មេរោគកូរ៉ូណាថ្មី បាននិងកំពុងបន្តរីករាលដាល។ ក្តីព្រួយបារម្ភ រីកធំធាត់ជាលំដាប់និង ពេញពិភពលោក។ តើ មេរោគ កូរ៉ូណាថ្មី កាចសាហាវយ៉ាងណា ? អ្វីជារោគសញ្ញានៃការឆ្លងមេរោគ ? តើគេអាចការពារកុំឱ្យឆ្លងវីរុសកូរ៉ូណាថ្មីបានដែរឬទេ ? តើមានវិធីព្យាបាលដែរឬអត់ ?
មេរោគកូរ៉ូណា ឬកូរ៉ូណាវីរុស ជាអំបូរមេរោគ ដែលអាចកើតនៅលើមនុស្សផង នៅលើពពួកសត្វផង។ គេហៅមេរោគនេះថា “កូរ៉ូណា” ព្រោះមានទម្រង់ និងរូបរាងដូចមកុដ (នៅពេលពិនិត្យមើលតាមមីក្រូទស្សន៍)។ កូរ៉ូណាវីរុស ត្រូវបានគេរកឃើញកើតនៅលើមនុស្សជាលើកទីមួយ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ កូរ៉ូណា ជាមេរោគដែលអាចបង្កជាជំងឺប្រភេទថ្មី ដោយហេតុថា កូរ៉ូណា ងាយ ប្តូរផ្លាស់ទម្រង់ ឬបំផ្លែងខ្លួន។ នៅពេលវីរុសកូរ៉ូណាឆ្លងដល់មនុស្ស វាច្រើនតែបង្កឱ្យមានជំងឺផ្លូវដង្ហើម ពីផ្តាសាយហៀរសំបោរ ក្នុងទម្រង់ស្រាល ទៅជំងឺរលាកសួត ធ្ងន់ធ្ងរ អាចដល់ស្លាប់ បើក្នុងទម្រង់ធ្ងន់។ វីរុសនេះក៏អាចនាំមកនូវផលរំខានមួយចំនួនផ្សេងទៀតប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដូចធ្វើឱ្យមានអាការៈរាកក្អួតជាដើម។
កូរ៉ូណា ជាអំបូរមេរោគដែលចែកជាចង្កោមគ្រួសារបួនសំខាន់ៗ គឺ អាល់ហ្វា បេតា ហ្កាម៉ា និងដែលតា។ កូរ៉ូណាវីរុស មាន៧ប្រភេទខុសៗគ្នា ក្នុងនោះបួនប្រភេទ មិនសូវកាចទេ។ បីប្រភេទទៀត កំណាចខ្លាំង មានអាទិ៍
- Sras-CoV (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរខ្លាំង លេចឡើងនៅចិន កាលពីឆ្នាំ ២០០២ ឬជំងឺសារស៍)
- Mers-CoV (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា លេចឡើងនៅឆ្នាំ២០១២ នៅប្រទេសអារ៉ាប៊ីសាអូឌីត)
- 2019-nCov មេរោគកូរ៉ូណាថ្មី ទើបលេចឡើងនៅប្រទេសចិន កាលពីខែធ្នូឆ្នាំ២០១៩ និងដែលកំពុងបន្តរីកដាលយ៉ាងខ្លាំង។
មេរោគកូរ៉ូណា បង្កជំងឺសារស៍ និងមេរោគកូរ៉ូណា បង្កជំងឺរលាកផ្លូវដង្ហើមនៅមជ្ឈិមបូព៌ា (មឺស) ជាទម្រង់កាចខ្លាំង ដោយអាចបង្កឱ្យអ្នកឆ្លងមេរោគ ស្លាប់ ក្នុងអត្រាជិត ១៥% សម្រាប់មេរោគសារ និងជាង៣៦% សម្រាប់មេរោគមឺស។ ចំណែកមេរោគកូរ៉ូណាថ្មី ដែលបង្កឱ្យមានជំងឺកូវីដ១៩ ទំនងជាងអាចបង្កឱ្យមានអ្នកស្លាប់ក្នុងកំរិត ប្រមាណ ៥%។ ប៉ុន្តែជាទូទៅ កូរ៉ូណា ជាមេរោគដែលអាចបំផ្លែងខ្លួនក្នុងអត្រាដ៏ខ្ពស់ ខ្ពស់ជាងវីរុសគ្រុនផ្តាសាយ ឬវីរុសHIV ទៅទៀត។ កូរ៉ូណាវីរុស មានវត្តមាននៅក្នុងពពួកសត្វជាច្រើនប្រភេទណាស់ និងអាចធ្វើដំណើរឆ្លងពីពូជសត្វមួយសត្វមួយទៀត យ៉ាងស្រួល ដែលជាហេតុធ្វើឱ្យសត្វឆ្លងមេរោគងាយស្លាប់។ មិនតែប៉ុណ្ណោះ កូរ៉ូណា អាចចម្លងមកមនុស្ស និងរវាងពីមនុស្សទៅមនុស្សបានទៀត។
ការចម្លងពីមនុស្សទៅមនុស្ស ប្រព្រឹត្តទៅតាមរយៈទំនាក់ទំនងដ៏ជិតខ្លាំង ដូចជាការប៉ះពាល់គ្នា ឬចាប់ដៃគ្នា និងតាមខ្យល់ នៅពេលអ្នកផ្ទុកមេរោគ ក្អក ឬកណ្តាស់ នៅចម្ងាយតិចជាងមួយម៉ែត្រពីយើង។ ប៉ះផ្ទៃនៃវត្ថុអ្វីមួយ ដែលមានវីរុសតោងនៅជាប់លើនោះ រួចមកប៉ះមាត់ ច្រមុះ ឬភ្នែក ក៏អាចចម្លងមេរោគកូរ៉ូណាចូលក្នុងខ្លួនបានដែរ។ សូមបញ្ជាក់ថាកូរ៉ូណាវីរុសថ្មី ឬកូវីដ១៩នេះ អាចរស់មានជីវិតក្នុងខ្យល់បរិយាកាស រយៈពេលពីរ-បីម៉ោង និងដល់ពីរ-បីថ្ងៃ បើជាបរិស្ថានឬតំបន់សើម។
នៅពេលមេរោគចូលដល់ក្នុងខ្លួនមនុស្សហើយ វាមិនបង្កឱ្យមានរោគសញ្ញាភ្លាមទេ។ មេរោគកូវីដ១៩ អាចសំងំនៅក្នុងខ្លួន រហូតដល់ ១០ទៅ១៤ថ្ងៃ ឯណោះ ទើបបង្ហាញអាការៈដំបូង ក្នុងទម្រង់ស្រាល ដូចជា ឈឺក្បាល ក្តៅខ្លួន ផ្តាសាយ មានអារម្មណ៍នឿយហត់មិនស្រណុកខ្លួន។ ក្នុងទម្រង់ធ្ងន់ អ្នកជំងឺមានអាការៈក្តៅខ្លួនហើយ ក្អក ពិបាកដកដង្ហើម និងអាចមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដូចជារលាកទងសួត ឬរលាកសួត។
បើតាមអាជ្ញាធរសុខាភិបាលចិន មេរោគកូរ៉ូណាថ្មីនេះ ឆ្លងខ្លាំងណាស់ ដោយទំនងជាអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន តាំងតែពីអ្នកមានផ្ទុកមេរោគ ពុំទាន់មានរោគសញ្ញាឈឺម្ល៉េះ តែពុំសូវកំណាចខ្លាំងដូចមេរោគសារស៍ទេ។ តែបើតាមប្រសាសន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Astrid Vabret ប្រធានផ្នែកសិក្សាមេរោគនៅមន្ទីរពេទ្យCaen ៖ មេរោគកូរ៉ូណាថ្មី អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សទៀត បានយ៉ាងងាយមែន។ ប៉ុន្តែគេនៅមិនទាន់អាចនិយាយបានទេថាវាមិនសូវកាចដូចជំងឺសារស៍នោះ ព្រោះវាដូចជាឆាប់បន្តិចហើយ។
បើផ្អែកលើចំនួនអ្នកស្លាប់ និងចំនួនអ្នកមានផ្ទុកមេរោគនាពេលនេះ (ថ្ងៃទី ២៧មករា២០២០) អត្រាអ្នកស្លាប់ដោយមេរោគកូរ៉ូណាថ្មី មានកំរិត ៥%។ ឯករណីអ្នកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដល់ថ្នាក់មានជំងឺរលាកសួត ដែលទាមទារការព្យាបាលជាបន្ទាន់នោះ មានកំរិតត្រឹមតែ ២០ ទៅ ២៥%។ ជាសរុបទៅ មេរោគកូរ៉ូណាថ្មីនេះ ស្រដៀងគ្នាខ្លាំងនឹងមេរោគកូរ៉ូណា ដែលបង្កឱ្យមានជំងឺសារស៍ និងជំងឺមឺស។ ដូច្នេះ ហានិភ័យសុខភាពពិតជាមាន ប៉ុន្តែយើងមានមធ្យោបាយទប់ស្កាត់ នឹងមេរោគ នៅពេលនេះ។ នេះបើតាមលោកស្រី Astrid Vabret ដដែល។
រហូតមកទល់ពេលនេះ គ្មានទេថ្នាំព្យាបាលជំងឺបង្កឡើងដោយមេរោគកូរ៉ូណាថ្មី។ ក្រុមគ្រូពេទ្យអាចផ្តល់ត្រឹមការព្យាបាលបំបាត់អាការៈសញ្ញាដែលកើតមានទាំងឡាយ ដូចជាឱ្យថ្នាំបញ្ចុះកម្តៅ ក្នុងករណីក្តៅខ្លួន ថ្នាំក្អក នៅពេលមានអាការៈក្អក និងឱ្យសម្រាក កុំចេញដើរក្រៅ។
តើត្រូវធ្វើដូចម្តេចកុំឱ្យឆ្លងមេរោគ ?
ក្រៅអំពីសេចក្តីណែនាំ មិនធ្វើដំណើរទៅប្រទេសចិន ឬទៅកាន់ខេត្តវូហាន ដែលជាចំណុចផ្ទុះមេរោគកូរ៉ូណាថ្មីដំបូងគេ បើមិនចាំបាច់ លោកអ្នកត្រូវអនុវត្តនូវកាយវិការសាមញ្ញៗ តែ ចាំបាច់មួយចំនួនដូចខាងក្រោមនេះ ដើម្បីកាត់បន្ថយហានិភ័យឆ្លងរោគ ៖
- លាងដៃនឹងសាប៊ូ ដុសឱ្យសព្វម្រាម រយៈពេលពេលយ៉ាងហោច២០វិនាទី ឱ្យបានញឹកញាប់។ បើគ្មានទឹកនិងសាប៊ូទេ លោកអ្នកប្រើល្បាយអាល់កុល ជាជែលសម្លាប់មេរោគក៏បាន។ កាយវិការនេះ អាចការពារមេរោគកូរ៉ូណាផង និងរាល់គ្រប់មេរោគមួយចំនួនធំទៀត រាប់ទាំងវីរុសគ្រុនផ្តាសាយធំផង។
- ចៀសវាងកុំយកដៃមិនស្អាត មិនបានលាងនឹងសាប៊ូ ទៅញី ទៅប៉ះភ្នែក ឬច្រមុះ និងមាត់។
- ខ្ទប់មាត់ពេលកណ្តាស់និងក្អក ដោយប្រើកែងដៃ ឬក្រដាសជូត ដែលរួចត្រូវបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
- ចៀសវាងកុំទៅជួបមនុស្សមានជំងឺ
- បើអ្នកសង្ស័យថាខ្លួនឯងមិនស្រួលខ្លួន មានអាការៈក្តៅខ្លួន ផ្តាសាយ ក្អក កណ្តាស់ សូមពាក់ម៉ាស។ ម៉ាសដែលមានដាក់លក់នៅតាមឱសថស្ថាន ផលិតឡើងក្នុងបំណងឱ្យអ្នកជំងឺពាក់ដើម្បីបញ្ចៀសការបញ្ចេញមេរោគ ទៅក្នុងខ្យល់ចម្លងទៅអ្នកដទៃ និងមានប្រសិទ្ធភាពក្នុងរយៈពេលកំណត់មួយ។ ម៉ាសប្រភេទនេះគ្មានប្រសិទ្ធភាពការពារទប់ទល់នឹងមេរោគកូរ៉ូណាបានទេ។ ម៉ាសដែលមានសន្ទះខ្យល់ គ្របមាត់និងច្រមុះ អាចការពារលម្អងធូលី ជាងម៉ាសធ្វើកប្បាសពណ៌ខៀវៗ តែក៏មិនអាចការពារវីរុសកូរ៉ូណាបានដែរ។ ការពាក់ម៉ាស បានត្រឹមលួងយើងឱ្យគិតថាមានសុវត្ថិភាពតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ