អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្រី​យីងឡាក់​ត្រូវ​តុលាការ​ធម្មនុញ្ញ​ថៃ​ដក​តំណែង​ជា​នាយករដ្ឋមន្រ្តី​ចាំផ្ទះ

សំឡេង ០៦:២៣
លោកស្រី​យីងឡាក់ នៅបាងកក ថ្ងៃ​ពុធ ៧ ឧសភា ២០១៤
លោកស្រី​យីងឡាក់ នៅបាងកក ថ្ងៃ​ពុធ ៧ ឧសភា ២០១៤ REUTERS/Athit Perawongmetha

នៅថ្ងៃ​ពុធ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​​បាន​ចេញ​សេចក្តីសម្រេច​​បញ្ចប់​តំណែង​​​ជា​នាយករដ្ឋមន្រ្តី​ចាំផ្ទះ​របស់​លោកស្រី​យីងឡាក់ ព្រមទាំង​រដ្ឋមន្រ្តី​ចំនួន ៩រូប​ផ្សេងទៀត ពីបទ​ថា​បាន​រំលោភ​អំណាច នៅ​ក្នុងការ​តែងតាំង និង​ផ្លាស់​ប្តូរ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​ជាតិ កាល​ពី​ឆ្នាំ​២០១១។ ភ្លាមៗ​ក្រោយ​ពី​តុលាការ​ចេញ​សេចក្តីសម្រេច រដ្ឋាភិបាល​ភឿថៃ​ក៏​បាន​ប្រកាស​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ឲ្យឡើង​មក​ជំនួស​លោកស្រី​យីងឡាក់ ជា​នាយករដ្ឋមន្រ្តី​ចាំផ្ទះ រហូត​ដល់​មាន​ការ​បោះឆ្នោត​ជាថ្មី។

ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​នៅ​តុលាការ​ធម្មនុញ្ញ​បាន​​​កើតឡើង ពី​ពាក្យ​បណ្តឹង​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​​ប្រឆាំង ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​តំណែង​ប្រមុខដឹកនាំ​ទីប្រឹក្សា​សន្តិសុខ​ជាតិ កាល​ពី​ឆ្នាំ​២០១១។

នៅ​ក្នុង​សវនាការ​ យើងឃើញ​លោកស្រី​យីងឡាក់​ឆ្លើយ​ការពារ​ខ្លួន​ថា ការ​ផ្លាស់ប្តូរ​តំណែង​​ប្រមុខ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ គឺ​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​នាយករដ្ឋមន្រ្តី​ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ ហើយ​ការ​សម្រេច​ប្តូរ​តំណែងនេះ​ត្រូវ​បាន​ធ្វើឡើង ដោយគោរព​ទៅតាម​នីតិវិធី​ត្រឹមត្រូវ ពោលគឺ ​ឆ្លង​កាត់​កិច្ចប្រជុំ​​គណៈរដ្ឋមន្រ្តី។

ក៏ប៉ុន្តែ ​តុលាការ​ធម្មនុញ្ញ​​បាន​សម្រេច​ថា ថ្វីដ្បិត​តែ​ក្នុងនាម​ជា​នាយករដ្ឋមន្រ្តី​ លោក​យីងឡាក់​មាន​អំណាច​ផ្លាស់ប្តូរ​ប្រមុខ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នេះ​មែន ក៏ប៉ុន្តែ លោក​ស្រី​​បាន​ប្រើ​អំណាច​​របស់​ខ្លួន ដើម្បី​បម្រើ​ផលប្រយោជន៍​បក្សពួក​ក្រុម​គ្រួសារ ពោលគឺ ធ្វើការ​​ផ្ទេរ​តំណែង​ប្រមុខដឹកនាំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ចេញ ដោយ​យក​អគ្គស្នងការ​ប៉ូលិស​ជាតិ​មក​ជំនួស ដើម្បី​ទុក​តំណែង​អគ្គស្នងការ​ប៉ូលិស​នេះ​ទៅ​ឲ្យ​បក្សពួក គឺ​ប្អូនប្រុស​អតីត​ភរិយា​របស់​លោក​ថាក់ស៊ីន។
 
តុលាការ​សម្រេច​បញ្ចប់​តំណែង​លោកស្រី​យីងឡាក់ និង​រដ្ឋមន្រ្តី​ចំនួន ៩នាក់ ដែល​បាន​ចូលរួម​​អនុម័ត​ការ​សម្រេច​ផ្លាស់ប្តូរ​តំណែង​ប្រមុខដឹកនាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​នេះ ក៏ប៉ុន្តែ មិនបាន​រំលាយ​រដ្ឋាភិបាល​ចោល​ទាំងមូល ដូច​ការបារម្ភ​របស់​គណបក្ស​ភឿថៃ និង​ក្រុម​អាវក្រហម​ កាលពីមុន​នោះទេ។
 
សមាសភាព​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ ដែល​នៅសេសសល់ បាន​សម្រេច​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល គឺ​លោក នីវ៉ាត់​ទំរ៉ុង ប៊ូនសុងប៉ៃសាន (Niwattumrong Boonsongpaisan) ឲ្យ​ឡើង​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ចាំផ្ទះ​ រហូត​ដល់​មាន​ការ​បោះឆ្នោត​ជា​ថ្មី ដែល​គេ​គ្រោង​ធ្វើ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ខាងមុខ ក្រោយ​ពី​ការ​បោះឆ្នោត​ កាល​ពី​ខែ​កុម្ភៈ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ប្រកាស​ធ្វើ​មោឃភាព។

នៅ​ក្រោយពី​លោកស្រី​យីងឡាក់​ត្រូវ​តុលាការ​ដកចេញ​ពី​តំណែង នៅពេលនេះ គេ​កំពុង​ ​រង់ចាំ​តាមដាន​មើល​ប្រតិកម្ម​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​លោកស្រីយីងឡាក់ គឺ​ក្រុម​អាវក្រហម ដែល​កន្លងមក​ធ្លាប់​បានប្រកាស​រួចហើយ​ថា ពួកគេ​ត្រៀម​ខ្លួន​ចេញ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយធំ​នៅ​បាងកក ដើម្បី​ការពារ​លោកស្រី​យីងឡាក់ ប្រសិន​បើ​តុលាការ​ហ៊ាន​ទម្លាក់​លោកស្រី​ពីតំណែង។

គេបារម្ភ​ថា ពួក​អាវក្រហម​អាច​នឹង​មាន​ការ​ប៉ះទង្គិចគ្នា​ជាមួយ​ក្រុម​អាវលឿង ដែល​កំពុង​បន្ត​ធ្វើ​បាតុកម្ម​ នៅ​ក្នុង​ទីក្រុង​បាងកក​ដែរ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះចេញ​ពីតំណែង ហើយ​ប្រគល់​អំណាច​ឲ្យ​ “ក្រុមប្រឹក្សា​ប្រជាជន” ដែល​ជា​ស្ថាប័នដែល​មិនកើតចេញ​ពី​ការ​បោះឆ្នោត ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ជំនួសវិញ។

គេសង្កេតឃើញ​ថា ចាប់តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ថាក់ស៊ីន​កាលពីឆ្នាំ​២០០៦​មក តុលាការធម្មនុញ្ញថៃ​ បាន​ចេញសេចក្តីសម្រេច​រំលាយ​គណបក្ស ឬ​ដកតំណែង​នាយករដ្ឋមន្រ្តី​ស្និទ្ធ​នឹង​លោក​លោក​ថាក់ស៊ីន ចំនួន ៣រូប​ហើយ គឺ​​​លោក​សាម៉ាក ស៊ុនដារ៉ាវេត លោក​ស៊ុមឆៃ វង់សាវ៉ាត់ និង​ចុងក្រោយ គឺ​លោកស្រី​យីងឡាក់។ រាល់លើក​​ក្រុម​អ្នក​គាំទ្រ​លោក​ថាក់ស៊ីន តែងតែ​នាំគ្នា​ចាត់ទុក​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​នេះ​ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​តាម​ផ្លូវ​តុលាការ។

ចំពោះ​សេចក្តីសម្រេច​ដកតំណែង​លោកស្រី​យីងឡាក់ នៅថ្ងៃ​ពុធ​នេះ គេ​ឃើញ​​ថា តុលាការ​ធម្មនុញ្ញ​ហាក់ដូចជា​សម្រេច​​ផ្ទុយ​ទៅនឹង​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ កាល​ពី​ឆ្នាំ​២០១១ ទាក់ទង​នឹង​បណ្តឹង​សុំ​ដក​តំណែង​លោក​អាភិស៊ីត​វេចាជីវ៉ា ដែល​​បច្ចុប្បន្ន​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ក៏ប៉ុន្តែ កាល​ណោះ​ជា​នាយករដ្ឋមន្រ្តី​ចាំផ្ទះ ដូចជា លោកស្រី​យីងឡាក់ នៅ​ពេលនេះ​ដែរ។

កាល​ពី​ក្នុង​ករណី​លោក​អាភិស៊ីត តុលាការ​ធម្មនុញ្ញ​បាន​សម្រេច​មិនចាត់ការ​លើ​បណ្តឹង​សុំដក​តំណែង​លោក​អាភិស៊ីត​ ដោយ​លើក​ហេតុផល​ថា លោក​អាភិស៊ីត​បាន​បញ្ចប់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ខ្លួនឯងទៅហើយ តាមរយៈ​ការ​ប្រកាស​រំលាយសភា និង​រៀបចំ​បោះឆ្នោត​ឡើងវិញ។

ចំពោះ​ករណី​លោកស្រី​​យីងឡាក់វិញ លោកស្រី​យីងឡាក់​ក៏​បាន​រំលាយសភារួចហើយ​ដែរ ដោយ​រង់ចាំ​តែ​ការ​បោះឆ្នោត​ ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្រ្តី​អាណត្តិ​ថ្មី គឺ​ដូចជា​ករណី​លោក​អាភិស៊ីត កាល​ពី​ឆ្នាំ​២០១១​ដែរ។ ក៏ប៉ុន្តែ តុលាការ​ចេញសេចក្តីសម្រេច​បញ្ចប់​ទាំង​តំណែង​ជា​នាយករដ្ឋមន្រ្តី​ចាំផ្ទះ​របស់​លោកស្រី​យីងឡាក់។

នៅ​ក្នុង​សេចក្តីសម្រេច​ថ្ងៃ​នេះ តុលាការ​ធម្មនុញ្ញ​​​មិន​បាន​ហាម​លោកស្រី​យីងឡាក់​​​​មិន​ឲ្យ​ធ្វើ​នយោបាយ​ទេ។ ដូច្នេះ តាមធម្មតា លោកស្រី​នៅតែ​អាច​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត នៅ​ខែកក្កដា​ខាងមុខនេះ​បាន។ ក៏ប៉ុន្តែ លោកស្រី​យីងឡាក់ នៅ​ជាប់​នឹង​ក្តីក្តាំ​ធំមួយទៀត ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពីបទ​ពុករលួយ ពាក់ព័ន្ធ​នឹង​នយោបាយ​ទិញអង្ករ។ សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​អាច​នឹង​ចេញ​សេចក្តីសម្រេច​ឆាប់ៗ​ខាងមុខ​នេះ​ថា តើ​នឹង​ត្រូវ​ធ្វើ​ការ​ចោទប្រកាន់​​លោកស្រី​ជាផ្លូវការ​ដែរ​ឬ​ក៏​យ៉ាងណា។ ការ​ចោទប្រកាន់​ពីបទ​ពុករលួយ​នេះ ប្រសិន​បើ​តុលាការ​សម្រេច​ឲ្យ​លោកស្រី​យីងឡាក់​ជាប់ពិរុទ្ធ លោកស្រី​អាច​នឹង​ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូតដល់​ទៅ ៥ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ