អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជា​អាមេរិក​ហាមឃាត់​ការ​នាំប្រេង​ចេញ​ទៅលក់​នៅ​ក្រៅ​ប្រទេស?

សំឡេង ០៤:១៤
សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ផលិតប្រេង​ដ៏ធំ​លំដាប់​ទី៣ នៅលើ​ពិភពលោក
សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ផលិតប្រេង​ដ៏ធំ​លំដាប់​ទី៣ នៅលើ​ពិភពលោក REUTERS/Shannon Stapleton

កាលពីដើមសប្តាហ៍​នេះ រដ្ឋាភិបាល​អាមេរិក​ទើប​នឹង​បាន​សម្រេច​បន្ធូរបន្ថយ​មកវិញ នូវ​​ការ​ហាមឃាត់​ការនាំប្រេង​អាមេរិក​ទៅលក់​នៅ​ក្រៅប្រទេស។ បម្រាម ដែល​បាន​ដាក់ចេញ​ អស់រយៈពេល​ជិត ៤០ឆ្នាំមកហើយ។ តើ​​មាន​ដើមហេតុ​អ្វី​ខ្លះ ដែល​នាំ​ឲ្យ​អាមេរិក​ដាក់​បម្រាម​លើ​ការ​នាំចេញ​ប្រេង​ទៅក្រៅប្រទេស​បែបនេះ?

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ផលិត​ប្រេង​ច្រើន​ជាង​គេ​លំដាប់ទី៣​នៅលើ​ពិភពលោក បន្ទាប់​ពី​រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត។ ក៏ប៉ុន្តែ អស់រយៈពេល​​ប្រមាណ​ជា ៤០ឆ្នាំមកហើយ ដែល​អាមេរិក​បាន​ដាក់ច្បាប់​ហាមឃាត់​មិន​ឲ្យ​នាំប្រេង​ចេញ​ទៅ​ក្រៅប្រទេស ដោយ​ទុក​ប្រេង​របស់ខ្លួន សម្រាប់​តែ​ការ​ប្រើប្រាស់​ក្នុងស្រុក។ ការហាមឃាត់​ការនាំចេញ​ប្រេង​ទៅ​បរទេស​ត្រូវ​បាន​ដាក់ នៅពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​ក្រោយ​ពី​មាន​វិបត្តិ​ទីផ្សារ​ប្រេង​ពិភពលោក នៅ​ឆ្នាំ​១៩៧៣។

អ្វីៗ​បាន​ចាប់ផ្តើម​ឡើង នៅ​ខែ​តុលា ឆ្នាំ​១៩៧៣ នៅពេល​ដែល​ស៊ីរី និង​អេហ្ស៊ីប ដោយ​មាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​អារ៉ាប់ បាន​បើក​ការ​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល បណ្តាល​ឲ្យ​មាន​សង្រ្គាម​សាជាថ្មី រវាង​អ៊ីស្រាអែល និង​អារ៉ាប់ ដែល​គេ​ឲ្យឈ្មោះ​ថា សង្រ្គាម​យ៉ុមគីពួរ (Yom Kippour)។ សង្រ្គាម​នេះ​បាន​បណ្តាល​ឲ្យ​ទីផ្សារ​ប្រេង​អន្តរជាតិ​ត្រូវ​រំជើបរំជួល​រួចទៅហើយ។ បន្ថែម​ពីលើ​នេះ​ទៅទៀត បណ្តា​ប្រទេស​អារ៉ាប់ ដែល​សម្បូរប្រេង​ បាន​​មូលមាត់គ្នា​សម្រេច​​ដំឡើង​ថ្លៃ​ប្រេង ព្រមទាំង​កាត់បន្ថយការ​នាំចេញ​ប្រេងឆៅ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅនឹង​ការលូកដៃ​របស់​សហរដ្ឋ​អាមេរិក ដែល​ចូលជួយ​អ៊ីស្រាអែល នៅ​ក្នុង​សង្រ្គាម​​​យ៉ុមគីពួរ​នេះ។ តម្លៃ​ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ក៏​បាន​កើនឡើង ១គុណ​នឹង​៤ បង្ក​ជា​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់​សេដ្ឋកិច្ច​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត។

វិបត្តិ​ទីផ្សារ​ប្រេង​នៅពេលនោះ​បាន​ធ្វើ​ឲ្យ​អាមេរិក​ភ្ញាក់​ដឹងខ្លួន អំពីចំណុចខ្សោយ​របស់​អាមេរិក ក្នុងការ​ប្រឈមមុខ​នឹង​ប្រទេស​ដែល​យក​ប្រេង​ធ្វើ​ជា​អាវុធ។ ហេតុដូច្នេះ​ហើ​យ​បាន​ជា​អាមេរិក​​ខិតខំ​បង្កើន​សកម្មភាព​បូមប្រេង ដែល​មាន​លើ​នៅលើ​ទឹកដី​ខ្លួន​ឯង ប៉ុន្តែ បាន​ដាក់ចេញ​នូវ​នយោបាយ​មួយ​ថា ប្រេង​នៅលើ​ទឹកដី​អាមេរិក​​ទុកសម្រាប់​តែ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ប្រេងមួយ​តំណក់ណា​​​​ត្រូវ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​នោះទេ។

ប៉ុន្តែ ការហាមឃាត់​ការ​នាំចេញ​ប្រេង​នេះ​ធ្វើឡើង សម្រាប់​តែ​ប្រេងឆៅ​ប៉ុណ្ណោះ។ ចំណែក​ផលិតផល​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ប្រេងឆៅ​វិញ​ ដូចជា ប្រេងសាំង ឬ​ប្រេង​យន្តហោះ​ ជាដើម គេ​អាច​នាំចេញ​ទៅលក់​នៅ​ក្រៅប្រទេស​បាន។ ម្យ៉ាងទៀត ការហាមឃាត់​ការ​នាំចេញ​ប្រេងឆៅ​ត្រូវ​លើកលែង​ចំពោះ​ការ​នាំចេញ​ទៅកាន់​ប្រទេស​កាណាដា។

ប្រមាណ​ជា ៤០ឆ្នាំ​ក្រោយ​វិបត្តិ​ទីផ្សារ​ប្រេងពិភពលោក ហើយ​នៅ​ក្នុងពេល​ដែល​​​ទីផ្សារ​ប្រេង​​អន្តរជាតិ​កំពុងតែ​មាន​ភាពរំជើបរំជួល​ដោយសារ​វិបត្តិ​នៅ​អ៊ីរ៉ាក់ បម្រាម​នាំចេញ​ប្រេង​​ហាក់ដូចជា​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បន្ធូរបន្ថយ​មក​វិញ​បន្តិច ដោយ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ទើប​នឹង​បាន​ផ្តល់​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រេង​អាមេរិក​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​តិចសាស់ ធ្វើការ​នាំចេញ​ប្រេង​របស់​អាមេរិក។

អ្នកជំនាញ​ខាង​ទីផ្សារ​ប្រេង​​យល់ថា វិធានការ​របស់​រដ្ឋាភិបាល​លោក​អូបាម៉ា​នៅពេលនេះ អាច​ជា​ជំហាន​​មួយ ដែល​អាច​ឈាន​ទៅ​ការ​បើក​ផ្លូវកាន់តែ​ធំ សម្រាប់​ការនាំចេញ​ប្រេងអាមេរិក ទៅ​លក់​នៅ​ក្រៅប្រទេស។ គេ​បាន​ព្យាករ​ថា ចាប់ពីពេលនេះ​ទៅដល់​ចុងឆ្នាំ​២០១៤ អាមេរិក​អាច​នឹង​នាំចេញ​ប្រេង​ប្រមាណ​ពី ២០ម៉ឺន ទៅ​៣០ម៉ឺន​ធុង​ក្នុងមួយថ្ងៃ ហើយ​បរិមាណ​នាំចេញ​នេះ​អាច​នឹង​កើនឡើង​មួយទ្វេជាពីរ នៅ​ក្នុង​ឆ្នាំ​២០១៥​ខាងមុខ។ ​នេះ ​គឺ​ជា​ដំណឹង​ល្អ​មួយ សម្រាប់​ក្រុមហ៊ុន​ប្រេង​របស់​អាមេរិក ប៉ុន្តែ សម្រាប់​អ្នក​ផ្សេងទៀត រួមមាន រោងចក្រ​សហគ្រាស ព្រមទាំង​ប្រជាជន​អាមេរិក​ទូទៅ វា​អាច​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ទៅវិញ ក្នុងហេតុផល​ថា នៅ​ពេលណា ដែល​មាន​ការ​បើក​ទូលាយ​ឲ្យ​មាន​ការ​នាំចេញ​ប្រេង​អាមេរិក ទៅលក់​នៅ​ក្រៅប្រទេស តម្លៃ​ប្រេង​នៅ​អាមេរិក​អាច​នឹង​មាន​ការ​កើនឡើង។

គួរបញ្ជាក់ថា ជាទូទៅ ប្រេងឆៅ​​នៅ​ក្នុង​ទីផ្សារអាមេរិក​មាន​តម្លៃ​ទាបជាង​ទីផ្សារ​អន្តរជាតិ រហូតដល់​ទៅ​ជាង ៨ដុល្លារ​ក្នុងមួយធុង។ កាល​ពីថ្ងៃ​ពុធ គ្រាន់តែ​មាន​ការ​ចុះផ្សាយ​ព័ត៌មាន​ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិក​តែមួយ នាំប្រេង​ទៅលក់​នៅ​ក្រៅប្រទេស តម្លៃប្រេងឆៅ នៅ​ក្នុង​ទីផ្សារ​អាមេរិក​​ក៏​ស្រាប់​តែ​កើនឡើង​ភ្លាមៗដែរ។ ផ្ទុយទៅវិញ តម្លៃ​ប្រេងឆៅ នៅ​ក្នុងទីផ្សារ​អឺរ៉ុប​បែរ​ជា​បាន​ធ្លាក់ចុះ​​វិញ​បន្តិច ក្រោយ​ពី​បាន​កើនឡើង​ជាច្រើន​ថ្ងៃ​កន្លងទៅ ដោយសារ​តែ​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

បច្ចុប្បន្ន​នេះ នៅក្នុង​ទីផ្សារ​ប្រេង​អន្តរជាតិ គេ​កំពុងតែ​មាន​ការព្រួយបារម្ភ​ខ្លាចក្រុមជីហាត​អ៊ីរ៉ាក់​​វាយ​កាន់កាប់​អណ្តូងប្រេង ឬ​កាត់ផ្តាច់​ផ្លូវ​ដឹកប្រេង ដែល​ជា​ហេតុ​ធ្វើ​​ឲ្យ​សកម្មភាព​បូមប្រេង​នៅ​អ៊ីរ៉ាក់​ត្រូវ​គាំងដំណើរការ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ប្រេងឆៅ នៅលើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ថយចុះ ហើយ​តម្លៃ​ប្រេងឆៅ​នឹង​ត្រូវ​កើនឡើង​ខ្លាំង។  

ហេតុដូច្នេះ​ហើយ​បាន​ជា​ដំណឹង​ស្តីពី​ការ​បន្ធូរបន្ថយ​ការ​ហាមឃាត់​ការនាំចេញ​ប្រេង​អាមេរិក​ បើទោះបី​ជា​មិនមាន​ការ​លុបចោល​បម្រាម​ទាំងស្រុង ក៏ប៉ុន្តែ ក៏​អាច​ជា​ដំណឹង​ល្អ​មួយ​ដែរ ជាពិសេស ចំពោះ​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ប្រេង​ពី​បរទេស៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ