អានតួអត្ថបទ

ក្រោយបុរសម្នាក់ឆ្លងកូវីដ១៩៖អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ខណៈភ្ញៀវស្ងប់ស្ងាត់

ទិដ្ឋភាពនៅខេត្តសៀមរាបថ្ងៃទី៨មីនា២០២០
ទិដ្ឋភាពនៅខេត្តសៀមរាបថ្ងៃទី៨មីនា២០២០ © Facebook
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

អាជ្ញាធរខេត្ត​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​បាន​បើកកិច្ច​ប្រជុំ​ពិសេសមួយ​ជាមួយ​ក្រុម​អ្នក​រកស៊ី​ខាង​វិស័យ​ទេសចរណ៍​ ក្រោយ​មានករណី​បុរស​អាយុ​៣៨​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រក​ឃើញថា បានឆ្លង​ជំងឺ​កូវីដ១៩​ពី​ជនជាតិ​ជប៉ុន។ ចំណែក​សភាព​ការណ៍​ក្នុង​ខេត្ត​ទេសចរណ៍មួយ​គឺមានសភាព​ស្ងប់​ស្ងាត់​ជាង​ធម្មតា បើទោះ​ជា​អាជ្ញាធរ​មិនបាន​ហាមប្រាម​ការ​ជួបប្រជុំ​ឬ​ធ្វើ​ដំណើរក៏ដោយ ​តែ​នៅតាម​គ្រួសារនីមួយៗ​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ជាពិសេស​ក្មេង​​ៗចេញ​ក្រៅ របង​ផ្ទះឡើយ។ នេះបើតាម​សហជីព​វិស័យ​ទេស​ចរណ៍​ប្រចាំ​ខេត្តសៀមរាប។​

ផ្សាយពាណិជ្ជកម្ម

លោក ម៉ម រិទ្ធី ប្រធានសហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្មកម្ពុជា​ប្រចាំខេត្ត​សៀមរាប បាន​កត់​សំគាល់​នៅថ្ងៃអាទិត្យនេះ​ ខេត្ត​សៀមរាប​មានសភាព​ស្ងប់​ស្ងាត់​ខុស​ធម្មតា​ ទាំងនៅទីផ្សារ​ដើម​ក្រឡាញ់ និង​ផ្សារលើជាដើម។ ភាព​ស្ងប់​ស្ងាត់​នេះ​គឺដោយសារតែ​ពលរដ្ឋ​មួយ​ចំនួន​មានការ​ភ័យ​ខ្លាច​ក្រោយ​ពី​រក​ឃើញ​ករណី​បុរស​អាយុ​៣៨​ឆ្នាំ​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ពីជនជាតិ​ជប៉ុន​ដែល​ធ្លាប់​ទៅ​ខេត្ត​សៀមរាប​កាលពី​ខែកុម្ភៈ។

បើតាម​លោក ម៉ម រិទ្ធី ​​នៅតាម​គ្រួសារនីមួយៗគឺ​មិន​អនុញ្ញាត​ឲ្យ​សមាជិកខ្លួន ​ជាពិសេស​ក្មេង​​ៗចេញ​ក្រៅរបង​ផ្ទះឡើយនៅថ្ងៃអាទិត្យនេះ ខណៈអាជ្ញាធរ​ខេត្ត​សៀមរាប​បញ្ជាក់ថា​គ្មានការ​ផ្អាក​ការ​ធ្វើ​ដំណើរទេសចរណ៍​ឬហាម​ការ​ជួបប្រជុំ​ណាមួយ​ឡើយ។

លោក លី សំរិទ្ធិ អភិបាល​រង​ខេត្ត​សៀមរាប​បាន​​ថ្លែងថា អភិបាល​ខេត្តនេះ​បាន​បើកកិច្ច​ប្រជុំមួយ​ជាមួយ​ក្រុម​អ្នក​រកស៊ី​ខាង​វិស័យ​ទេសចរណ៍នៅថ្ងៃព្រឹក​ថ្ងៃអាទិត្យ​​ដើម្បី​ស្តាប់​យោបល់ពួកគេ ខណៈ​ភ្ញៀវ​ទេស​ចរណ៍​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ស្របពេល​រក​ឃើញ​បុរសខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ​១៩​​នៅខេត្តសៀមរាបនេះ។

ចំណែក​ការ​ហាម​ប្រាម​ធ្វើ​ដំណើរទេចរណ៍​ឬ​ការជួបប្រជុំ​ណាមួយក៏គ្មានដែរ គឺមានតែ​ការ​បិទ​សាលារៀន​បណ្តោះ​អាសន្ន​នៅទូទាំង​ក្រុង​សៀមរាប​តែប៉ុណ្ណោះ។ នេះជាការបញ្ជាក់​របស់​លោក លី សំរិទ្ធិ។

សូមបញ្ជាក់ថា​ក្រសួងអប់រំ​បាន​ប្រកាស​ថា សាលារៀន​ទាំងអស់​នៅក្រុង​សៀមរាប​ត្រូវបាន​ផ្អាក​ជាបណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃទី៧​ខែមីនាតទៅ​ដោយ​មិនកំណត់ពេល​រហូត​ដល់​មាន​ការជូនដំណឹងជាថ្មី។ ក្រៅ​ពី​បិទ​សាលារៀន​ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏បានប្រាប់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដែល​ធ្វើ​សន្និ​សិទកាលពី​ល្ងាច​ថ្ងៃទី៧​មីនាថា កម្មវិធី​អង្គរសង្ក្រាន​នៅខេត្ត​សៀមរាប​ឆ្នាំ​នេះក៏ត្រូវផ្អាកធ្វើ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ