នាទីសុខភាពនិងអនាម័យ

តើគេអាចព្យាបាល អាការៈ មមើ បានដែរឬទេ ?

សំឡេង ០៧:៥៧
​អាយុ ៨-១២​ឆ្នាំ ជា​វ័យ​ដែល​មាន​ការ​មមើ​ច្រើន
​អាយុ ៨-១២​ឆ្នាំ ជា​វ័យ​ដែល​មាន​ការ​មមើ​ច្រើន ©pixabay/pezibear

ជួន​ញយ ជួន​យូរៗ​ម្តង ជួន​វែង​ជួន​ខ្លី ជួន​របៀប​ស្លូត ជួនបែបកាច​ខ្លាំង ... មមើ មាន​ច្រើន​យ៉ាង​ ច្រើន​បែប និង​ខុសៗ​គ្នា​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់។ មមើ​កើត​មាន​ច្រើន​លើ​កុមារ និង​ក្មេង​ជំទង់ និងមាន​កើត​​​លើ​មនុស្ស​ពេញ​ម្នាក់​​ក្នុង​ចំណោម​២០​នាក់។​ នរណា​ក៏ស្គាល់​ពាក្យ​ថា​មមើ​ដែរ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​ ពុំ​ទាន់​យល់​ច្បាស់​អំពី​ហេតុការណ៍​មមើ​នេះ​ទៅ​ឡើយទេ។ តើ​អ្វី​ជា​មូលហេតុ និង​ផលវិបាក​នៃ​ការ​មមើ ? តើ​គេអាច​ព្យាបាល​ជំងឺ​មមើ​បាន​ទេ ?

ផ្សាយពាណិជ្ជកម្ម

មមើត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​​​វិបត្តិ​​ដំណេក​ ដែល​ជា​ផ្នែក​មួយ​ក្នុង​ចង្កោម​រោគ​ខួរក្បាល  Parasomnie។ ក្នុង​ពេល​កំពុង​មមើ អ្នកមមើ​​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើ​រលក់​ស្ទើរ​ភ្ញាក់ ដោយ​​អាចបញ្ចេញ​​សកម្មភាព​ ដោយ​ពុំ​ដឹង​ខ្លួន ព្រោះ​ដោយ​ពិត​ទៅ​ខួរ​ក្បាល​កំពុង​គេង​លក់។ ​ពេល​ភ្ញាក់​ពីដំណេក គេ​គ្មាន​ចង​ចាំ​នូវ​អ្វី​បាន​កើត​ឡើងឡើយ​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​​គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធ​ប្រសាទ​​នៅ​មជ្ឈមណ្ឌល​សិក្សា​ដំណេក នៅ​គ្លីនិច Sainte Barbe ​ក្រុង Strasbourg ​។

មមើ​​​ប្រព្រឹត្ត​ទៅ​ ​នៅ​ដំណាក់កាល​នៃ​ដំណេក​ដែល​លង់​លក់​ស្កប់​ស្កល់​ខ្លាំង ពោល​គឺ​នៅចន្លោះ​ពេល ​ មួយ​ម៉ោង ទៅ​បី​ម៉ោង​ក្រោយ​ពី​គេង​លក់​ភ្លាម។ ​ ដំណាក់កាល ​លង់ដំណេក​យ៉ាង​ស្កប់​នេះ​ វែង​ខ្លាំង ដល់​ទៅ​បី​ម៉ោង​ ក្នុងបឋម​​វ័យ​ រួច​ចាប់​ថយ​ចុះ-ខ្លី ​នៅ​ពេល​មនុស្ស​ចម្រើន​វ័យ​កាន់​តែ​ចាស់។ ចំណែក​​ ឯ​សកម្ម​ភាព​​មមើអាច​​មានរយៈ​ពេលពី ​​ ៥ ទៅ​៣០​នាទី។

មមើ​ខ្លះ​ស្តែងឡើង​ត្រឹម​តែ​ជា​ការ​ងើប​អង្គុយ នៅ​លើ​គ្រែ ឬ​ធ្វើ​កាយវិការ​បន្តិច​បន្តួច​ ឬ​បើ​កភ្នែក​មើល​បន្ទប់​គេង​មួយ​ជុំ ក៏​ប្រាស់​គេង​លក់​បន្ត​ទៅ​ទៀត។ ក្នុង​ករណី​ខ្លះ​ទៀត អ្នកមមើ​អាច​បញ្ចេញ​សកម្មភាព​ស្មុគស្មាញ​មួយ​ចំនួន ដែលស្ទើរ​​គ្មាន​នរណា​នឹក​ស្មាន​ដល់ ដូច​ជាងើប​ដើរ​ពេញ​ផ្ទះ ដើរ​ទៅ​រក​ទឹក​ញ៉ាំ​នៅ​ទូរទឹកកក ចុះ​ជណ្តើរ បើក​ទ្វារ​ផ្ទះ ឬ​ខ្លះ​ធ្វើ​ម្ហូប​ ។ល។ និង​។ល។ ក្នុង​អំឡុង​ពេល​កំពុង​មមើ ភ្នែក​គាត់​បើក​មែន តែ​គ្មានអារម្មណ៍​ជាប់​នឹង​ចក្ខុ​ទេ (តែគ្មាន​ការ​ប្រើ​ភ្នែកសម្រាប់​​​​មើល​ទេ)។ យើង​អាច​សួរ​នាំ​អ្នក​មមើ​បាន តែ​ចម្លើយ​តប​មក​វិញ សមស្រប​ មិន​ស៊ីចង្វាក់​នឹង​សំណួរ និង​មិន​អាច​ស្តាប់​យល់​បាន​ឡើយ​។ នៅពេល​ ​ភ្ញាក់​ពី​ដំណេក អ្នក​មមើមិន​ចង​ចាំ​នូវ​ទង្វើនិង​សកម្មភាព​​របស់​ខ្លួនទេ។

តើត្រូវ​​ជួយ​អ្នក​កំពុង​មមើ​​យ៉ាង​ដូចម្តេច ?

​លោក​វេជ្ជបណ្ឌិត Gérald Kierzek ៖

«មមើ​គឺ​ជាការ​ធ្វើ​សកម្មភាពអ្វី​មួយ ​មិន​ប្រក្រតី​ ក្នុង​ពេល​គេង​លក់។ មមើ​ជាវិបត្តិ​ដំណេក ដែល​មាន​ពាក់ព័ន្ធ​នឹង​​រោគ​ខួរក្បាល ដែលហៅ​ជា​​ភាសា​បារាំង​ថា Parasomnie។ មមើអាច​កើត​មាន​លើ​មនុស្ស​គ្រប់​រូប គ្រប់​វ័យ តែ​​ច្រើន​ជាង​គេ​លើ​​​កុមារ​និង​យុវវ័យ​ជំទង់ ក្នុង​បរិមាណ ១០-ទៅ ១៥%។ មមើ​ខ្លះ​ មាន​ទម្រង់​សាមញ្ញៗ ដូច​ជា​ ងើប​អង្គុយ​ ងើបរលាស់​ភួយ​ខ្នើយ ងើប​និយាយ មួយ​ភ្លែត​​​ រួច​ក៏ផ្តេក​ខ្លួន​​គេង​ទៅ​វិញ។ តែ​មាន​មមើខ្លះ​ទៀត មាន​ទម្រង់ប្លែក​ខ្លាំង ដូច​ជា​ទៅ​រែក​ទឹក​ដាក់​ពាង ទៅ​ធ្វើ​ម្ហូប ទៅ​បើក​ឡាន បើក​ទ្វារ​ផ្ទះ ឬ​ទៅ​សរសេរ​អ៊ីមែល... រួច​ត្រលប់​មក​គេង​ត​ទៅ​ទៀត។ ករណីមមើ​បែបចុងក្រោយ​​នេះ ​អាច​ជា​តំណាង​គ្រោះ​ថ្នាក់ ! ជា​គ្រោះថ្នាក់ដោយ​មិន​ផ្ទាល់ ព្រោះ​មនុស្ស​​ពេល​កំពុង​លង់លក់​ មិន​ដឹង​ស្មារតី​សោះ ​បែរ​ជា​ងើប​ដើរ គាត់អាច​ធ្លាក់​ជណ្តើរ ឬបុក​​មុត​វត្ថុ​អ្វី​មួយ​ស្រួច​ ។ល។ និង​។ល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​សំណួរ​មួយ​ដែល​គ្រប់​គ្នា​តែង​តែ​ចោទសួរ ថា តើ​គួរ​ដាស់​អ្នក​មមើ​ឬក៏​ទេ ?! ចម្លើយ​គឺ មិន​គួរ​ដាស់​ទេ! គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​ដាស់​ឡើយ។ ការ​ដាស់​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នកមមើ កាន់​តែ​មមីងមម៉ាំង ច្របូក​ច្របល់ និង​បាត់បង់​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង ភ្ញាក់ក្រង៉េងច្រង៉ាង​បែប​ហិង្សា​ទៅ​វិញ​ទេ។ យក​ល្អ ត្រូវ​នាំ​គាត់​ទៅ​ចូល​កន្លែង​គ្រែ​វិញ ទើប​មាន​សុវត្ថិភាព​​ និង​ដើម្បី​កុំ​ឱ្យ​មាន​ការ​រំខាន​ដល់​ដំណេក​និង​ការ​មមើ​របស់​គាត់។”

មូលហេតុ​នៃ​ការ​មមើ

មមើច្រើន​តែ​លេច​ឡើង​ក្នុង​វ័យ​កុមារ​ ក្នុង​វ័យ ៨ទៅ ១២​ឆ្នាំ និង​ ក្នុង​កំរិត​ប្រមាណ​ពី ១០-១៥% ទល់​នឹង២ទៅ​៤%​សម្រាប់​មនុស្ស​ចាស់​ឬ​មនុស្ស​ពេញ​វ័យ។ អាយុ​១០​ឆ្នាំ​ ជា​វ័យ​ដែល​មាន​ករណី​មមើខ្លាំង​ជាង​គេ​បំផុត។ ការសិក្សា​ខ្លះ​បាន​បង្ហាញថា​​មាន​កុមារ​ដល់​ទៅ​២០%​មមើ​ពេល​យប់។ ថ្វី​បើ​នៅ​ពេល​ចូល​ដល់​វ័យ​ចំណាស់​បន្តិច មនុស្ស​លែង​សូវ​មានអាការៈមមើ​មែន ប៉ុន្តែ​មមើ នៅ​តែ​ជា​​អាការៈ​មួយ​ដែល​​មនុស្ស​គ្រប់​រូប​លើ​ភពផែនដី​ធ្លាប់​ឮ​ ធ្លាប់​ស្គាល់ ​ធ្លាប់​ឃើញ និង​ជា​ចម្ងល់​សម្រាប់​ពិភពអ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យ៉ាង​ខ្លាំង រាប់​សតវត្សរ៍​មក​ហើយ។ រហូត​មក​ទល់​នឹង​ពេល​នេះ វេជ្ជសាស្ត្រ​ទំនើប​នៅ​តែ​មិន​ទាន់​រក​ឃើញ​ដោយ​​ច្បាស់​លាស់​​អំពី​មូលហេតុដែល​​នាំ​មាន​បាតុភូត​មមើទេ។ អ្នក​វិទ្យាសាស្ត្រ​ទើប​តែ​ ​មាន​តម្រុយ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ។

បើ​តាម​ការ​សិក្សា​ជា​ច្រើន របស់​ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​​អាមេរិក បារាំង ឬ​ក៏​​ស្វ៊ីស មមើ​ទំនង​បង្ក​ឡើង​ដោយ​មូលហេតុពូជ មាន​​ហ្សែន​ផ្សំមក​ពីកំណើត (មាន​ពូជ)។ ការសិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ៨០%​នៃ​អ្នក​មមើ មាន​ប្រវត្តិ​គ្រួសារ​ជា​អ្នក​មមើ ឬ​អ្នក​មាន​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ពេល​គេង​លក់។ ប្រេវ៉ាឡង់នៃ​ការ​មមើ បាន​កើន​ឡើង​ទ្វេ​ដង ចំពោះ​អ្នក​ដែល​​​មាន ម្តាយ ឬ​ឪពុក​ម្នាក់​ជា​អ្នក​មមើ។ បើ​ឪពុក​និង​ម្តាយ សុទ្ធ​ជា​អ្នក​មមើ​ដូច​គ្នាទាំង​ពីរ​នាក់ នោះកូន​កាន់​តែ​ងាយ​មាន​អាការៈ​មមើ​ ជាង​កូនដែល​កើត​ពី​​ឪពុកម្តាយ​​មិនចេះមមើ​ ដល់​ទៅ​៦០%។ អ្នក​ស្រាវជ្រាវ​បានរក​​​ឃើញ​មាន​ហ្សែន​មួយ​ពាក់​ព័ន្ធ​នឹង​​ការមមើ។

ការសិក្សា​ផ្សេង​ទៀត​បាន​បង្ហាញ​ថា កង្វះ​ដំណេក (គេង​មិន​គ្រប់គ្រាន់) ស្ត្រេស ផឹក​ស្រា និងមាន​​បញ្ហា​សរសៃ​ប្រសាទ​ខ្លះ ក៏​អាច​ជំរុញ​ឱ្យ​មនុស្ស​មាន​អាការៈ​មមើ​បាន​ដែរ។

មមើ​មិនមែន​ជា​សញ្ញា​បញ្ជាក់​អំពី​វត្តមាន​នៃ​ភាព​មិន​ប្រក្រតី​ផ្នែក​ផ្លូវ​ចិត្ត​មនុស្ស​ទេ។ ជា​ទូទៅ និង​ជា​សំណាង​ល្អ ការមមើ​មិនមែន​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង។ តាម​ធម្មតា ការមមើ​ត្រូវ​ថយ​ចុះ​នៅ​ពេល​​វ័យកាន់​តែ​ចម្រើន​ឡើង​។ ចូល​ដល់​វ័យ​ជំទង់​ដែល​រយៈ​ពេលនៃ​ដំណាក់​កាល​​លង់លក់​ខ្លាំងចាប់​ចុះ​ខ្លី បាតុភូត​មមើ​ក៏​ចាប់​ថយ​ចុះ។ តែ​បើ​ចូល​ដល់​វ័យ​ពេញ​រូប​រាង ជា​មនុស្ស​ធំ​(ពេញ​វ័យ)​ហើយ អាការៈ​មមើ​នៅ​តែ​បន្ត​កើត​មាន​ទៀត ហើយ​រយៈ​ពេល​មមើ​វែង​លើស​ពី​កន្លះ​ម៉ោង ឬ​បើ​ចំពោះ​កុមារ អាការៈមមើ​កើត​ឡើង​ញឹកញយ​ពេក លើស​ពី​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​និង​ជា​ច្រើន​ដង​ក្នុង​មួយ​ខែៗ ទើប​គេ​អាច​ចាត់​ទុក​ការមមើ​នោះ​ថា​រោគ​វិទ្យា​មួយ ដែល​អ្នក​គួរ​ទៅ​ពិគ្រោះ​ព្យាបាល​ជាមួយ​គ្រូពេទ្យ។

បើ​ជា​ការ​មមើ​ម្តង​ម្កាល​​ នោះ​ពុំ​មាន​អ្វី​ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​មមើ​ឡើយ​។ តែ​ការ​មមើ​ អាច​នឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ហត់​នឿយ​ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដោយ​ហេតុ​តែ​ពេល​យប់​យើង​មិន​អាច​គេង​លក់​ស្កប់​ស្កល់ ប្រមូល​ថាមពល​ឱ្យ​សរីរាង្គ​កាយ​បាន​គ្រប់​គ្រាន់​ ព្រោះ​រវល់​តែ​មមើ។

បើ​ដូច្នេះ​តើ​គេ​អាច​ព្យាបាល​កុមារ​ពី​អាការៈមមើ​នេះ​បាន​ទេ ?

​លោក​វេជ្ជបណ្ឌិត​ Gérald Kierzek

“មមើដែលកើត​លើ​កុមារ​និ​ងក្មេង​វ័យ​ជំទង់​អាច​នឹង​ជា​បាត់​ទៅ​វិញ ដោយឯក​ឯង។ បើ​មិន​ដូច្នេះ​ទេ គេ​ក៏​អាច​ធ្វើ​ការ​ព្យាបាល​រោគ​មមើ​បាន​ តែ​ជា​ការ​ព្យាបាល​ដោយវិធី​ការពារ ធ្វើ​យ៉ាងណា​ឱ្យ​កន្លែង​គេង​មាន​សុវត្ថិភាព​ល្អ ៖ កុំ​ឱ្យ​គេងលើ​​គ្រែ​ខ្ពស់ ឬ​គ្រែ​ពីរជាន់។ វិធី​ព្យាបាល​មួយ​ទៀត គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ដំណេក​របស់​ក្មេង​មាន​គុណភាព​ខ្ពស់ គេ​ងលក់​បាន​ស្កប់ស្កល់​ ដោយ​ត្រូវ​ឱ្យ​ក្មេង​ចូល​គេង​ទៀតទាត់​ពេលវេលា និង​ត្រូវ​ដាក់​ម៉ោង​​ដាស់​កុមារឱ្យ​ភ្ញាក់​មួយ​ភ្លែត​មុន​នឹងលេច​សញ្ញា​មមើ​ ព្រោះ​ជា​ទូទៅ​ ការមមើ ច្រើន​តែកើត​​ឡើង​នៅ​ពេលគេង​លក់​មួយ​វឹង​ដំបូង ឬ​នៅ​​ក្បាល​ព្រលប់។ ជា​ចុងក្រោយ គេ​អាច​ព្យាបាល​មមើ​ដោយ​ប្រើ​ថ្នាំ​លេប ដូច​ជា​ពពួក​​ថ្នាំbenzodiazépines ឬ​ពពួក​ថ្នាំ​​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ »

អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ទៀត បានសង្កេត​ឃើញ​ថា ការ​ធ្វើ​លំហាត់ប្រាណ​បន្ធូរ​អារម្មណ៍​ ក៏អាច​ព្យាបាលបន្ធូរ​បន្ថយ​​អាការៈ​មមើ​បាន​ដែរ។ ប៉ុន្តែ​លទ្ធផ​ល​នេះ​ត្រូវ​ការ​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI