កម្ពុជា-កូរ៉ូណាវីរុស

រដ្ឋាភិបាលអំពាវនាវកុំឲ្យឡើងថ្លៃទំនិញជាពិសេសអង្ករ នៅគ្រាដែលកម្ពុជាមានជំងឺកូវីដ១៩

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន © REUTERS

ប្រមុខ​រដ្ឋាភិបាល​នៅថ្ងៃ​ចន្ទនេះ​បានអំពាវនាវ​ដល់​ក្រុម​អាជីវករ​​កុំឲ្យ​តម្លើង​​ថ្លៃ​ទំនិញ​ហួសហេតុ​ពេក ខណៈ​​ពលរដ្ឋ​សម្រុក​ទិញ​ទំនិញជាពិសេស​អង្ករ​ទៅ​ស្តុក​ទុក​ នៅគ្រាដែល​កម្ពុជា​បានរក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​​មក​លើ​បុរសជនជាតិ​ខ្មែរ​ម្នាក់​កាល​ពី​ថ្ងៃ​សៅរ៍។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន គឺ​ស្របពេល​ដែល​​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ខ្វះ​អង្ករ​ ដែល​ជាហេតុ​នាំ​ឲ្យ​មានជន​ឆ្លៀត​ឱកាស​និយម​មួយចំនួន​តម្លើង​ថ្លៃ​អង្ករ​នៅឱកាសនេះ។

ផ្សាយពាណិជ្ជកម្ម

បើតាមក្រុម​​អ្នក​ផ្គត់​ផ្គង់​ស្រូវ​អង្ករ​គឺ​កម្ពុជា​មាន​បរិមាណ​អង្ករ និង​ស្រូវ​មិន​ទាន់​កិន​​នៅទូទាំង​ប្រទេស​ជាង​៤០០​រោង​ម៉ាស៊ីន​ ដែលអាច​​ផ្គត់​ផ្គង់​​​តម្រូវ​ការ​ក្នុង​ស្រុក​​និង​នាំ​ចេញ​រហូត​ដល់រដូវ​​ប្រមូល​ផល​ខាង​មុខ។ដើម្បី​ទប់​ទល់​​នឹងការ​ឆ្លៀត​ឱកាស​តម្លើង​ថ្លៃ​របស់​ក្រុម​ឈ្មួញ​អង្ករ​មួយ​ចំនួនសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រ​កាស​​លក់​អង្ករ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​៩​ខែ​មីនា​តទៅ ​​នៅតាម​ទី​តាំង​សំខាន់​ៗមួយ​ចំនួន​របស់​ក្រុម​ហ៊ុន។ ​ហើយ​តម្លៃ​​អង្ករ​សែន​ក្រអូប​​របស់​ក្រុម​ហ៊ុន គឺ​ក្នុង​មួយបេ​តម្លៃ​​១៥២០០​រៀល។ នេះ​បើតាម​សេចក្តី​ប្រ​កាស​​របស់សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

គេកត់​សំគាល់ថា ការ​ឡើង​ថ្លៃ​ទំនិញដែលអាចទុក​បានយូរ ​ជាពិសេស​អង្ករ​ជាដើម​នេះ គឺ​បាន​កើត​ឡើង​​ខណៈ​ដែល​ក្រ​សួង​សុខាភិបាល​ប្រកាសថា កម្ពុជា​មានករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ទៅ​លើ​បុរស​ខ្មែរ​ម្នាក់​នៅខេត្ត​សៀមរាប​​កាល​ពី​ថ្ងៃទី​៧​មីនា។ ប៉ុន្តែ​នៅពេល​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥​នៅថ្ងៃ​ទី៩​មីនា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងថា ​លោក​មិនរារាំងការជ្រួលជ្រើម​របស់​ពលរដ្ឋ​ដែល​នាំគ្នាទៅទិញអង្ករ និងទំនិញផ្សេងៗស្តុក​នោះទេ តែ​លោក​អំពាវនាវដល់អ្នកលក់កុំឱ្យឡើងថ្លៃហួសហេតុ។ បើតាម​លោក​ ហ៊ុន សែន អង្ករនៅកម្ពុជា នឹងមិនខ្វះខាត​នោះទេ ទោះបីខកខានធ្វើ​ស្រែមួយឆ្នាំក៏​ដោយ​។

ចំណែក​លោក យ៉ង សាំងកុមារ​ ជាអ្នកន​យោបាយ​ម្នាក់ និងជាអ្នក​ជំនាញ​ខាង​កសិកម្ម​ផងដែរ​នោះ បាន​លើក​ឡើង​«សូមកុំបារម្ភពេក​ពីការអត់អង្ករ។តែ​ប្រសិន​បើ​ពលរដ្ឋ​ត្រូវការអ​ង្ករសរីរាង្គល្អស្តុកទុ​ករយៈពេល៣ខែ​គឺលោក​អាចជួយសម្រួ​លជាមួយ​កសិករដើ​ម្បីស្តុកស្រូ​វទុកកិនជាអង្ក​រជូនជាបណ្តើ​ៗទៅតាមតម្រូវការជា​ក់ស្តែងដោយ​គ្រាន់​តែកក់ប្រាក់៧​០ភាគរយនៅខែនេះ។ ការធ្វើរបៀប​នេះលោក​អះអាងថា​នឹង​ទទួលបានអង្ក​រតាមសម្រួលនិងថោកជា​ងតម្លៃធម្មតាពី៥ទៅ​១០ភាគរយ។ តែមួយគ្រួ​សារអាចទិញអង្ករបានច្រើ​នបំផុតត្រឹមតែ២០០​គីឡូក្រាម​ប៉ុណ្ណោះ។ នេះជា​ការ​គូសបញ្ជាក់​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក យ៉ង សាំង​កុមារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI