការ​បារម្ភ​ខ្លាច​គណបក្ស​ភឿថៃ ដែល​ស្និទ្ធិ​នឹង​លោក​ថាក់ស៊ីន និង​ក្រុម​អាវក្រហម​ឈ្នះ​ឆ្នោត​ ហើយ​ឡើង​មក​កាន់​អំណាច​វិញ ព្រោះ​គណបក្ស​ភឿថៃ​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​ចំណោម​ពលរដ្ឋ​ថៃ​ដែល​នៅ​តាម​ខេត្ត។ កងទ័ព​ថៃ​ទំនង​ជា​​ចង់​បង្ក​សង្រ្គាម​ជាមួយ​កម្ពុជា ដើម្បី​បង្កើត​​ភាព​ជ្រួលច្របល់​ ជាលេស​ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​បោះឆ្នោត ឬ​ដើម្បី​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​កាន់កាប់​អំណាច​តែម្តង ដើម្បី​ចៀសវាង​កុំ​ឲ្យ​អំណាច​ធ្លាក់​ក្នុង​ដៃ​ក្រុម​អាវក្រហម។

ម្យ៉ាងទៀត ប្រសិន​បើ​ការបោះឆ្នោត​ពិត​ជា​នឹង​ត្រូវ​រៀបចំធ្វើ​ទៅមែន សង្រ្គាម​ជាមួយ​កម្ពុជា​អាច​ជា​យុទ្ធសាស្រ្ត​មួយ ទប់ទល់​មិន​ឲ្យ​គណបក្ស​ភឿថៃ​ឈ្នះឆ្នោត។ នៅ​ថៃ គេ​តែងតែ​ចាត់ទុក​គណបក្ស​ភឿថៃ​របស់​លោក​ថាក់ស៊ីន​ថា​ជា​សម្ព័ន្ធមិត្ត​របស់​កម្ពុជា។ លោក​ថាក់ស៊ីន​ធ្លាប់​ទាំង​បាន​ធ្វើ​ជា​ទីប្រឹក្សា​ពិសេស​របស់​រដ្ឋាភិបាល​កម្ពុជា​មួយរយៈ​ខ្លី​ផង។​ ដូច្នេះ ការ​បង្កើត​ភាព​ជា​សត្រូវ​ជាមួយ​កម្ពុជា​ អាច​នឹង​ធ្វើ​ឲ្យ​​ពលរដ្ឋ​ថៃ​​​សម្លឹង​ឃើញ​គណបក្ស​ភឿថៃ​ថា​ជា​ក្រុម​ក្បត់ ដែល​ចូលដៃ​ជាមួយ​សត្រូវ។
 
ថៃ​ចង់​ដណ្តើម​កាន់កាប់​ទីតាំង​កម្ពុជា​មុន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​មក​ព្រំដែន
 
ជាងពីរ​​ខែ​កន្លងមក​ហើយ ដែល​កម្ពុជា និង​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន នៅ​រង់ចាំ​ចម្លើយ​ពី​ថៃ ស្តីពី​ការ​ដាក់ពង្រាយ​អ្នក​សង្កេតការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន ដើម្បី​ត្រួតពិនិត្យ​មើល​ការ​ឈប់បាញ់​រវាង​កម្ពុជា និង​ថៃ។​ ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ព្រមព្រៀង​រួច​មកហើយ ក្នុង​ពេល​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន កាល​ពី​ខែ​កុម្ភៈ​កន្លងទៅ។ ក៏ប៉ុន្តែ គម្រោង​ដាក់ពង្រាយ​អ្នក​សង្កេតការណ៍​នេះ​ត្រូវ​បាន​មេទ័ព​ថៃ​ច្រានចោល។

ថ្មីៗ​នេះ អគ្គ​បញ្ជាការ​កងទ័ព​ជើងគោក​​ថៃ​បាន​​ដាក់​លក្ខខណ្ឌ​​ថា កម្ពុជា​ត្រូវ​តែ​ដក​ថយ​ចេញ​ពី​តំបន់ ៤,៦​ ជាមុនសិន ទើប​ថៃ​​សុខចិត្ត​​​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី។ នេះ​បញ្ជាក់ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ថៃ​កំពុង​តែ​​ចាញ់​ប្រៀប​កម្ពុជា ដោយសារ​តែ​តំបន់ ៤,៦​ ដែល​ថៃ​ទាមទារ ភាគច្រើន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​កម្ពុជា។ នៅ​ពេល​ដែល​មាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​​ នៅ​តាម​បណ្តោយ​ព្រំដែន ទាំងកងទ័ព​ថៃ និង​កងទ័ព​កម្ពុជា ត្រូវ​ឈប់បាញ់​គ្នា​ជា​អចិន្រ្តៃយ៍ ហើយ​រក្សា​ទីតាំង​ឈរជើង​ឲ្យ​នៅ​ដដែល។ ក្នុង​ស្ថានភាព​បែបនេះ កងទ័ព​កម្ពុជា​ ដែល​កំពុង​ឈរជើង​នៅ​ក្នុង​តំបន់ ៤,៦​ ស្រាប់ នឹង​ត្រូវ​បន្ត​គ្រប់គ្រង​តំបន់​នេះ​តទៅទៀត។ ចំណែក​កងទ័ព​ថៃ​វិញ មិន​អាច​រុលចូល​មក​ដណ្តើម​កាន់កាប់​ទីតាំង​នេះ​បានទៀតទេ។ ដូច្នេះ មេទ័ព​ថៃ​ទំនង​ជា​ចង់​វាយ​ដណ្តើម​កាន់កាប់​​តំបន់ ៤,៦ ឲ្យ​បាន​មុន​ពេល​​ដាក់ពង្រាយ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ