កម្ពុជា កូរ៉ូណាវីរុស កូវីដ១៩

រដ្ឋ​មន្ត្រី​សុខាភិបាល​៖ ​ពលរដ្ឋ​ខ្មែរ​ទីមួយ​នៅ​ខេត្ត​សៀមរាប ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​

បុរសម្នាក់ក្នុងចំណោមមនុស្ស៤នាក់នេះ ត្រូវបានរកឃើញថា បានឆ្លងកូវីដ១៩ពីជនជាតិជប៉ុនម្នាក់។
បុរសម្នាក់ក្នុងចំណោមមនុស្ស៤នាក់នេះ ត្រូវបានរកឃើញថា បានឆ្លងកូវីដ១៩ពីជនជាតិជប៉ុនម្នាក់។ © Facebook

បុរសជន​ជាតិ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​ ពី​បុរស​ជ​ន​ជាតិ​ជប៉ុន ​ដែល​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​។ ​បុរស​ជន​ជាតិ​ខ្មែរ​ដែល​មាន​អាយុ​៣៨​ឆ្នាំ​រូប​នេះ ​បច្ចុប្បន្ន​ត្រូ​វ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​ដើម្បី​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។​ ចំណែកម​នុស្ស​៣​នាក់​ទៀត ​លទ្ធផល​អវិជ្ជមាន​។ ​អ្វី​ជា​ការ​កត់​សំគាល់ ​នេះ​គឺ​ជា​ករណី​ទីពីរ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​បុរស​អាយុ​៣៨​ឆ្នាំ​រូប​នេះ ​គឺ​ជា​ពលរដ្ឋ​ខ្មែរ​ទី​មួយ​ហើយ ​ដែល​បាន​ឆ្លង​មេរោគ​កូវីដ​១៩​។—

ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជាក់​នេះ ​គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា ​លោក ​ម៉ម ​ប៊ុនហេង ​នៅ​ក្នុង​សន្និសីទ​កាសែតមួ​យ​ នា​ល្ងាច​ថ្ងៃទី ​០៧ ​មីនា។​ បើ​តាម​លោក​រដ្ឋ​មន្ត្រី ​បុរស​ជនជាតិខ្មែ​រ​អាយុ​៣៨​ឆ្នាំ​រូប​នេះ បា​ន​ឆ្លង​មេរោគកូ​វីដ​១៩ ​បន្ទាប់​ពី​លទ្ធផល​ធ្វើ​តេស្ត​នៅវិទ្យាស្ថាន​ប៉ាស្ទ័រ ​បាន​បញ្ជាក់​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ​ថ្ងៃទី ​០៧ ​មីនា ​ថា ​វិជ្ជមាន​កូវីដ​១៩​។ ​ចំណែក​ឯ​មនុស្ស​៣​នាក់​ទៀត ​ក្នុង​នោះមា​ន​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់ ​និង​ស្ត្រី​ពីរ​នាក់ដែ​ល​មាន​ម្នាក់​ជា​ជន​ជាតិ​ជប៉ុន ​លទ្ធផល​ធ្វើ​តេស្ត​បង្ហាញ​ថា ​អវិជ្ជមាន​នៅ​ត្រឹ​ម​ថ្ងៃ​ធ្វើ​តេស្ត​ថ្ងៃទី​ ០៧​ មីនា​។ ​យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​លោក​រដ្ឋ​មន្ត្រី​ ពួកគេទាំ​ង​៣​នាក់ ​ត្រូ​វ​បន្ត​ដាក់​ឲ្យនៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ ​ដើម្បី​បន្តតាម​ដាន​ថែមទៀ​ត​។ ​ដោយ​ឡែក ​បុរសជ​ន​ជាតិ​ខ្មែរ​ដែល​បញ្ជាក់​ថា ​បាន​ឆ្លង​មេរោក​កូវីដ​១៩​នេះ ​បច្ចុប្បន្ន​ត្រូវ​បាន​គេដាក់​ឲ្យ​នៅដា​ច់ដោយ​ឡែក ​ដើម្បី​ទទួលការព្យាបាលពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

គួរជំរាបជូនថា ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា ​បុរស​ជន​ជាតិជ​ប៉ុន​ម្នាក់​អាយុ​៤០​ប្លាយឆ្នាំ​បាន​ឆ្លង​មេរោគ​កូវីដ១​៩ ​បន្ទាប់​ពី​ចាក​ចេញ​ពី​ខេត្ត​សៀមរាប​ទៅ​កាន់​ប្រទេស​ជប៉ុនកា​លពី​ថ្ងៃទី​ ០៣​ មីនា​មក ​អាជ្ញាធរ​សុខាភិបាល​កម្ពុជា ​កាល​ពី​ថ្ងៃទី ​០៦​ មីនា ​បាន​ចុះទៅស្រាវ​ជ្រា​វ​ដល់​ខេត្តសៀមរាប ​និងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុនរូបនេះចំនួន៤នាក់ និងអ្នកប៉ះពាល់មិនផ្ទាល់ចំនួន៤០នាក់។ ហើយនៅថ្ងៃទី ០៧ មិនា អាជ្ញាធរ​សុខាភិបាលកម្ពុជា ក៏បានបន្តរកឃើញអ្នកប៉ះពាល់ផ្ទាល់បុរសជនជាតិជប៉ុន ជាស្ត្រី​ជន​ជាតិជប៉ុនម្នាក់ទៀត រួមទាំងក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរដែលទើបបញ្ជាក់ថាមាន​ផ្ទុកមេរោគកូវីដ១៩នេះ៣នាក់ទៀត ក៏ត្រូវបាននាំមករក្សាទុកនៅក្នុងបន្ទប់ដាច់ដោយ​​ឡែកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

គួរជំរាបជូនដែរថា នេះគឺជាករណីទីពីរនៃការឆ្លងមេរោគកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីករណីទីមួយ​បានកើតឡើងទៅលើបុរសជនជាតិចិនម្នាក់ ដែលធ្វើដំណើរពីក្រុងវូហានមកកាន់ខេត្តព្រះសីហនុ កាលពីខែកុម្ភៈកន្លងទៅ។ ហើយនេះ គឺជាករណីទីមួយហើយ ដែលមេរោគកូវីដ១៩ បានឆ្លងទៅលើពលរដ្ឋខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI