អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ប្រធានាធិបតី​ចិន​សន្យា​នឹង​ធ្វើ​សកម្មភាព​មុះមុត​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុមភេរវជន

សំឡេង ០៧:២៨
ទាហាន​ចិន​ពង្រាយ​នៅ​ទីក្រុង​urumqi ក្រោយ​ស្ថានីយ៍​រថភ្លើង​ត្រូវ​រងការវាយប្រហារ​ដោយ​គ្រាប់ផ្ទុះ កាលពី​ថ្ងៃ​ពុធ ទី ៣០​មេសា
ទាហាន​ចិន​ពង្រាយ​នៅ​ទីក្រុង​urumqi ក្រោយ​ស្ថានីយ៍​រថភ្លើង​ត្រូវ​រងការវាយប្រហារ​ដោយ​គ្រាប់ផ្ទុះ កាលពី​ថ្ងៃ​ពុធ ទី ៣០​មេសា ©REUTERS/CCTV/Handout via Reuters

នៅក្នុង​ចំណោម​មនុស្ស​ស្លាប់​បីនាក់ នៅក្នុង​ហេតុការណ៍​បំផ្ទុះគ្រាប់ នៅ​ស្ថានីយ៍​រថភ្លើង ក្នុង​ខេត្ត​ស៊ីនជាំង មាន​ពីរនាក់ ជា​ភេរវជន។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី នៅថ្ងៃ​ព្រហស្បតិ៍នេះ។ នៅ​ក្រោយ​ព្រឹត្តិការណ៍​បំផ្ទុះគ្រាប់ និង​ចាក់សម្លាប់ មនុស្ស កាលពី​យប់​ថ្ងៃ​ពុធ​ទី ៣០ មេសា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​ត្រូវ​បញ្ចប់​ទស្សនកិច្ច ថ្ងៃ​ចុងក្រោយ​នៅ ខេត្ត​ស៊ីនជាំង បាន​សន្យា​ថា រដ្ឋាភិបាល​នឹង​ចាត់វិធានការ ​ដាច់ខាត​ដើម្បី​ទុច បង្អាក់​កម្លាំង​ក្រុមភេរវជន។

ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​គ្រាប់បែក​នៅស្ថានីយ៍​រថភ្លើង នៅទីក្រុងUrumqi កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហាញ​ទិដ្ឋភាព​ពីរ។ ទីមួយ គឺ​ក្រុមភេរវជន​ចង់​បង្ហាញ​សមត្ថភាព និង​ចេញមុខ​ផ្គើន​នឹង​នយោបាយ​រឹតបន្តឹង របស់​រដ្ឋអំណាច​ទីក្រុង​ប៉េកាំង ដោយ​បើក​ការវាយប្រហារ នៅចំ​ពេល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​កំពុង​ធ្វើ​ទស្សនកិច្ច នៅ​ខេត្ត​ស៊ីនជាំង។ នៅក្នុង​រាល់​ការវាយប្រហារ​កន្លង​មក​របស់​ក្រុមភេរវជន ដូចជា​ការបំផ្ទុះ​រថយន្ត​នៅមុខ ទីលាន​ធានអានមេន ក្នុង​ទីក្រុង​ប៉េកាំង ឬ ការចាក់សម្លាប់​នឹង​កាំបិត នៅ​រថភ្លើង​ក្នុង​ខេត្ត​គុនមីង កាលពី​ខែ​មីនា​កន្លងទៅ អាជ្ញាធរ​ចិន​តែងតែ​ចោទ ទម្លាក់​កំហុស​ទៅលើ​ក្រុមជ្រុលនិយម​បំបែកខ្លួន​អ៊ុយហ្គួរ ក្នុង​ខេត្ត​ស៊ីនជាំង នោះ​បើទោះបី​ជា​គ្មាន​ក្រុមជន​ណាមួយ​ចេញ​មុខ​ទទួល​ខុសត្រូវ​លើ​ព្រឹត្តិការណ៍​ភេរវកម្ម​ក៏ដោយ។

 
ព្រឹត្តិការណ៍​បំផ្ទុះគ្រាប់​នៅខេត្ត​ស៊ីនជាំង កាលពីថ្ងៃ​ពុធ ទើប​មាន​ជា​លើក​ទីមួយ បន្ទាប់ពី​ស្ងាត់បាត់ អស់​១៧​ឆ្នាំមកហើយ។ កាលពី​ឆ្នាំ ១៩៩៧ ទីក្រុង​ Urumqi ធ្លាប់​ទទួល​រង​ការបំផ្ទុះ​គ្រាប់បែក​លើ​រថយន្តក្រុង ដែល​បាន​សម្លាប់​មនុស្ស​៩នាក់។

ទីពីរ​ទៀត តាមរយៈ ការវាយប្រហារ​លើកនេះ គេឃើញថា ក្រុមភេរវជន​ចាប់ផ្តើម​មាន​រចនា​សម្ព័ន្ធ និង​ផែនការ គោលដៅ​ច្បាស់លាស់ ជាងមុន។ ពួកគេ​លែង​វាយប្រហារ​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស ឬ​ទីតាំង​រដ្ឋបាល​របស់​អាជ្ញាធរ​ចិន នៅក្នុង​ខេត្ត​ស៊ីនជាំង​ដូចមុន​ទៀតហើយ។ ពួក ក្រុម ជនដៃដល់ បានចាប់ផ្តើម​ផ្តោត​ទិសដៅ​វាយប្រហារ​របស់ខ្លួន ទៅលើ​ទីប្រជុំជន ជាពិសេស នៅ​ស្ថានីយ៍​រថភ្លើង ដែល​សំបូរ​មនុស្ស​ចេញចូលច្រើន។ នៅ​ស្ថានីយ៍​រថភ្លើង ក្នុង​ក្រុង​ Urumqi ក្រុមជនដៃដល់​វាយប្រហារ​ទៅលើ​ក្រុមមនុស្ស​ជាតិហាន ដែល​ទើប​ធ្វើដំណើរ​មក​ពី​ខេត្ត​ស៊ីឈាន់ ដើម្បី​ឈប់សម្រាក នៅថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ។ ការវាយប្រហារ​របស់​ក្រុម ឧក្រិដ្ឋជន ទៀតសោត នៅតែ​អាច​ធ្វើ​បាន នោះបើទោះបី​ជា​មាន​ការយាម តឹងរ៉ឹង របស់​ប៉ូលិស នៅក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី​ចិន នៅ​ខេត្ត​ស៊ីនជាំង។

តាម​អាជ្ញាធរ​ខេត្ត​ស៊ីនជាំង ក្រុមភេរវជន​បាន​សម្រុក​វាយប្រហារ​ទៅលើ​មនុស្ស នៅ​ច្រក​ផ្លូវចេញ នៅពេល​ប៉ូលិស​សំបូរ​យាម​ច្រើន នៅតែ​ច្រក​ផ្លូវចូល​តែ​ប៉ុណ្ណោះ។ ជារួម ការវាយ​ប្រហារ​លើកនេះ របស់​ក្រុមភេរវជន មិនត្រឹម​តែ​បង្ហាញ​ពី​សមត្ថភាព​រីកចម្រើន​ជាង​មុន​របស់​ក្រុម​នេះ​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​ឆ្លុះ​បញ្ចាំង​ផងដែរ ពី​​សមត្ថភាព​គ្រប់គ្រង និង​ការពារ​សន្តិសុខ​ពី​សំណាក់​អាជ្ញាធរ​ចិន ដែល​នៅ​តែ​ទន់ខ្សោយ​នៅឡើយ នៅចំពោះ​ការរីកធំឡើង​នៃ​សមត្ថភាព​របស់​ក្រុមភេរវជន។

ប្រធានាធិបតី​ចិន ស៊ីជីនពីង​ទស្សនកិច្ច​នៅវិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​Urumqi កាលពីថ្ងៃ​ពុធ​ទី ៣០​មេសា
ប្រធានាធិបតី​ចិន ស៊ីជីនពីង​ទស្សនកិច្ច​នៅវិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​Urumqi កាលពីថ្ងៃ​ពុធ​ទី ៣០​មេសា Reuters/路透社

ស៊ីនជាំង​ជា​សមរភូមិជួរមុខ​របស់​ប៉េកាំង​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម
លោក​ស៊ី ជីនពីង​ទៅ​ខេត្ត​ស៊ីនជាំង ក៏​ដើម្បី​បញ្ជាក់​ពី​នយោបាយ​កណ្តាប់ដៃដែក​របស់​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន​ដែរ។ តាម​ការដកស្រង់​របស់​ទីភ្នាក់ងារ​ចិន​ថ្មី លោក​ស៊ី ជីនពីង​បាន​ចាត់ទុក​ខេត្ត​ស៊ីនជាំង​ជា​សមរភូមិជួរ​មុខ​របស់​ប៉េកាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។ នៅមុន​ភេរវកម្ម​បំផ្ទុះគ្រាប់បែក កាលពីថ្ងៃ​ពុធ​ម្សិលមិញ លោក​ប្រធានាធិបតី​​ចិន​មិន​រារែក​នឹង​បញ្ជា​ឲ្យ​អាជ្ញាធរ​បង្កើន​ការងារ​ខ្លាំង​ជាងមុន​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម។ ដើម្បី​ធ្វើ​ដូច្នេះបាន លោក​ស៊ី បាន​រំលឹក​ឲ្យ​គេ​បង្កើត​វិធីសាស្រ្ត​ថ្មី ដើម្បី​តាមដាន​ក្រុមឧក្រិដ្ឋជន ដែល​អាច​ធ្វើ​អំពើហិង្សា ក្រុមភេរវជន។ កម្លាំង​រក្សា​សណ្តាប់ធ្នាប់​ត្រូវ​ហ្វឹកហាត់​ច្រើន​ជាងមុន និង​ធ្វើ​ការប្រយុទ្ធ​ជាក់ស្តែង។ ចំណាយ​ចេញ​ញើស​នៅពេលនេះ គឺ​ដើម្បី​បាត់បង់​​ឈាម​តិចតួច នៅក្នុង​ពេល​មាន​សង្រ្គាម។ នេះជាការលើកឡើង​របស់​លោកប្រធានាធិបតី​ចិន។

នៅក្នុង​អាណត្តិ​របស់ខ្លួន លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ធ្វើ​នយោបាយ​ខុស​ពី​ប្រធានាធិបតី​ចិន​មុនៗ។ លោកស៊ី មានអំណាច​ទៅលើ​ទាហាន និង​ផ្តោតច្រើន​ទៅលើ​សន្តិសុខ​ផ្ទៃក្នុង និង​ក្រៅប្រទេស។ លោក​ជា​ប្រធាន​គណៈកម្មាការ​សន្តិសុខ​ជាតិ​ដែល​ទើប​បើកការប្រជុំ នៅមុន​ពេល​លោក​ធ្វើដំណើរ​ទៅខេត្ត​ស៊ីនជាំង នៅ​ដើម​សប្តាហ៍នេះ។ លោក​ស៊ី យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ខេត្ត​ស៊ីនជាំង ទាំង​ក្នុង​ផ្នែក​យុទ្ធសាស្រ្ត ភូមិសាស្រ្ត និង​សេដ្ឋកិច្ច​របស់​ខេត្ត​ស្វយ័ត នេះ​ដែល​សំបូរ​ធនធានរ៉ែ​ក្រោមដី។ លោកស៊ី ជីនពីង​បាន​និយាយ​រួច​ហើយ​ថា អស្ថិរភាព​នយោបាយ នៅ​ខេត្ត​ស៊ីនជាំង គឺ​គំរាម​ទៅដល់​សន្តិសុខ និង​ផល​ប្រយោជន៍​ជាតិ ដូច្នេះ ការប្រយុទ្ធប្រឆាំង​ក្រុមភេរវកម្ម ដើម្បី​រក្សា​សន្តិសុខសង្គម ​គឺ​ជា​រឿង​ចាំបាច់។

រហូតមក រដ្ឋអំណាច​ចិន​បាន​ប្រើ​យុទ្ធសាស្រ្ត វាយប្រហារ និង​ការពារទុកជាមុន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុមភេរវកម្ម។

តាម​ក្រុមការពារសិទ្ធិមនុស្ស​អ៊ុយហ្គួរ ដែល​មាន​ទីតាំង​នៅអាល្លឺម៉ង់ អាជ្ញាធរចិន​បាន​យក​លេស​​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម ដើម្បី​បង្រ្កាប​កាន់តែខ្លាំង​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ ដែល​ធ្លាប់​ជា​ម្ចាស់​ស្រុក​នៅ​ខេត្ត​ស៊ីនជាំង។ តាម​អ្នកនាំពាក្យ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ នៅក្រោយ​ហេតុការណ៍ បំផ្ទុះគ្រាប់បែក កាលពីថ្ងៃ​ម្សិលមិញ មាន​ជនជាតិ​អ៊ុយហ្គួរ ជាង​១០០​នាក់ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួន នៅ​ខេត្ត​ស៊ីនជាំង។

នៅស៊ីនជាំង ប្រជាជន​អ៊ុយហ្គួរ​ដែល​មាន​ចំនួន​៨​លាន​នាក់ បាន​តវ៉ា​ថា ពួកគេ​ត្រូវ​បាន​រដ្ឋ​អំណាច​ទីក្រុង​ប៉េកាំង​បំភ្លេចចោល មិន​យកចិត្តទុកដាក់។ ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​បាន​ចោទ​ជនជាតិ​ហាន ថា បាន​ចូល​ទៅរស់នៅ និង​ដណ្តើម​ផលប្រយោជន៍​ពី​ជនជាតិ​អ៊ុយហ្គួរ នៅ​ស៊ីនជាំង។ តាម​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​អ៊ុយហ្គួរ វប្បធម៌ សាសនា អ៊ីស្លាម និង​ភាសារ​របស់​ប្រជាជន​អ៊ុយហ្គួរ កំពុង​រងការគំរាមកំហែង​ពី​ពី​ជនជាតិ​ហាន ដែល​ជា​អាជ្ញាធរ​គ្រប់គ្រង​ស៊ីនជាំង។ ថ្មីៗនេះ ក្រៅតែ​ពីការបង្រ្កាប បិទសិទ្ធិ​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ អាជ្ញាធរ​ចិន នៅ​ស៊ីនជាំង​បាន​ប្រើលុយ ដើម្បី​ទិញទឹកចិត្ត​របស់​ប្រជាជន​នៅ​ស៊ីនជាំង ដើម្បី​រាយការណ៍​ពី​ក្រុមមនុស្ស​ដែល​ទុកពុកមាត់ ឬ​មនុស្ស​ដែលជួបជុំ​ធ្វើ​បុណ្យ​សាសនា​លួចលាក់។ អាជ្ញាធរ​ចិន​ជឿថា ក្រុមជីហាត កាន់សាសនា​អ៊ីស្លាម​ជ្រុលនិយម កំពុង​បន្លំខ្លួន នៅក្នុង​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម ជាតិ​អ៊ុយហ្គួរ។

តាម​អង្គការ​ការពារ​សិទ្ធិ​ជាតិ​អ៊ុយហ្គួរ ដរាបណា ការរឹតបន្តឹង និង​បង្រ្កាប​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ មានកាន់តែខ្លាំង នោះ ចលនា​ប្រឆាំង ដើម្បី​វាយប្រហារ​ទៅលើ​ផលប្រយោជន៍​របស់​រដ្ឋអំណាច​ចិន នឹង​អាច​មាន​កាន់តែ​ច្រើន​ជាងមុន។ ជាក់ស្តែង អំពើ​ហិង្សា នៅខេត្ត​ស៊ីនជាំង ទៅលើ​ទីតាំង​រដ្ឋបាល​ចិន បាន​សម្លាប់​មនុស្ស​ជាង ១០០​នាក់ នៅក្នុង​ឆ្នាំ ២០១៣ ហើយ​ចលនា​ប្រឆាំង​នេះ​ហាក់​មិន​បាន​ថមថយទេ។ ការវាយប្រហារ​ទៅលើស្ថានីយ៍​រថភ្លើង​កាលពីថ្ងៃ​ម្សិលមិញ គឺ​ជា​ឧទាហរណ៍ស្រាប់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ