អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​អាច​បង្ក​ផលវិបាក​អ្វីខ្លះ​ដល់​លោក​ពូទីន?

សំឡេង ០៤:១៥
លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី REUTERS/Sergei Karpukhin

វិបត្តិ​នៅ​អ៊ុយក្រែន​បានដើរ​ដល់​របត់ថ្មី​មួយ ក្រោយ​ពី​យន្តហោះ​ស៊ីវិល​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ត្រូវធ្លាក់​នៅ​ខាង​កើត​អ៊ុយក្រែន បណ្តាល​ឲ្យ​អ្នក​ដំណើរ​រហូតដល់​ទៅ​ជិត ៣០០នាក់​ត្រូវ​បាត់បង់​ជីវិត។ រហូតមក​ទល់​នឹង​ពេលនេះ ដំណើរការ​ស៊ើបអង្កេត​ទើប​នឹង​ចាប់ផ្តើម​បើក​ធ្វើ ក៏ប៉ុន្តែ ការសង្ស័យ​បាន​កើតមាន​កាន់តែ​ច្រើន​ថា យន្តហោះ​ម៉ាឡេស៊ី​ដែល​ធ្លាក់​នេះ ប្រហែល​ជា​ត្រូវ​គ្រាប់​មីស៊ីល​របស់​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​អ៊ុយក្រែន ដែល​គាំទ្រ​ដោយ​រុស្ស៊ី។ តើ​ហេតុការណ៍​នេះ​អាច​នឹង​បង្ក​ផលវិបាក​យ៉ាងណា​ដល់​លោក​ពូទីន?

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពីវិបត្តិ​អ៊ុយក្រែន​ចាប់ផ្ទុះឡើង​មក លោក​ពូទីន​ត្រូវ​បាន​ប្រជាជន​រុស្ស៊ី​ជាទូទៅ​​កោតសរសើរ​ថា​ជា​មេដឹកនាំ​វ័យឆ្លាត ដែល​ចេះចាត់ចែង​វិបត្តិ​អ៊ុយក្រែន​ប្រកបដោយ​ជោគជ័យ​ ទាំង​ខាង​តាក់ទិក និង​យុទ្ធសាស្រ្ត។ ការស្ទាបស្ទង់មតិ​ជាច្រើន​បង្ហាញ​ថា ប្រជាជន​រុស្ស៊ី​រហូតដល់​ទៅ ៨០% គាំទ្រ​ការដឹកនាំ​របស់​លោក​ពូទីន ជាពិសេស ចាប់តាំង​ពី​លោក​ពូទីន​​បាន​កាត់​យក​តំបន់​គ្រីមេ​​ពី​អ៊ុយក្រែន​មក​ភ្ជាប់​ជាមួយ​នឹង​ទឹកដី​រុស្ស៊ី។

នៅលើ​ឆាកអន្តរជាតិ​វិញ បើទោះបី​ជា​សហរដ្ឋ​អាមេរិក​ព្យាយាម​ខិតខំ​រកវិធី​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ក៏ដោយ ក៏ប៉ុន្តែ លោក​ពូទីន​នៅ​តែ​អាច​​បញ្ចៀស​រុស្ស៊ី​ពី​ភាព​ឯកោ​ខាង​ផ្នែក​ការទូត​បាន​ដែរ។ ក្នុងពេល​ប្រឈមមុខ​នឹង​ភាពតានតឹង​ជាមួយអាមេរិក និង​សម្ព័ន្ធមិត្ត លោក​ពូទីន​បាន​ទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន និង​បណ្តា​ប្រទេស​នៅ​អាមេរិក​ឡាទីន។ នៅពេល​ដែល​រុស្ស៊ី​ត្រូវ​លោក​ខាងលិច​​ផាត់ចេញ​មិន​ឲ្យ​ចូល​រួម​ក្នុង​ជំនួបកំពូល​​​ក្រុមប្រទេស G8 លោក​ពូទីន​ទៅ​ចូលរួម​ក្នុង​ជំនួបកំពូល​ក្រុម​ប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង) ដែល​​បាន​សម្រេច​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​មក​ប្រកួតប្រជែង​ជាមួយ​នឹង​ធនាគារ​ពិភពលោក​ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​ខាងលិច។

លើសពីនេះ​ទៅទៀត សូម្បីតែ​នៅ​ក្នុង​ចំណោម​ប្រទេស​លោកខាងលិច ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ក៏​លោកពូទីន​អាច​បញ្ចៀសទណ្ឌកម្ម​ធ្ងន់ៗ​មក​លើ​រុស្ស៊ី​បាន​ដែរ។ លោក​អូបាម៉ា​បាន​ខិតខំ​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​លើ​រុស្ស៊ី តែ​មិនបាន​សម្រេច ដោយសារតែ​ប្រទេស​ខ្លះ នៅ​ក្នុង​សហភាព​អឺរ៉ុប​មិនចង់​ឲ្យ​ខូច​​ផលប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​របស់​ពួកគេ។

ក៏ប៉ុន្តែ​​អ្វីៗ​អស់ទាំងនេះ​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ ក្រោយ​ពី​មាន​សោកនាដកម្ម​ទៅលើ​យន្តហោះ​ម៉ាឡេស៊ី MH17។

ភ្លាមៗ​ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​នាំគ្នា​​អះអាង​ថា យន្តហោះ​ម៉ាឡេស៊ី​នេះ​ត្រូវ​ធ្លាក់​ដោយ​ត្រូវ​គ្រាប់មីស៊ីល ធុន BUK (SA-11) ដែល​ផលិត​នៅ​រុស្ស៊ី ហើយ​មីស៊ីល​នេះ​ត្រូវ​បាញ់​ចេញ​ពី​តំបន់​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​អ៊ុយក្រែន ដែល​គាំទ្រ​ដោយ​រុស្ស៊ី។ ដូច្នេះ រុស្ស៊ី​បើទោះបី​ជា​បាន ឬ​មិនបាន​ប្រព្រឹត្ត​ដោយ​ផ្ទាល់ ក៏ប៉ុន្តែ ត្រូវបាន​គេ​ចោទ​ថាជា​​​អ្នក​ដែល​ត្រូវ​​មាន​ចំណែក​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទៅលើ​​ជើងហោះហើរ MH17 នេះ។

ជាការពិត​ថា ទាំងអស់​នេះ​គ្រាន់តែ​ជា​ការចោទប្រកាន់​ពី​គូបដិបក្ខ​ម្ខាង​ ហើយ​ការ​ស៊ើបអង្កេត​នៅមិនទាន់​ចេញ​ជា​លទ្ធផល​ដែល​អាច​បញ្ជាក់​ច្បាស់លាស់​ អំ​​ពី​​មូលហេតុ និង​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​នេះ​នៅឡើយទេ។

ក៏ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ ការ​បាត់បង់​អាយុជីវិត​ជនស៊ីវិល​ស្លូតត្រង់​ដល់​ទៅ​ជិត ៣០០នាក់ នៅក្នុង​តំបន់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី គាំទ្រ​ដោយ​រុស្ស៊ី​នេះ កំពុងតែ​ធ្វើ​ឲ្យ​​សហភាព​អឺរ៉ុប​ផ្លាស់ប្តូរ​ជំហរ​​ចំពោះ​លោក​ពូទីន។ អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ទៅទៀត​ ចំពោះ​​សាធារណមតិ​អឺរ៉ុប គឺ​នៅ​ក្នុង​ចំណោម​ជនរងគ្រោះ​នៅលើ​យន្តហោះ​ម៉ាឡេស៊ី​​ដែល​ធ្លាក់​នៅ​ខាងកើត​អ៊ុយក្រែន​នេះ មានរហូត​ដល់​ទៅ​ជាង​ពាក់កណ្តាល​ជា​ពលរដ្ឋ​មក​ពី​សហភាព​អឺរ៉ុប (ហូឡង់ ១៩៣នាក់ អង់គ្លេស ១០នាក់​ អាល្លឺម៉ង់ ៤នាក់ និង​ប៊ែលហ្ស៊ិក ៤នាក់)។

គេ​ឃើញ​ថា នៅក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះម៉ាឡេស៊ី​នេះ ប្រជាជន​ហូឡង់ ដែល​ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​ជាងគេ បាន​នាំគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ហូឡង់​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ធ្ងន់ធ្ងរ​លើ​រុស្ស៊ី បើទោះបី​ជា​ទណ្ឌកម្ម​នោះ​អាច​បង្ក​ការខូចខាត​​ដល់​សេដ្ឋកិច្ច​របស់​ហូឡង់​វិញ​ក៏​គេ​សុខចិត្ត​ទទួល​យក​ដែរ។

ការ​​បង្កើន​ទណ្ឌកម្ម​លើ​រុស្ស៊ី​នេះ ត្រូវ​បាន​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ព្រមព្រៀង​គ្នា​ជាគោលការណ៍​រួចហើយ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស កាលពីថ្ងៃ​អង្គារ ហើយក្នុង​ចំណោម​ទណ្ឌកម្ម​ដែល​គេ​កំពុង​សិក្សា​មើល​នៅពេលនេះ រួមមាន ការ​ហាមឃាត់​ធនាគារ​រុស្ស៊ី​លែង​ឲ្យ​លក់​ភាគហ៊ុន នៅក្នុង​ទីផ្សារ​មូលបត្រ​អឺរ៉ុប ហើយ​បម្រាម​នេះ​នឹង​ត្រូវ​អនុវត្ត​ទៅលើ​គ្រប់ធនាគារ​ទាំងអស់ ដែល​មាន​ចំណែក​ភាគហ៊ុន​រដ្ឋ​រុស្ស៊ី​លើសពី ៥០%។ ទណ្ឌកម្មនេះ ប្រសិនបើ​សហភាព​អឺរ៉ុប​​ឯកភាពគ្នា​​​ដាក់​លើ​រុស្ស៊ី​ពិតមែន គឺ​ជា​ទណ្ឌកម្ម​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ទណ្ឌកម្ម ដែល​អាមេរិក​សម្រេច​ដាក់​លើ​ធនាគារ​​រុស្ស៊ី កាល​ពី​សប្តាហ៍​មុន​ទៅទៀត។

ប្រសិនបើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បង្ហាញ​ថា ក្រុមឧទ្ទាម​ផ្តាច់ទឹកដី​ពិតជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​​​ម៉ាឡេស៊ី MH17 ពិតមែន ទំនាក់ទំនង រវាង​រុស្ស៊ី និង​សហភាព​អឺរ៉ុប​អាច​នឹង​ត្រូវ​ធ្លាក់​ចុះកាន់តែ​ដុនដាប​​ជាង​សព្វថ្ងៃ​នេះ​ទៅទៀត ហើយ​លោក​ពូទីន​ប្រាកដ​ជា​នឹង​ត្រូវ​ទទួលរង​នូវ​សម្ពាធ​​កាន់តែ​ខ្លាំង​​ឲ្យ​បញ្ឈប់​ការ​គាំទ្រ​​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ខាង​កើត​អ៊ុយក្រែន ហើយ​ជោគជ័យ​​ដែល​លោក​ពូទីន​សម្រេចបាន​នៅ​អ៊ុយក្រែន អាច​នឹង​ត្រូវបាត់បង់​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ