តាំងពីផ្ទុះមេរោគកូរ៉ូណាថ្មីនៅប្រទេសចិនមក មិនថានៅប្រទេសបារាំង ឬនៅប្រទេសកម្ពុជាទេ ផលិតផលម៉ាស បានលក់ដាច់ស្ទើរអស់ពីស្តុក សម្រាប់ឱសថស្ថានខ្លះ។ ម៉ាស ជារនាំង ទប់បាក់តេរី និង ការពារការចម្លងវីរុសទៅអ្នកដទៃ។ ប៉ុន្តែតើម៉ាសមានប្រសិទ្ធភាពការពារទល់នឹងវីរុស កូរ៉ូណាថ្មី ដែរឬទេ ? តើត្រូវជ្រើសរើស និងពាក់ម៉ាសយ៉ាងដូចម្តេច? ពេលណាត្រូវប្តូរ ?
ម៉ាសមានច្រើនប្រភេទ និងមានដាក់លក់ច្រើនតាមទីផ្សារ តាមឱសថស្ថាន។ ប៉ុន្តែនាឱកាសនេះ យើងខ្ញុំសូមលើកយកតែអំពីម៉ាសពីរប្រភេទ មកបរិយាយ។ គឺម៉ាសប្រឆាំងនឹងវីរុស និងម៉ាសការពារខ្យល់ពុល។
ដូចម្តេចដែលហៅថា ម៉ាសប្រឆាំងនឹងវីរុស ?
ម៉ាសប្រឆាំងនឹងវីរុស ក៏មានពីរប្រភេទដែរ។ ទីមួយគឺ ជាម៉ាសដែលគ្រូពេទ្យវះកាត់ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ពាក់ ឬហៅតាមភាសាបារាំង Masque chirurgical ដែលមានសមត្ថភាពចម្រោះបាក់តេរីបានពី ៩៥ ទៅ៩៨% ទៅតាមគុណភាព (៩៥% សម្រាប់ម៉ាសលក់ឱ្យសាធារណៈ និង៩៨%សម្រាប់គ្រូពេទ្យប្រើ)។ ម៉ាសប្រភេទនេះ ត្រូវបានគេផលិតឡើង ដើម្បីចម្រោះបាក់តេរី និងខ្ទប់វីរុស កុំឱ្យខ្ទាតពីមាត់អ្នកជំងឺ ទៅចម្លងអ្នកដទៃ នៅក្បែរនោះ។ ម៉ាសនេះ ត្រូវបានក្រុមគ្រូពេទ្យពាក់ នៅពេលវះកាត់អ្នកជំងឺ នៅក្នុងបន្ទប់វះកាត់ ដើម្បីកុំឱ្យគ្រូពេទ្យចម្លងបាក់តេរីដែលមាននៅក្នុងមាត់គ្រូពេទ្យ ទៅលើដំបៅ ឬ របួស របស់អ្នកជំងឺ។ តែក៏ត្រូវបានសាធារណៈជូនទៅ ប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការពារទល់នឹងវីរុស បាក់តេរី មួយចំនួន ដូចជាវីរុសផ្តាសាយជាដើម។
ម៉ាសប្រឆាំងនឹងវីរុសប្រភេទពីរ ឬម៉ាស FFP2 ឬ FFP3 ឬហៅថាម៉ាសជំពុះទា ក្រាស់ជាងម៉ាសប្រភេទទីមួយ ហើយអាចគ្របលើមាត់និងច្រមុះទាំងមូលបាន។ ម៉ាសនេះមានតួនាទី ការពារកុំឱ្យវីរុសរបស់អ្នកជំងឺឆ្លងចូលមកមនុស្សជា។ បានន័យថាម៉ាសនេះផ្តល់សុវត្ថិភាពខ្ពស់ និងត្រូវបានគេយកមកប្រើប្រាស់ច្រើន នៅក្នុងមណ្ឌលព្យាបាលជំងឺឆ្លងខ្លាំង ដូចយ៉ាងជំងឺរបេងជាដើម។ ប៉ុន្តែម៉ាសនេះអាចមានប្រសិទ្ធភាពខ្លាំង ដរាបណាតែវាត្រូវនឹងទម្រង់មុខរបស់អ្នកពាក់។ ជាម៉ាសសម្រាប់អ្នកជំនាញផ្នែកសុខភាព និងមានអាជីពពាក់ព័ន្ធមួយចំនួន មិនមែនសម្រាប់សាធារណជនទូទៅប្រើសម្រាប់ការពារវីរុសតូចតាចឡើយ។
ប៉ុន្តែទោះក្នុងករណីប្រើម៉ាសប្រភេទណាក៏ដោយ គេអាចទទួលបានប្រសិទ្ធភាពពេញលេញ ដរាបតែអ្នកប្រើប្រាស់បានត្រឹមត្រូវ។ នេះជាដំបូន្មានរបស់អ្នកស្រី ឃុន វារី ឱសថការីខ្មែរម្នាក់ នៅជាយក្រុងប៉ារីស ៖
- លាងដៃនឹងសាប៊ូឱ្យស្អាតមុននឹងលើកម៉ាសមកពាក់
- ពាក់ម៉ាសឱ្យត្រូវទិស។ ផ្ទៃសទល់ជាប់មុខ ផ្ទៃភ្លី នៅខាងក្រៅ ផ្នត់បែរមកខាងក្រោម
- ថ្ពក់ខ្សែទៅនឹងត្រចៀកទាំងសងខាង រួចទាញម៉ាសឱ្យគ្របជិតចង្កា
- ពេលដោះម៉ាសចេញ សូមកុំប៉ះផ្នែកខាងមុខនៃម៉ាស
- ម៉ាសប្រើរួច ត្រូវបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ
- លាងដៃក្រោយពេលដោះម៉ាស
ម៉ាស អាចប្រើបានតែម្តង និងប្តូរជារៀងរាល់ បួនម៉ោងម្តង សម្រាប់ម៉ាសប្រភេទទីមួយ និង៨ម៉ោងម្តងសម្រាប់ម៉ាសជំពុះទា។ សូមជ្រើសរើសទិញម៉ាស តាមឱសថស្ថាន ដើម្បីធានាអំពីគុណភាពនេះម៉ាស ថាពិតជាផលិតឡើងដោយគោរពតាមបទដ្ឋានសុខភាពត្រឹមត្រូវ ដែលមានសរសេរបញ្ជាក់បទដ្ឋានអឺរ៉ុបNF EN 14683។
ម៉ាសប្រឆាំងនឹងខ្យល់ពុល តើគួរប្រើម៉ាសរបៀបណា ?
តាំងពីមុនផ្ទុះករណីកូរ៉ូណាវីរុសមកម្ល៉េះដែលក្រសួងសុខាភិបាលបារាំង បានទាមទារឱ្យមានការសិក្សាវាយតម្លៃអំពីម៉ាសប្រឆាំងនឹងខ្យល់ពុល ព្រោះមានពលរដ្ឋជាច្រើនស្នើសុំ និងក្រោយពី បានឃើញស្ថានភាពខ្យល់បរិយាកាសពុលកាន់តែខ្លាំងឡើង កើតឡើងជាញឹកញាប់នៅក្នុងប្រទេស និងតាមទីក្រុងធំៗលើពិភពលោក ជាពិសេសនៅចិន ឬនៅឥណ្ឌា។
ភ្នាក់ងារសន្តិសុខសុខភាពចំណីអាហារជាតិបានផ្តល់ចម្លើយតាមរយៈរបាយការណ៍ដ៏លម្អិតថា ការប្រើម៉ាសគ្រូពេទ្យ ម៉ាសប្រភេទទីមួយ នេះគ្មានសមត្ថភាពប្រឆាំងនឹងខ្យល់ពុល លម្អងធូលី ធាតុល្អិតឆ្មារៗក្នុងបរិយាកាសទេ។ ព្រោះម៉ាសប្រភេទនេះ អាចការទប់មិនឱ្យមីក្រូវីរុសចេញពីមាត់និងច្រមុះយើងទៅលើអ្នកដទៃ តែមិនអាចការពារ មិនឱ្យខ្យល់ពុលចូលក្នុងខ្លួនមនុស្សវិញឡើយ។ ចំណែកម៉ាសមួយប្រភេទទៀត ដែលគ្របមាត់ គ្រប់ច្រមុះពេញ ទាំងស្រុង ឬម៉ាសប្រឆាំងនឹងខ្យល់ពុលតែម្តង អាចទប់ស្កាត់ លម្អង ធូលី និងធាតុល្អិតឆ្មារៗបានខ្លះមែន តែមិនប្រាកដជាអាចទប់ខ្យល់និងឧស្ម័នពុល ដូចជា អាហ្សូត ឌីអុកស៊ីត ឬបេនហ្សែន បញ្ចេញដោយផ្សែងឡានផ្សែងម៉ូតូ និងរោងចក្រឧស្សាហកម្មឡើយ។
បើតាមអ្នកជំនាញ ប្រសិទ្ធភាពនៃម៉ាសប្រឆាំងខ្យល់ពុល មានទាក់ទងខ្លាំងនៅនឹងរបៀបប្រើប្រាស់ ពាក់ម៉ាសទៀត។ ដើម្បីពាក់ម៉ាស បានជិត និងទប់ខ្យល់ពុលបានល្អ ត្រូវអ្នកដំណើរ អ្នកជិះកង់ម៉ូតូ កោរពុកមាត់ពុកចង្ការឱ្យរលោងស្អាតបំផុត។ នៅសល់រោមតែបន្តិចបន្តួច ខ្យល់ពុលអាចជ្រៀបចូលក្នុងខ្លួនបានហើយ។ ខ្សែម៉ាស ត្រូវឱ្យតឹង បើយារតែបន្តិច ក៏នឹងធ្វើម៉ាសធ្លាក់ប្រសិទ្ធភាពដែរ។
ពាក់ម៉ាស មិនមែនជាមធ្យោបាយដ៏ល្អប្រពៃសម្រាប់ទប់ស្កាត់ការស្រូបខ្យល់បរិយាកាសពុលមិនឱ្យចូលក្នុងខ្លួនទេ។ សូមកុំរក្សាចិត្តថាការពាក់ម៉ាសហើយ អ្នកអាចជិះកង់ជិះម៉ូតូ នៅក្រោយបំពង់ផ្សែងឡាន ដោយសុវត្ថិភាពឱ្យសោះ។ ខ្យល់ពុលជាបញ្ហាដែលកើតមានដោយដុបៗ ដោយកន្លែង។ ដូច្នេះសូមជ្រើសរើស ដើរ ជិះកង់ ជិះម៉ូតូ តាមផ្លូវណាដែលពុំសូវមានចរាចរណ៍ និងការកកស្ទះខ្លាំង៕
អន្តរាគមន៍ដោយអ្នកស្រីឱសថការី ឃុន វ៉ារី
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ