ការប្រកាសភាពអាសន្ននៅរដ្ឋ រ៉ាកាយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលភូមា ប៉ុនប៉ងសម្រន់ភាពតានតឹងរវាងសហគមន៍សាសនានៅរដ្ឋរ៉ាកាយប៉ែកខាងលិចប្រទេសភូមា បន្ទាប់ពីមានការបះបោរ២ថ្ងៃតាំងពីថ្ងៃសុក្រទី៨មិថុនារវាងសហគមន៍អ្នកកាន់ពុទ្ធសាសនានិងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម។ ការបះបោរនេះ បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៧នាក់និងរបួសប្រមាណ២០នាក់ទៀត។ កងទ័ពភូមា ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខនៅក្នុងតំបន់។ អាជ្ញាធរភូមាវិញបានដាក់បម្រាមគោចរ ហើយប៉ុន្មានម៉ោងក្រោយមកបានប្រកាសភាពអាសន្នដែលផ្តល់អំណាចច្រើនជាងមុនឲ្យដល់ពួកយោធា។ ទំនាក់ទំនងរវាងពុទ្ធសាសនិកជនដែលមានភាគច្រើននៅរដ្ឋរ៉ាកាយនិងអ្នកកាន់សាសនាអ៊ីស្លាម មានលក្ខណៈអាក្រក់ណាស់តាំងពីជាច្រើនទសវត្សមកហើយ ក៏ប៉ុន្តែ នេះជាលើកទីមួយដែលវានាំទៅកាន់ការប៉ះទង្គិចគ្នាបែបនេះ។
អាជ្ញាធរភូមា បានប្រើមធ្យោបាយធំៗដើម្បីប៉ុនប៉ងក្តោបក្តាប់ស្ថានការណ៍ឡើងវិញនៅក្នុងតំបន់រ៉ាកាយ ដោយបានបញ្ជូនកងទ័ពតាមយន្តហោះនិងតាមកប៉ាល់ចម្បាំងជាច្រើនគ្រឿងដើម្បីយាមល្បាតឃ្លាំមើលនៅតាមដងទន្លេនិងនៅតាមដែនសមុទ្រជិតតំបន់ឆ្នេរ។
បន្ទាប់ពី បម្រាមគោចរបានចូលជាធរមានចាប់តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច ស្ថានការណ៍នៅរដ្ឋរ៉ាកាយទំនងជាបានស្ងប់ស្ងាត់បន្តិចមកវិញ ក្រោយពីមានចលាចល៤៨ម៉ោងមក។
ភាពតានតឹងកើតមានបណ្តាលមកពីមានការចាប់រំលោភសេពសន្ថវៈនិងការសម្លាប់យុវនារីម្នាក់កាន់ពុទ្ធសាសនាពីសំណាក់ពួកអ្នកកាន់សាសនាអ៊ីស្លាមកាលពីចុងខែឧសភាកន្លងទៅនេះ។ បន្ទាប់មក នៅដើមខែមិថុនានេះ សហគមន៍អ្នកកាន់ពុទ្ធសាសនាជាច្រើនរយនាក់ដែលជឿជាក់ថា បានរកឃើញពួកជនសង្ស័យ និងបានសម្លាប់ពួកអ្នកធ្វើធម្មយាត្រាស្វែងបុណ្យសាសនាអ៊ីស្លាម ចំនួន១០នាក់។ ឧប្បត្តិហេតុនេះ បានបង្កបំផុសកំហឹងក្រេវក្រោធនៅក្នុងសហគមន៍អ៊ីស្លាម ហៅថា ពួក Rohingysasដែលបាននាំគ្នាធ្វើការសងសឹកតបវិញ ដោយបានដុតបំផ្លាញផ្ទះសម្បែងនិងហាងលក់ទំនិញរបស់សហគមន៍អ្នកកាន់ពុទ្ធសាសនាអស់ជាច្រើនរយខ្នង។
ក្រុមនគរបាលភូមា បានចេញមុខធ្វើអន្តរាគមន៍ ប៉ុន្តែយោងតាមមធ្យោបាយឃោសនាមហាជនភូមា ពួកនគរបាល គ្រាន់តែបាញ់កំញើញសម្លុតតែប៉ុណ្ណោះ។ សារព័ត៌មានភូមាដដែលនេះកាលពីចុងសប្តាហ៍កន្លងទៅនេះ បានអំពាវនាវឲ្យសម្រន់ស្ថានការណ៍ ដោយបានព្រមានប្រាប់អំពីការអាចកើតមានអនាធិបតេយ្យ។
គួររំលឹកថា សហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនៅរដ្ឋរ៉ាកាយដែលមានដើមកំណើតមកពីតំបន់ អាស៊ីខាងត្បូង ត្រូវបានជនជាតិអង់គ្លេសជំនាន់អាណានិគមនិយមនៅភូមា នាំយកមកធ្វើការជាកម្មករស្រែចម្ការ។ ក្រោយពីភូមាបានទទួលឯករាជ្យ ពួកកម្មករទាំងនេះដែលត្រូវបានគេបំបរបង់ដាក់ឲ្យនៅឆ្ងាយពីគេ ពុំដែលត្រូវគេទទួលស្គាល់ជាពលរដ្ឋភូមាឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ