កម្ពុជា កូរ៉ូណាវីរុស

សារព័ត៌មានវៀតណាម៖ កូរ៉ូណាវីរុស​ត្រូវ​បាន​រក​ឃើញ​លើ​ជន​ជាតិ​ជប៉ុន​ម្នាក់​ បន្ទាប់ពីចាកចេញពី​កម្ពុជា

អាជ្ញាធរសុខាភិបាលវៀតណាមកំពុងបាញ់សារធាតុម្យ៉ាង ដើម្បីការពារការឆ្លងកូរ៉ូណាវីរុស
អាជ្ញាធរសុខាភិបាលវៀតណាមកំពុងបាញ់សារធាតុម្យ៉ាង ដើម្បីការពារការឆ្លងកូរ៉ូណាវីរុស REUTERS - KHAM

ជប៉ុន​រក​ឃើញ​ករណី​កូរ៉ូណា​វីរុស​លើ​ជនជាតិ​ជប៉ុន​មា្នក់ ដែល​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ខេត្ត​សៀមរាប  ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​វៀតណាម កាល​ពី​ថ្ងៃទី៤ ខែ​មីនា​។ ចំពោះ​ករណី​នេះ​ក្រសួង​សុខាភិបាល​គ្រោង​នឹង​បញ្ជាក់​បន្ថែម​នៅ​រសៀល​នេះ ប៉ុន្តែ​រដ្ឋ​បាល​ខេត្ត​សៀមរាប​អះអាង​នៅ​ថ្ងៃ​នេះ​ថា​ ប្រទេស​ជប៉ុន​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នូវ​ឡើយ​ទេ ចំពោះ​ករណី​នេះ​។

ផ្សាយពាណិជ្ជកម្ម

អ្នក​ដំណើរ​ជន​ជាតិ​ជប៉ុន ដែល​ត្រូវ​បាន​លាក់​អត្តសញ្ញាណ​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀតណាម កាល​ពីថ្ងៃ​អង្គារ ទី៣ មីនា ពី​ក្រុង​សៀមរាប​ប្រទេស​កម្ពុជា ទៅ​ក្រុង​ហូជីមីញ​ប្រទេស​វៀតណាម ដើម្បី​បន្ត​ដំណើរ​តាម​ជើង​យន្ត​ហោះ​ដដែល​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express កាល​ពី​យប់​ថ្ងៃទី៤ ខែ​មីនា​។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​ដំណើរ​ដល់​ព្រលាន​យន្ត​ហោះ Nagoya របស់​ជប៉ុន បុរស​រូបនេះ​បាន​បង្ហាញ​រោគសញ្ញា ហើយ​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​មក​ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​រក​ឃើញ​មាន​ជំងឺ​កូវីដ​១៩​

វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាច​​ទាក់ទង​សុំការ​បំភ្លឺ​ពី​ក្រសួង​សុខាភិ​បាលអំពី​ករណី​នេះ ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោក​ស្រី ឱ វណ្ណឌីន អះអាង​ថា​នឹង​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​ខាង​ដើម​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​ ដែល​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី៥ ​ខែមីនា​នេះ។​

ពី​ខេត្ត​សៀមរាម លោក ទៀ សីហា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បាន​គូស​បញ្ជាក់​ថា ជនជាតិ​ជប៉ុន​រូប​នេះ​គឺ​គាត់​ជា​អ្នក​រស់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​សៀមរាប​មិនមែន​មក​ដំណើរ​កំសាន្ត​លក្ខណៈ​ទេសចរណ៍​នោះ​ទេ។ មន្ត្រី​សុខាភិ​បាល​ខេត្ត និង​ភាគី​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​បាន​បញ្ជាក់​ថា មុន​ចេញ​ដំណើរ​ការ​ពិនិត្យ​សុខភាព​ជនជាតិ​ជប៉ុន​រូប​នេះ​ពុំ​មាន​រោគ​សញ្ញា​កើត​ជំងឺ COVID-19នោះ​ឡើយ​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​រដ្ឋ​បាល​ខេត្ត​សៀមរាប នៅ​ថ្ងៃទី៥ ខែ​មីនា​នេះ​។

ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយ ហេីយអភិបាលខេត្តបានចាត់វិធានការស្រាវជ្រាវ...

Publiée par រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall sur Mercredi 4 mars 2020

បើ​តាម​រដ្ឋបាលខេត្ត​សៀមរាប​គិត​រហូត​មក​ដល់​ពេល​នេះ ក្រសួង​សុខាភិបាល​ជប៉ុន ពុំទាន់​បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ ថា​ជន​ជាតិ​ជប៉ុន​រូប​នេះ មាន​ឆ្លង​ជំងឺ​ COVID-19 នៅ​ឡើយ​ទេ​។

ដោយ​ឡែក​អ្នក​ដំណើរ​៥១​នាក់ និង​អ្នកបំរើការ​នៅ​លើ​យន្តហោះ​វៀតណាម ​១២នាក់ ក្នុង​ជើង​យន្តហោះ​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ បន្ទាប់​ពីជើង​យន្តហោះ​នេះ បាន​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ Nagoya ប្រទេស​ជប៉ុន មក​កាន់​ព្រលាន​យន្ត​ហោះ Tan Son Nhat ក្រុង​ហូជីមិញ​វិញ នៅ​ថ្ងៃ​ពុធ​ ទី៤ ខែ​មីនា​។

សូម​ជម្រាប​ជូន​ថា គិតត្រឹមថ្ងៃទី​ ៤ មីនា​ កម្ពុជា​មិន​ទាន់​រក​ឃើញ​ករណី​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​បន្ថែម​ទៀត​ទេ​ ហើយ​ការ​ធ្វើ​តេស្ត​សរុប​កើន​ដល់​២៧៤​នាក់​ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ តែ​មិន​មាន​រក​ឃើញ​មេរោគ​COVID-19 ឡើយ​។ នេះ​បើ​តាម​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​CDC៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI