អានតួអត្ថបទ
គៀរហ្ស៊ីស្តង់

វិបត្តិ​នៅ​គៀរហ្ស៊ីស្តង់៖ អាមេរិក​និង​រុស្ស៊ី​អាច​នឹង​លូកដៃ​ធ្វើ​អន្តរាគមន៍​ដែរ​ឬ​ទេ?

កងទ័ព​គៀរហ្ស៊ីស្តង់​ដាក់ពង្រាយ​នៅ​​តំបន់​​មាន​ជម្លោះ​ជាតិសាសន៍
កងទ័ព​គៀរហ្ស៊ីស្តង់​ដាក់ពង្រាយ​នៅ​​តំបន់​​មាន​ជម្លោះ​ជាតិសាសន៍ ©Alexei Osokin/Reuters

អំពើ​ហិង្សា​រវាង​ជាតិសាសន៍​ខុសគ្នា នៅ​ប្រទេស​គៀរហ្ស៊ីស្តង់ បាន​កើត​មាន​ ៥ថ្ងៃ​មក​ហើយ។ ជម្លោះ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១៧០​នាក់​បាត់បង់​ជីវិត ហើយ​មនុស្ស​រាប់សិប​ម៉ឺននាក់​ផ្សេងទៀត​រត់​​ភៀសខ្លួន​​ចេញ​ពី​ប្រទេស ដែល​នឹង​អាច​បង្ក​ជា​វិបត្តិ​ជនភៀសខ្លួន​​ដ៏​ធ្ងន់ធ្ងរ​មួយ។ រុស្ស៊ី និង​អាមេរិក ដែល​សុទ្ធតែ​មាន​មូលដ្ឋាន​ទ័ព​ នៅ​ក្នុង​ប្រទេស​គៀរហ្ស៊ីស្តង់ កំពុង​តែ​ព្រួយបារម្ភ​ខ្លាច​ប្រទេស​គៀរហ្ស៊ីស្តង់​ធ្លាក់​ក្នុង​ភាពចលាចល ឬ​ក៏​អាច​ឈាន​ទៅ​បង្ក​ជា​សង្រ្គាម​ស៊ីវិល។

ផ្សាយពាណិជ្ជកម្ម

 

អំពើ​ហិង្សា​ដែល​កើត​មាន​៥​ថ្ងៃ​កន្លងមកនេះ គឺ​កើត​ឡើង​រវាង​ជនជាតិ​គៀរហ្ស៊ីស្តង់ (៧០%​នៃ​ប្រជាជន​សរុប) និង​ជនជាតិ​អ៊ូស្បេគីស្តង់ (១៥% នៃ​ប្រជាជន​សរុប)។ រដ្ឋាភិបាល​គៀរហ្ស៊ីស្តង់​បាន​ស្នើសុំ​​ឲ្យ​រុស្ស៊ី​បញ្ជូន​ទ័ព​មក​គៀរហ្ស៊ីស្តង់ ដើម្បី​​ធ្វើ​អន្តរាគមន៍​បញ្ចប់​វិបត្តិ​នេះ។

អង្គការ​នៃ​បក្ស​សម្ព័ន្ធ CSTO (Collective Security Treaty Organization) ដែល​​​​មាន​រុស្ស៊ី​ជា​អ្នក​ដឹកមុខ ហើយ​ដែល​គៀរហ្ស៊ីស្តង់​​ជា​សមាជិក​ដែរនោះ បាន​កោះប្រជុំ​ជា​បន្ទាន់ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ជជែក​ពី​វិបត្តិ​នៅ​គៀរហ្ស៊ីស្តង់។ ក៏ប៉ុន្តែ នៅ​ចុង​បញ្ចប់ បក្សសម្ព័ន្ធ​នេះ​បាន​បដិសេធ​មិន​ព្រម​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​​គៀរហ្ស៊ីស្តង់ ដោយ​លើក​ហេតុផល​ថា វា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​គៀរហ្ស៊ីស្តង់ ហើយ​បក្សសម្ព័ន្ធ CSTO ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ជា​សមាជិក។

ទោះជា​យ៉ាងណា លោក​មេដវេដេវ (Medvedev) ប្រធានាធិបតី​រុស្ស៊ី​ បាន​និយាយ​បង្ហើប​ថា ប្រសិន​បើ​ស្ថានការណ៍​​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ រុស្ស៊ី​អាច​នឹង​ពិចារណា​បញ្ជូន​កងកម្លាំង​រក្សា​សន្តិសុខ​ទៅកាន់ប្រទេស​គៀរហ្ស៊ីស្តង់។

ជម្លោះ​ជាតិសាសន៍ នៅ​គៀរហ្ស៊ីស្តង់ គឺ​ជា​សម្ពាធ​មួយ​លើ​រដ្ឋាភិបាល​រុស្ស៊ី ដែល​ធ្លាប់​បាន​បញ្ជូន​ទាហាន​ទៅ​ធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​ហ្សកហ្ស៊ី ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​ជនជាតិ​អូសេទី (Ossétie)។ នៅពេលនេះ ប្រសិន​បើ​រុស្ស៊ី​នៅ​ឈរឱបដៃ​មើល​ជនជាតិ​គៀរហ្ស៊ីស្តង់​កាប់សម្លាប់​ជនជាតិ​អ៊ូស្បេគីស្តង់ រុស្ស៊ី​ប្រាកដ​ជា​ត្រូវ​គេ​រិះគន់​​​ជា​មិនខាន។
ម្យ៉ាងវិញ​ទៀត រុស្ស៊ី​តែងតែ​ប្រកាស​ចាត់ទុក​បណ្តា​ប្រទេស​អតីត​សហភាព​សូវៀត​ថា ជា​ដែន​ឥទ្ធិពល​របស់​ខ្លួន។ តើ​រុស្ស៊ី​អាច​បណ្តោយ​ឲ្យ​​គៀរហ្ស៊ីស្តង់ ដែល​ជា​អតីត​រដ្ឋ​ក្នុង​សហភាព​សូវៀត​មួយនេះ ត្រូវ​ធ្លាក់​ក្នុង​ភាព​ចលាចល ឬ​ក្នុង​សង្រ្គាម​ស៊ីវិល​ដែរ​ឬទេ? នេះ​នៅមិនទាន់​និយាយ​ដល់​​មូលដ្ឋាន​ទ័ព​អាកាស ដែល​រុស្ស៊ី​មាន​​ នៅ​ក្នុង​ប្រទេស​គៀរហ្ស៊ីស្តង់​ផង។

ក៏ប៉ុន្តែ មិនមែន​តែ​រុស្ស៊ី​មួយ​ទេ ដែល​មាន​ផលប្រយោជន៍​ នៅ​គៀរហ្ស៊ីស្តង់។ អាមេរិក​ក៏​ដណ្តើម​ចង់​​យក​គៀរហ្ស៊ីស្តង់​មក​ធ្វើ​ជា​មូលដ្ឋាន ដើម្បី​គ្រប់គ្រង​តំបន់​អាស៊ីកណ្តាល​ដែរ។ មូលដ្ឋាន​ទ័ព​អាកាស​របស់​អាមេរិក នៅ​គៀរហ្ស៊ីស្តង់ គឺ​ជា​ទីតាំង​យុទ្ធសាស្រ្ត​ដ៏សំខាន់​មួយ ក្នុង​បេសកកម្ម​ នៅ​អាហ្វហ្កានីស្តង់។
 

ជនជាតិ​អ៊ូស្បេគីស្តង់​រាប់​សិបម៉ឺន​នាក់​នាំ​គ្នា​ភៀស​ខ្លួន​គេច​ពី​​អំពើ​ហិង្សា​នៅ​គៀរហ្ស៊ីស្តង់
ជនជាតិ​អ៊ូស្បេគីស្តង់​រាប់​សិបម៉ឺន​នាក់​នាំ​គ្នា​ភៀស​ខ្លួន​គេច​ពី​​អំពើ​ហិង្សា​នៅ​គៀរហ្ស៊ីស្តង់ ©Reuters

កាល​ពី​មុន​គៀរហ្ស៊ីស្តង់​មិន​ទាន់​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ រុស្ស៊ី និង​អាមេរិក បាន​ប្រជែង​គ្នា​​ដណ្តើ​មឥទ្ធិពល​លើ​រដ្ឋាភិបាល​គៀរហ្ស៊ីស្តង់។ ក៏ប៉ុន្តែ នៅពេលនេះ រុស្ស៊ី និង​អាមេរិក​កំពុង​ប្រឈមមុខ​នឹង​កង្វល់​រួមមួយ គឺ​អស្ថិរភាព​ នៅ​គៀរហ្ស៊ីស្តង់។ ប្រសិន​បើ​រដ្ឋាភិបាល​​​បណ្តោះ​អាសន្ន​បច្ចុប្បន្ន​របស់​​គៀរហ្ស៊ីស្តង់​គ្មាន​ស្ថិរភាព ជម្លោះ​ជាតិសាសន៍​រាលដាល​​បង្ក​ភាព​ចលាចល​ទូទាំងប្រទេស ឬ​រហូត​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល​នោះ ទាំង​រុស្ស៊ី និង​ទាំង​អាមេរិក​សុទ្ធតែ​ត្រូវ​ខាត​ប្រយោជន៍។

ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ក្នុង​វិបត្តិ​គៀរហ្ស៊ីស្តង់​នេះ ​រុស្ស៊ី និង​អាមេរិក​​ប្រកាន់​ជំហរ​សហការគ្នា ជាជាង​ប្រជែង​គ្នា។ ក្រៅ​ពី​រៀបចំ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌ ទៅ​គៀរហ្ស៊ីស្តង់ រដ្ឋាភិបាល​អាមេរិក​កំពុង​តែ​សហការ​ជាមួយ​​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ស្វែង​រក​​ដំណោះស្រាយ​រួមគ្នា ចំពោះ​បញ្ហា​អសន្តិសុខ​នៅ​គៀរហ្ស៊ីស្តង់។ អាមេរិក​​​ទំនង​ជា​នឹង​មិនជំទាស់​នោះទេ ប្រសិន​បើ​រុស្ស៊ី​សម្រេច​បញ្ជូន​ទ័ព​ទៅ​ទីនោះ។ រដ្ឋាភិបាល​អាមេរិក​គ្រាន់តែ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​គេ​ចង់​បញ្ជូន​​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​គៀរហ្ស៊ីស្តង់ គេគួរ​តែ​បញ្ជូន​ក្នុង​ក្របខ័ណ្ឌ​អ.ស.ប.។

បើ​ពិនិត្យ​មើល​ឲ្យ​ម៉ត់ចត់​ទៅ ទាំង​អាមេរិក និង​ទាំង​រុស្ស៊ី ហាក់ដូចជា​មិនមាន​​អ្នកណា​ចង់​បញ្ជូន​​កងកម្លាំង​រក្សា​សន្តិភាព ទៅ​កាន់​ប្រទេស​គៀរហ្ស៊ីស្តង់​នោះទេ។ ប្រទេស​ទាំងពីរនេះ ទំនង​ជា​កំពុង​តែ​ប្រចាំ​គ្នា​ផង​ក៏មិនដឹង។ អាមេរិក​​រៀបចំ​បញ្ជូន​តែ​ជំនួយ​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ​ទៅ​គៀរហ្ស៊ីស្តង់ ហើយ​មិនមាន​ផែនការ​បញ្ជូន​​កងកម្លាំង​រក្សា​សន្តិភាព​នោះទេ។ ចំណែក​រុស្ស៊ី​វិញ​ ដែល​នៅ​ក្បែរ​គៀរហ្ស៊ីស្តង់នោះ ក៏កំពុង​តែ​អល់​អែក​ខ្លាំង​ដែរ ព្រោះ​មិនចង់​ធ្វើ​​កិច្ចការ​នេះ​តែឯង៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ