នាទីសុខភាពនិងអនាម័យ

តើ​លម្អងធូលី ប៉ះពាល់​ដល់​សុខភាពសួត​យ៉ាងណា​ខ្លះ ?

សំឡេង ០៧:៥៥
សួត​មនុស្ស
សួត​មនុស្ស prioritesantemutualiste.fr

យើង​ធ្លាប់​ឮប្រព័ន្ធ​ឃោសនា​ព័ត៌មាន ធ្វើ​អត្ថាធិប្បាយ​ច្រើន​អំពី​ខ្យល់​ពុល​ក្នុង​បរិយាកាស ដែល​ប៉ះពាល់​ដល់​សុខភាព។ ចុះ​ចំពោះ​លម្អង​ធូលី ដី​ហុយ​វិញ តើ​លម្អង​ធូលី​នេះ អាច​រំខាន​ដល់​សុខភាព​ដែរ​ឬទេ ? នៅ​ថ្ងៃ​នេះ កម្មវិធី​សុខភាព​របស់​យើង​សូម​លើកមក​បរិយាយ​អំពី​ឥទ្ធិពល​នៃ​លម្អង​ធូលី ចំពោះ​សួត​ និង​ពន្យល់​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ពិបាក​ទ្រាំ​ ពិបាក​ដក​ដង្ហើម​នៅ​ពេល​មាន​ដីហុយ​ធូលី​ច្រើន។

ផ្សាយពាណិជ្ជកម្ម

 

ពិភព​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ថា លម្អងធូលី ហុយ​ក្នុង​ខ្យល់​បរិយាកាស ជះ​ឥទ្ធិពល​អាក្រក់​​ណាស់​ចំពោះ​​អាកាសធាតុ បរិស្ថាន សង្គម និង​សុខភាព​មនុស្ស។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​មិន​បាន​ផ្តល់​និយម​ន័យ​ច្បាស់លាស់​ ថា​តើ​អ្វី​ទៅជា​ លម្អង​ធូលី​ទេ។  គេ​គ្រាន់​តែ​ដឹង​ថា លម្អងធូលី​ហុយ​ក្នុង​បរិយាកាស អាច​បណ្តាល​មកពី​សកម្មភាព​ផ្ទាល់​របស់​មនុស្ស (ការ​ធ្វើ​ចរាចរណ៍​ ឧស្សាហកម្ម​ កសិកម្ម) ឬ​ដោយ​កត្តាធម្មជាតិ ដូច​ជា​ខ្យល់​បោក​បក់​ខ្លាំងគាស់​ស្រទាប់​ដី​លើ​ឱ្យ​ហុយ​ឡើង ព្យុះ​ខ្សាច់ ឬ​ដោយ​បំផ្ទុះ​ភ្នំភ្លើង​។

លម្អង​ធូលី អា​ច​ជា ​កម្ទេច​ដី ក្រដាស ជ័រ កម្ទេច​ឈើ កម្ទេច​ដែក ធូលី​ចេញ​ពីរោងចក្រ ​ធូលី​ស៊ីម៉ង់​ចេញ​ពី​ការដ្ឋាន​សាងសង់​ផ្ទះ ជា​កម្ទេច​ចំណី​អាហារ​ គ្រាប់​ធម្មញ្ញជាតិ​ ជា​ផេះផង់ និង​អាច​ជាធាតុ​ល្អិត​ឆ្មារៗ ដែល​យើងធ្លាប់​​ឮ​និយាយ​ច្រើន​នៅពេល​ខ្យល់​បរិយាកាស​ពុល​ខ្លាំងហួស​កំរិត​អនុគ្រោះ​​​សម្រាប់​សុខភាព។ ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ ​លម្អង​ធូលី ដែល​មាន​នៅ​ក្នុង​ខ្យល់ (ដោយ​មិន​និយាយ​ដល់​ខ្យល់​បរិយាកាស​ពុលជា​ផ្សែង​យានយន្ត រោងចក្រគីមី ...) ក៏​សុទ្ធ​តែ​ជា​តំណាង​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ទាំង​អស់។ ហានិភ័យ​នៃ​គ្រោះថ្នាក់ ប្រែប្រួល ពី​ស្រាល​ទៅ​ធ្ងន់ ​ទៅ​តាមទំហំ​នៃ​លម្អង។ មាន​ន័យ​ថា បើ​លម្អង​ធូលី កាន់​តែ​តូច កាន់​តែ​គ្រោះ​ថ្នាក់សម្រាប់​សុខភាព​។ សូម​ចង​ចាំ​ថា លម្អង​ធូលី មាន​គ្រប់​ទិសទី​ទាំង​អស់ សូម្បី​តែ​ក្នុង​ផ្ទះ​ដែល​សម្អាត​យ៉ាង​ស្អាត​ក៏​ដោយ ក៏​នៅ​តែ​មាន​ធូលី។

មនុស្ស​យើង​មិន​អាច​ដកដង្ហើមស្រូប​យកលម្អង​ធូលី ដែល​ធំ​ជាង ១០μm ចូលក្នុង​ខ្លួន​បាន​ទេ ដូច្នេះ​មាន​តែ​សរីរាង្គ​ខាង​ក្រៅ​ទេ ដែលអាច​​រង​ផលវិបាក។ លម្អង​ធូលី​ប្រភេទ​នេះ ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ការ​រោល រមាស់​​លើ​ស្បែក រកាំ​ភ្នែក រលាកភ្នែក និង​​ឈឺ​ភ្នែក។ ​ចំណង​លម្អងធូលី​ណា​ដែល​​តូច​ជាង​ ១០μm ​ទើប​មនុស្ស​អាច​ស្រូប​ចូល​ តាម​រយៈ​ការ​ដក​ដង្ហើម​បាន ប៉ុន្តែជា​ទូទៅ​​លម្អងប្រភេទ​​នេះ​ត្រូវ​ទើ​នៅ​ត្រឹម​ច្រមុះ​ មាត់ និង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ ​ចូល​ក្នុង​ខ្លួន​ត្រឹម​កំរិត​នេះ វា​អាច​​ធ្វើ​ឱ្យ​មាន​ការ​បង្ក​រោគ កើត​ជា​ជំងឺ​ហឺត រលាក​បំពង់​ក-បំពង់​ខ្យល់​សួត រលាក​សាច់​សួត រលាក​ច្រមុះ​ និង​ឈឺ​សួត។ ចំណែក​ធាតុល្អិត​ឆ្មារៗ ក្នុង​ខ្យល់​បរិយាកាស​ពុលដែល​ជា​កង្វល់​របស់​ពិភពលោក​បច្ចុប្បន្ន​​វិញ វា​អាច​ជ្រៀត​ចូល​តាម​ផ្លូវដង្ហើម  ទៅ​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្នុង និង​ដល់​ប្រព័ន្ធ​ចរន្ត​ឈាម។ លម្អង​ធាតុល្អិត​ឆ្មារៗ​នេះ អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្នែកខាង​ក្នុង និង​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​សរសៃ​ឈាមបេះដូង។

ជា​សរុប​មក លម្អង​ធូលី អាច​នឹង​ធ្វើ​ឱ្យ​សួត​រង​ផលប៉ះពាល់​បី​ទម្រង់ ៖

រលាក

សួតជា​សរីរាង្គ​ដ៏​ចាំបាច់ដែល​មិន​អាច​ខ្វះ​បាន តែក៏​​ងាយ​រងគ្រោះណាស់​ដែរ។ ដូច​ផ្សែង​បារី លម្អង​ធូលី អាច​ធ្វើ​ឱ្យ​សួត​ឈឺ។ លម្អង​ធូលី​ដែល​អាច​ស្រូប​ចូល​ទៅក្នុង​ខ្លួន​បាន ត្រូវ​មក​កក​ផ្តុំនៅ​តាម​ទង​សួតតូចៗដែល​យូរៗទៅ អាច​នឹង​ធ្វើ​ឱ្យ​ទងសួត​នោះស្ទះ។ បើ​ទោះ​បី​ជា សួត​មនុស្ស​ មាន​យន្តការការពារ​ខ្លួន​ ពី​ធម្មជាតិ ដូច​ជា​មាន​រោម​តូចៗ​ឆ្មា​រៗ​ក្នុង​រន្ធ​ច្រមុះចាំចម្រោះ​ធូលី​ (រោម​ច្រមុះមិនមែន​ដុះ​ឡើង​ដោយ​ចៃដន្យ​ទេ តែ​ជា​អ្នក​ចម្រោះ​លម្អង​ធូលី) និងជាលិកាចាំលេប​បំផ្លាញ​លម្អង​ធូលី ដែល​ធ្លាក់​ទៅ​ដល់ថង់​ខ្យល់​សួតក៏​ដោយ ក៏​ការ​ដក​ដង្ហើម​ស្រូប​លម្អង​ធូលី​ចូលយូរៗ​ទៅ​និង​ច្រើនៗ​ទៅ​ ​អាច​នឹង​ធ្វើ​សួត​ងាយ​រលាក។

របួស

ប្រសិន​បើ​សួត​របស់​អ្នកមិន​អាច​បណ្តេញ ឬ​កម្ចាត់​លម្អងធូលី​​ដែល​យើង​ស្រូប​ចូល​ពេល​ដក​ដង្ហើម​ទេ លម្អង​ធូលី​នោះ​នឹង​អាច​ធ្វើ​ឱ្យ​សួត​មាន​កើត​វិប្បរិត្ត (មាន​ស្នាម​របួស ជាំ)។ ជា​ជំងឺ​ស្រាល​ទេ ប៉ុន្តែ​ក្នុង​ករណី​នេះ អ្នក​អាច​នឹងមាន​អាការៈ​​​ជួន​ឈឺ​ចុក​ចាប់​ និ​ង​អាច​ជួប​ការ​លំបាក​ក្នុង​ការ​ដក​ដង្ហើម តឹង​ច្រមុះ​ ផ្តាសាយ រលាក​ទង​សួត។ នៅ​ពេល​សួត​មាន​របួស វា​នឹង​ធ្វើ​ឱ្យ​ងាយ​រងគ្រោះ​ធ្លាក់​ខ្លួន​ឈឺ និង​ងាយ​ទទួលយក​មីក្រុបពី​ក្រៅ។ ដូច្នេះ​បើ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​សួត សូម​រួសរាន់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សួត​ជា​សរីរាង្គ​ដែលមាន​ការ​វិវឌ្ឍ​ដុះ​លូតលាស់​ជា​រហូត​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​យើង​មិន​គួរ​ធ្វេសប្រហែស​បណ្តោយ​ឱ្យ​សួតចុះ​​ដុនដាប​សុខភាព​ដែរ។ ប្រសិន​បើ​អ្នក​បណ្តោយ​ទុក​ឱ្យសួត​មាន​របួស មាន​ដំបៅ​ច្រើន ប្រព័ន្ធ​ដក​ដង្ហើម​របស់​យើង​នឹង​ឈប់​ចម្រោះ​លម្អង​ធូលី​។ លម្អងធូលី​នឹង​មាន​ឱកាស​ច្រើន​ជ្រាប​ចូល​ទៅ​ដល់​ចរន្ត​ឈាម ដែល​ជា​តំណាង​គ្រោះ​ថ្នាក់​ធំ​សម្រាប់​សុខភាព។

ក្អក

តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​សួត​អ្នក​រង​គ្រោះ​ មាន​លម្អង​ធូលី​ ចូល​ទៅ​ដល់​ ? ជាការ​ងាយ​បំផុត ! អាការៈ​ក្អក​ ជា​សញ្ញា​ដ៏​សាមញ្ញ​មួយ​បញ្ជាក់​ថា​អ្នក​កំពុង​ស្ថិត​នៅក្នុង​បរិស្ថាន​ដែល​មាន​លម្អង​ធូលី​ ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​សួត។ ប្រសិន​បើ​អ្នក​នៅទីវាល សូម​យក​ក្រណាត់​មក​បិទ​មាត់​និង​ច្រមុះ​ ឬ​ពាក់​ម៉ាស ឬ​រក​កន្លែង​ជ្រក។ តែ​ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ទីតាំង​បិទ​ជិត​ ទម្រង់​ជា​​បន្ទប់​ សូម​បើក​បង្អួច ដើម្បី​ឱ្យ​ខ្យល់​វិលបក់​លម្អង​ធូលី​ចេញ។ បើ​ជា​ផ្ទះ​រស់​នៅ​ សូម​ឧស្សាហ៍​សម្អាត​ ធ្វើ​អនាម័យ ​កាត់​បន្ថយ​លម្អង​ធូលី​ និង​បើក​ទ្វារ​បង្អួច ឱ្យ​មាន​ខ្យល់​ចេញ​ចូល​ល្អ ព្រោះ​សូម​ចង​ចាំ​ថា លម្អ​ងធូលី មិនមែន​មាន​តែ​នៅ​ក្បែរ​មាត់​ផ្លូវ​ ឬទីវាល​ទេ ផ្នែក​ខាង​ក្នុង​នៃ​ផ្ទះ នៃ​ការិយាល័យ ក៏​ជា​បណ្តុំ​នៃ​លម្អងធូលី​ គ្រប់​បែប​យ៉ាង​ដែរ។

ក្រៅ​អំពី​ផលប៉ះពាល់​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ចំពោះ​សុខភាព​សួត លម្អង​ធូលី ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ដែល​បង្ក​ឡើង​មេរោគ​មួយ​ចំនួន​ទៀត មាន​ជាអាទិ៍ ជំងឺ​រលាក​ស្រោម​ខួរក្បាល ដែល​បង្ក​ឡើង​ដោយបាក់តេរី។ ៥០%​នៃ​អ្នក​ជំងឺ​រលាក​ស្រោមខួរក្បាល​ នឹង​ស្លាប់ បើ​គ្មាន​ការព្យាបាល​ត្រឹម​ត្រូវ។ ជំងឺ​នេះ​មាន​កើត​នៅ​គ្រប់​ទិសទី​លើ​ភព​ផែនដី ប៉ុន្តែ​គេសង្កេត​ឃើញ​ តំបន់​វាលខ្សាច់​សាហារ៉ានៃ​​ទ្វីប​អាហ្វ្រិក ដែល​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជាង​៣០០​លាននាក់ រងគ្រោះ​ខ្លាំង​ជាង​គេ រហូត​គេ​ហៅ​តំបន់​នោះ ​ថា​តំបន់​ខ្សែ​ក្រវ៉ាត់​រលាកស្រោមខួរក្បាល​។ មិនតែ​ប៉ុណ្ណោះ ជំងឺ​រលាក​ស្រោម​ខួរក្បាល​នៅ​តំបន់​អាហ្វ្រិក ​មាន​រដូវ​កាល​​រាតត្បាត​ទៀត។ ការ​សិក្សា​ជា​ច្រើន​បាន​ភ្ជាប់មូលហេតុ​នៃ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​នៅ​អាហ្វ្រិក​ទៅ​នឹង​​លក្ខខណ្ឌ​អាកាសធាតុ​ដែល​ក្តៅ​ស្ងួត​ខ្លាំង កង្វះ​សំណើម និង​វត្តមាន​នៃ​លម្អ​ងធូលីក្តៅ (ព្យុះ​ខ្សាច់)។ អ្នក​ស្រាវជ្រាវ​គិត​ថា ធាតុល្អិតៗ​ជា​លម្អងធូលី​ ដែល​ស្រូប​ចូល​​ទៅ​ក្នុង​ខ្លួន​មនុស្ស ពេល​អាកាសធាតុ​ក្តៅ​និង​សួត អាច​នឹង​ធ្វើ​ឱ្យស្រទាប់​​ភ្នាស​ច្រមុះ និង​បំពង់ក ស្ងួត​​ងាយ​រលាក​ ទើប​ធ្វើ​ឱ្យ​បាក់តេរី​អាច​ជ្រៀត​ចូល​ទៅ​បង្ក​រោគ​បាន​ស្រួល។

លម្អង​ធូលី ក៏​ជា​ភ្នាក់ងារសម្រួល​ការ​​ចម្លង​ជំងឺក្តៅ​ខ្លួនម្យ៉ាង ដែល​ងាយធ្វើ​ឱ្យ​ស្លាប់​ណាស់ដែរ​។ ជា​ជំងឺ​ក្តៅ​ខ្លួន ដែល​បង្ក​ឡើង​ដោយ​វីរុស​នៅ​ក្នុង​ខ្លួន​​សត្វ​​តែ​អាច​ចម្លងមក​មនុស្ស ឬ​ដោយមេរោគ​ជា​​ពពួក​ផ្សិតប្រភេទCoccidioides​។ ​ជំងឺ​ប្រភេទ​នេះ​ឃើញ​កើតមាន​​ច្រើន នៅតំបន់​​ភាគ​នីរតី​នៃ​សហរដ្ឋ​អាមេរិក និង​ភាគ​ខាង​ជើង​​ប្រទេស​ម៉ិចស៊ិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI