នាទីសុខភាពនិងអនាម័យ

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​​ជំរុញ​ឱ្យមានជំងឺរលាកសួត ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉ូណាវីរុស បាន​និង​កំពុង​បន្ត​រីករាលដាល​ ​ក្នុង​ពិភពលោក។ ចំនួន​មនុស្ស​ស្លាប់ និង​ឆ្លង​ កើន​ឡើង​ជា​លំដាប់។ ​ប្រជាពលរដ្ឋ​ កាន់​តែ​ព្រួយ​បារម្ភ​។ កូរ៉ុណា​វីរុស បាន​បង្ក​ឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម ស្រាលៗ ដូច​ជា​ ក្អក​ ផ្តាសាយ ​រលាកទងសួត និងដល់​​រលាកសួត បើជា​ករណី​​ធ្ងន់ធ្ងរ។ ​ជំងឺ​រលាក​សួត ជា​អ្វី​ដែល​គេ​ខ្លាច​ជាងគេ​ ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្លាប់។ តើ​រលាក​សួត​ជា ជំងឺ​អ្វី ? ជំងឺ នេះ​ឆ្លង​ដែរឬទេ ? និង​មាន​ថ្នាំ​ព្យាបាល​ដែរឬអត់ ?

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ Zhongnan ក្រុង​វូហាន កំពុង​វិភាគ​​សួត​​អ្នក​ជំងឺ​ តាម​រយៈ​រូប​ថត​ឆ្លុះ
វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ Zhongnan ក្រុង​វូហាន កំពុង​វិភាគ​​សួត​​អ្នក​ជំងឺ​ តាម​រយៈ​រូប​ថត​ឆ្លុះ China Daily via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្អក​ ក្តៅខ្លួន ចុក​ទ្រូង ... រលាកសួត ជា​ជំងឺ ដែលអាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត។ សួត​រលាក អាច​បណ្តាល​មក​ពី​មេរោគ​ច្រើន​ប្រភេទ ជួន​ដោយ​បាក់តេរី ជួន​ដោយ​វីរុស ជួន​ដោយ​ពពួក​ផ្សិត។ មេរោគ​ដែល​បង្ក​ជំងឺ​រលាក​សួត​ញឹកញាប់​ជាងគេ គឺ​បាក់តេរី Pneumocoque នៅ​ពេល​ណា​មេរោគ​ ដែល​មាន​នៅក្នុង​ខ្យល់​បរិយាកាស ជ្រៀត​ចូល​ដល់​ក្នុង​សួត តាម​ផ្លូវ​ដង្ហើម​ និង​នៅ​ពេល​ដក​ដង្ហើម​ វា​នឹង​បង្ក​ឱ្យ​មាន​ការ​បង្ក​រោគ។ រោគ​សញ្ញា​នឹង​បង្ហាញ​ឱ្យ​ឃើញ​ភ្លាម ដូច​ជា​ក្តៅ​ខ្លួន​ខ្លាំង​ ក្អក​ស្ងួតបន្ទាប់​មក​ក្អក​មាន​ស្លេះ ហត់ និង​ចុកទ្រូង​នៅ​ពេល​ដក​ដង្ហើម។ អាការៈ​សញ្ញា​នេះ​ប្រែប្រួល ទៅ​តាមប្រភេទ នៃ​មេរោគ និង​ទៅ​តាម​ស្ថានភាព​សុខភាព​របស់​អ្នក​ជំងឺ។

រលាកសួត ជា​ជំងឺ​ដែល​កើត​ឡើង​បាន​គ្រប់​ពេល មិន​មែន​ដោយ​សារ​តែ​ការរីករាលដាល​នៃ​កូរ៉ូណាវីរុស​ទេ។ ជំងឺ​នេះ​មាន​កើត​ឡើង​ជា​ញឹកញយ​លើ​កុមារ​ក្រោម​អាយុ​២​ឆ្នាំ និង​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ។ អ្នក​ដែល​មាន​ជំងឺ​ទាក់ទង​នឹង​សួត ដូច​ជា​ជំងឺ​ហឺត មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ខ្សោយ​បេះដូង ខ្សោយ​តម្រង​នោម និង​អ្នក​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធការពារ​ខ្លួន។​ ​អ្នក​ដែល​ទទួល​ការព្យាបាលជំងឺ​​ធ្ងន់ធ្ងរ​ដេក​ពេទ្យ​នៅ​បន្ទប់​ប្រពាធបណកម្ម​ ឬ​អ្នក​ដែល​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​គីមី​រយៈ​ពេល​វែង សុទ្ធ​សឹង​ជា​ជន​ដែល​ងាយ​រងគ្រោះ​កើត​ជំងឺ​រលាក​សួត។

អ្នក​មាន​ជំងឺ​លើស​ឈាម ក៏​ងាយ​នឹង​រងគ្រោះ​កើត​ឮជំងឺ​រលាក​សួត​ដែរ។ ហើយ​បើ​ជា​ស្ត្រី​ចំណាស់ អាយុ​លើស​ពី​៦៥​ឆ្នាំ​ទៀត ជំងឺ​រលាក​សួត​លេច​ឡើង​ទន្ទឹម​ពេល​នឹង​ការ​ឡើង​ឈាម អាច​នឹង​ធ្វើ​គាត់​ដួល​សន្លប់ភ្លាម​នៅ​នឹង​កន្លែង។

សូមប្រយ័ត្ន ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​

រលាកសួត​ ជា​ជំងឺ​ដែល​អ្នក​រស់​នៅ​ក្នុង​ប្រទេស​ត្រជាក់ ខ្លាច​រអារខ្លាំងណាស់។​​ ជំងឺ​នេះនៅ​តែ​បន្ត​សម្លាប់​ជីវិត​មនុស្ស​រាប់​លាន​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ បើទោះ​បី​ជា​​ក្រុម​វេជ្ជសាស្ត្រ បាន​ដឹង​និង​ស្គាល់​ថា​អ្វី​ជាកត្តា​ហានិភ័យ​សម្រួល​ឱ្យ​ងាយ​មាន​ជំងឺ​រលាក​សួត​ក៏​ដោយ។

តាមធម្មតា នៅ​ពេល​គេ​និយាយ​អំពី​ជំងឺ​ទាក់ទង​នឹង​សួត គេ​នឹង​ចង្អុល​មុខ បារី មុន​គេ។ ការ​ជក់​បារីច្រើន ជា​កត្តា​ហានិភ័យ​មួយ​ដែល​សម្រួល​ឱ្យ​អ្នក​ជក់​ងាយ​ធ្លាក់​ខ្លួន​ឈឺ​រោគ​រលាកសួត។ តែ​ប្រសិន​បើ​អ្នក​ឈប់​ជក់​ តែ​ពីរ​ឆ្នាំ​ជាប់​គ្នា ឥទ្ធិពល​អវិជ្ជមាន​​ចំពោះ​សួត នឹង​ចាប់​ធ្លាក់​ចុះ​។ ​ការ​ទទួល​ទាន​ជាតិ​សុរា (ស្រា ប៊ីយែរ វីស្គី ...) ក្នុង​បរិមាណ​ច្រើន មិន​មែន​ត្រឹម​តែ​ធ្វើ​ឱ្យ​ខូច​ថ្លើមទេ តែ​សួត​បុរសក៏​នឹង​ងាយ​រងគ្រោះ​ឆ្លង​មេរោគដែរ។

អ្នកជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ដឹងកាន់​តែ​ច្បាស់​​ថែម​ទៀត​ថា ការ​ប្តូរ​ផ្លាស់​អាកាសធាតុ​ភ្លាម នៅ​កន្លែងធ្វើការ​ ឬ​នៅ​ក្នុង​ផ្ទះ បង្កើន​ហានិភ័យ​ឈឺ​រលាក​សួត មួយ​ជា​បី។ ដូនតា​ចាស់​ទុំ លោក​ស្គាល់​ច្បាស់​ណាស់ និង​ខ្លាច​ណាស់ ផលវិបាក​នៃ​ខ្យល់​ត្រជាក់​បក់​មក​ប៉ះ​លើ​ខ្លួន​ក្តៅ​បែក​ញើស។ បច្ចុប្បន្ននេះ អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​ថា​ហេតុ​អ្វី​បាន​ចាស់​ខ្លាច​ការ​ប្រែប្រួល​អាកាសធាតុ​ភ្លាម​ភ្លែត​នោះ។​ ការស្រាវជ្រាវ​និង​សិក្សា​លើ​មនុស្ស​និង​សត្វ បាន​បង្ហាញ​ថា នៅ​ពេល​យើង​ដកដង្ហើម​ស្រូប​ខ្យល់​ត្រជាក់​ចូល​ក្នុង​ខ្លួន ខ្យល់​នោះ​នឹងធ្វើ​ឱ្យ​ផ្នែក​ខាង​ក្នុង​នៃ​ច្រមុះ (រន្ធ​ច្រមុះ) ចុះ​ត្រជាក់។ ​សីតុណ្ហភាពច្រមុះ ឬ​ប្រព័ន្ធ​ផ្លូវ​ដកដង្ហើម​តាម​ច្រមុះចុះ​ត្រជាក់ ជា​ហ្វ្រាំង​ទប់​ប្រព័ន្ធ​ការពារ​​​ផ្លូវដង្ហើម​ ប្រឆាំង​នឹង​ការ​ចម្លង​មេរោគ ទើប​មេរោគ​ងាយ​ជ្រៀត​ចូល​ទៅ​ក្នុង​ខ្លួន​ដល់​សួត។

បរិបទ​ដែល​អំណោយផល​សម្រាប់​ជំងឺ​រលាក​សួត​ដែរ​ គឺ​ការ​រស់​នៅ​ជុំ​គ្នា​ច្រើន​ ជា​ក្រុម​លើស​ពី​១០នាក់ ជា​ពិសេស​​ការរស់​នៅ​ចម្រុះ​គ្នា​ មាន​ក្មេង​ផង និងការ​ចិញ្ចឹម​​សត្វក្នុង​ផ្ទះផង។ សុខភាព​ធ្មេញ​ ក៏​ជា​កត្តា​មួយ​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ ព្រោះ​វា​ក៏​តំណាង​កត្តា​ហានិភ័យ​ដ៏​ខ្ពស់​នៃជំងឺ​រលាក​សួត។ ការ​សិក្សា​បាន​បង្ហាញ​ថា ក្នុង​រយៈ​មួយ​ខែ​ក្រោយ​ពី​បាន​​ទៅ​ជួប​គ្រូពេទ្យ​​ព្យាបាល​ថែ​ទាំសុខភាពធ្មេញ​ ​គ្រោះ​កើត​ជំងឺ​រលាកសួត បាន​ធ្លាក់​ចុះ​៣០%។

ប៉ុន្តែ​បន្ថែម​ពី​លើ​ការ​ប្រុងប្រយ័ត្ន​ បញ្ចៀស​ហានិភ័យ​ដែល​រៀប​រាប់​ខាង​លើ គេ​ត្រូវ​បន្ថែម​​មធ្យោបាយ​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​ពារ​ប្រសើរ​ជាង​ព្យាបាល ដោយ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​ធំ​និង​ថ្នាំបង្ការ​ជំងឺ​រលាក​សួត។ ការចាក់​ថ្នាំ​​វ៉ាក់សាំង​នេះ​អាច​ការពារ​អ្នក​ពី​ជំងឺរលាកសួត ដែល​​​បង្ក​ឡើង​ដោយ​បាក់តេរី pneumocoque ។​ មេរោគ​ ដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់​តែ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ឡើង​ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI